ខណៈកម្ពុជាកំពុងប្រឈមនឹងអាកាសធាតុក្តៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋឱ្យការពារខ្លួន ដោយហេតុថា «កម្តៅក្តៅខ្លាំងពេក» នឹងបណ្តាលឱ្យមានជំងឺឈឺថ្កាត់ និងស្លាប់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ ខែមេសានេះ។
នៅក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តប្រុងប្រយ័ត្នក្នុងការកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារការទទួលរងនូវកម្តៅក្តៅ ដែលបណ្តាលឱ្យបែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកម្ដៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំងខ្លាំង ចង្អោរ ឬក្អួត វិលមុខ ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្តីជូនដំណឹងដដែលនេះថា៖ «បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកម្តៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ទល់បាន និងប្រសិនបើអ្នកមិនបានធ្វើឱ្យខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ»។
ក្រសួងសុខាភិបាលបានកំណត់វិធីសាស្ត្រសាមញ្ញៗចំនួន១៥ចំណុច ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារលោកអ្នកឱ្យបានល្អ និងចៀសផុតពីបញ្ហាសុខភាព ដែលអាចកើតមានជាយថាហេតុបណ្ដាលមកពីអាកាសធាតុក្តៅខ្លាំងនេះ រួមមានពិសាទឹកសុទ្ធ ទឹកស្អាតល្អ ឬទឹកដាំពុះតែទុកឱ្យត្រជាក់ ចៀសវាងប្រើទឹកក្តៅ ពិសាទឹកច្រោះល្អឱ្យបានច្រើន និងញឹកញាប់លើស២លីត្រក្នុងមួយថ្ងៃ ត្រូវរក្សាអនាម័យខ្លួនប្រាណស្អាត អនាម័យចំណីអាហារ ចៀសវាងការពិសាភេសជ្ជៈដែលបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយចុះខ្សោយ ដូចជាពិសាគ្រឿងស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានកាហ្វេអ៊ីន និងជាតិស្ករ និងមានវិធីសាស្ត្រមួយចំនួនទៀត៕