ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹង«បដិវត្តន៍កសិករ» ឱ្យដឹងថា តុលាការបានដោះលែងរូបលោក និងសហការី២នាក់ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលក្នុងនោះហាមរូបលោកមិនឱ្យចេញទៅក្រៅប្រទេស។
លោក ថេង សាវឿន ប្រាប់វីអូអេនៅថ្ងៃពុធថា តុលាការមិនទាន់ទម្លាក់បទចោទលើរូបលោក និងសហការីទាំង២នាក់នៅឡើយទេ។ លោកបញ្ជាក់ថា តុលាការបានដាក់លក្ខខណ្ឌសម្រាប់រូបលោកមួយចំនួន ដែលក្នុងនោះហាមមិនឱ្យចេញទៅក្រៅប្រទេស។
លោកថ្លែងថា៖ «ហើយយើងនៅតែបន្តនីតិវិធីក្នុងការធ្វើការសវនាការ ធ្វើការចូលគ្រប់នីតិវិធីរបស់សាលាដំបូងខេត្តរតនគិរី ដោយភ្ជាប់នូវលក្ខខណ្ឌមួយចំនួន ទីមួយ គ្រប់ទាំងខ្ញុំ និងសហការីរបស់ខ្ញុំពីររូបផ្សេងទៀត មិនអាចចេញក្រៅព្រំដែនប្រទេសកម្ពុជាមានន័យថា មិនអាចចេញក្រៅប្រទេស ឬក៏ព្រំដែនរបស់ប្រទេសកម្ពុជា។ ទីពីរគឺពួកខ្ញុំ នឹងមិនអាចផ្លាស់ប្តូរទីលំនៅ។ ហើយទីបីត្រូវបង្ហាញខ្លួនមុខសមត្ថកិច្ច និងមានលក្ខខណ្ឌមួយចំនួនទៀតដែលចាំបាច់ក្នុងការអនុវត្ត ហើយសុំបញ្ជាក់ថា នេះគឺជាការដោះលែងឱ្យនៅក្រៅឃុំស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ»។
លោក ថេង សាវឿន ឱ្យដឹងថា លោកមិនអាចនិយាយអ្វីឱ្យលើសពីនេះ ដោយសារតែលោកស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
កាលពីថ្ងៃអង្គារ តុលាការខេត្តរតនគិរីបានសម្រេចដោះលែងលោក ថេង សាវឿន និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
អ្នកនាំពាក្យតុលាការខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់វីអូអេកាលពីថ្ងៃអង្គារថា ចៅក្រមស៊ើបសួរសម្រេចឱ្យបុគ្គលទាំង៣នៅក្រៅឃុំបណ្តោះអាសន្ន។ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា តើមានលក្ខខណ្ឌអ្វីចងភ្ជាប់លើពួកគេទេ។ លោកបន្ថែមថា នេះមិនមែនជាការទម្លាក់ចោលការចោទប្រកាន់លើពួកគេឡើយ។
ការដោះលែងនេះធ្វើឡើងបន្ទាប់ពីប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន បានចេញសារជាលិខិត និងវីដេអូ ដោយប្រកាសទទួលស្គាល់កំហុសក្នុងសំណុំរឿងចោទប្រកាន់ពីបទ«បដិវត្តន៍កសិករ»។ នៅក្នុងវីដេអូសារភាពពេលលោកកំពុងជាប់ពន្ធនាគារនៅខេត្តរតនគិរី លោក ថេង សាវឿន បានអះអាងថា រូបលោក«លង់ជាមួយការចង្អុលបង្ហាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន តាមរយៈសកម្មភាពប្រមូលផ្តុំ កៀរគរកសិករមួយចំនួនធ្វើការញុះញង់ ឬក៏ញុះញង់ និងឈានដល់ក្នុងការផ្តួលរំលំរដ្ឋាភិបាល ប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដោយមិនដឹងខ្លួន»។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា ការដោះលែងលោក ថេង សាវឿន កើតឡើងក្រោយលោកចេញមុខសុំទោស និងទទួលស្គាល់កំហុស។ លោកចាត់ទុកថា នេះជារឿងដដែលៗ នៅពេលទាក់ទងនឹងរឿងនយោបាយ។
លោកលើកឡើងថា៖ «បាទ ជាគោលការណ៍ច្បាប់ ច្បាប់មានបំណងក្នុងការអនុវត្តគឺ សំដៅលើជនប្រព្រឹត្តនូវបទល្មើសយ៉ាងពិតប្រាកដ មិនមែនថា យកមកប្រើប្រាស់ក្នុងសម្ពាធផ្នែកណាមួយទេ។ អ៊ីចឹងគួរតែពិនិត្យ និងពិចារណាក្នុងប្រតិបត្តិច្បាប់ហ្នឹងឱ្យមានភាពត្រឹមត្រូវ ចៀសវាងរងការរិះគន់ដោយប្រើប្រាស់ច្បាប់ហ្នឹងទៅក្នុងលក្ខខណ្ឌមួយ ដើម្បីជាសម្ពាធអីជាដើម។ អាហ្នឹងមិនមែនជាមធ្យោបាយក្នុងការអនុវត្តទេ»។
គួរបញ្ជាក់ថា តុលាការខេត្តរតនគិរីបានចោទប្រកាន់លោក ថេង សាវឿន និងសហការីលោក២នាក់ទៀតពីបទ «រួមគំនិតក្បត់ និងញុះញង់» ដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ។
ពួកគេត្រូវបានឃាត់ខ្លួនកាលពីពាក់កណ្តាលខែឧសភា បន្ទាប់ពីលោក ថេង សាវឿន និងក្រុមការងារលោកបានបញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកសមាគម ដែលរៀបចំឡើងនៅខេត្តរតនគិរី ទីដែលអាជ្ញាធរមូលដ្ឋាននៅទីនោះ សង្ស័យថា សមាគមរបស់លោក ថេង សាវឿន បានលួចប្រជុំក្នុងសណ្ឋាគារមួយក្នុងក្រុងបានលុង ហើយមានផែនការធ្វើបដិវត្តន៍កសិករ៕