ជាង៤៥ឆ្នាំមកហើយ រឿងរ៉ាវអតីតកាលនៃការកាប់សម្លាប់ និងភាពលំបាកវេទនាក្នុងរបបអាវខ្មៅនៅតែដក់ជាប់ក្នុងខួរក្បាលរបស់អ្នកស្រី ស៊ឹម យ៉ុម ដែលជាជនរងគ្រោះម្នាក់រួចជីវិតពីរបបខ្មែរក្រហម ដែលកាន់កាប់ប្រទេសចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
អ្នកស្រីប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗថា៖ «ខ្លាច! គ្រាន់តែឮសូរនិយាយក៏ចង់គ្រុន។ កុំនិយាយមិនអីទេ !តែពេលនិយាយឡើងនិយាយពីស្លុតណាស់!ឱ្យតែនិយាយពីអាពតមិនចេះអស់រឿងទេវែងឆ្ងាយណាស់»។
អ្នកស្រី ស៊ឹម យ៉ុម ជាអ្នករួចជីវិតពីរបបខ្មែរក្រហមដែលក្នុងរបបនោះ ពលរដ្ឋយ៉ាងតិច ១លាន ៧សែននាក់ បានស្លាប់ ដោយសារការកាប់សម្លាប់ បង្អត់អាហារ និងធ្វើការហួសកម្លាំង។ សព្វថ្ងៃនេះ ពលរដ្ឋដែលធ្លាប់ឆ្លងកាត់របបនេះកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ដែលនៅបន្តចងរឹតពួកគេ ដោយសាររូបភាពអាក្រក់ៗបន្តដិតដាមនៅក្នុងខួរក្បាលរបស់អ្នករួចជីវិត។
អ្នកស្រី ស៊ឹម យ៉ុម អាយុ៧៦ឆ្នាំ ដែលរស់នៅក្នុងខេត្តកំពង់ចាម បានរំឭកថា អ្នកស្រីនៅតែចងចាំមិនភ្លេចរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម ដែលអ្នកស្រីត្រូវបានបង្អត់អាហារ និងបង្ខំឱ្យធ្វើការហួសកម្លាំង។
អ្នកស្រីថ្លែងថា៖ «ចាំ! កាល ៣ឆ្នាំ ៨ខែ យាយលំបាកណាស់។ជំនាន់ហ្នឹងអាពតគេបំបែកឱ្យយាយជាពីរនៅក្នុងកងហ្នឹងណា៎។ហើយបាយបបរមួយវែក ហើយធ្វើការគ្មានឈប់ឈរ។ ហើយដល់ពេលរំសាយដោយៗខ្លួនទៅ យាយក៏បែកមក។ បែកមកទៅធ្វើការ មេអាពតគេថា ពួកហ្នឹងគេត្រូវសម្លាប់ ម៉េចហេតុអីយកមកធ្វើការជាមួយ? មេកងគេថា យកមកប្រស់ទុកនៅតែថ្ងៃគេយកទៅទេ។ យាយហ្នឹងណា៎»។
អ្នកស្រីរំឭកបន្ថែមថា អ្នកស្រីត្រូវបានប្រើឱ្យធ្វើការធ្ងន់ បន្ទាប់ពីសម្រាលកូនមិនទាន់បានយូរប៉ុន្មាន។
អ្នកស្រីបញ្ជាក់បន្ថែមថា៖ «អូ! ពិបាកហួសនិយាយហើយចៅអើយ! ចាញ់កូន រែកដី។ ដេកនឹងគល់ឈើ គល់រាំង មកវិញក៏វា(ខ្មែរក្រហម)មិនឱ្យបាយស៊ីដែរ។ ទៅធ្វើការទៅកើត ដល់មកយកបាយ គេអត់ឱ្យទៅទេ។ គេអត់ឱ្យទេគេឱ្យមកស៊ីខ្លួនឯង។ រួចយាយដើរអត់រួច។ គេវៃជួងស៊ីបាយ យាយនៅកណ្តាលព្រៃនៅឡើយ ព្រោះអីងើបអត់រួច ហេវ»។
បើតាមជនរងគ្រោះរូបនោះ តំបន់ដែលអ្នកស្រីបានរស់នៅជាតំបន់ ៤១ ដែលជារឿយៗខ្មែរក្រហមចាប់ប្រជាជនថ្មី ឬអ្នក ១៧ មេសា ដែលមកពីភ្នំពេញ ហើយចោទថាជាអ្នកមូលធននិយម។ ពួកគេត្រូវបានខ្មែរក្រហមសម្លាប់នៅក្នុងតំបន់នោះ។
អ្នកស្រី ស៊ឹម យ៉ុម រំឭកថា៖ «បានយូរអាពតឱ្យមកវិញ។ គេឱ្យមកវិញវៃ ចោលមួយយប់ហ្នឹងអស់សុទ្ធតែប្រុសៗ រួចមួយយប់ទៀតបានស្រីៗ។ ប្រមូលហើយទាំងយាយទៀត។ យាយបើគេហៅហើយបើកទ្វារ ដឹងតែគេ(ខ្មែរក្រហម)ហៅទៅបាត់។ យាយអត់ហ៊ានឆ្លើយទេ ហើយវាយករទេះក្របីដាក់យកទៅ យកទៅកន្លែងសម្លាប់ ឱ្យរកាកចៅអើយ! ចងអាយោងតាមផ្លូវ។ ខ្លះថ្ងៃហ្នឹង កូនទើបកើត នៅលើចង្ក្រាន្ត កូនគេទេណា (ខ្មែរក្រហម) កញ្ឆក់កូនពីដៃបោកចោលរួចទៅគេចងម្តាយ»។
អ្នករួចជីវិតម្នាក់ទៀត អ្នកស្រី ទូច ណៃអ៊ឹង អាយុ៦៨ឆ្នាំ ប្រាប់វីអូអេថា ក្នុងអំឡុងសម័យខ្មែរក្រហម អ្នកស្រីមានអាយុ១៩ឆ្នាំ និងត្រូវបានខ្មែរក្រហមចាប់ធ្វើជាកងចល័តនៅសម័យនោះ។
អ្នកស្រីរៀបរាប់ថា គាត់នៅតែដក់ជាប់ភាពភ័យខ្លាច ដោយខ្លាចថានឹងមានខ្មែរក្រហមកើតឡើងម្តងទៀត ព្រមទាំងនៅតែនឹកឃើញរឿងរ៉ាវក្នុងអារម្មណ៍ដែលបន្សល់ទុកពីសម័យនោះ ដោយធ្វើឱ្យគាត់មានការយល់សប្តិ និងសម្រាន្តមិនលក់ជាដើម។
ស្ត្រីដែលរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលរូបនេះ ថ្លែងថា៖ «រឿងដែលដក់ជាប់ក្នុងចិត្តរហូតហ្នឹងគឹរឿងឪពុក។ ឪពុកឈឺដាច់បាយ ដាច់ពោះហ្មង អត់មានអីហូប។ អារម្មណ៍អ៊ំសោកស្តាយថា យើងជាកូនគ្មានអីឱ្យគាត់ពិសារ ហើយគាត់ឃ្លាន។ ក្នុងចិត្តអ៊ំមានអារម្មណ៍ថា ខ្លាចថា ខ្មែរក្រហមចូលម្តងទៀតអ៊ីចឹងហា៎។ តែដល់ពេលឥឡូវលែងអីវិញហើយ មានលក្ខណៈល្អជាងមុនច្រើន»។
ការសិក្សាមួយដែលធ្វើឡើងក្នុងចំណោមអ្នករួចជីវិតពីរបបខ្មែរក្រហមជាង ៣ម៉ឺននាក់បង្ហាញថា អ្នករួចជីវិតម្នាក់ក្នុងចំណោម ៤ នាក់ នៅបន្តរងផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ត ដោយសារបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម ចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដែលប្រជាពលរដ្ឋយ៉ាងតិច ១លាន ៧សែននាក់ បានស្លាប់ក្នុងរបបនោះ។ នេះបើតាមការសិក្សាមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលចេញផ្សាយកាលពីខែកញ្ញា ឆ្នាំមុន។
បើតាមលទ្ធផលនៃការសិក្សា អ្នករួចជីវិតទាំងនោះប្រឈមនឹងជំងឺមួយចំនួន ដូចជាលើសសម្ពាធឈាម រលាកក្រពះពោះវៀន និងវិបត្តិផ្លូវចិត្ត ដែលអាចបណ្តាលមកពីឥទ្ធិពលដោយផ្ទាល់ឬប្រយោលនៃការឆ្លងកាត់របបខ្មែរក្រហម ដែលមានការកាប់សម្លាប់មនុស្ស ការបង្អត់អាហារ និងការបង្ខំឱ្យធ្វើការលើសកម្លាំងជាដើម។
ការសិក្សាដដែលនោះបញ្ជាក់ទៀតថានៅក្នុងការសិក្សានេះ អ្នករួចជីវិតយ៉ាងតិចម្នាក់ក្នុងចំណោម៤នាក់ឆ្លើយថា ពួកគេនៅតែឈឺចាប់ពីស្ថានភាពផ្លូវចិត្ត ឬរោគសញ្ញានៃស្ថានភាពផ្លូវចិត្តដែលអាចមកពីបទពិសោធន៍នៃការឆ្លងកាត់របបខ្មែរក្រហម។ ការប្រើប្រាស់ថ្នាំ ដោយមិនទៅជួបវេជ្ជបណ្ឌិតនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនគឺជាវិធីសាស្រ្តចម្បងមួយដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលក្នុងចំណោមអ្នករួចទាំងនោះ។
អ្នករួចជីវិតម្នាក់ទៀត អ្នកស្រី ទ្រី ស្រាយ ប្រាប់វីអូអេថា អ្នកស្រីនៅតែចងចាំការធ្វើពលកម្មហួសកម្លាំង និងការបង្អត់អាហារពីសំណាក់កម្មាភិបាលខ្មែរក្រហម។ អ្នកស្រីរស់នៅទាំងមានភាពភ័យខ្លាចនៅក្នុងរបបនោះ។
ស្ត្រីវ័យ៧៦ឆ្នាំរូបនេះថ្លែងថា៖ «ភ័យអូន! ភ័យនៅក្នុងចិត្ត។ ភ័យណាស់ ខ្លាចតែយប់នេះគេយកវៃចោល។ហើយ ដល់ភ្លឺឡើង រស់មួយថ្ងៃទៀត។ ហើយនឹកឃើញអ៊ីចឹង ពីរនាក់ប្តីប្រពន្ធរហូត»។
អ្នកស្រីបន្ថែមថា៖«ចង់ប្រាប់ក្មេងៗថា ប្រយ័ត្នទៅណា៎របបហ្នឹង! ត្រូវប្រយ័ត្នឱ្យមែនទែន!កុំឱ្យរបបហ្នឹង វាត្រឡប់មកវិញ ត្រឡប់មកវិញកូនត្រូវខ្លាច។ អ៊ីចឹងយើងពិបាក ធ្វើការ អត់មានពេលឈប់ទេ។ បបរមួយស្លាបព្រា អង្ករស៊ីមួយថ្ងៃវិលល្ងាច(សម្រាប់មួយថ្ងៃ)»។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ហៅកាត់ថា DC-Cam ប្រាប់វីអូអេថា ពលរដ្ឋខ្មែរប្រមាណ ៥លាននាក់ នៃអ្នករួចជីវិតមានបញ្ហាផ្លូវចិត្តដែលបណ្តាលមកពីការបាត់បង់គ្រួសារ ភាពរាំរ៉ៃទាំងផ្លូវកាយ និងផ្លូវចិត្តនៃសង្គ្រាមតាំងពីទសវត្សរ៍ទី ១៩៧០ មក។ លោកបន្ថែមថា បច្ចុប្បន្ននេះ ភាគច្រើននៃអ្នករួចជីវិតមានអាយុកាន់តែច្រើន ហើយធ្វើឱ្យពួកគាត់មានជំងឺប្រចាំកាយដែលជាបន្ទុកបន្ថែមទៀត។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានចូលរួមចំណែកក្នុងការស្រាវជ្រាវ ប្រមូលភស្តុតាងពាក់ព័ន្ធសម័យខ្មែរក្រហម និងបានបង្កើតឱ្យមានក្រុមយុវជនស្ម័គ្រចិត្តកម្ពុជា (Cambo Core) ប្រមាណរាប់ពាន់នាក់ទូទាំងប្រទេសក្នុងការជួយដល់អ្នករួចជីវិត អប់រំអំពីបញ្ហាសុខភាព និងជំរុញឱ្យមានការដឹងឮពីសំណាក់អ្នកជំនាន់ក្រោយ ពិសេសយុវជន ដើម្បីជួយដល់អ្នកទាំងអស់ដែលរួចជីវិតពីសម័យខ្មែរក្រហម។
ក្រុមយុវជនស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះជួបជាមួយអ្នករួចជីវិតប្រមាណ ៣៥.០០០នាក់ ក្នុងរយៈពេលមួយឆ្នាំ ហើយ ២៧% នៃអ្នកទាំងនេះដែលត្រូវបានសម្ភាស នៅតែមានការសម្រាន្តមិនលក់ មានការយល់សប្តិ មានភាពសោកសៅមិនស្ងប់ក្នុងចិត្ត និងត្រូវទទួលទានថ្នាំរម្ងាប់អារម្មណ៍ជាប្រចាំ។ នេះបើតាមការលើកឡើងរបស់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌល DC-Cam។
លោក ស៊ិង រស់ យុវជនស្ម័គ្រចិត្តកម្ពុជាម្នាក់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រាប់វីអូអេថា លោកបានចុះទៅសម្ភាសអ្នករួចជីវិតប្រមាណ ៥៦ នាក់ហើយអ្នកដែលលោកបានជួប គឺសុទ្ធតែមានបញ្ហាផ្លូវចិត្តសេសសល់ពីរបបខ្មែរក្រហម។ លោកបន្ថែមថា អ្នកដែលលោកបានជួបសម្ភាសភាគច្រើនបានរំឭកដល់ព្រឹត្តិការណ៍ស្រដៀងគ្នាដែលជាមូលហេតុធ្វើឱ្យពួកគាត់មានបញ្ហាផ្លូវចិត្ត។
លោកថ្លែងថា៖ «នៅពេលដែលយើងរំឭកទៅដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនាពេលអតីតកាល ភាគច្រើន ស្ទើរតែទាំងអស់តែម្តងគឺគាត់មានជំងឺផ្លូវចិត្ត ឬបាក់ស្បាតជាមួយនឹងរបបកម្ពុជាប្រជាធិបតេយ្យ។ ហើយវានៅតែបន្សល់ទុកដល់គាត់នៅពេលបច្ចុប្បន្ន។ ហើយនៅពេលដែលគាត់នឹកឃើញដល់សម័យកាលហ្នឹង គាត់តែងតែរន្ធត់ បាក់ស្បាត។ ហើយជាពិសេសព្រឹត្តិការណ៍សង្គមបច្ចុប្បន្នដែលតែងតែជាប់អារម្មណ៍ពួកគាត់ ពេលរំឭកនឹកដល់សម័យហ្នឹង គឺព្រឹត្តិការណ៍នយោបាយ ជម្លោះអ្នកនយោបាយនាពេលបច្ចុប្បន្ន។ ហើយព្រឹត្តិការណ៍សង្គមផ្សេងៗទៀត ពិសេសនៅក្នុងអំឡុងពេលបោះឆ្នោត ព្រោះនៅក្នុងរបបដឹកនាំនៅកម្ពុជាបច្ចុប្បន្ន ដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹងប្រព័ន្ធដោះដូរមេដឹកនាំដោយសន្តិវិធីតាមរយៈសន្លឹកឆ្នោតយ៉ាងណាក៏ដោយចុះ ក៏ប៉ុន្តែគាត់នៅតែមានអារម្មណ៍ថា វាជាពេលវេលាមួយដែលធ្វើឱ្យគាត់នឹកទៅដល់សម័យកម្ពុជាប្រជាធិបតេយ្យ»។
លោកប្រាប់វីអូអេបន្ថែមថា លោកបានជួបសម្ភាសជាមួយពលរដ្ឋដែលធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម និងអតីតកម្មាភិបាលខ្មែរក្រហមនៅក្នុងតំបន់សំឡូត ដែលជាសមរភូមិរបស់ខ្មែរក្រហម។
កញ្ញា គីម ចាន់សុដាលីន និស្សិតផ្នែកវេជ្ជសាស្ត្រ និងជាយុវជនស្ម័គ្រចិត្តម្នាក់ទៀតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រាប់វីអូអេថា កញ្ញាបានជួបសម្ភាសជាមួយអ្នករួចជីវិតចំនួន៥នាក់ ហើយពួកគេមានស្ថានភាពផ្លូវចិត្តធ្ងន់ធ្ងរយ៉ាងខ្លាំង។ កញ្ញាបន្ថែមថា ក្នុងចំណោមអ្នករួចជីវិតទាំងអស់ដែលកញ្ញាបានជួប គឺមានស្ថានភាពផ្លូវចិត្តផ្សេងៗគ្នា និងមួយចំនួននៃអ្នកទាំងនោះបានទទួលការព្យាបាលសុខភាពផ្លូវកាយដែលរហូតមកត្រូវបានរកឃើញថា សុខភាពផ្លូវកាយរបស់ពួកគាត់គឺបណ្តាលមកពីបញ្ហាដែលសេសសល់ពីរបបខ្មែរក្រហម។
កញ្ញាថ្លែងថា៖ «ជាឧទាហរណ៍ នៅពេលដែលអ្នកជំងឺមានវិបត្តិផ្លូវចិត្តធ្វើឱ្យគាត់សម្រាន្តអត់លក់។ ហើយនៅពេលដែលគាត់សម្រាន្តអត់លក់ អាស៊ីតក្រពះគាត់នៅតែបន្តបញ្ចេញ ធ្វើឱ្យគាត់មានជំងឺរលាកក្រពះ។ ហើយនៅពេលដែលគាត់ទៅកាន់មន្ទីរពេទ្យដើម្បីប្រាប់ទៅកាន់អាការៈរលាកក្រពះរបស់គាត់ បញ្ហាដែលកើតឡើងមកលើគាត់ក៏គេបានរកឃើញថា អ្នកជំងឺ គឺបណ្តាលមកពីសុខភាពផ្លូវចិត្ត។ ហើយអ្នកជំងឺមួយចំនួនទៀតពុំទាន់ទទួលបានការព្យាបាលទេ ពីព្រោះទីមួយទាក់ទងទៅនឹងតំបន់របស់ពួកគាត់នៅឆ្ងាយពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។ ហើយពួកគាត់មិនទាន់មានអាការៈណាដែលធ្ងន់ធ្ងរខ្លាំង គ្រាន់តែអាការៈមួយចំនួនតែងតែស្តែងចេញ ដូចជាការយល់សុបិន្តអាក្រក់ ការគេងមិនលក់មួយចំនួន។ ប៉ុន្តែពួកគាត់ពុំទាន់ទទួលបានការព្យាបាលនៅឡើយទេ»។
ក្នុងនាមជាយុវជនម្នាក់ កញ្ញាគិតថា វាគឺជារឿងចាំបាច់បំផុតក្នុងការជួយដល់អ្នករួចជីវិតពីរបបខ្មែរក្រហម ព្រោះពួកគាត់ត្រូវការការថែទាំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយពួកគាត់គប្បីត្រូវមានការទទួលដឹងឮពីសំណាក់យុវជន។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាលើកឡើងថា កន្លងមក រដ្ឋាភិបាលបានបង្កើតឱ្យមានប្រព័ន្ធសេវាកម្មទាក់ទងជាមួយសុខភាពផ្លូវចិត្តរបស់អ្នករួចជីវិតពីរបបខ្មែរក្រហម។ លោកបន្ថែមថា ថ្មីៗនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានជួបជាមួយក្រសួងព័ត៌មានក្នុងការបង្កើតវេទិកាផ្សព្វផ្សាយឱ្យអ្នកដែលមិនទាន់បាននិយាយ មកនិយាយសាច់រឿង និងបន្តប្រមូលសាច់រឿង។
លោក ឆាំង យុ ប្រាប់វីអូអេថា មជ្ឈមណ្ឌលបានប្រមូលភស្តុតាងនិងឯកសារនានាសម្រាប់ជាមេរៀនដល់ពិភពលោក និងយុវជន ហើយការធ្វើបែបនេះបានជួយដល់ផ្លូវចិត្តរបស់អ្នករួចជីវិតពីរបបខ្មែរក្រហម ដោយមានការទទួលស្គាល់ថា ពួកគាត់ជាជនរងគ្រោះ ជាអ្នករួចជីវិតពីសម័យខ្មែរក្រហម និងជួយស្វែងរកយុត្តិធម៌ក្នុងការស្នើឱ្យមានអង្គជំនុំជម្រះ ឬតុលាការកាត់ទោសខ្មែរក្រហម ដើម្បីជាការដោះស្រាយមួយដល់អ្នករួចជីវិតទាំងអស់។
លោកថ្លែងថា៖ «ថ្មីៗនេះទៀតសោត យើងបានដឹងថាជាទូទៅប្រជាជនយើងជាសាក្សីក្តី ជាដើមបណ្តឹងរដ្ឋប្បវេណីក្តី ជាអ្នកមិនបានចូលរួមដោយផ្ទាល់ក្តី គឺពុំបានទទួលសំណងណាមួយទេ។ យើងរងគ្រោះ ហើយយើងរស់ ហើយយើងពិបាក ហើយយើងត្រូវប្រឈមនឹងតុលាការមួយដែលហាក់ដូចជាប្រឈមនឹងពិភពលោកទាំងមូលដែលគេចាំមើលយើងថាតើយើងនិយាយការណ៍ពិតដែរឬក៏អត់? តើយុត្តិធម៌មានដែរឬក៏អត់? អ៊ីចឹងគាត់ ជាការត្រឡប់មកវិញ គាត់អត់មានទទួលបានអីសោះ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ គាត់បាននូវការគោរព ការទទួលស្គាល់ ការដឹងឮ ប៉ុន្តែជាសំណងគឺមិនមានទាល់តែសោះ»។
លោក ឆាំង យុ សំណូមពរឱ្យឪពុកម្តាយដែលជាអ្នករួចជីវិត ពីសម័យខ្មែរក្រហមនិយាយរឿងរ៉ាវប្រាប់កូនចៅ ឲ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ និងឱ្យផ្តល់វេទិកាដល់អ្នករួចជីវិត ដែលមិនទាន់បាននិយាយ ឱ្យមកនិយាយរឿងរបស់ខ្លួន។
ចំណែកអ្នករួចជីវីតដូចជា អ្នកស្រី ស៊ឹម យ៉ុម សំណូមពរឱ្យយុវជនជំនាន់ក្រោយចេះស្រឡាញ់គ្នា និងធ្វើយ៉ាងណាកុំឱ្យមានរបបនេះកើតឡើងម្តងទៀត។
អ្នកស្រីថ្លែងថា៖ «កុំឱ្យមានរបបហ្នឹងកើតឡើងម្តងទៀត ឱ្យក្មេងជំនាន់ក្រោយសម្បូរសប្បាយ ឱ្យចេះស្រឡាញ់សាមគ្គីគ្នា កុំឱ្យដូចជំនាន់យាយ។ វេទនាណាស់! ខ្មែរសម្លាប់ខ្មែរ»៕
វេទិកាបញ្ចេញមតិ