លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ដែលមានរហូតទៅដល់ប្រមាណ៧០ម៉ឺនគ្រួសារនៅទូទាំងប្រទេស។
លោក ហ៊ុន សែន ប្រកាសបែបនេះនៅក្នុងការថ្លែងមួយដែលមានរយៈពេលជិត៤ម៉ោង និងត្រូវបានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់លោក និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ការប្រកាសរបស់នាយករដ្ឋមន្រ្តី ខណៈកម្ពុជាកំពុងប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍លើកដំបូង ដែលលោក ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលអាចគ្រប់គ្រងបាន រហូតមកដល់ពេលនេះ ប៉ុន្តែនៅបន្តរឹតបន្តឹងការជួបជុំទ្រង់ទ្រាយធំ។
នៅព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រតាមប្រព័ន្ធបណ្ណសមធម៌របស់រដ្ឋាភិបាលរហូតដល់ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចាប់តាំងពីខែមិថុនា ឆ្នាំនេះ។ លោកបន្តថាក្នុងមួយៗខែ រដ្ឋាភិបាលបានចំណាយប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភនេះដល់ប្រជាពលរដ្ឋក្រីក្រ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្លះគេថាយើងអត់បានជួយអ្នកក្រសោះ។ ប៉ុន្តែឥឡូវទៅសួរអ្នកក្រខ្លួនឯងទៅ ហើយសុំអ្នកក្របញ្ចេញបង្ហាញខ្លួនមក។ តើរាជរដ្ឋាភិបាលបានធ្វើអី?»។
បើតាមលោក ហ៊ុន សែន រដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណ១៦០លានដុល្លារអាមេរិកហើយ ចាប់តាំងពីការចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ។ លោកបានឲ្យដឹងទៀតថារដ្ឋាភិបាលរបស់លោក នឹងបន្តតាមដានស្ថានការណ៍នៃជំងឺកូវីដ១៩ ហើយបន្តជួយប្រជាពលរដ្ឋដែលរងគ្រោះ។
លោក ហ៊ុន សែន បន្ថែមថា៖ «រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះការផ្តល់ណាមួយសម្រាប់ប្រជាជនក្រីក្ររបស់យើងទេ។ អ្នកត្រូវចាំឲ្យបាន។ ហ៊ុន សែន មិនបណ្តោយឲ្យមនុស្សណាស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយទេ»។
បើតាមលោក ហ៊ុន សែន រដ្ឋាភិបាលរបស់លោកមានថវិកាគ្រប់គ្រាន់នៅពេលនេះ ដោយមិនបាច់យកមាសដែលតម្កល់បម្រុងទុកនៅប្រទេសស្វីស និងនៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស មកជួយក្នុងគ្រាមានវិបត្តិនេះទេ។
លោកបន្ថែមថា៖ «អ្នកកុំមើលស្រាលរដ្ឋបាលហ៊ុន សែន ឲ្យសោះ។ តិចទៅភ័ន្តច្រឡំថារលំ អត់ទេ។ តែយើងមិនអួតអាងទេ។ យើងត្រូវការមិត្តភ័ក្តិជួយចំពោះយើងតទៅទៀត»។
អ្នកស្រី គា ទាវ អាយុ២៧ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិអូរចាន់ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអ្នកស្រីទទួលបានបណ្ណសមធម៌ ឬបណ្ណក្រីក្រក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ហើយបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន១៧ម៉ឺន៤ពាន់រៀលក្នុងមួយខែ។
អ្នកស្រីមានប្រសាសន៍ថា៖«លុយហ្នឹងបានមកយកទិញអង្ករ ទិញអី[ផ្សេង]អញ្ចឹងណាបង។ ទិញម្ហូបទិញអី បានអង្ករមួយបេ។ គាត់ឲ្យប្រាក់ឧបត្ថម្ភហ្នឹង គ្រាន់បានយើងហូបដែរហ្នឹង»។
ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់អ្នកស្រីដែលបច្ចុប្បន្នពុំមានការងារធ្វើ និងមានកូនក្នុងបន្ទុកពីរនាក់ គឺការបង់បំណុលគេ ដែលក្នុងមួយខែ អ្នកស្រីត្រូវបង់ប្រមាណ៤០ម៉ឺនរៀលដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈ្មោះហត្ថាកសិករ ហើយការបង់នេះ រហូតដល់ខែកញ្ញា ឆ្នាំ២០២១។
កាលពីខែមិថុនា រដ្ឋាភិបាលកម្ពុជាបានប្រកាសថាខ្លួនបានផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះជាង៥៦ម៉ឺនគ្រួសារ ឬស្មើនឹងជាង២លាន៣០ម៉ឺននាក់ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩ ហើយថាចំនួនអ្នកក្រីក្រនេះអាចនឹងកើនឡើងថែមទៀត។
លោក សេង ប៉េងហុង មេឃុំរាយប៉ាយ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម មានប្រសាសន៍ថាកន្លងទៅ ប្រជាពលរដ្ឋក្រីក្រក្នុងឃុំរបស់លោក ប្រមាណតែ៣០គ្រួសារប៉ុណ្ណោះ ដែលត្រូវបានបញ្ចូលក្នុងបញ្ជីក្រីក្រ ក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ ហើយក្នុងមួយគ្រួសារអាចទទួលបានប្រាក់យ៉ាងតិច១២ម៉ឺនរៀល និងរហូតដល់២២ម៉ឺនរៀលចំពោះគ្រួសារដែលមានសមាជិកច្រើននិងចាស់ជរា។
លោកបន្តថា ប្រជាពលរដ្ឋជាង៤០គ្រួសារទៀតបានដាក់ពាក្យស្នើសុំបណ្ណក្រីក្រនេះ ប៉ុន្តែលោកថា មន្រ្តីថ្នាក់លើបានប្រាប់ថាបិទបញ្ចប់ការចុះឈ្មោះនេះរួចទៅហើយ។
លោកមានប្រសាសន៍ថា៖ «ដោយសារយើងធ្វើថ្មីអត់ទាន់ ក៏ខាងក្រសួងបិទ លែងឲ្យសម្ភាស លែងឲ្យថតទៀត។ គាត់ដាក់ពាក្យមកហើយ អត់បានចុះទៅសម្ភាស»។
លោកអំពាវនាវឲ្យមានការចុះបញ្ជីអ្នកក្រីក្របន្តទៀត ដោយសារឆ្នាំនេះ ឃុំរបស់លោកប្រឈមនឹងភាពរាំងស្ងួត ហើយប្រជាពលរដ្ឋក៏មិនអាចធ្វើការងារសំណង់បានទៀតក្នុងពេលប្រឈមនឹងជំងឺកូវីដ១៩នេះ។
លោក ខូ សូណា មេឃុំទ្រាសក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ប្រជាពលរដ្ឋជាង៥០០គ្រួសារក្នុងឃុំរបស់លោកស្ថិតក្នុងបញ្ជីភាពក្រីក្រនេះ។ ប៉ុន្តែលោកថាក្នុងចំណោមពួកគេនោះ មានអ្នកខ្លះ ក៏មានជីវភាពមិនក្រីក្រនោះទេ ប៉ុន្តែបន្តទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ លោកថារដ្ឋបាលឃុំនឹងជម្រុះពួកគេចេញនៅដើមឆ្នាំក្រោយ។
លោកមានប្រសាសន៍ថា៖ «នៅក្នុងឃុំមានគ្រួសារមួយចំនួនហើយដែលគាត់ចាកផុតពីភាពក្រីក្រ ប៉ុន្តែនៅទទួលបានថវិកា។ ដូច្នេះប្រហែលជាខែមួយ[ខែមករា]នេះ យើងនឹងធ្វើការកាត់គាត់បន្ថែម ដោយសារគាត់មានផ្ទះធំ ហើយដូចថាគាត់មានចំណូលប្រចាំគ្រួសារ។ អានេះជាក់ស្តែង»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថាប្រជាពលរដ្ឋក្រីក្រភាគច្រើនប្រឈមនឹងបំណុលធនាគារ ដែលរដ្ឋគួរមានវិធានការទប់ស្កាត់ កុំឲ្យពួកគេបង្ខំលក់ដីផ្ទះសម្បែងរបស់ពួកគេ។
លោកបន្តថាប្រជាពលរដ្ឋខ្លះ ក៏មិនបានទទួលបណ្ណក្រីក្រនេះ ដោយសារការរើសអើងផ្នែកនយោបាយ គឺពួកគេជាអ្នកគាំទ្រគណបក្សប្រឆាំង និងដោយសារមិនមានឯកសារបញ្ជាក់លំនៅដ្ឋានច្បាស់លាស់ ឬអត្តសញ្ញាណរបស់ខ្លួនគ្រប់គ្រាន់។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងអាការផ្តល់ហ្នឹង វាបានចំណែកណាមួយ ប៉ុន្តែវាមិនអាចទាំងអស់ ដោយសារតែអាភាពក្រីក្រហ្នឹង ខ្វះមូលដ្ឋានបញ្ជាក់ ព្រោះអ្នកខ្លះ អត់មានលំនៅដ្ឋានអីអញ្ចឹង។ ចល័តទៅនៅខាងណាៗ នៅព្រំដែន ជនបទអី ច្រកនាំចេញនាំចូល។ ដល់ហើយគាត់អត់មានលក្ខណៈសម្បត្តិនៃការទទួលយកពីអាជ្ញាធរក្នុងការចុះចែកហ្នឹងទេ»។
រដ្ឋាភិបាលកម្ពុជាឲ្យដឹងថាអត្រាភាពក្រីក្ររបស់កម្ពុជាមានជាង១០ភាគរយ មុនពេលមានវិបត្តិជំងឺកូវីដ១៩ ហើយអត្រានេះនឹងកើនឡើង ដោយសារវិបត្តិជំងឺរាតត្បាតជាសាកលនេះ។
យ៉ាងណាក៏ដោយមានការរិះគន់ថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មិនបានទៅដល់គ្រប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតជំងឺកូវីដ១៩នោះទេ ពោលគឺអ្នកដែលធ្វើការក្នុងវិស័យកម្សាន្ត ឬអ្នកផ្តល់សេវាម៉ាស្សាជាដើម មិនត្រូវបានកំណត់ជាក្រុមអាទិភាពសម្រាប់ការជួយសង្គ្រោះនោះទេ៕