ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំហាន​បន្ទាប់​ក្រោយ​សាលាក្តី​ខ្មែរ​ក្រហម​បញ្ចប់​ការ​ជំនុំជម្រះ៖ ការ​អប់រំ​ដើម្បី​ទប់​ស្កាត់​អំពើ​ឃោរឃៅ


រូប​ឯកសារ៖ សិស្ស​ស្រី​អាច​សៀវភៅ​«​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​‍»​នៅ​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ ដែល​ជា​អតីត​មូលដ្ឋាន​ចុង​ក្រោយ​មួយ​របស់​ខ្មែរ​ក្រហម​​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១០។
រូប​ឯកសារ៖ សិស្ស​ស្រី​អាច​សៀវភៅ​«​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​‍»​នៅ​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ ដែល​ជា​អតីត​មូលដ្ឋាន​ចុង​ក្រោយ​មួយ​របស់​ខ្មែរ​ក្រហម​​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១០។

នៅ​ពេល​ដែល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ហៅកាត់​ថា អ.វ.ត.ក. ឬត្រូវបាន​ស្គាល់​ថា​ជា​សាលាក្តីខ្មែរក្រហម​ បាន​បិទបញ្ចប់​នីតិវិធី​ជម្រះ​ក្តីនោះ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ហៅកាត់​ថា ​(DC-CAM) ដែល​ចង​ក្រង​ទុកឯកសារ​ពាក់ព័ន្ធ​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​របប​ខ្មែរ​ក្រហម បញ្ជាក់​ថា​ ការ​អប់រំ​គឺជា​ជំហាន​បន្ទាប់​សម្រាប់​ការ​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នៅ​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់។

កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា ​ឆ្នាំ​ ២០២២​ នេះ​ អង្គ​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​សាលាក្តី​ខ្មែរ​ក្រហម បាន​ប្រកាស​រក្សា​សាលក្រម​របស់​សាលា​ដំបូង ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​លើ​អតីត​ប្រមុខ​រដ្ឋ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន។ នេះ​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ​លើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​តែ​ម្នាក់​គត់​ ដែល​នៅ​រស់​រាន​មាន​ជីវិត និង​ជា​ការ​ឈាន​ទៅ​បិទ​បញ្ចប់​នៃ​ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់ ដែល​បាន​ដំណើរការ​ប្រមាណ​ ១៦​ ឆ្នាំ​មក​ហើយ។

​នាយកមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ លោក​ ឆាំង​ យុ បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ក្នុងសេចក្តី​ប្រកាស​មួយ​ ក្រោយ​ការ​សម្រេច​ខាងលើ​ថា​ សេចក្តី​សម្រេច​នេះគឺ​ជា​ការ​បិទបញ្ចប់​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ការងារ​របស់​តុលាការ​កូនកាត់​មួយ​នេះ។​

លោក​លើក​ឡើង​ថា៖ «ខណៈពេល​ដែល​សាលាក្តី​ខ្មែរក្រហម​ឈាន​មក​ដល់​ទីបញ្ចប់​ នៅក្នុង​កាលៈទេសៈ​ជាច្រើន​ ការ​បង្កើត​ជាកម្មវិធី​អប់រំ​ពី​ឧក្រិដ្ឋកម្ម​ឃោរឃៅ គឺ​ជា​សក្ខីភាព​នៃការ​វិវឌ្ឍ​ទៅ​មុខ​ដ៏​សមស្រប​ ឆ្លើយតប​និង​លើក​ឡើង​អំពី​ឧក្រិដ្ឋកម្ម​ឃោរ​ឃៅ​ ​តាមរយៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នានា​ក្នុង​គោលដៅ​ទប់​ស្កាត់​ឧក្រិដ្ឋកម្មទាំង​នេះ​ពី​ការ​កើត​មាន​ឡើងវិញ»។​

ការ​លើកឡើង​របស់​លោក ឆាំង​ យុ​ អតីត​អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ពី​របប​ខ្មែរក្រហម​បាន​ធ្វើឡើង​ បន្ទាប់ពី​សិក្ខា​សាលា​មួយ ដែល​មាន​រយៈពេល​បីថ្ងៃ ត្រូវ​បាន​រៀ​បចំ​ឡើង​ ដើម្បី​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ ស្តី​អំពី​ការ​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

លោក​បញ្ជាក់​បន្ថែម​ថា​ ការ​ក្រេប​យក​ចំណេះ​ដឹង​ពី​មេរៀន​ក្នុង​របប​ខ្មែរក្រហម​និង​ការ​ដាក់បញ្ចូល​ចំណេះដឹង​ទាំង​នេះ​ ទៅ​ក្នុង​កម្មវិធី​សិក្សា​ទូលំទូលាយ​ជាង​មុន​ ស្តីពី​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ជា​ការ​ស​បញ្ជាក់​អំពី​ជំហាន​ឆ្ពោះ​ទៅមុខ​របស់​សហគមន៍​អន្តរជាតិ​ ក្នុង​ការ​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ទាំង​នេះ​ពី​ការ​កកើត​ឡើង​វិញ។

ដោយ​ឡែក​ អ្នក​នាំពាក្យ​ក្រសួង​កិច្ចការ​អឺរ៉ុប និង​ការ​បរទេស​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ សេចក្តី​សម្រេច​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ការ​បិទ​បញ្ចប់​នូវ​ដំណើរ​ការ​កាត់ក្តី​របស់​តុលាការ​ខ្មែរ​ក្រហម គឺ​ជា​ដំណាក់​កាល​ដ៏សំខាន់​មួយ។ តាមរយៈ​ការ​ថែរក្សា និង​លើក​ស្ទួយ​តម្លៃ​នៃ​បណ្ណសារ​របស់​តុលាការ អាជ្ញាធរ​កម្ពុជា​នឹង​អាច​ជួយ​បញ្រ្ជាប​ការ​ចង​ចាំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ជំនាន់។

អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា​ ប្រទេស​បារាំង​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ជួយ​គាំទ្រ​ដល់​គោលដៅ​ទាំងនេះ ហើយ​សូមបញ្ជាក់​សារជាថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​របស់​ខ្លួន ចំពោះ​ការ​លើកស្ទួយ​យុត្តិធម៌ និង​ការ​ផ្សះផ្សា។

គួរបញ្ជាក់​ផងដែរ​ថា​ ចាប់​តាំង​ពី​ អ.វ.ត.ក. ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៦​ មក​ អ.វ.ត.ក.​ បាន​ទទួល​ភ័ស្តុតាង​ពីជន​រង​គ្រោះ​ជាង​ ១០.៣០០នាក់ បាន​ចេញ​សេចក្តី​សម្រេច​ជាង​ ១.៣៤៥ ​និង​បាន​បង្កើត​កំណត់​ហេតុ​តាម​ផ្លូវ​តុលាការ​ និង​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ចំនួន​ ៣ លាន​ទំព័រ។

ភាគី​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​ ក៏​បាន​ឯកភាព​គ្នា​បន្ត​បំពេញ​មុខងារ​សំខាន់​នានា​នៃ​មុខងារ​សេសសល់​របស់​សាលាក្តី​ខ្មែរក្រហម​នៅឆ្នាំ ២០២៣ ផងដែរ​ ដើម្បី​ថែរក្សា​កេរដំណែល​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា រួមទាំង​តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​សាធារណជន​អាច​ចូល​ពិនិត្យ​មើល​ព័ត៌មាន​នៅក្នុង​បណ្ណសារ​របស់​ អ.វ.ត.ក.​ ឱ្យ​បាន​ទូលំទូលាយ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការងារ​របស់​ អ.វ.ត.ក.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG