ក្រុមយោធាជើងទឹកអាមេរិកាំងចំនួន៣រូបដែលបានបាត់ខ្លួនតាំងពីមានការធ្លាក់យន្តហោះដែលពួកគេជិះក្នុងសមុទ្រប្រទេសហ្វីលីពីន ត្រូវទាហានជើងទឹកអាមេរិកាំងបញ្ជាក់ឲ្យដឹងពីអត្តសញ្ញាណកាលពីថ្ងៃសៅរ៍។
ជនទាំង៣នោះគឺលោកអនុសេនីត្រី Steven Combs នៃកងនាវិក Aviation Boatswain's Mate Airman លោក Matthew Chialastri ហើយនិងលោក Bryan Grosso នៃកងនាវិក Aviation Ordnanceman Airman Apprentice។
យោធាជើងទឹកអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានកងនាវិកអាមេរិក និងកងនាវាការពារផ្ទៃសមុទ្រជប៉ុនចំនួន៨គ្រឿង កងយន្តហោះឧទ្ធម្ភាចក្រ និងកងយន្តហោះល្បាតសមុទ្រចំនួន៣គ្រឿង បានស្រាវជ្រាវរកក្នុងទំហំផ្ទៃទឹកចំនួនជិត៣៥០០គីឡូម៉ែត្រក្រឡា ក្នុងរយៈពេលពីរថ្ងៃនៃការរកក្រុមនាវិកបាត់ខ្លួន។
តែគេបានបញ្ឈប់កិច្ចប្រឹងប្រែងស្រាវជ្រាវនិងរុករកនាវិកទាំង៣រូបកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបាត់ខ្លួនកាលពីថ្ងៃពុធ នៅពេលដែលយន្តហោះនៅលើកប៉ាល់ចម្បាំងអាមេរិកបានធ្លាក់នៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងស្ថិតនៅក្នុងរដ្ឋ Florida ក្នុងពេលសម្រាក បុណ្យជាតិអាមេរិកាំង ហៅថា បុណ្យ Thanksgiving ឬហៅថាបុណ្យ អរគុណព្រះជាម្ចាស់នោះ បានផ្ញើសារតាមប្រព័ន្ធសង្គម Twitter ថា លោកកំពុងតាមដានស្ថានការណ៍នោះ ដោយលោកបញ្ជាក់តាមខ្លឹមសារដើមថា «សូមអធិស្ថានបួងសួងដល់អ្នកពាក់ព័ន្ធទាំងអស់»៕