ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​បន្ត​ទាមទារ​ឱ្យ​ដោះ​លែង​លោក ថេង សាវឿន ​និង​សហការី​ដែល​រង​ការ​ចោទ​ប្រកាន់រឿង​បង្រៀន​អំពី​«បដិវត្តន៍​កសិករ»​​​​​


ផ្ទាំង​រូបភាព​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(CCFC) និង​សហការី​របស់​លោក​២​នាក់ទៀត ​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)
ផ្ទាំង​រូបភាព​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(CCFC) និង​សហការី​របស់​លោក​២​នាក់ទៀត ​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ប្រជាពលរដ្ឋ​ប្រមាណ​១០០នាក់​ មក​ពី​ខេត្ត​មួយ​ចំនួន បាន​បន្ត​ប្រមូល​ផ្តុំគ្នា​នៅ​គៀន​របង​ក្រសួង​មហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ដើម្បី​ប្រឆាំង​នឹង​ការចាប់​ខ្លួនលោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC) និង​សហការី​របស់​លោក​២នាក់ ដែល​កំពុង​បន្ត​ស្ថិត​ក្រោម​ការ​សួរនាំ​នៅ​តុលាការ​ខេត្ត​រតនគិរី។

លោក​ ថេង សាវឿន និង​សហការី​របស់​លោក​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ ក្រោម​ការ​បញ្ជា​របស់​ស្នងការ​នគរបាល​ខេត្ត​រតនគិរី។ ការ​ឃាត់​ខ្លួន​នេះ ​ធ្វើ​ឡើង ខណៈ​លោក​និង​ក្រុម​ការងារ​កំពុង​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ​វិញ កាត់​តាម​ខេត្ត​ក្រចេះ​ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល និង​ការ​ដើរ​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​រតនគិរី។

គិត​ត្រឹម​រសៀល ថ្ងៃ​ចន្ទ​នេះ គេ​មិន​ទាន់​ដឹង​ថា​តុលាការ​ខេត្ត​រតនគិរី​ចោទ​ប្រកាន់​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​ខាងលើ​យ៉ាងណា​ទេ។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​សង្ស័យ​ថា​សកម្មជន​ទាំង​៣នាក់នោះ​ មាន​ផែន​ការ​ធ្វើ​ «បដិវត្តន៍​កសិករ» តាម​វិធីសាស្ត្រ​របស់​មេ​ខ្មែរក្រហម ​ប៉ុល ពត។

ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង​ អ្នកស្រី ស៊ឹម​ ថន​ អាយុ​ ៣៤ ឆ្នាំ​ ថ្លែង​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក ​នៅ​ក្រៅ​របង​ក្រសួងមហាផ្ទៃ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)
ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង​ អ្នកស្រី ស៊ឹម​ ថន​ អាយុ​ ៣៤ ឆ្នាំ​ ថ្លែង​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក ​នៅ​ក្រៅ​របង​ក្រសួងមហាផ្ទៃ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ពលរដ្ឋ​មក​ពី​ខេត្តកោះកុង​ អ្នកស្រី ស៊ឹម​ ថន​ អាយុ​ ៣៤ ឆ្នាំ​ ប្រាប់​វីអូអេ​នៅ​ក្រៅ​របង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃចន្ទ​នេះ​ថា​ ទាំង​លោក ថេង​ សាវឿន និង​សហការី​គាត់​គ្មាន​បំណង​ធ្វើបដិវត្តន៍​កសិករ​ទេ​ គឺអ្នក​ទាំង៣​ គ្រាន់​តែ​បាន​បង្រៀន​កសិករ​ឱ្យ​ដឹង​ពី​របៀប​បង្កបង្កើនផល​ ដោយ​មិន​ប្រើ​ជីគីមី និង​ការ​ចិញ្ចឹម​សត្វ​ជាដើម។

អ្នកស្រី​ស្នើសុំ​ឱ្យ​ក្រសួង​មហាផ្ទៃ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​ សកម្មជន​ទាំង​៣​នាក់​នោះ​ ព្រោះ​ពួកគេ​គ្មាន​កំហុស។ អ្នកស្រី​ចាត់​ទុក​ថា​ការ​ឃាត់​ខ្លួន​អ្នក​ទាំង៣​ គឺជា​រឿង​អយុត្តិធម៌។

អ្នកស្រី​ថ្លែង​ថា៖ «អយុត្តិធម៌​ណាស់​ សម្រាប់​ពួកគាត់​ ព្រោះ​ពួកគាត់​មិន​មាន​កំហុស​អី​ផង​ ហេតុ​អី​បាន​ចាប់​ពួកគាត់។ ពួកគាត់​ជួយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ដើម្បី​ជួយ​ឱ្យ​លើក​ស្ទួយ​កសិករ។ ហេតុ​អ្វី​បាន​គាត់​ទៅ​មាន​ឈ្មោះ​ជាប់​តុលាការ​ ជាប់​ឃុំ​អ៊ីចឹង»។

លោក វង់ គាង​ ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សំឡេងសហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក វង់ គាង​ ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សំឡេងសហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក វង់​ គាង អាយុ​២៨ឆ្នាំ ពលរដ្ឋ​ម្នាក់​ទៀត​មកពី​ខេត្តកោះកុង​ក៏ស្នើឱ្យ​អាជ្ញាធរ​ដោះលែង​លោក ថេង សាវឿន និង​សហការី២​នាក់​ទៀត​ គឺ​លោក ថាន់ ហាច​ មន្ត្រី​សម្រប​សម្រួល​សហគមន៍​ និង​លោក ញ៉ិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។ លោក​បន្ថែម​ថា សកម្មជន​ទាំង​៣​មិន​បាន​ប្រព្រឹត្ត​កំហុស​ដែល​ត្រូវអាជ្ញាធរ​ឃាត់​ខ្លួននោះទេ។

លោក​ថ្លែងថា៖ «ជួយដោះលែង​ពួកគាត់»។

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នក​តវ៉ា​ម្នាក់ទៀត​ គឺ​អ្នកស្រី ហុន ហន អាយុ​៥៥​ឆ្នាំ​ លើកឡើង​ថា​ ក្រសួង​មហាផ្ទៃ​គួរតែ​ជួយ​សម្រួល​ឱ្យ​មានការ​ដោះលែង​អ្នកទាំង៣ ក្រោម​ហេតុ​ផល​ពួកគាត់​គ្មាន​ផែន​ការ​ញុះញង់​ឱ្យ​ពលរដ្ឋ​ក្រោកឈរ​ប្រឆាំង​រដ្ឋាភិបាល​ ហើយ​ថា​សកម្ម​ជន​ទាំង៣​នាក់​នោះ​បាន​ត្រឹម​ជួយ​ផ្តល់​គ្រាប់​ពូជ​បន្លែ និង​ពូជ​សត្វ ក៏ដូចជា​ជួយ​កសិករ​ក្នុង​ការ​តស៊ូ​មតិ​ជំទាស់​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​ពី​អ្នកមាន​អំណាច និង​ឥទ្ធិពល​នៅ​ខេត្ត​កោះកុង។

អ្នកស្រី ហុន ហន ពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ខេត្តកោះកុង​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេងសហរដ្ឋ​អាមេរិក​ នៅ​ទីក្រុងភ្នំពេញ​ ថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី ហុន ហន ពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ខេត្តកោះកុង​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេងសហរដ្ឋ​អាមេរិក​ នៅ​ទីក្រុងភ្នំពេញ​ ថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «គាត់​ចិត្ត​ល្អ​ណាស់​ជួយ​ប្រជាពលរដ្ឋ​យើង​ ដូច​ថា​ខេត្ត​កោះកុង​ ខេត្ត​ណា​ក៏​គាត់​ជួយ​ដែរ​ ឱ្យ​តែ​ប្រជាពលរដ្ឋ​ក្រីក្រ​ គាត់​នៅជួយ។ ជួយ​ដូច​ថា​ គ្រាប់​ពូជ​ អត់​លុយ​ អត់​កាក់​ជួយ​ទេ​ មាន​តែ​គ្រាប់​ពូជ​ មាន​មេមាន់​ ដូចថា​ ជ្រូក​ទា​ អ៊ីចឹង»។

យ៉ាង​ណា​ក៏ដោយ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ​ សុភ័គ​ ប្រាប់​វីអូអេ​ថា ករណី​លោក ​ថេង​ សាវឿន កំពុង​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ​ខេត្ត​រតនគិរី​ ក្រោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​រតនគិរី​សង្ស័យ​ថា វគ្គ​បណ្តុះបណ្តាល ពង្រឹង​សមត្ថភាព​របស់​ក្រុម​ការងារ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មាន​ចរឹត​នយោបាយ​ ព្រោះ​បើ​តាម​ឯកសារ​ និង​ម៉ាស៊ីន​កំព្យូទ័រ​ដែល​អាជ្ញាធរ​មានសមត្ថកិច្ច​រឹប​អូស​បាន មេរៀន​របស់​ពួកគេបង្កប់​ខ្លឹម​សារញុះញង់ឱ្យ​ពលរដ្ឋ​អ្នកក្រ​ស្អប់​ពលរដ្ឋ​អ្នក​មាន​ ដូច​អ្វី​ដែល​ក្រុម​ខ្មែរ​ក្រហម​បាន​ធ្វើ​កាល​ពី​អតីតកាល។

លោក​ថ្លែង​ថា៖ «របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​បាន​ប្រើប្រាស់​ មេរៀន​នេះ​នៅ​ខេត្ត​រតនគិរី​ហ្នឹង​ឯង​ តាមរយៈ​អង្គការ​របស់​ពួក ប៉ុល ពត​ ដែល​ញុះញង់​កសិករ​ទៅ​ធ្វើ​ការ​បដិវត្តន៍។​ បន្ទាប់​ពី​មាន​ការ​សង្ស័យ​អ៊ីចឹង​ ក៏​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​ បាន​ស្នើសុំ​ឱ្យ​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ​ហ្នឹង​ ឃាត់​ខ្លួន​អ្នក​រួម​ដំណើរ​ហ្នឹង​បញ្ជូន​ទៅ​ខេត្ត​រតនគិរី​ដើម្បី​ធ្វើ​ការ​សួរនាំ»។

អ្នកភូមិ​កាន់បដា​នៅ​ក្បែរ​របង​ក្រសួង​មហាផ្ទៃ​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ​២០២៣ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) និង​សហការី​របស់​លោក​២​នាក់ទៀត ។ (ហ៊ុល រស្មី/វីអូអេ)
អ្នកភូមិ​កាន់បដា​នៅ​ក្បែរ​របង​ក្រសួង​មហាផ្ទៃ​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ​២០២៣ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) និង​សហការី​របស់​លោក​២​នាក់ទៀត ។ (ហ៊ុល រស្មី/វីអូអេ)

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​កែវ​ ភក្តី​ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​រតនគិរី តាម​ទូរសព្ទ បាន​នៅ​ឡើយ​ទេ។

អ្នក​នាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ លោក ស៊ឹង សែនករុណា​ ដែល​បាន​ឃ្លាំ​មើល​ករណី​ឃាត់ខ្លួន​មេដឹកនាំ​ និង​មន្ត្រី​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ឱ្យ​ដឹង​ថា ​គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី​មិន​ទាន់​ធ្វើការ​ចោទ​ប្រកាន់​នៅឡើយ​មក​លើ​លោក ថេង​ សាវឿន​ និង​សហការី​របស់​លោក ដោយ​នៅ​បន្ត​នីតិវិធី​សាកសួរ។ លោក​បន្ថែម​ថា ​ក្រុម​គ្រួសារ និង​មេធាវី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សួរ​សុខ​ទុក្ខ ហើយ​ភាគី​អយ្យការ​នៅ​បន្ត​សាក​សួរ​ជន​សង្ស័យ​ម្នាក់​ទៀត​ គឺ​លោក ញ៉ិល ភាព មុន​នឹង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ និង​បន្ត​នីតិវិធី​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ឃុំខ្លួន​ ឬ​យ៉ាង​ណា​នោះ៕

XS
SM
MD
LG