ក្រសួងសុខាភិបាលបានក្រើនរំឭកឱ្យប្រធានមន្ទីរសុខាភិបាលទាំងអស់ពិនិត្យមើលឯកសារ និងការទូទាត់ចំណាយមូលនិធិសមធម៌ ដោយសារកន្លងមករកឃើញភាពមិនប្រក្រតីមួយចំនួន។ នេះបើយោងតាមលិខិតរបស់អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលវីអូអេទទួលបាន។
បើតាមលិខិតដដែល មានការបង្កើតឈ្មោះអ្នកជំងឺ អ្នកជំងឺខ្លះខ្ចីបណ្ណសមធម៌គេប្រើប្រាស់ និងអ្នកជំងឺខ្លះមិនមានបណ្ណមូលនិធិសមធម៌ ដែលក្រសួងថា វាបង្កឱ្យមានភាពមិនប្រក្រតី ដោយសារតែការទូទាត់លើសចំនួនជាក់ស្តែង។
លិខិតដដែលបញ្ជាក់ថា៖ «ដើម្បីឱ្យការអនុវត្តកម្មវិធីមូលនិធិសមធម៌ និងការទូទាត់ចំណាយមានភាពត្រឹមត្រូវ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល សូមឯកឧត្តម លោកជំទាវ លោកប្រធានធ្វើការណែនាំដល់ប្រធានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីពង្រឹង តាមដានការអនុវត្ត និងការស្នើសុំទូទាត់ យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវ ពេញលេញ និងទូទាត់ឱ្យបានត្រឹមត្រូវតាមតម្លៃដែលបានកំណត់នៅតាមអង្គភាពនីមួយៗ»។
ក្រសួងបញ្ជាក់ថា ក្នុងករណីមានការពិនិត្យ និងរកឃើញនូវកំហុសឆ្គងដូចធ្លាប់រកឃើញកន្លងមក ក្រសួងសុខាភិបាលនឹងចាត់វិធានការតឹងរ៉ឹងចំពោះអង្គភាពដែលប្រព្រឹត្តខុសឆ្គង។
ការព្រមានរបស់ក្រសួងសុខាភិបាល ធ្វើឡើងក្រោយពីទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាលបានចុះពិនិត្យ និងផ្ទៀងផ្ទាត់ការទូទាត់ចំណាយមូលនិធិសមធម៌នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០២២ និងឆមាសទី១ឆ្នាំ២០២៣។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីអ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងទទួលខុសត្រូវលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ប៉ុន្តែមិនទាន់អាចទាក់ទងបាននៅឡើយទេ។
លោក លីវ ដាច់មុនី បុគ្គលិកមណ្ឌលសុខភាពនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រាប់វីអូអេថា បញ្ហាមិនប្រក្រតីទាំងអស់នេះបានកើតឡើងជាយូរមកហើយ បើទោះជាវាបានប្តូររូបភាពផ្សេងៗគ្នា។ បុគ្គលិករូបនេះបង្ហាញការព្រួយបារម្ភ និងចាត់ទុកថា នេះជាការប្រព្រឹត្តខុសពីគោលការណ៍របស់រដ្ឋាភិបាល។
លោកថ្លែងថា៖ «បើបច្ចុប្បន្នតាមលិខិតដែលខ្ញុំបានអាន វាគ្រាន់តែប្តូររូបភាពទេ រូបភាពពីជំហានមួយទៅជំហានផ្សេង។ វាបែកទៅជាទម្រង់ផ្សេងៗ។ ប៉ុន្តែក្នុងរូបភាពកេងបន្លំដដែល។ ខ្ញុំមានអារម្មណ៍ថា ជាការកេងបន្លំ»។
លោកបន្ថែមថា៖ «ប៉ុន្តែដើម្បីអាចលុបបំបាត់បញ្ហាទាំងនោះទាំងស្រុងបាន មានតែការធ្វើអធិការកិច្ចល្អ មានន័យថា អធិការកិច្ចនោះកុំប្រាប់ដំណឹងដើម្បីរៀបចំឱ្យល្អមើល គ្រាន់តែមកគម្រប់ទេ។ អធិការកិច្ចនោះឱ្យស៊ីជម្រៅ និងមានស្មារតីចូលរួមទាំងអស់គ្នា ទើបផលប្រយោជន៍ទាំងអស់នោះបានទៅដល់ដៃប្រជាពលរដ្ឋពិតៗ ហើយនឹងលុបបំបាត់បាននូវមន្ត្រីដែលមានគំនិតអាត្មានិយម»។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ប្រាប់វីអូអេថា នៅក្នុងខេត្តរបស់លោកមិនមានភាពមិនប្រក្រតីនេះកើតឡើងឡើយ។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា បញ្ហាអំពើពុករលួយនៅក្នុងវិស័យសុខាភិបាលនេះ មិនមែនជារឿងថ្មីឡើយ និងថា ការស្រាវជ្រាវរបស់ស្ថាប័នពាក់ព័ន្ធកន្លងមកនៅមានកម្រិត។ អ្នកតាមដានរូបនេះជំរុញឱ្យអាជ្ញាធរចាត់វិធានការចំពោះជនណាដែលប្រព្រឹត្តខុសគោលការណ៍របស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «សំខាន់បំផុតគឺទាល់តែ បើសិនខុសគឺដាក់ទោសទណ្ឌគាត់ឱ្យច្បាស់លាស់ ជាក់ស្តែងទៅតាមបញ្ញត្តិនៃច្បាប់ទៅ ថ្ងៃក្រោយលែងមាននរណាហ៊ានហើយ។ អ៊ីចឹងខ្ញុំថា វាដល់ពេលហើយដែលយើងកែសង្គមយើងឱ្យវាល្អនិងឱ្យមានតម្លាភាព»។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានផ្តល់បណ្ណក្រីក្រដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ដើម្បីឱ្យពួកគេអាចប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព ដោយមិនគិតថ្លៃ៕