ភ្នំពេញ — ស្ទើតែរៀងរាល់ថ្ងៃ គេតែងឃើញនៅតាមសារព័ត៌មានក្នុងស្រុករាយការណ៍ពីការប្រើហិង្សា និងការសម្លាប់មនុស្សក្រោមឥទ្ធិពលគ្រឿងញៀន។
កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ យុវជនប្រើប្រាស់គ្រឿងញៀនម្នាក់បានអារកសម្លាប់ខ្លួនឯងនឹងកាំបិតកាប់ដំទ្បូងបណ្តាលឱ្យដាច់បំពង់កស្លាប់ ក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ហើយកាលពីថ្ងៃទី ៤ កក្កដា ឆ្នាំ ២០២២ យុវជនញៀនថ្នាំម្នាក់ទៀតបានវាយសម្លាប់ម្តាយបង្កើតរបស់ខ្លួននឹងញញួរទម្ងន់ ៥គីឡូក្រាម ខណៈស្ត្រីរងគ្រោះកំពុងដាំបាយនៅគេហដ្ឋានស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល។
នេះជាករណីពីរក្នុងចំណោមករណីជាច្រើនទៀតដែលអ្នកប្រើប្រាស់គ្រឿងញៀនបានសម្លាប់ខ្លួនឯង និងសម្លាប់សាច់ញាតិ និងអ្នកដទៃ ក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន។ អ្នកជំនាញអះអាងថា គ្រឿងញៀនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធប្រសាទរបស់អ្នកប្រើប្រាស់ ដែលជាហេតុធ្វើឱ្យពួកគេប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់និងបទឧក្រិដ្ឋផ្សេងៗ។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លើកឡើងថា ជាទូទៅគ្រឿងញៀនធ្វើឱ្យប៉ះពាល់ទៅលើអារម្មណ៍ ការគិត និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ទៅតាមប្រភេទនៃគ្រឿងញៀននីមួយៗ។
លោកបន្ថែមថា ការប្រើប្រាស់គ្រឿងញៀនដែលឈានដល់ការសម្លាប់ខ្លួនឯង ឬសម្លាប់អ្នកដទៃ គឺបណ្តាលមកពីឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនក្នុងរយៈពេល និងកម្រិតណាមួយទៅតាមបុគ្គលម្នាក់ ដោយក្លាយជាករណីមមាល ឬវិកលចរិក ដែលជាការឮ ឬមើលឃើញអ្វីដែលមិនមែនជាការពិត។
លោកថ្លែងថា៖ «នៅពេលដែលគាត់ញៀន មានពីរ។ ជួនកាលកំពុងប្រើទៅគាត់ឱ្យទៅជាមមាលឮ ឬក៏មមាលឃើញ ដែលភាសាបច្ចេកទេសយើងហៅថា auditory hallucination ជាសញ្ញាវិកលចរិកចេញមក។ ដល់អ៊ីចឹងគាត់អាចធ្វើសកម្មភាពទៅតាមសំឡេងហ្នឹង។ បើនិយាយមែនទែន យើងប្រើពាក្យថា វិកលចរិកដោយសារគ្រឿងញៀនហ្នឹងឯងង។ គាត់ធ្វើតាមសំឡេង។ សំឡេងបញ្ជាឱ្យគាត់ធ្វើនេះធ្វើនោះ ឱ្យលោតពីលើអគារ ឱ្យចងកអីៗ ដែលយើងធ្លាប់ឃើញហ្នឹង ពេលខ្លះគឺក្រោមឥទ្ធិពលគ្រឿងញៀនទេ មិនមែនក្រោមបញ្ហាបាក់ទឹកចិត្ត ជំងឺផ្លូវចិត្តទេ»។
វេជ្ជបណ្ឌិតជំនាញសុខភាពផ្លូវចិត្តរូបនេះបញ្ជាក់ថា ការព្យាបាលជនញៀនគ្រឿងញៀនត្រូវធ្វើឡើងដោយត្រូវស្វែងរកពីឬសគល់នៃការប្រើប្រាស់គ្រឿងញៀន ប្រសិនបើជននោះប្រើគ្រឿងញៀនដោយសារមានបញ្ហាផ្លូវចិត្ត។ ក្នុងករណីដែលជននោះជាអ្នកញៀនគ្រឿងញៀន គឺត្រូវព្យាបាលតាមរោគសញ្ញា។ ហើយក្នុងករណីដែលជននោះប្រើប្រាស់ហេរ៉ូអ៊ីន ឬអាភៀន នោះអ្នកជំនាញនឹងប្រើ Methadone ដើម្បីព្យាបាល។
ចាប់តាំងពីឆ្នាំ ២០១៧ មក ចំនួនគ្រឿងញៀនដែលអាជ្ញាធររឹបអូសបាន បានកើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ ២០១៧ អាជ្ញាធរចាប់បានគ្រឿងញៀន ២៩៦ គីឡូក្រាម ឆ្នាំ ២០១៨ ចាប់យកបាន ៤៧២,៥៣ គីឡូក្រាម ឆ្នាំ ២០១៩ ចាប់យកបាន ៧៥០គីឡូក្រាម ឆ្នាំ ២០២០ ចាប់យកបាន ៣,៨៧៦គីឡូក្រាម ឆ្នាំ ២០២១ ចាប់យកបាន ៤,៦៨៩ គីឡូក្រាម និងឆ្នាំ ២០២២ ចាប់យកបានចំនួន១៤,៩១៩ គីឡូក្រាម។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា បច្ចុប្បន្ន នេះ ការផលិតគ្រឿងញៀនសំយោគមានការកើនឡើងនៅកម្ពុជា ដោយសារតែក្រុមឧក្រិដ្ឋជនផ្លាស់ប្តូរពីការផលិតគ្រឿងញៀនធម្មជាតិ និងពាក់កណ្តាលសំយោគ ទៅជាសារធាតុញៀនសំយោគសុទ្ធសាធ។
លោកថ្លែងថា៖ «ឥឡូវហ្នឹងឥរិយាបថរបស់ក្រុមឧក្រិដ្ឋជន គេផ្លាស់ប្តូរពីការផលិតគ្រឿងញៀនធម្មជាតិ និងពាក់កណ្តាលសំយោគ មកជាការផលិតសារធាតុញៀនសំយោគសុទ្ធសាធ។ សារធាតុញៀនសំយោគហ្នឹងវាផលិតចេញពីសារធាតុគីមីផ្សំ អ៊ីចឹងវាមិនរើសទីកន្លែង មិនរើសភូមិសាស្រ្ត ហើយវាចំណាយពេលខ្លី និងងាយស្រូលក្នុងការផលិត»។
លោកបន្តថា រដ្ឋាភិបាលបាននិងកំពុងបង្កើនយុទ្ធនាការភូមិឃុំសង្កាត់មានសុវត្ថិភាព ការបង្កើនការអនុវត្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការបង្កើតគោលនយោបាយភូមិឃុំស គ្មានគ្រឿងញៀននៅតាមបណ្តាខេត្តជាប់ព្រំដែនចំនួន ១៧។
លោក មាស វិរិទ្ធ ថ្លែងថា៖ «ត្រូវធ្វើជាមួយប្រទេសជាដៃគូយើង កម្ពុជាវៀតណាម កម្ពុជាឡាវ និងកម្ពុជាថៃ។ យើងជ្រើសរើសភូមិហ្នឹងទៅ ដើម្បីឱ្យក្លាយទៅជាចលនាមួយមានការចូលរួមសហការទាំងអស់គ្នាដើម្បីទប់ស្កាត់ ជាពិសេសការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានផងនៃប្រទេសទាំងពីរ និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដែនផង»។
បើទោះបីជាមានការចាប់ខ្លួនអ្នកជួញដូរ និងរកឃើញថាអ្នកប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់ក្តី ក៏ មិនមានការបញ្ជាក់អំពីចំនួនករណីអ្នកប្រើប្រាស់គ្រឿងញៀនដែលបានសម្លាប់ខ្លួនឯង និងអ្នកដទៃនោះទេ។
លោក មាស វិរិទ្ធ បញ្ជាក់ថា អ្នកប្រើប្រាស់គ្រឿងញៀននាពេលបច្ចុប្បន្នមានចំនួនជាង ២ម៉ឺននាក់ដែលកំណត់បានដោយអាជ្ញាធរ ដែលភាគច្រើនអាយុចន្លោះពី ១៨ ឆ្នាំ ទៅ ៣៥ ឆ្នាំ។ ចំណែកមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមានចំនួន ៤៧២កន្លែង រួមមាន មជ្ឈមណ្ឌលបណ្តោះអាសន្នរដ្ឋ ឯកជន និងអង្គការ កន្លែងផ្តល់សេវាសុខាភិបាលតាមមូលដ្ឋាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ក្រុង-ស្រុក និងមណ្ឌលសុខភាព។
បើតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ក្នុងឆ្នាំ ២០១៨ អ្នកប្រើប្រាស់គ្រឿងញៀនជាង ១៧.០០០ នាក់បានធ្វើអន្តរកម្មជាមួយអាជ្ញាធរ ប៉ុន្តែតិចជាង ៥.០០០ នាក់ បានចូលមណ្ឌលព្យាបាលគ្រឿងញៀន ដោយក្នុងនោះមានជាង ៤.០០០ នាក់ត្រូវបានរកឃើញថាបានប្រើប្រាស់មេតំហ្វេតាមីន។ ក្នុងឆ្នាំដដែល ៨៤ ភាគរយនៃអ្នកដែលបានចូលទៅមជ្ឈមណ្ឌលព្យាបាលគ្រឿងញៀនមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣៥ ឆ្នាំ។
មេតំហ្វេតាមីនគឺជាផ្នែកមួយនៃគ្រឿងញៀនលើកកម្លាំងប្រភេទអំហ្វេតាមីន (ATS)។ វាជាគ្រឿងញៀនប្រភេទសំយោគដែលជាធម្មតាផលិតនៅមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់។ វាមានរូបរាងជាម្សៅ គ្រាប់ ដុំគ្រីស្តាល់ដែលមើលទៅដូចអម្បែងកែវថ្លា។
អ្នកដែលប្រើប្រាស់មេតំហ្វេតាមីនក្នុងកម្រិតច្រើន អាចធ្វើឱ្យមិនចង់សម្រាក ឆាប់ខឹងមួរម៉ៅ និងស្លន់ស្លោដោយគ្មានមូលហេតុ។ ការប្រើក្នុងកម្រិតខ្ពស់បំផុតអាចធ្វើឱ្យប្រកាច់ រញីរញ័រ និងស្លាប់ដោយសារស្ទះដង្ហើម ដាច់សសៃឈាមក្នុងខួរក្បាល ឬគាំងបេះដូង។
បើតាម UNODC កម្ពុជាស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រភពផ្គត់ផ្គង់ជាសាកល កន្លែងឆ្លងកាត់ និងតំបន់គោលដៅមួយសម្រាប់ការជួញដូរមនុស្ស។ តំបន់អាស៊ីអាគ្នេយ៍ក៏ជាប្រភពធំបំផុតទីពីរសម្រាប់ថ្នាំញៀនហេរ៉ូអ៊ីន និងជាកន្លែងចម្បងមួយសម្រាប់ការផលិត និងជួញដូរថ្នាំញៀនអំហ្វេតាមីន (ATS) ផងដែរ។ ហើយប្រទេសកម្ពុជាបានក្លាយជាប្រទេសឆ្លងកាត់ដ៏សំខាន់សម្រាប់ការជួញដូរគ្រឿងញៀន។ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជាពិសេសថ្នាំញៀនប្រភេទអំហ្វេតាមីន (ATS) បានកើនឡើងយ៉ាងខ្លាំង។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅកម្ពុជាក្នុងពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំង ដោយសារគ្រឿងញៀនដែលរឹបអូសបានមានចំនួនច្រើនខ្លាំង ស្របពេលដែលចំនួនអ្នកប្រើប្រាស់ និងជួញដូរក៏មិនថមថយ។
លោកបន្តថា ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន បាននិងកំពុងរីករាលដាលទៅតាមជនបទ និងតំបន់ដាច់ស្រយាល ខណៈដែលគ្រឿងញៀនធ្វើឱ្យប៉ះពាល់ខ្លាំងដល់សន្តិសុខសង្គម និងសុខភាពរបស់អ្នកប្រើ។
លោកថ្លែងថា៖ «បញ្ហាគ្រឿងញៀននេះ ឬក៏អ្នកប្រើប្រាស់គ្រឿងញៀននេះ យូរទៅគឺបង្កឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ បានន័យថា ទៅជាមនុស្សបាត់បង់ស្មារតី អាចនឹងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ ឬក៏អាចធ្វើអត្តឃាតដោយខ្លួនឯងអីជាដើម ដោយសារតែក្លាយទៅជាមនុស្សមួយផ្សេងដែលបាត់បង់ស្មារតី យើងហៅថាការប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ឬក៏បាត់បង់ការចងចាំ»។
លោក អំ សំអាត ដែលជានាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូបន្ថែមថា ដើម្បីឱ្យការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនមានប្រសិទ្ធភាព លុះត្រាតែមន្រ្តីនិងអាជ្ញាធរទាំងអស់ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន លុបបំបាត់អំពើពុករលួយពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវមានឆន្ទៈខ្ពស់ក្នុងការអនុវត្តច្បាប់ដោយមិនមានការយោគយល់ ត្រួតពិនិត្យទីតាំងដែលមានការសង្ស័យជាប្រចាំ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដើម្បីទប់ស្កាត់ការហូរចូលទាំងគ្រឿងញៀន និងសារធាតុផ្សំផ្សេងៗ និងសហការក្នុងការកំណត់មុខសញ្ញាឧក្រិដ្ឋជនគ្រឿងញៀន។
ទន្ទឹមនឹងការកើនឡើងចំនួនគ្រឿងញៀនដែលចាប់បានជារៀងរាល់ឆ្នាំ ការជួញដូរ និងការផលិតគ្រឿងញៀនទ្រង់ទ្រាយធំនៅកម្ពុជា ក៏មានការកើនឡើងផងដែរ ដែលភាគច្រើនជនល្មើសជាជនជាតិចិន។
កាលពីខែសីហា ឆ្នាំ ២០២២ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបនិងចាប់ខ្លួនជនជាតិចិន ៥ នាក់ និងដកហូតបានគ្រឿងញៀនជាង ៩០០ គីឡូក្រាម នៅខេត្តព្រះសីហនុ។ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅរាជធានីភ្នំពេញ ដោយចាប់បានក្រុមជនល្មើសចំនួន ៩ នាក់ និងរឹបអូសគ្រឿងញៀនក្នុងទម្ងន់ ៣៤៧ គីឡូក្រាមពីពួកគេ។
ហើយកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ សមត្ថកិច្ចក៏បានបង្ក្រាបករណីលួចផលិតគ្រឿងញៀនក្នុងរោងចក្រមួយនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយរកឃើញគ្រឿងញៀនជាង ២ តោន (២,២៣៧ គីឡូក្រាម) និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជាង ៨៤ តោន និងចាប់បានជនល្មើសជាជនជាតិចិនជាង ១០នាក់។
ក្នុងរបាយការណ៍របស់ UNODC ស្តីអំពីគ្រឿងញៀនសំយោគនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ការអភិវឌ្ឍន៍ និងបញ្ហាប្រឈមចុងក្រោយបំផុត បញ្ជាក់ថា បរិមាណសារធាតុគីមីដែលប្រើប្រាស់ក្នុងការផលិតគ្រឿងញៀនសំយោគខុសច្បាប់ ដែលរឹបអូសបាននៅទីតាំងក្នុងប្រទេសកម្ពុជា បានកើនឡើងជាលំដាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ នៅក្នុងខែមករា ឆ្នាំ២០២២ សារធាតុគីមីចំនួន ១៦៥ តោនត្រូវបានរឹបអូសនៅឃ្លាំងចំនួនបីក្នុងប្រទេសកម្ពុជា រួមមានអាស៊ីតអាសេទិក (acetic anhydride) ចំនួន២,៧តោន អាស៊ីតអ៊ីដ្រូក្លរីក (hydrochloric) ចំនួន ២៩,១តោន និង ថូលីន (toluene) ចំនួន ៣២,៤តោន ព្រមទាំងសារធាតុគីមីដែលមិនអាចគ្រប់គ្រងបានដូចជា ស៊ីក្លូហ្សេន (cyclohexane) ចំនួន ៣,៩តោន រួមនឹងសារធាតុគីមីផ្សេងទៀតដែលអាចប្រើក្នុងការផលិតថ្នាំញៀនសំយោគខុសច្បាប់។
លោក Jeremy Douglas អ្នកតំណាងប្រចាំតំបន់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ប្រាប់ VOA ថា សារធាតុគីមីដែលរឹបអូសបានក្នុងករណីផលិតធំៗនៅកម្ពុជា មានប្រភពមកពីជាង ១០ ប្រទេសដែលប្រភពធំជាងគេគឺចិន និងឥណ្ឌា។
លោក Douglas បន្ថែមថា ជាទូទៅសារធាតុគីមីទាំងនោះត្រូវបាននាំចូលដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្មច្រើនប្រភេទ ដូចជាផលិតផលកែច្នៃ ការជីកយករ៉ែ និងកសិកម្មជាដើម។ ប៉ុន្តែកង្វះការគ្រប់គ្រង និងអំពើពុករលួយក្នុងវិស័យឧស្សាហកម្ម និងតាមព្រំដែន ជាមូលហេតុអាចឱ្យឧក្រិដ្ឋជននាំចូលដើម្បីផលិតជាគ្រឿងញៀន។
លោក Douglas បន្ថែមដោយលើកឡើងពីវិធីដែលរដ្ឋាភិបាលគួរមានការទប់ស្កាត់ យ៉ាងដូច្នេះថា៖ «កម្ពុជាត្រូវកែលម្អបទប្បញ្ញត្តិនៃការនាំចូលសារធាតុគីមី ក៏ដូចជាការចែកចាយ និងការគ្រប់គ្រងក្នុងស្រុក។ លើកទឹកចិត្តប្រទេសជិតខាងឱ្យធ្វើដូចគ្នា និងធ្វើការជាមួយ UNODC និងដៃគូអាស៊ីលើយុទ្ធសាស្ត្រក្នុងតំបន់»។
របាយការណ៍របស់ UNODC ស្តីអំពីគ្រឿងញៀនសំយោគនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍បញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៥ ការផលិតមេតំហ្វេតាមីនខុសច្បាប់នៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍បានប្រមូលផ្តុំកាន់តែច្រើនឡើងនៅតំបន់ទន្លេមេគង្គក្រោម ដែលភាគច្រើននៅក្នុងរដ្ឋមួយនៃប្រទេសមីយ៉ាន់ម៉ា។ ហើយក្រុមឧក្រិដ្ឋករបានដាក់គោលដៅកាន់តែខ្លាំងឡើងចំពោះប្រទេសកម្ពុជាសម្រាប់ការផលិតគ្រឿងញៀនសំយោគ។
លោក អំ សំអាត សង្កត់ធ្ងន់ថា ប្រសិនបើការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅកម្ពុជានៅតែបន្តកើនឡើង នោះនឹងធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានមនុស្ស និងសង្គមជាតិនាពេលអនាគត។
លោកថ្លែងថា៖ «បញ្ហាគ្រឿងញៀននេះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់សង្គមជាតិ បំផ្លាញសង្គមជាតិយើង ជាពិសេសគឺបំផ្លាញធនធានមនុស្សក្នុងស្រទាប់យុវជនដែលជាទំពាំងស្នងឬស្សី ក្នុងការអភិវឌ្ឍ និងកសាងប្រទេសជាតិយើងតទៅថ្ងៃក្រោយ»៕