បំណែកយន្តហោះទាហានដែលដឹកអ្នកដំណើរជាង១០០នាក់ ហើយដែលបានបាត់កាលពីថ្ងៃពុធ ត្រូវបានគេរកឃើញ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមមន្ត្រី។ លោកវរសេនីយ៍ឯក Kyaw Zeya បានថ្លែងប្រាប់ VOA សេវាមីយ៉ាន់ម៉ាថា «យើងបានរកឃើញកម្ទេចបាក់បែកនៅជុំវិញឆ្នេរ Horseshoe»។ លោកបានលើកឡើងថា ក្រុម ការងាររបស់លោកបានធ្វើដំណើរទៅកាន់ទីនោះ ក្រោយពេលដែលអ្នកស្រុកប្រាប់អំពីទីតាំងនេះ។
យន្តហោះយោធាមួយគ្រឿងដែលដឹកអ្នកដំណើរ១២០នាក់ បានបាត់កាលពីថ្ងៃពុធ ក្នុងជើងហោះហើារពីប៉ែកខាងត្បូងប្រទេសមីយ៉ាន់ម៉ាទៅកាន់រដ្ឋធានី Yangon។ នេះបើយោងតាមអ្នកនាំពាក្យម្នាក់របស់យោធា។ មានការភ័យខ្លាចថា យន្តហោះនោះបានធ្លាក់ចូលទៅក្នុងមហាសមុទ្រ ដោយសារតែជើងហោះហើរនេះត្រូវបើកកាត់សមុទ្រ Andaman ។
លោកឧត្តមសេនីយ៍ Myat Min Oo បានមានប្រសាសន៍ថា យន្តហោះប្រភេទ Y-8 ដែលផលិតនៅក្នុងប្រទេសចិននេះ ដឹកអ្នកដំណើរចំនួន១០៦នាក់ ដែលភាគច្រើនគឺជាសមាជិកនៃក្រុមគ្រួសាររបស់បុគ្គលិកយោធា ហើយក្រុមការងារលើយន្តហោះមានចំនួន១៤នាក់ នៅពេលដែលយន្តហោះនេះបានបាត់កាលពីរសៀលថ្ងៃពុធ។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីមុននេះ គេនិយាយថា អ្នកដំណើរមានចំនួន៩០នាក់។
នេះគឺជារឿងធម្មតាទេដែលជើងហោះហើររបៀបនេះដឹកអ្នកដំណើរជាជនស៊ីវិលដើម្បីជួយដល់ការចំណាយលើសោហ៊ុយធ្វើដំណើរ សម្រាប់ក្រុមគ្រួសាររបស់យោធាដែលបញ្ឈរជើងនៅក្នុងតំបន់រាងដាច់ស្រយាលនៅប៉ែកខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា៕