ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ឧស្សាហកម្ម​ថា ជាតិ​ពុល​កម្រិត​ខ្ពស់​ក្នុង​ទឹក និង​ស្រា​ស ធ្វើ​ឱ្យ​អ្នក​ភូមិ​១៣​នាក់​ស្លាប់​ក្នុង​ខេត្ត​ក្រចេះ


នៅក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដែល​ផ្តល់​ឲ្យ​ដោយ​នគរបាល​ជាតិ​កម្ពុជា បង្ហាញ​អ្នកជំងឺ​សម្រាក​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ខេត្តក្រចេះ នៃ​ប្រទេស​កម្ពុជា។
នៅក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដែល​ផ្តល់​ឲ្យ​ដោយ​នគរបាល​ជាតិ​កម្ពុជា បង្ហាញ​អ្នកជំងឺ​សម្រាក​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ខេត្តក្រចេះ នៃ​ប្រទេស​កម្ពុជា។

ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​​រស់​នៅ​តាម​បណ្ដោយ​និង​ដៃ​ព្រែក​ទេរ​ក្នុង​ខេត្ត​ក្រចេះ​ ​ឲ្យ​ឈប់​ពិសា​ទឹក​ព្រែក​ និង​ស្រា​ស​ ​ក្រោយ​ពី​ក្រសួង​​ពិសោធន៍​ឃើញ​មាន​សារ​ធាតុ​ពុល​ហួស​កម្រិត​​ក្នុង​ស្រា​ស ​និង​ទឹក​ព្រែក​នោះ​ ដែល​ក្រសួង​និយាយ​ថា​​ ជា​មូលហេតុ​បង្ក​ឲ្យ​ពល​រដ្ឋ​​១៣​នាក់​ស្លាប់​ កាលពី​ដើម​សប្ដាហ៍​នេះ។

បន្ទាប់ពី​មាន​ករណី​ពុល​ទឹក និង​ស្រា ស​ក្នុង​ខេត្ត​ក្រចេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០​នាក់​បាន​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេង​ទៀត​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ បាន​ចេញ​លិខិត​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋបញ្ឈប់​ការ​បរិភោគ​ទឹក​ព្រែក និង​ស្រា​ស​ បន្ទាប់​ពីរ​ក​ឃើញ​មាន​សា​ធាតុ​ពុល​ក្នុង​ទឹក និង​ស្រា​ទាំង​នោះ។​

ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋរស់​នៅ​តាម​បណ្ដោយ​និង​ដៃ​ព្រែក​ទេរ​ក្នុង​ខេត្ត​ក្រចេះ​ ​ឲ្យ​ឈប់​ពិសា​ទឹក​ព្រែក​ និង​ស្រា​ស​ ​ក្រោយ​ពី​ក្រសួងពិសោធន៍​ឃើញ​មាន​សារ​ធាតុ​ពុល​ហួស​កម្រិតក្នុង​ស្រា​ស ​និង​ទឹក​ព្រែក​នោះ​ ដែល​ក្រសួង​និយាយ​ថា ជា​មូលហេតុ​បង្ក​ឲ្យ​ពល​រដ្ឋ១៣​នាក់​ស្លាប់​ កាលពី​ដើម​សប្ដាហ៍​នេះ។ នេះ​បើ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ករណី​ពុល​ស្រា​ស​ ​និង​ទឹក​តាម​បណ្ដោយ​ដង​ព្រែក​ទេរ​ ​នៅ​ខេត្ត​ក្រចេះ​ ​ដែល​ចេញ​ដោយ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​នៅ​ថ្ងៃ​អង្គារ​នេះ។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​ធានា​សុវត្ថិភាពនិង​បង្ការ​គ្រោះ​ថ្នាក់​បន្ថែម​ទៀត ក្រសួង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ដង​ព្រែក និង​ដៃ​ព្រែក​ទេរ បញ្ឈប់​ការ​ពិសា​ស្រា​ស និង​អនុ​វត្ត​តាម​ការ​ណែ​នាំរបស់​រដ្ឋបាល​ខេត្ត​ក្រចេះ ដោយ​បញ្ឈប់​ប្រើ​ប្រាស់​ទឹក​ព្រែក​ទេរ និង​ទឹក​តាម​ដៃ​ព្រែក​ទេ ជា​បណ្ដោះ​អាសន្ន​សិន ហើយ​រង់ចាំ​ក្រុម​មន្ត្រី​ជំនាញ​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ពិនិត្យ ស្រាវជ្រាវ និង​ដកហូត​ស្រា​ដែល​មាន​ជាតិ​ពុល និង​ពិនិត្យ​ឃើញ​ថា ទឹក​ក្នុង​ព្រែក​ទេរ​ត្រូវ​បាន​សាប​អស់​ជាតិ​ពុល​សិន បន្ទាប់​មក​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន​នឹង​ជូន​ដំណឹង​តាម​ក្រោយ»។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ដ​ដែលនោះ​បញ្ជាក់​ថា​ក្រោយ​ពី​ពិនិត្យ​សំណាក​ស្រា​ស​ ​និង​ទឹក​ព្រែក​ទេរ​នោះ​ ​អ្នក​ជំនាញ​រក​ឃើញ​មាន​សារ​ធាតុ​មេតាណុល​ ​សារ​ធាតុ​ក្រូម​ ​និង​សារ​ធាតុ​នី​ទ្រីត ខ្ពស់​ខ្លាំង ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ប្រជាជន​ដែល​បរិភោគ​ទឹក និង​ស្រា​ស​នោះ ​បាន​បាត់​បង់​ជីវិត និង​រង​ផល​ប៉ះពាល់​ដល់​សុខភាព។ ទោះ​យ៉ាង​ណា​ក្រសួង​ មិន​បាន​បាន​បញ្ជាក់​ថា​តើ​សារ​ធាតុ​ពុល​ក្នុង​ទឹក​ទាំង​នោះ​ កើត​ឡើង​បណ្ដាល​មកពី​មូល​ហេតុ​អ្វី​នោះ​ទេ។​

ចាប់តាំង​ពី​ថ្ងៃ​ទី៣​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨​ ​ប្រជា​ពលរដ្ឋ​រាប់​សិប​នាក់​ស្ថិត​ក្នុង​ភូមិ​ស្រែ​នន​ ​ឃុំ​កន្ទួត ​ស្រុក​ចិត្រ​បុរី​ ​ខេត្ត​ក្រចេះ មាន​រោគសញ្ញា ​ឈឺពោះ​ ​ក្អួត​ ​ឈឺ​ក​ ​អស់​កម្លាំង ទន់​ដៃ​ទន់​ជើង វិល​មុខ និង​ថប់ដង្ហើម​ ​រហូត​បណ្ដាល​ឲ្យស្លាប់ និង​ជាច្រើន​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរ​ពេទ្យ​កាល់់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ។​

លោក​ ​ឈ្នាង សុវត្ថា​ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​ លទ្ធផល​ចុង​ក្រោយ​បង្ហាញ​ថា​ ​ប្រជាជន​រង​គ្រោះ​ដែល​បាន​បរិភោគ​ស្រា​ស និង​ទឹក​ព្រែក​ទេរ​ ​មាន​ចំនួន​១៣​នាក់​ បាន​ស្លាប់​ ​និង​ប្រជាជន​ក្មេង​ចាស់​ប្រុស​ស្រីសរុប​ចំនួន​២៩៣​នាក់​ទៀត​ ​មាន​បញ្ហា​សុខភាព​ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។ លោក​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ​ការ​ស្រាវជ្រាវ​ត្រូវ​បាន​បញ្ចប់ ហើយ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​មួយ​ចំនួន ក៏​បានត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ។

លោក​បញ្ជាក់​ថា៖​

​«យើង​រក​ឃើញ​វត្ថុ​វិភាគ​ថា​មាន​ជាតិ​ពុល​ហ្នឹង​ ​ហើយ​យើង​ចប់​ការ​ស្រាវជ្រាវ​ហ្នឹង​ហើយ ហើយ​លទ្ធ​ផល​យើង​បាន​ចេញ​ហើយ​ ​ហើយ​ឥលូវ​ហ្នឹង​អ្នក​ជំងឺ ក៏​បាន​ធូរ​ស្រាល​វិល​ត្រឡប់​ទៅ​ផ្ទះ​ជា​បណ្ដើរៗ​ហើយ»។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ផ្សាយ​ថា​ ​ប្រជា​ពលរដ្ឋមួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​តំបន់​កើត​ហេតុ បាន​ចាក​ចោល​លំ​នៅ​ឋាន ដោយ​សារ​បារម្ភ​ពី​បញ្ហា​ពុល​ស្រា និង​ទឹក​ព្រែក​នៅ​ទី​នោះ។​

​VOA​ ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​លន់ សុផាត​ ​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ​បាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​ ​ចំណែក​លោក​ ​វ៉ា ថន​ ​អភិបាល​ខេត្ត​ក្រចេះ​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។​

លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លើក​ឡើង​ថា ការ​បញ្ជាក់​របស់​ក្រសួង​ពី​លទ្ធផល​នៃ​ការ​ពុល​ស្រា​ស​ ​និង​ទឹក​ព្រែក​ដែល​បណ្ដាល​មក​ពី​សារ​ធាតុ​ពុល​ដោយ​មិន​មាន​ការ​ស្រាវជ្រាវ​បញ្ជាក់​ឲ្យ​បាន​ហ្មត់ចត់​ ​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទី​នោះ​រស់​នៅ​ដោយ​ការ​ភ័យ​ខ្លាច។​

លោក​បន្ថែម​ថា​ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​រក​ឲ្យ​ឃើញ​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ទឹក​នៅ​ទី​នោះ​មាន​សា​ធាតុ​ពុល និង​ស្វែងរក​ដំណោះ​ស្រាយដើម្បីបង្ការ ធ្វើ​យ៉ាង​ណា​ធានា​ថា ករណី​នេះ​ នឹង​មិន​កើត​មាន​នៅ​ពេល​ក្រោយ​ទៀត។​

លោក​ សន ជ័យ​ មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​

«ឥឡូវនេះ ​នៅ​ពេល​ដែល​មាន​ការ​ទម្លាក់​សំណុំ​រឿង​នេះ​ទៅ​លើ​ការ​ផឹក​ស្រា ប្រជា​ពលរដ្ឋ នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ដ​ដែល។ ហើយ​រឿង​ប្រភព​ទឹក​ ក៏​មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​បាន​ច្បាស់ ហើយ​និង​បរិស្ថាន​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ហ្នឹង ដែល​ជា​ចំណុច​បារម្ភ ហើយ​ក៏​ជា​អ្វី​ដែល​គេ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ដែរ។ បាន​ន័យ​ថា​ប្រជា​ពលរដ្ឋខ្លះ​គាត់​សង្ស័យ​ទៅ​លើ​ទឹក។ អញ្ចឹង​បើ​សិន​ជា​គ្មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ យើង​បារម្ភ​ថា​ ពួក​គេ​នឹង​រស់​នៅ​ដោយ​ការ​ភ័យ​ខ្លាច​ហ្នឹង​រយៈ​ពេល​វែង ហើយ​ហេតុ​ផល​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ហ្នឹង​វា​អាច​នឹង​កើត​មាន​ម្ដង​ទៀត»។​

ដោយឡែក កាលពី​ថ្ងៃ​ទី៦​ ​ខែ​ឧសភា​នេះ ក៏​មាន​ពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី ចំនួន​៤៤​នាក់ ស្ថិត​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី​ ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ត្រូវ​បាន​សង្ស័យ​ថា​ពុល​នំ​អន្សម​អាំង។

ក្នុង​នោះ ពលរដ្ឋ​រង​គ្រោះ​ធ្ងន់ធ្ងរ​មាន​ចំនួន​២៨​នាក់ ដោយ​សារ​តែ​នំ​អន្សម​អាំង​នោះ​ខ្វះ​អនាម័យ និង​ត្រូវ​បាន​ទុក​ដាក់​មិន​ត្រឹម​ត្រូវ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក លី សូវ៉ាន់ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល។​

ករណី​ពុល​អាហារ និង​ស្រា តែង​កើត​មាន​ជារឿយៗ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។​ ​របាយការណ៍​របស់​ក្រសួង​សុខាភិបាល បញ្ជាក់​ថា​ ​ករណី​ពុល​ចំណី​អាហារ​ក្នុង​ឆ្នាំ​២០១៧ កើត​មាន​លើ​មនុស្សចំនួន​៩៤៧​នាក់ ក្នុង​នោះ​មាន​មនុស្ស​ចំនួន​៤​នាក់​ បាន​ស្លាប់​ដោយ​សារ​ពុល​ស្រា​ ​ដែល​ចំនួន​នេះ បាន​ធ្លាក់​ចុះ​ជិត​២០​ភាគរយ បើ​ធៀប​ទៅ​នឹង​តួ​លេខ​ឆ្នាំ​២០១៦៕

XS
SM
MD
LG