ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ចថា​ គ្មាន​រឿង​នយោបាយ​ពាក់ព័ន្ធ​នឹង​ការ​ដក​បណ្ណ​ក្រីក្រ​ទេ


រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោកវង​ សូត​ ​ក្រោយពេល​ធ្វើសន្និសីទព័ត៌មាន​នៅក្រសួងសង្គម​កិច្ច​ អតីតយុទ្ធ​ជន​ និងយុវនីតិសម្បទា​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​១០ ខែមករា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី​/វីអូអេ)
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោកវង​ សូត​ ​ក្រោយពេល​ធ្វើសន្និសីទព័ត៌មាន​នៅក្រសួងសង្គម​កិច្ច​ អតីតយុទ្ធ​ជន​ និងយុវនីតិសម្បទា​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​១០ ខែមករា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី​/វីអូអេ)

រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​លោក​វង សូត​ បាន​កត់​សម្គាល់​ចំណុច​វិជ្ជមាន​របស់​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ជន​ក្រីក្រ​ ហើយ​ថា ​ការ​ដក​យក​បណ្ណ​ក្រីក្រ​ពី​បុគ្គល​មួយ​ចំនួន​កន្លង​មក​នោះ​ គឺ​គ្មាន​ជាប់​រឿង​នយោបាយ​ទេ តែ​ដោយ​សារ​បុគ្គល​នោះ​ឆ្លង​ផុតពី​ភាព​ក្រីក្រ។​

រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជួយ​ពលរដ្ឋ​ប្រមាណ​៤​លាន​នាក់​គិត​ចាប់​តាំងពី​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ អំឡុង​ពេល​មាន​ការ​កើន​ឡើង​អត្រា​អតិផរណា​ ក៏​ដូច​ជា​អំឡុង​ពេល​មាន​គ្រោះ​ទឹក​ជំនន់។ ​ទឹក​ប្រាក់​ដែល​ត្រូវ​បាន​ផ្តល់​ជូន​ពលរដ្ឋ​នោះ​មាន​ជាង​៩០០​លាន​ដុល្លារ។ ​នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​លោក​វង សូត។ ​ពលរដ្ឋ​ដែល​ទទួល​បាន​នោះ​គឺ​ជា​ជនក្រីក្រ​ដែល​ត្រូវ​នឹង​លក្ខខណ្ឌ​ទទួល​បាន​ការ​ផ្តល់​សាច់​ប្រាក់​ពី​រដ្ឋាភិបាល។​ ​ពលរដ្ឋ​ទាំង​នោះ​ក៏មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​កុមារ​ផង​ដែរ។

អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ លោក​ វង សូត​ ថ្លែង​ថា​ មន្ត្រី​នៅ​តាម​ឃុំ​សង្កាត់​មាន​ភារកិច្ច​សំខាន់​នៅ​ក្នុង​ការ​ចាត់​ចែង​ផ្តល់​សាច់​ប្រាក់​ជូន​ពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ​ពី​រដ្ឋាភិបាល​ និង​ថា​ មន្ត្រី​បាន​ធ្វើកិច្ចការ​នេះ​ដោយ​បាន​លទ្ធផល​ល្អ​ហើយ​ តែ​នៅ​មាន​ចំណុច​ខ្វះខាត​ដែល​ត្រូវ​កែប្រែ។​

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោកវង​ សូត​ ​ធ្វើសន្និសីទព័ត៌មាន​នៅក្រសួងសង្គម​កិច្ច​ អតីតយុទ្ធ​ជន​ និងយុវនីតិសម្បទា​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​១០ ខែមករា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី​/វីអូអេ)
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោកវង​ សូត​ ​ធ្វើសន្និសីទព័ត៌មាន​នៅក្រសួងសង្គម​កិច្ច​ អតីតយុទ្ធ​ជន​ និងយុវនីតិសម្បទា​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​១០ ខែមករា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី​/វីអូអេ)

លោកថ្លែង​ថា៖​ «ជាពិសេស​អា​អ្នក​បើក​ផ្តល់​ អា​អ្នក​ស្អី​ហ្នឹង​គឺ​ឃុំ​សង្កាត់​ហ្នឹង​ជា​អ្នក​ដើរ​តួ​សំខាន់​ ហើយ​អាកាន់​លុយ​កាន់​កាក់​ ឬ​ក៏ជូន​ដំណឹង​ឲ្យ​បងប្អូន​ក្រុម​គោល​ដៅនៅ​ក្នុង​ឃុំ​សង្កាត់​របស់​គាត់​ហ្នឹង។​ អ៊ីចឹង​ហើយ​ កន្លង​ហើយខ្ញុំគិត​ថា​ យើង​ធ្វើ​បាន​ល្អ​ច្រើន។ ប៉ុន្តែ​ចំណុច​ខ្វះ​ចន្លោះ​ក៏​នៅ​មាន​តិចតួច​ ហើយ​យើង​ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​ ខិត​ខំប្រឹង​ប្រែង​កែ​លម្អ​ ដោយសារ​ថា​ កន្លង​ហើយ​នេះ យើង​បាន​ធ្វើ​កិច្ច​ការងារ​នេះ​ជាង​២​ឆ្នាំ​មក​ហើយ​ យើង​ក៏​មាន​បទ​ពិសោធន៍»។​

កាលពី​កន្លង​ទៅ​ មន្ត្រី​ស្មៀន​នៅ​សង្កាត់​តាខ្មៅ​ម្នាក់គឺ​លោក​ សុខ សុផា​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ចំពោះ​ការ​ធ្វើ​ឲ្យ​បាត់​ប្រាក់​ឧបត្ថម្ភ​ជូន​ជន​ក្រីក្រ​ជាង​៦០​លាន​រៀល​ អំឡុង​ពេល​មាន​ការ​ឆ្លង​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩។​

លោកវង សូត​ ប្រាប់​អ្នក​កាសែត​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋាភិបាល​នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅ​លើ​មន្ត្រី​ដែល​ត្រូវ​រក​ឃើញ​ថា ​បាន​កិប​កេង​ប្រាក់​ បើ​សិន​ការ​ប្រព្រឹត្ត​ខុស​នេះ​ធ្ងន់ធ្ងរ ហើយ​មិន​អាច​ទទួល​យក​បាន​ត្រឹម​ការ​តម្រូវ​ឲ្យ​សង​ប្រាក់មក​រដ្ឋវិញ​នោះ។​

លោក​ថ្លែង​ថា ​ប៉ុន្តែករណី​ខ្លះមាន​ភាព​ធ្ងន់​ធ្ងរ​ ហើយ​ក្រសួង​អនុវត្ត​វិន័យ​រហូត​ដល់មាន​ដាក់​ទោស​ទណ្ឌ​ដល់ក្រុម​គោល​ដៅ​មួយ​ចំនួន​ដែល​អនុវត្ត​ខុសឆ្គង។​ លោក​ថា ​មាន​ការ​អនុវត្ត​ច្បាប់​តឹង​រ៉ឹង​ក្នុង​ករណី​មានការ​ប្រព្រឹត្ត​ខុស​ធ្ងន់​ធ្ងរ។​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​សំឡេង​សហ​រដ្ឋ​អាមេរិក​ទាក់​ទិន​ការ​ចោទ​ប្រកាន់​កន្លង​មក​ដែល​ថា​ មានការដក​បណ្ណ​ក្រីក្រពី​ពលរដ្ឋ​មួយ​ចំនួន​ដោយ​សារ​តែ​មាន​និន្នាការ​គាំទ្រ​គណបក្ស​ជំទាស់ ពោល​គឺ​គណបក្ស​ភ្លើង​ទៀន​នោះ​ លោក វង សូត​ ថ្លែង​ថា​ ពលរដ្ឋ​ខ្លះ​បាន​ឆ្លង​ផុត​ឋានៈ​ជា​អ្នក​ក្រីក្រ​ ដែល​មិន​អាច​បន្ត​ទទួល​បាន​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​បន្ត​ទៀត​ពី​រដ្ឋាភិបាល។​

​ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គមលោកឈួរ សុបញ្ញា ថ្លែង​ជាមួយ​អ្នកកាសែត​ រាជធានីភ្នំពេញ​ ថ្ងៃទី​១០ ខែមករា​ ឆ្នាំ​២០២៣​។ (ហ៊ុល​ រស្មី​/វីអូអេ)
​ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គមលោកឈួរ សុបញ្ញា ថ្លែង​ជាមួយ​អ្នកកាសែត​ រាជធានីភ្នំពេញ​ ថ្ងៃទី​១០ ខែមករា​ ឆ្នាំ​២០២៣​។ (ហ៊ុល​ រស្មី​/វីអូអេ)

លោក​លើក​ឡើង​ថា៖​ «អ៊ីចឹង​ទៅ​វា​មាន​ករណី​ខ្លះដកទៅ​ជួនកាល​វា​អាច​ យើង​អ្នក​ដក​ថា ​អ្នក​ហ្នឹង​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​ ប៉ុន្តែ​ជួន​កាល​អា​អ្នក​ដែល​ធ្លាប់​បាន​ហ្នឹង​ជួន​កាល​គាត់​មិន​ស្រួល​គាត់​មាន​និន្នាការ​នយោបាយ​អី​ណា​ទៅ​ គាត់​មក​ចោទ​ថា ​អាហ្នឹង​មក​ពី​គាត់​មាន​និន្នាការ​នយោបាយ។ ​អាហ្នឹង​ក៏ពិបាក​ដែរ​ក្មួយ។​ អាហ្នឹង​ពិបាក​ ពិបាក​ដោយសារ​តែការ​ចោទ​ប្រកាន់​ហ្នឹង​ចៀស​មិន​ផុត​ ប៉ុន្តែ​ជួន​កាល​ អ្នក​ដែល​អនុវត្ត​ គេ​អនុវត្ត​តាម​គោល​ការណ៍​អ៊ីចឹង​ អា​បណ្ណ​ដក​ហ្នឹង​មាន​ដក​មែន​ ជាពិសេស​ក្រសួង​ផែនការ​លោក​ លោក​អនុវត្ត​ទៅ​តាម​នីតិវិធី​ដែល​យើង​បាន​ធ្វើ។ ​អ្នកណា​ពិន្ទុ​ហ្នឹង​ វាត្រូវ​ផុត​ពីភាព​ក្រីក្រ​ហើយ​ អាហ្នឹង​គេ​ដក​បណ្ណ​ហើយ!»

លោក​បន្ថែម​ថា៖ «គឺ​និយាយ​ឲ្យ​ខ្លី​ទៅ​ វា​បើក​លែង​ចេញ​ហើយ។​ បើ​ដក​បណ្ណ​ចេញ​បាត់​ហើយ​ បាន​អីបើក?​ ម៉េចបើក​បាន?​ ប៉ុន្តែ​ករណី​ខ្លះ​ បង​ប្អូន​ខ្លះ​ មិន​និយាយ​ជាក់​ស្តែង​ ទៅ​យក​រឿង​នយោបាយ​ប្រឡូក​ប៉ូកប៉ាក់។​ អាហ្នឹង​ក៏​ពិបាក​បដិសេធ​ដែរ។​ កន្លែង​ខ្លះ​វា​ បង​ប្អូន​ហ្នឹង​ចោទ​អ៊ីចឹង​ទេ។ ​ប៉ុន្តែ​លើ​ការ​ជាក់​ស្តែង​ មន្ត្រី​របស់​យើង​ ជាពិសេស​ក្នុង​ក្រប​ខណ្ឌ​រាជ​រដ្ឋាភិបាល​ ខិតខំ​អនុវត្ត​គោល​ការណ៍​ដោយ​តម្លាភាព​ជាមួយ​នឹង​បងប្អូន​ជាមួយ​ប្រជា​ពលរដ្ឋ​ទាំង​អស់»។

គួរ​រំឭក​ថា ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​កាលពី​កន្លង​ទៅ​ថា ​មាន​ករណី​ដក​បណ្ណ​ក្រីក្រ​ពី​ពលរដ្ឋ​ដែល​ត្រូវ​គេ​រក​ឃើញ​ថា​ មាន​ការ​ទោរទន់​ទៅ​គាំទ្រ​គណបក្ស​ ជំទាស់ ​ហើយ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ខ្លះ​ក៏​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ជុំវិញ​បញ្ហា​នេះ​ដែរ។​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ពីរ​រូប​គឺ​លោក​ថាច់ សេដ្ឋា ​និង​លោក​សុន ឆ័យ​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ តែ​មិន​មាន​ការ​ឆ្លើយ​តប​ទេ ​គិតត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ។ ​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​កន្លង​មក​មាន​ករណី​នៃ​ការ​ដក​បណ្ណ​ក្រីក្រ ​ដោយ​សារ​ការ​រើស​អើង​នយោបាយ ​ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់។​ លោក​បន្ថែម​ថា​ ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​ការ​ជំនួយ​ពី​រដ្ឋាភិបាលខាង​ថវិកា​នោះ​ មិន​គួរ​រង​ការ​រើស​អើងក្រោម​ហេតុផល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ចំណុច​នេះ​ ខ្ញុំ​គិត​ថា​ បើ​ការ​ដក​បណ្ណ​ក្រីក្រ​ហ្នឹង​ហើយ​ត្រូវ​តែ​មាន​ការ​ចេញ​ជា​គោល​ការណ៍​ណា​មួយ​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​ដក​បណ្ណ​ក្រីក្រ​ ឬ​ក៏​បញ្ចប់​នៃ​ការ​ផ្តល់​បណ្ណ​ក្រីក្រ​ហ្នឹង​ដើម្បី​កុំ​ឲ្យ​មាន​សាធារណជន​ ឬក៏​ប្រជា​ពលរដ្ឋ​ហ្នឹង​លោក​មាន​ការ​យល់​ច្រឡំ​ទៅ​លើ​បញ្ហា​ការ​រើស​អើង​និន្នាការ​គណបក្ស​នយោបាយ​ហ្នឹង»។​ ​

ដោយ​ឡែក​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ លោក​ឈួរ សុបញ្ញា ប្រាប់​អ្នក​កាសែត​ថា​ ក្នុង​កិច្ចការ​ចាត់ចែង​សាច់​ប្រាក់ជូន​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ដែល​ត្រូវការ​ជំនួយ​ពី​រដ្ឋាភិបាល​នេះ​ មន្ត្រី​ទទួល​បន្ទុក​បាន​ធ្វើ​ការងារ​ដោយ​ប្រយ័ត្ន​ប្រយែង​ទាំង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​និង​ការ​បញ្ជាក់​ភិនភាគ​នៃ​អ្នក​ដែល​សម​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ពីរដ្ឋាភិបាល។​ លោក​សង្កត់​ធ្ងន់​ថា ​ គ្មាន​ករណី​លើក​លែង​ទេ​ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​ឆ្គាំឆ្គង​ពាក់ព័ន្ធ​កម្មវិធី​ផ្តល់​សាច់​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ ​និង​ពលរដ្ឋ​ដែល​ពិតជា​ត្រូវតែ​ទទួល​បាន​ការ​ជួយ​ពី​រដ្ឋាភិបាល​នោះ៕

XS
SM
MD
LG