ក្រសួងមហាផ្ទៃបានបញ្ជាឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ផ្អាកសកម្មភាព រង់ចាំការដោះស្រាយបញ្ចប់សំណុំរឿងរបស់មេដឹកនាំនិងមន្ត្រីរបស់សមាគម ដែលរងការចោទប្រកាន់ថា«ធ្វើបដិវត្តន៍កសិករ»។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីពេលថ្មីៗនេះ។
ចំណាត់ការរបស់ក្រសួងមហាផ្ទៃប៉ះពាល់ដល់ការងាររបស់បុគ្គលិកសមាគម និងកសិករដែលជាបណ្តាញរបស់សមាគម។
សមាគម CCFC មានសមាជិកប្រមាណ២ម៉ឺនគ្រួសារក្នុងខេត្តចំនួន១៤ក្នុងប្រទេសកម្ពុជា។ ភាគច្រើននៃសមាជិកទាំងនោះ គឺជាអ្នកមានវិវាទដីធ្លី។ សមាជិកខ្លះរបស់សមាគមនេះបានបង្ហាញក្តីបារម្ភចំពោះផលវិបាកផ្សេងៗដែលអាចកើតមាន នៅពេលសកម្មភាពរបស់សមាគមត្រូវផ្អាក ខណៈវិវាទដីធ្លីខ្លះនៅមិនទាន់ទទួលបានដំណោះស្រាយ។
បើតាមសេចក្តីសេចក្តីសម្រេចចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី ៧ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលមានអាសយដ្ឋានទីស្នាក់ការកណ្តាលក្នុងខណ្ឌសែនសុខ ក្រុងភ្នំពេញ ត្រូវផ្អាកសកម្មភាព ជាបណ្តោះអាសន្នរហូតដល់តុលាការបញ្ចប់នីតិវិធីនៅសាលាដំបូងខេត្តរតនគិរី។
ប្រធានស្តីទី លោក ម៉ឺន រតនា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការសម្រេចរបស់ក្រសួងមហាផ្ទៃផ្អាកសកម្មភាពសមាគមអាចបង្កការលំបាកដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលនៅត្រូវការសេវាផ្នែកច្បាប់សម្រាប់ដោះស្រាយវិវាទដីធ្លីដែលនៅជាប់គាំង ព្រោះវិវាទមួយចំនួនពាក់ព័ន្ធនឹងអ្នកមានអំណាច។
លោកថ្លែងថា៖ «រឿងដីធ្លី គឺយើងនិយាយទៅថា យើងមានពីរបីអង្គការដែរ។ ប៉ុន្តែគ្រាន់ថា សមាគម CCFC គឺយើងធ្វើការជាមួយប្រជាពលរដ្ឋ គឺយើងធ្វើការចុះមូលដ្ឋានផ្ទាល់ជាមួយពួកគាត់។ យើងធ្វើការអ៊ីចឹង អ៊ីចឹងបើសិនបើបាត់ សមាគម CCFC យើងគិតថា វាជាការលំបាកសម្រាប់ពួកគាត់ដែលជាប្រជាពលរដ្ឋដែលរងប៉ះពាល់ដីធ្លី»។
លោកបន្ថែមថា៖ «អ្នកដែលរំលោភដីប្រជាពលរដ្ឋហ្នុងគឺសុទ្ធតែជាអ្នកនៅជួរមន្ត្រីរាជការ។ អ៊ីចឹងបើអត់ សមាគម CCFC ទៅ យើងគិតថា ប្រជាពលរដ្ឋប្រហែលជាពិបាកបន្តិចនៅក្នុងការទាមទារ ឬក៏តវ៉ាអ្វីដែលជាសកម្មសិទ្ធិរបស់ពួកគាត់»។
បើតាមលោកម៉ឺន រតនា បុគ្គលិករបស់សមាគមប្រមាណ២១នាក់អាចប្រឈមនឹងបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ និងជាមួយធនាគារ ដោយសារពួកគេសង្ឃឹមតែលើប្រាក់ខែ ហើយការរកការងារធ្វើថ្មីក៏ជារឿងពិបាកសម្រាប់ពួកគេនៅពេលស្ថានភាពសេដ្ឋកិច្ចប្រទេសមិនទាន់មានភាពប្រសើរឡើងខ្លាំងនោះ។ យ៉ាងណាក៏ដោយ លោកថា ការតស៊ូមតិរបស់សមាគមនឹងបន្តមានទៅមុខទៀត ដើម្បីសមាគម អាចដំណើរការឡើងវិញ។
តុលាការខេត្តរតនគិរីបានចោទប្រកាន់លោក ថេង សាវឿន ប្រធានសមាគម CCFC និងសហការីលោក២នាក់ទៀតពីបទ «រួមគំនិតក្បត់ និងញុះញង់» ដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ។ តែក្រោយមក តុលាការបានដោះលែងឱ្យអ្នកទាំង៣បានស្ថិតនៅក្រៅឃុំ ក្រោយលោក ថេង សាវឿន បានចេញសារជាលិខិត និងវីដេអូ ដោយប្រកាសទទួលស្គាល់កំហុសក្នុងសំណុំរឿងចោទប្រកាន់ពីបទ«បដិវត្តន៍កសិករ»។
អ្នកស្រី ផាវ ញឿង អាយុ៤៧ឆ្នាំ ជាពលរដ្ឋនៅឃុំជីខលើ មិនជឿថា ការសារភាពរបស់លោក ថេង សាវឿន ជារឿងពិតនោះ ទេ ដោយថា គាត់ និងសហការីគាត់ផ្សេងទៀតមិនដែលប្រើពាក្យឃោសនាឱ្យពលរដ្ឋផ្តួលរំលំរដ្ឋាភិបាល ឬបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយនោះទេ។
អ្នកស្រីបង្ហាញការសោកស្តាយចំពោះការផ្អាកសមាគម ហើយកំពុងបារម្ភអំពីការបែកបាក់បណ្តាញរបស់សមាជិកក្នុងការចែករំលែកចំណេះដឹងផ្សេងៗ ពាក់ព័ន្ធនឹងកិច្ចការកសិកម្ម និងការចូលរួមរបស់ថ្នាក់ដឹកនាំសមាគមដើម្បីតស៊ូមតិ ក្នុងបញ្ហាដីធ្លី។ អ្នកស្រីស្នើដោយទទូចឱ្យក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផ្តល់អន្តរាគមន៍ឱ្យតុលាការខេត្តរតនគិរីទម្លាក់ការចោទប្រកាន់លើថ្នាក់ដឹកនាំ និងមន្ត្រីសមាគម ដើម្បីបើកផ្លូវឱ្យ សមាគមបានដំណើរការជាប្រក្រតីឡើងវិញ។
អ្នកស្រីថ្លែងថា៖ «សុំយ៉ាងទទូចទៅក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងយុត្តិធម៌ សូមមេត្តាធ្វើអន្តរាគមន៍ទៅតុលាការខេត្តរតនគិរីហ្នឹងដើម្បីដោះលែងពួកគាត់ដោយឥតលក្ខខណ្ឌ។ ពួកយើងនៅតែធ្វើអាហ្នឹង ហើយពួកយើងនៅតែបន្តការធ្វើការជាមួយកសិករគ្នាយើងដដែល ទោះបីជាអត់ពួកគាត់ហ្នឹងក៏ដោយ ដោយសារតែពួកយើងអត់បានប្រព្រឹត្តបទល្មើសអីខុស»។
អ្នកស្រីបន្ថែមថា បើសិនសមាគមនៅបន្តផ្អាក ឬក៏បិទដោយប្រការណាមួយនោះ បញ្ហាក៏អាចឡើងចំពោះប្រាក់សន្សំដែលរៀបចំឡើងតាមគំនិតផ្តួចផ្តើមរបស់ សមាគម CCFC នៅសហគមន៍របស់អ្នកស្រី ក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង និងសហគមន៍ដទៃទៀត។
នាយកទទួលបន្ទុកកិច្ចការទូទៅនៅអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បង្ហាញការសោកស្តាយផងដែរចំពោះការសម្រេចរបស់ក្រសួងមហាផ្ទៃដែលផ្អាក សមាគម CCFC ព្រោះសមាគមនេះបានរួមចំណែកជួយស្តារជីវភាពកសិករបានច្រើនតាមរយៈការផ្តល់ការបណ្តុះបណ្តាលជំនាញ ទាក់ទងការងារកសិកម្ម។
លោកថ្លែងថា៖ «សមាគមសម្ព័ន្ធកសិករកម្ពុជានេះបានជួយច្រើនណាស់ សម្រាប់សហគមន៍ កសិករដូចជាទាក់ទងនឹងការបណ្តុះបណ្តាលទៅលើការបង្កើតផលិតផលដាំដុះស្រែចម្ការ ឬក៏ពូជដំណាំ ការចិញ្ចឹមមាន់ បន្លែធម្មជាតិអីជាដើម ដែលផ្តល់នូវបច្ចេកទេសច្រើន និងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់កសិករក្នុងការអភិវឌ្ឍជីវភាពរស់នៅសម្រាប់ពួកគាត់»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ប្រាប់វីអូអេឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនង WhatsApp ថាក្រសួងនឹងពិចារណាជាថ្មីលើរឿងផ្អាក សមាគម CCFC នៅពេលតុលាការខេត្តរតនគិរីបញ្ចប់សំណុំរឿងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់សមាគមនេះ។
លោកថ្លែងថា៖ «រឿងនេះ អ៊ីចេះទេ យើងរង់ចាំនីតិវិធីរបស់តុលាការសិន។ ចាំតុលាការបញ្ចប់នីតិវិធីរបស់លោកសិន។ ហើយក្រោយពីនីតិវិធីចប់ យើងនឹងពិចារណាចំពោះជោគវាសនានៃសមាគមហ្នឹង»។
អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីលោក កែវ ពិសុទ្ធ មិនទាន់ទាន់បញ្ជាក់បានថាតើតុលាការនឹងជំនុំជម្រះសំណុំរឿងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី សមាគម CCFC ពេលណានោះទេ ព្រោះតុលាការត្រូវការពេលពិនិត្យឯកសារពាក់ព័ន្ធមួយចំនួនទៀត។
តុលាការខេត្តរតនគិរីបានដាក់លោកថេង សាវឿន និងសហការី២នាក់ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ តុលាការហាមពួកគេមិនឱ្យចេញទៅក្រៅប្រទេសផងដែរ។ ការិយាល័យរបស់សមាគម CCFC បានបិទទ្វារ ចាប់តាំងពីពេលមានការចាប់ខ្លួន ថ្នាក់ដឹកនាំ និងមន្ត្រីសមាគមមួយនេះ។
គួរបញ្ជាក់ថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលលោក ថេង សាវឿន បង្កើតឡើង ជាស្ថាប័នសមាជិកភាពសហគមន៍កសិករមូលដ្ឋានរងគ្រោះ ដោយធ្វើការរួមគ្នា ក្នុងគោលបំណងដោះស្រាយបញ្ហាដីធ្លី ធនធានធម្មជាតិ និងការបណ្តេញដោយបង្ខំ ដែលកើតចេញពីគម្រោងអភិវឌ្ឍន៍នានា។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយដោយសមាគម។ សមាគមដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ ២០១៥ នេះមានទស្សនវិស័យចង់ឃើញប្រជាកសិកររស់នៅសមរម្យ ថ្លៃថ្នូរ មានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមកែលម្អឲ្យមានអភិបាលកិច្ចមូលដ្ឋាន៕