ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងយុត្តិធម៌ប្រតិកម្មនឹងការរិះគន់ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម


រូបឯកសារ៖ បុរសម្នាក់​អុជធូបបួងសួងនៅមជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ក្នុង​ទិវា​ជាតិ​នៃ​ការ​ចងចាំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)
រូបឯកសារ៖ បុរសម្នាក់​អុជធូបបួងសួងនៅមជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ក្នុង​ទិវា​ជាតិ​នៃ​ការ​ចងចាំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

សភាជាតិ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្មដែល​ត្រូវ​បាន​ប្រព្រឹត្តក្នុង​សម័យ​ខ្មែរ​ក្រហម​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខោ​អាវ​ខ្មៅ​នោះ​កើត​ឡើង​សាជាថ្មី។​

មុន​ពេល​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ក្លាយ​ជាច្បាប់​កាលពី​ថ្ងៃទី​ ១៨ ខែ​កុម្ភៈ​ អ្នក​កាសែត​បរទេស​ម្នាក់​គឺលោក ​David Hutt ​បាន​សរសេរ​អត្ថបទ​បញ្ចេញមតិ​មួយ ដោយ​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ​មាន​ចរិត​នយោបាយ​ និង​ធ្វើ​ឲ្យ​រួម​តូច​នៃ​ការ​ពិភាក្សា​អំពី​អំពើ​ឃោរ​ឃៅ​ដែលបាន​កើត​ឡើង​ កាលពី​ ៥០ ​ឆ្នាំ​មុន។​

បើតាម​សំណេរ​បញ្ចេញ​មតិដែល​ចេញ​ផ្សាយ​តាម​គេហ​ទំព័រ​អាស៊ី​សេរី​កាល​ពីថ្ងៃទី​ ១៥​ ខែ​កុម្ភៈ​ ច្បាប់​ថ្មី​នេះ​អាច​នឹង​ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​ដល់ ​៥ ​ឆ្នាំ ​ចំពោះ​អ្នកដែល​ «មិន​ទទួល​ស្គាល់​ ឬ​ក៏​ច្រានចោល​ ឬ​យល់​ថា​ជា​រឿង​ឥត​ប្រយោជន៍ ​ឬក៏​ចង់​ជំទាស់​នឹង​ភាព​ពិតប្រាកដ​នៃ​ឧក្រិដ្ឋកម្ម»​ ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​ការ​គ្រប់​គ្រង​របស់​របប​ខ្មែរ​ក្រហម​ពីឆ្នាំ​ ១៩៧៥ ​ដល់​ ១៩៧៩។ ​

ក្រោយ​ពី​លោក​ David Hutt​ បាន​សរសេរ​បញ្ចេញ​មតិ​បែប​នេះ​ ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​ប្រតិកម្ម​ដោយ​លើក​ឡើង​ថា ​ការ​អនុម័ត​ច្បាប់​ខាងលើ​ គឺ​មិនមែន​ជាការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ទេ។​

បើតាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃទី ​១៨ ខែ​កុម្ភៈ ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា ​សាលាក្តី​ខ្មែរ​ក្រហម ​ដែល​មាន​សមាសភាព​ព្រះរាជ​អាជ្ញា​ និង​ចៅក្រម​ចម្រុះ​ខ្មែរ​ និង​បរទេស​ បាន​រកឃើញ​នូវ​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរដែលត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ​ ចាប់​ពី​ថ្ងៃទី ​១៧ ​ខែ​មេសា​ ឆ្នាំ​ ១៩៧៥​ ដល់​ថ្ងៃទី​ ៦​ ខែ​មករា​ ឆ្នាំ​ ១៩៧៩ រួមមាន​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ឧក្រិដ្ឋ​កម្ម​ដែល​ជា​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ ចុះ​ថ្ងៃទី​ ១២ ​ខែ​សីហា​ ឆ្នាំ​ ១៩៤៩។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​សេង ឌីណា ​ប្រាប់​វីអូអេ​ថា ​ក្រសួង​មិន​មាន​វិធាន​ការ​ផ្សេង​ទៀត​លើ​លោក​ David Hutt ​ក្រៅតែ​ពីការ​ចេញ​សេចក្តី​បំភ្លឺ​នោះ​ទេ ​ហើយ​ថា​ ការ​មិន​ទទួល​ស្គាល់ ឬ​លើក​តម្កើង​ឧក្រិដ្ឋ​កម្ម​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ​ វា​មិនមែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ទេ​ តែជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អយុត្តិធម៌​នៅក្នុង​សម័យ​កាល​នោះ​ ហើយ​ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​ឡើងវិញ​ដល់​គ្រួសារ​ជន​រងគ្រោះ​ ដែល​នៅ​រស់​រាន​មាន​ជីវិត​រហូត​ដល់​សព្វថ្ងៃ។

លោក​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ជា​អក្សរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា៖​ «សម្រាប់​ពេល​នេះ ​វិធានការ​របស់​ក្រសួង​យុត្តិធម៌​ គឺ​ឆ្លើយ​តប​ ពន្យល់​ និង​បំភ្លឺ ​ដូច​មាន​ខ្លឹម​សារ​លម្អិត​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​យើង​ទើប​នឹង​ចេញ​នេះ​ស្រាប់​ ដើម្បី​ឲ្យ​លោក​ David Hutt ​ក៏​ដូច​ជា​សាធារណ​ជន​ទូទៅ​យល់​ថា​ ការ​អនុម័ត​ច្បាប់ ​ស្តីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ​នេះ ​គឺ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​សច្ច​ធម៌​ប្រវត្តិសាស្រ្ត​ ការពារ​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរក្រហម​ ដែល​បាន​ផ្តល់​ដោយ​សេចក្តី​សម្រេច​ស្ថាពរ​របស់​តុលាការ​ខ្មែរ​ក្រហម​ និង​ទប់ស្កាត់​កុំ​ឲ្យ​ឧក្រិដ្ឋ​កម្ម​សម្លាប់​រង្គាល​ដ៏ឃោរ​ឃៅ​ព្រៃ​ផ្សៃ​ដែល​បាន​កើត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម​ កើត​មាន​ឡើង​សាជា​ថ្មី​នៅ​លើ​ទឹក​ដី​កម្ពុជា»។

លោក​បាន​បន្ថែម​ថា ​ម្យ៉ាង​ទៀត​ ច្បាប់​ដែល​ទើបតែ​ត្រូវ​បាន​អនុម័ត​ដោយ​សភាជាតិ​កាលពី​ពេល​ថ្មីៗ​នេះ​មិនមែន​មាន​តែ​នៅ​កម្ពុជា​មួយ​ទេ​ គឺ​នៅ​តាម​បណ្តា​ប្រទេស​ ជាច្រើន​ផ្សេង​ទៀត ​ជា​ពិសេស​ ប្រទេស​យ៉ាងតិច​ ១៧​ នៅ​អឺរ៉ុប ក៏បាន​បង្កើត​ច្បាប់​ផ្តន្ទា​ទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ស្រដៀង​គ្នានេះ​ដែរ​ ហើយ​ច្បាប់​ប្រទេស​ខ្លះ​កំណត់​ដាក់​ទោស​ធ្ងន់ធ្ងរ​ជាង​ច្បាប់​កម្ពុជា​ទៀត​ផង។​

ទោះមាន​ការ​ពន្យល់​ពី​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បែប​នេះក្តី​ លោក ​David Hutt​ អ្នក​សិក្សា​ស្រាវជ្រាវនៅ​មជ្ឈមណ្ឌល​អឺរ៉ុប​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ីនិង​ជា​អ្នក​សរសេរ​អត្ថបទ​បញ្ចេញ​មតិ​ឲ្យ​ទស្សនាវដ្តី​ The​ Diplomat ​បាន​ផ្តល់ការ​ការពារ​គំនិត​លោកថា ច្បាប់​ដែល​ទើបត្រូវ​បាន​អនុម័ត​ដោយ​សភា​កម្ពុជា ​គឺត្រូវ​បាន​គ្រោង​ទុកមុន​រួច​ទៅ​ហើយ​ ដើម្បី​អាច​ឲ្យរដ្ឋាភិបាល​ចោទ​ប្រកាន់​គូបដិបក្ខ​នយោបាយ​របស់​ខ្លួន​ចំពោះ​ការ​បង្ក​ការ​គំរាមកំហែង​លើ​កម្ពុជា​ ដូចអ្វី​ដែល​ខ្មែរ​ក្រហម​បាន​ធ្វើ​នៅ​ឆ្នាំ​ ១៩៧៥ ​ហើយ​វាក៏ជា​មធ្យោបាយ​ថ្មីមួយ​នៃ​ការ​ចាប់​ពិរុទ្ធ​ការ​និយាយស្តី​អំពី​ទំនាស់​ដែនដី​ជាមួយ​វៀតណាម​ ​ដូច្នេះគឺ​ត្រូវ​ហាម​ឃាត់​ការ​និយាយ​ស្តីទាំង​ឡាយ​ណា​ដែល​សំដៅ​ទៅ​ឆ្នាំ ​១៩៧៩ ​ដោយ​ហេតុថា ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ​មុន​ បាន​ពុះពារ​បន្ថយ​ការ​ព្រួយ​បារម្ភ​ជា​សាធារណៈ ​ពាក់​ព័ន្ធ​ទំនាស់ដីធ្លីជា​មួយ​ថៃ​ និង​វៀតណាម។​

ជាង​នេះ​ទៀត​លោក​ថ្លែង​ថា៖​ «ខ្ញុំ​ចង់​សួរ​រដ្ឋាភិបាល​កម្ពុជា​ថា ​តើ​វា​គួរ​ឲ្យ​ជឿ​ណាស់​មែន​ទេ​ចំពោះ​ការ​ថា​ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​ភាគច្រើន​នៃ​ពួក​ម៉ៅនិយម​ជ្រុល​ ដែល​ចង់​ផ្តល់​មកវិញ​នូវ​សេដ្ឋកិច្ច​ផែនការ​ ការ​ធ្វើ​ឲ្យ​ទីក្រុង​ទទេ​ម្តង​ទៀត​ និង​ការ​ផ្តើម​ឡើង​វិញ​នៃ​សង្គ្រាម​វណ្ណៈ​ ហើយ​កម្ចាត់​ចោល​ពលរដ្ឋ​កម្ពុជា​ដែល​ជាប់​សែស្រឡាយ​ចិន ​និង​វៀតណាម»។​

បើតាម​លោក​ David Hutt ​កម្ពុជា​នឹង​ធ្វើ​ច្បាប់​មួយ​ដាច់​ដោយ​ឡែក​ទៀត​ ដែល​រដ្ឋាភិបាល​នឹង​ហៅ​អ្នក​ប្រឆាំង​ខាង​នយោបាយថាជា «ពួក​ភេរវករ»។ លោក​ថ្លែងថា​ រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជនកម្ពុជា​បារម្ភខ្លាំងណាស់នឹងសកម្មជន​ និង​អ្នក​នយោបាយ​ដែល​និរទេស​ខ្លួនទៅរស់​នៅ​ក្រៅប្រទេសចំពោះការ​និយាយ​ជាមួយ​រដ្ឋាភិបាល​បរទេស ដែលអាចប៉ះពាល់​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជម្ម។​

អ្នក​កាសែត​រូប​នេះ​អះអាង​ថា​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​លើក​អំណះអំណាង​ថា​ ច្បាប់​ដែល​ដាក់ទោស​ការ​បញ្ចេញ​មតិ​អំពី​ហេតុ​ការណ៍​ពិត​នៃ​ប្រវត្តិសាស្ត្រ​មិន​ស្របគ្នា​ជាមួយ​កាតព្វកិច្ច​នានា​ដែល​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​បាន​កំណត់​លើ​រដ្ឋ​ជាភាគី​ពាក់​ព័ន្ធនឹង​ការ​គោរព​សេរីភាព​បញ្ចេញមតិ។

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​រដ្ឋ​សភា​លោក​ ឡេង ប៉េងឡុង​ បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​ពេល​បញ្ចប់​សេចក្តី​រាយ​ការណ៍​នេះ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​ អំ សំអាត​ យល់​ឃើញ​ថា ​ប្រតិកម្ម​របស់​ក្រសួង​យុត្តិធម៌ ​និង​ការ​បញ្ចេញ​មតិ​របស់​អ្នក​កាសែត​ គឺ​ស្ថិតក្នុង​ក្របខណ្ឌនៃ​ការ​សម្តែងមតិ។​ ទោះ​យ៉ាង​ណា​ លោក​ថ្លែង​ថា ​នៅក្នុង​ដំណើរ​ការ​បង្កើត​ច្បាប់​មួយ រដ្ឋសភា​គួរ​បើក​ឲ្យ​មាន​ការ​ពិភាក្សា​ពីភាគី​ពាក់​ព័ន្ធ​ដើម្បី​ឲ្យ​ច្បាប់នោះ​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណ​ជន​ទូទៅ​ និង​បញ្ចៀស​ការ​រិះគន់។​

លោក​ថ្លែង​ថា៖​ «ជា​គោល​ការណ៍​ គឺ​ត្រូវ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ប្រមូល​ធាតុ​ចូល​ឲ្យ​បាន​គ្រប់គ្រាន់​បាទ ​ទៅលើ​បញ្ហា​ទាំង​អស់​ហ្នឹង​ រួច​បាន​តាក់​តែង​ជា​សេចក្តី​ព្រាង​ច្បាប់​ឡើង​បាទ។​ អ៊ីចឹង​ គឺ​ត្រូវ​មាន​ការ​ចូលរួម​ផ្តល់​ធាតុចូល​ពីគ្រប់​ភាគីពាក់​ព័ន្ធ​ ដើម្បី​ឲ្យ​ច្បាប់​ហ្នឹង​ អនុម័ត​ទៅ​ មាន​ភាព​ល្អ​ប្រសើរ​ ហើយ​មិន​មាន​ការ​រិះគន់​ហ្នឹង»។​

រី​ឯ​សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​លោក ​អ៊ូ ច័ន្ទរ័ត្ន​ ចាត់​ទុក​ថា​ ច្បាប់​ដែល​ទើប​តែ​ត្រូវ​បាន​សភា​អនុម័ត​នោះ​ មាន​ចរិត​នយោបាយ​ និង​មិន​ចាំចាច់​ក្នុង​ស្ថានភាព​ដែល​សភា​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​អ្នក​ធ្វើ​ច្បាប់​របស់​គណបក្ស​កាន់​អំណាច។​ លោក​ផ្តល់​ការ​កត់​សម្គាល់​បន្ថែម​ថា​ ការ​បង្កើត​ច្បាប់​នេះ​អាច​ជា​ចេតនា​នៃ​ការ​ការពារ​សមិទ្ធ​ផល​របស់​គណបក្ស​កាន់​អំណាច​ ដែល​បាន​សហការ​ជាមួយ​ទាហាន​វៀតណាម​ក្នុង​ការ​វាយ​ផ្តួល​រំលំ​របប​កុម្មុយ​និស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម។​

លោក​ថ្លែង​ថា៖​ «ហើយ​អ្វី​ដែល​ខ្ញុំ​លើក​ឡើង​ថា​ មាន​លក្ខណៈ​នយោបាយ​ច្រើន​នោះ​គឺ​ ដោយ​សារ​ច្បាប់​នេះ​បាន​រំលេច​ឃើញ​ពីស្នាដៃ​របស់​គណបក្ស​កាន់​អំណាច​ដែល​លោក​សហ​ការ​ជាមួយ​កងទ័ព​វៀតណាម​ដើម្បី​បញ្ចប់​របប​ខ្មែរក្រហម។​ ដូច្នេះ​ អ្វី​ដែល​សំខាន់​លើស​ពី​នេះ​ គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ត្រូវ​តែ​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ សិក្សា​ដោយ​ខ្លួន​ឯង​ឲ្យ​យល់​ពី​នយោបាយ​ឆ្លង​កាត់​កន្លង​មក​នេះ​ ពីរឿង​ខ្មែរក្រហម​ ពី​រឿង​មុន​ខ្មែរ​ក្រហម​ ពី​រឿង​ថ្ងៃ​ ៧ ​មករា​ ពីរឿង​ថ្ងៃ​ ២៣ ​តុលា​អីជាដើម​នេះ​ ហូរហែ​មក​ហ្នឹង។ ​ដូច្នេះ​អ្វីដែល​សំខាន់​គឺ​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ»។​

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​ដដែល​របស់​លោក ​David Hutt ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​វិទ្យុ​អាសេរី​ អ្នក​កាសែត​រូបនេះ បាន​រៀបរាប់​ប្រវត្តិ​ត្រួសៗ​នៃ​របប​ខ្មែរក្រហម​ ការ​ពិភាក្សា​អំពី​ចំនួន​អ្នកដែល​បាន​ស្លាប់​ក្នុង​រយៈ​កាល​នោះ​ និង​តុលាការ​កូនកាត់​ដែលកាត់​ក្តី​មេដឹក​នាំ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ ​នៅ​ត្រង់​ចំណុច​មួយ​លោក​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ភាព​ស្មោះត្រង់​ដើម្បី​បញ្ជាក់​អំពី​មូល​ហេតុ​ដែល​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​នេះ​ឡើង។​

លោក​ថ្លែង​បិទ​បញ្ចប់​អត្ថបទ​បញ្ចេញ​មតិ​របស់​លោក​ថា៖​ «ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​ គឺថា ​ច្បាប់​នោះ​នឹង​កំណត់​ព្រំដែន​ប្រវត្តិសាស្ត្រ​ដើម្បី​សិក្សា​អំពីអ្វី​ទៅ​ដែល​ខ្មែរក្រហម​បាន​ធ្វើ​ គឺ​មិនមែន​ហេតុអ្វី​បាន​ជា​ពួក​គេ​ធ្វើ​រឿង​យ៉ាង​ដូច្នេះ»។​

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ហៅ​កាត់​ថា​ DC-Cam ​លោក​ ឆាំង យុ ដែល​ជា​អ្នករស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​ បញ្ជាក់​ឲ្យ​វីអូអេ​ដឹង​តាម​សារអ៊ីមែល​មួយ​ថា ​ច្បាប់​ដែល​បាន​បង្កើត​ឡើង​នេះ​គឺ​ជា​ការ​ដោះស្រាយ​បញ្ហា​នានា​សម្រាប់​អ្នក​ជំនាន់​មុន​ និង​ជំនាន់​ក្រោយ។​

បើតាម​លោក ​ឆាំង យុ​ ប្រទេស​កម្ពុជា​បាន​បង្កើត​ច្បាប់​យ៉ាង​ហោច​ណាស់​បី ពាក់​ព័ន្ធ​នឹង​ការ​ប្រឆាំង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ ក្នុងនោះ​គឺ​ច្បាប់​ស្តីពី​ការ​ដាក់​ឲ្យនៅ​ក្រៅ​ច្បាប់​នៃ​ក្រុម​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​ច្បាប់​ស្តីពី​ការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ឬ​ហៅ​កាត់​ថា អ.វ.ត.ក ​និង​ចុង​ក្រោយ​នេះ គឺ​ច្បាប់ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ។ ​លោក​បន្ថែម​ថា ​ដើម្បី​រួម​ចំណែក​ដល់​ការជួយ​អ្នក​ជំនាន់​ក្រោយ​របស់​កម្ពុជា ​ក្នុងការ​ទប់ស្កាត់​មិន​ឲ្យមាន​ជាថ្មី​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ​កម្ពុជា​ត្រូវ​ការ​ច្បាប់​ដែល​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​ទាក់​ទង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។​

លោក​បាន​ផ្តល់ការ​អត្ថាធិប្បាយ​ជាភាសា​អង់គ្លេស​ ហើយ​ត្រូវ​បាន​ប្រែសម្រួល​ជា​ខេមរ​ភាសា​ថា៖​ «កម្ពុជា​ត្រូវការ​ច្បាប់​ស្តីពីការ​បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​ ដែល​នឹង​ជា​ការ​បំពេញ​ជាមូលដ្ឋាន​ និង​ជា​ការ​បន្ត​អនុវត្ត​ច្បាប់​ទាំងនោះ​ ឲ្យ​ទៅ​ជា​ច្បាប់​ដែល​បង្ហាញ​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ​ភាគច្រើន​ដែល​នឹង​គ្មាន​អ្នក​រស់រាន​មាន​ជីវិត​ពី​សម័យ​ខ្មែរក្រហម​ប្រាប់​ពួកគេ​ឲ្យ​បាន​ដឹង​អំពី​អំពើ​ប្រល័យពូជ​សាសន៍​របស់​កម្ពុជា ​និង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម​នៅ​ពេល​អនាគត»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG