ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ផែនការ​បន្ត​សង្គ្រោះ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ សណ្ឋាគារមួយនៅខេត្តសៀមរាបមានបិទបដាជួលនិងលក់ ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ សណ្ឋាគារមួយនៅខេត្តសៀមរាបមានបិទបដាជួលនិងលក់ ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា​បានបន្ត​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ៣​រួម​មាន វិស័យ​វាយនភណ្ឌ​ វិស័យ​អាកាសចរណ៍​និង​វិស័យ​ទេសចរណ៍​ នៅជុំ​ទី​១០ រយៈ​ពេល​៣ខែ ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​អំ​ឡុង​និង​ក្រោយ​នៃ​វិបត្តិ​ជំងឺឆ្លងកូវីដ១៩។

ជាមួយ​នឹង​វិធានការ​ស្រោច​ស្រង់​សេដ្ឋកិច្ច​បន្ថែម​នេះ​សហជីព​មួយ​ចំនួនដែល​ការពារ​ប្រយោជន៍​កម្មករ​និង​អ្នករក​ទទួល​ទាន​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តបទៅនឹង​តម្លៃទំនិញ​ដែល​បាន​កើនឡើង​នៅ​ទីផ្សារ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១​ស្តីពី​«វិធាន​ការ​បន្ថែម​ដើម្បី​បន្ត​គ្រប់​គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​, ការ​ស្តារ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុង​និង​ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩» រាជ​រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​សម្រាប់​ជុំ​ទី​១០។​

ក្នុង​ផែនការ​ជុំទី១០​នេះ​រដ្ឋាភិបាល​មាន​គោល​បំណង ទីមួយ​បន្ត​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​វិបត្តិ​នៃ​ជំងឺ​កូវីដ​-១៩ មល​លើ​ស្ថានភាព​សង្គម​-សេដ្ឋកិច្ច​ក៏​ដូច​ជា​ការ​ដាក់​ចេញ​និង​អនុវត្ត​វិធាន​ការ​ទ្រទ្រង់​និង​ស្តារ​អាជីវកម្ម​និង​ធុរកិច្ច​ឲ្យ​ងើប​ឡើង​វិញ​ក្នុង​បរិបទ​នៃ​ការ​បើក​ឡើង​វិញ​ជា​បណ្តើរៗ​នូវ​សកម្មភាព​សង្គម​-សេដ្ឋកិច្ច​តាម​គន្លង​ប្រក្រតីភាព​ថ្មី​និង​ទីពីរ​ បន្ត​សុពលភាព​នៃ​វិធានការ​ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក។

​បើតាម​ផែនការ​ជុំទី១០​ដដែល​នេះ​កម្មករ​-និយោជិត​ក្នុង​វិស័យ​ចំនួន​២ រួម​មានវិស័យ​កាត់​ដេរ​-វាយនភណ្ឌ និង​វិស័យ​ទេសចរណ៍ ដែល​បំពេញ​លក្ខណៈ​វិនិច្ឆ័យ​និង​លក្ខខណ្ឌ​នៃ​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ៤០ ដុល្លារ​អាមេរិកដូចៗ​គ្នា​ក្នុង​១ខែ ពី​សំណាក់រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​ដោយ​ឡែក​ ម្ចាស់​សហគ្រាស អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ត្រូវ​រួម​ចំណែក​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​និង​តាម​លទ្ធភាព​ជាក់ស្តែង​ក្នុង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​និយោជិត​របស់​ខ្លួន។

ចំណែក​កម្មករកម្មការិនី​បម្រើ​ការ​ក្នុង​វិស័យ​កាត់ដេរ​នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ចំនួន​៣០ ដុល្លារ​អាមេរិក​ក្នុង​១​ខែ​ពីនិយោជក​ដែល​ជាម្ចាស់​រោង​ចក្រ​-សហគ្រាស ក្នុង​រយៈ​ពេល​បី​ខែ​ដូច​គ្នា​បន្ត​ទៅ​មុខ​ទៀត​ចាប់​ពី​ខែ​តុលា ដល់​ខែ​ធ្នូ ឆ្នាំ​២០២១​សម្រាប់​ជុំ​ទី​៧ សរុប​ស្មើ​នឹង​៧០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ។

​ពាក់​ព័ន្ធ​នឹងការ​បង់​ពន្ធ​ប្រចាំ​ខែ​របស់​អាជីវកម្ម​ផ្នែក​សេវាកម្ម​ក៏​ត្រូវ​បាន​បន្តលើក​លែង​រយៈ​ពេល​៣​ខែ​ទៀត​ផងដែរ​គឺ​គិត​ចាប់ពីខែ​តុលា​ដល់​ខែធ្នូ ចំពោះ​ម្ចាស់សណ្ឋាគារ​ផ្ទះ​សំណាក់ ​ភោជនីយដ្ឋាន​ភ្នាក់​ងារ​ទេសចរណ៍​ទាំងឡាយ​ណា​ដែល​បាន​ចុះ​បញ្ជី​ជា​មួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ​ខេត្ត​កែប​ ខេត្ត​កំពត ក្រុង​បាវិត​ និង​ក្រុង​ប៉ោយប៉ែត។

សម្រាប់​វិធាន​ការ​បន្ត​ជួយ​វិស័យ​អាកាសចរណ៍​វិញ រដ្ឋ​បន្ត​លើក​លែង​ការ​បង់​ពន្ធ​អប្បរមា​(Minimum Tax) ដល់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​បាន​ចុះ​បញ្ជី​នៅ​កម្ពុជា​និង​បន្ត​អនុគ្រោះ​ចំពោះ​ការ​បង់​ប្រាក់​ជំពាក់​លើ​កម្រៃ​អាកាសចរណ៍​ស៊ីវិល​ដោយ​ពន្យារ​រយៈពេល​៣ ខែ​បន្ថែម​ទៀត​ ចាប់​ពីខែ​តុលា​ដល់​ខែ​ធ្នូ​ ឆ្នាំ​២០២១ ។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​ អាត់​ ធន់​យល់​ថា​ចំពោះ​គោលការណ៍​របស់​រដ្ឋាភិបាល​ដែល​សម្រេច​ផ្តល់​ប្រាក់​ជំនួយ​សង្គម​ដល់​កម្មករ​ក្នុង​រយៈ​ពេល​៣​ខែ​បន្ត​ទៀត​នេះ​ជា​ការ​ប្រសើរ​ប៉ុន្តែ​លោក​កត់​សម្គាល់​ថា​ហាក់​នៅ​មានកម្រិត​តិចតួច​នៅ​ឡើយបើ​ប្រៀបធៀប​នឹង​តម្រូវ​ការ​ចាយ​វាយរបស់​កម្មករ​ដែល​លោក​សង្កេត​ឃើញថា​ការ​ចំណាយ​របស់​កម្មករបាន​កើន​ដល់ចន្លោះ​ពី​២៥០ ដុល្លារ​ ដល់​៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថា៖ «គាត់​ទទួល​បាន​ត្រឹម​៧០ ដុល្លារ​ ទៅ​៤០​ដុល្លារ​នោះ​គិត​ថា​ជា​ចំនួន​តិច​ពេក​ដែល​ពួកគាត់​ពិបាក​ក្នុង​ការ​ចាយ​ហើយ​និង​ផ្គត់ផ្គង់​ការងារ​ប្រចាំ​ថ្ងៃ។ គាត់​អាច​ដោះ​ស្រាយ​បាន​តែ​អាហារ​ឬ​ក៏​ស្នាក់​នៅ​តិច​តួ​ចប៉ុណ្ណោះ​ឬ​ក៏​មិន​គ្រប់​ផង​អាហារ​ហ្នឹង​ប៉ុន្តែ​ចំណាយ​ផ្សេងៗ​រួម​ទាំង​តម្រូវ​ការ​សង្គម​រួមទាំង​បំណុល​អី​ផ្សេងៗ​គឺ​នៅ​តែ​ជា​ឧបសគ្គ»។

លោក​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាលដំឡើង​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ទាំង​អស់​ដល់​១៩៤ ដុល្លារ​អាមេរិក​និង​ស្នើ​ឲ្យ​ពង្រីក​វិធានការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់អ្នក​បម្រើ​ការងារ​ក្នុងវិស័យ​ដែ​ល​រង​ផល​ប៉ះពាល់​នានា​ក្នុង​នោះ​មានវិស័យ​អាកាសចរណ៍ វិស័យ​ទេសចរណ៍​វិស័យ​សំណង់​ជា​ដើម​គួរ​ទទួល​ប្រាក់​ឧបត្ថម្ភ​ដូច​គ្នា​ដែរ​។

លោក​បន្ថែម​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​ការ​ផ្តល់​នេះ​គួរ​តែ​ផ្តល់​ឲ្យ​កម្មករ​ទាំងអស់​គ្នា​ទូទាំង​ប្រទេស​ហើយ​គួរ​តែ​ផ្តល់​យ៉ាង​ហោច​ណាស់​ក៏​បាន​ត្រឹម​១៩២ ដុល្លារ​ ហើយ​១៩៤​[ដុល្លារ​]អី តាម​ប្រាក់ឈ្នួល​អប្បរមា​ថ្មី» ។

លោក វន់ ពៅ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​(IDEA) ថ្លែង​ថារដ្ឋាភិបាល​គួរ​តែពិចារណាផ្តល់​ប្រាក់​ឧបត្ថម្ភ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចំណាយ​ដែល​មាន​តុល្យភាព​ជាមួយ​តម្លៃទំនិញទី​ផ្សារ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ចន្លោះ​ពី​១០០ ទៅ​១៥០ ដុល្លារ​ក្នុងមួយ​ខែ។ លោក​ក៏បាន​ស្នើ​ឲ្យរដ្ឋ​គិតគូរផ្តល់​ប្រាក់​ឧបត្ថម្ភទៅ​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធផង​ដែរ។

លោកនិយាយថា៖​«អ្នក​រម៉ក​អ្នក​ម៉ូតូ​ឌុប អ្នក​រត់​តាក់​ស៊ី​អ្នក​ធ្វើការ​ងារ​នៅ​ក្នុង​សេវា​កម្សាន្ត​អី​ជា​ដើម​គួរតែ​ជួយ​ដល់​វិស័យ​នឹង​ផង​ដែរ​ព្រោះ​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​មិន​មែន​ពឹង​តែ​វិស័យ​វាយន​ភណ្ឌទេ​ចំណែក​ឯ​ប្រជា​ពល​រដ្ឋ​ធ្វើ​ការ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ក៏​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ដែល​ប្រសិន​បើ​អ្នក​ទាំង​នោះ​បាត់​បង់​ប្រាក់​ចំណូល​ជួប​វិបត្តិ​អន្តរាយ​ទាក់ទង​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​រឹត​តែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​យ៉ាប់​ថែម​ទៀត ។ ចឹង​រដ្ឋ​គួរ​តែ​ពិនិត្យ​មើល​ចំណុច​ហ្នឹង​ផង​ដែរ​ក្រៅ​ពី​វិស័យ​ផ្សេងៗ​ក្រៅ​ពី​កាត់​ដេរ​វាយនភណ្ឌ»។

លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​ប័ណ្ណ​ក្រីក្រជូន​ដល់​ប្រជា​ពលរដ្ឋគ្រប់ៗ​គ្នា​ទៅ​តាម​សង្កាត់ ខណ្ឌនានាដើម្បី​ធានា​ដល់​ការ​ទទួល​សាច់​ប្រាក់​ជំនួយសម្រាប់​ពលរដ្ឋងាយ​រងគ្រោះ​ក្នុង​វិបត្តិ​កូវីដ​នេះ។

ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេ​សក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា​លោក​ឈួរ សុបញ្ញា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រនេះ​ថា ការ​អនុវត្តវិធាន​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ដល់​កម្មករ​-និយោជិត នឹង​ត្រូវ​អនុវត្ត​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ទៅ​ដល់​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២២។

លោក​បានបន្ថែម​ថាថា៖ «ចំពោះ​ការ​បើក​លុយ​ឲ្យ​តែ​គាត់​ធ្វើ​ប័ណ្ណ​[ប័ណ្ណក្រីក្រ] ហើយ ប័ណ្ណ​ហ្នឹង​នៅ​ខេត្ត​ណា​ក៏​ដោយ​ប័ណ្ណ​ហ្នឹង​នៅ​មណ្ឌល​គិរី រតនគិរី​ ក៏​ដោយ​ព្រៃ​វែង​ក៏​ដោយ​ស្វាយ​រៀង​ក៏​ដោយ​គាត់​មក​បើក​កន្លែង​ណា​ក៏​បាន​ដែរ​នៅ​ភ្នំពេញ​ក៏​បាន​គាត់​មក​បើក​នៅខេត្ត​គាត់​ក៏​បាន។ ចឹង​ការ​បើក​លុយ​ផ្ទៀង​ផ្ទាត់​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល​គឺ​អត់​ចាំ​បាច់​ចាំ​នៅ​ទី​តាំង​ដែល​ចេញ​ប័ណ្ណ​ទេ»។

បើ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២១​នេះ​រដ្ឋ​បាន​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ ៤៧០​លាន​ដុល្លារ​ក្នុង​ការ​បើក​ប្រាក់​ជូន​ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រី​ក្រ​ដែល​មក​ទល់​ពេល​នេះ​ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​បានថយ​ចុះ​មក​នៅ​ត្រឹម​ប្រមាណ​ជាង​៦៨ ម៉ឺន​គ្រួសារ។ នេះ​បើ​តាម​លោកឈួរ សុបញ្ញា៕

XS
SM
MD
LG