ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរំឭកឱ្យមានការប្រុងប្រយ័ត្ននឹងវីរុសជំងឺកូវីដ១៩ បន្ទាប់ពីមានករណីផ្ទុះឡើងថ្មីនៅប្រទេសជិតខាង។ ប៉ុន្តែអ្នកជំនាញមើលឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់លែងខ្វល់ពីការរាតត្បាតនៃជំងឺបំផ្លាញផ្លូវដង្ហើមមួយនេះតទៅទៀតហើយ។
បើតាមសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានយោងតាមអត្ថបទរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍ដែលផ្សាយអំពីមន្ទីរពេទ្យមួយនៅប្រទេសថៃបានប្រកាសថា ខ្លួនមិនអាចទទួលយកអ្នកជំងឺកូវីដ១៩ទៀតទេ ដោយសារតែអស់គ្រែសម្រាប់អ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា បានចាប់ផ្តើមក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាល ដូចជាពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា។ ក្រសួងបញ្ជាក់ថា ការកើនឡើងនូវករណីឆ្លងនៅតាមបណ្ដាប្រទេសជិតខាង និងនៅលើពិភពលោកជាសញ្ញាបង្ហាញថា ជំងឺកូវីដ១៩ «មិនទាន់ទៅណាឆ្ងាយនៅឡើយទេ»។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅរាជធានីភ្នំពេញប្រាប់វីអូអេថា ពួកគេលែងខ្វល់ពីការឆ្លងជំងឺកូវីដ១៩តទៅទៀតហើយ។
លោក សុខ មឿន អាយុ៥៣ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃចន្ទថា កូវីដ១៩មិនធ្វើឱ្យលោកមានការភ័យខ្លាចទៀតទេ ព្រោះលោកមិនសូវបានឃើញការចុះផ្សាយថា មានអ្នកកើតជំងឺកូវីដច្រើនដូចមុនឡើយ។
លោកថ្លែងថា៖ «ដូចខ្ញុំ ទៅកន្លែងណា ទីប្រជុំជនអីលែងពាក់ម៉ាស់ ពាក់អីអស់ហើយ»។
ពលរដ្ឋម្នាក់ទៀត លោក អឿ សុគ្រី អាយុ៥២ឆ្នាំ ប្រាប់វីអូអេថា ជំងឺកូវីដ១៩ហាក់ស្ងប់ស្ងាត់ដែលមិនបង្កជាក្តីបារម្ភដូចមុនទៀតទេ។ ប៉ុន្តែលោកបារម្ភថា កូវីដ១៩ផ្ទុះឡើងទៀតដែលវានឹងប៉ះពាល់ដល់ជីវភាពរបស់លោក។
លោកថា៖ «វានៅតែមាន អ៊ីចឹងនៅតែបារម្ភថាមានកូវីដអ៊ីចឹង។ តែបើសិនជាកើតទៀត វាពិបាកក្នុងការរកស៊ី ការរស់នៅ។ ធម្មតាយើងជំងឺអ្វីមួយតែងតែខ្លាច»។
អ្នកដំណើរជិះស៊ីក្លូម្នាក់ អ្នកស្រី អ៊ូ សាវិន ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ចំនួន៣ដូសរួចមកហើយ លើកឡើងពីការព្រួយបារម្ភអំពីជំងឺនេះ ដូចនេះអ្នកស្រីតែងតែមានការប្រុងប្រយ័ត្នជានិច្ច។
អ្នកស្រីថ្លែងថា៖ «ដល់អ៊ីចឹងហើយប្រយ័ត្នប្រយែងទាំងអស់គ្នាណា៎ ដើម្បីសេចក្តីសុខ។ អ៊ំចាស់ហើយ ក៏ខ្លាចដែរ ដើរតែវាងៗទេ ឥឡូវនេះ»។
លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា កត់សម្គាល់ថាប្រជាពលរដ្ឋមិនមានការព្រួយបារម្ភអំពីបញ្ហាកូវីដ១៩ មិនថា នៅជនបទ ឬទីក្រុងទ្បើយ ដោយមិនពាក់ម៉ាស់ ឬមិនការពារខ្លួនដូចមុន ដោយសារអាងបានចាក់វ៉ាក់សាំង និងមិនសូវឃើញមានអ្នកស្លាប់ដោយសារកូវីដ១៩ច្រើនដូចមុន។ លោកអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំមើលស្រាលសភាពជំងឺនេះ។
លោកបន្តថា៖ «ក៏ប៉ុន្តែយើងខាងសុខាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដូចមន្ទីរសុខាភិបាលបានឃោសនាប្រាប់គាត់ឱ្យចេះប្រុងប្រយ័ត្ន ពេលណាមានការប្រមូលផ្តុំខ្លាំង ក្រែងលោវាមានមេរោគអីថ្មីចូលមក។ អ៊ីចឹងវាមិនមែនថា តែកូវីដទៅជារឿងអីផ្សេង។ កន្លែងហ្នឹងហើយឱ្យគាត់ចេះប្រុងប្រយ័ត្ន ព្រោះថា ជំងឺនៅលើពិភពលោកនេះសុទ្ធតែជាជំងឺឆ្លងទាំងអស់»។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានលុបចោលវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដូចជាការមិនតម្រូវឱ្យពាក់ម៉ាស់ និងអនុញ្ញាតឱ្យមានការជួបជុំគ្នាទ្រង់ទ្រាយធំ ដោយមិនតម្រូវឱ្យធ្វើតេស្តរកវីរុសកូវីដ១៩៕