មេដឹកនាំអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានប្រតិកម្មទៅនឹងការផ្តល់ដំបូន្មានរបស់លោករដ្ឋមន្ត្រីការបរទេសលោក ហោ ណាំហុង ដែលបានដាស់តឿនតំណាងអង្គការយូនីសេហ្វ (UNICEF) ថ្មីប្រចាំនៅកម្ពុជា មិនឲ្យធ្វើការអធិប្បាយទាក់ទិនច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។
ពួកគេថ្លែងថា ដំបូន្មានរបស់លោក ហោ ណាំហុង ជាចេតនាមិនផ្តល់បរិយាកាសសេរី សម្រាប់លោកស្រី ឌេបូរ៉ា ខូមីនី (Debora Comini) ក្នុងការបំពេញការងារមនុស្សធម៌របស់លោកស្រីនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកស្រីត្រូវបានតែងតាំងឲ្យកាន់ការងារជំនួសឲ្យលោកស្រី រ៉ានណា ផ្លៅវឺ(Rana Flowers) ដែលជាអតីតតំណាងរបស់អង្គការយូនីសេហ្វ។
អ្នកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា យល់ថា ការដាស់តឿនរបស់លោក ហោ ណាំហុង ចំពោះតំណាងយូនីសេហ្វថ្មីនេះគឺជាការដាក់កំហិតលើសេរីភាពនិយាយស្តីលើមន្ត្រីរបស់អង្គការសហប្រជាជាតិ៖
«ខ្ញុំគិតថាអ្វីដែលគាត់មានប្រសាសន៍អញ្ចឹង វាហាក់ដូចជាបង្ហាញអំពីកម្រិតអនុវត្តនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់គេព្រោះគេមក ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ សិទ្ធិមនុស្ស និងសិទ្ធិកុមារ ហើយបើសិនជាកំណត់ព្រំដែននៃការនិយាយរបស់គេ ហាក់ដូចជាយើងប្រាប់គេថា បើអ្នកឯងនិយាយ នឹងមានបញ្ហាសម្រាប់ខ្លួនគេ អញ្ចឹងធ្វើឲ្យមិនមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើការងារហ្នឹងឲ្យមានជោគជ័យទេ»។
អ្នកស្រីបន្តថា ការកំណត់ព្រំដែននៃការនិយាយស្តីដល់មន្ត្រីអង្គការសហប្រជាជាតិប្រៀបដូចជាការបំពានសិទ្ធិរបស់កុមារផងដែរ ដោយសារអង្គការអន្តរជាតិមួយនេះបានធ្វើការងារជាច្រើនក្នុងការជួយកុមារកម្ពុជា។
«បើសិនជាកំណត់ទៅលើសិទ្ធិ និងការបញ្ចេញមតិរបស់គេ ធ្វើឲ្យប៉ះពាល់ដល់ការគោរពសិទ្ធិកុមារខ្លាំងណាស់ ដោយសារថា យើងគ្រាន់តែមិនទាន់ចាប់ផ្តើមធ្វើអ្វីផង បានបញ្ចេញសារក្នុងការកំណត់រួចទៅហើយ ហើយបើយើងនិយាយឲ្យវា គេហៅថា ពិតទៅ វាហាក់ដូចជាសារមួយ ឲ្យអ្នកឯងត្រូវប្រុងប្រយ័ត្ន ខ្ញុំមិនទាន់មិនចង់និយាយថា វាដល់ជាគំរាមកំហែងទេ ប៉ុន្តែវាអាចជាសារហ្នឹងដែរ»។
អ្នកស្រីសង្កត់ធ្ងន់ថា ការណ៍នេះអាចជាការទាញការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឲ្យដើរថយក្រោយ ហើយថាសារដាស់តឿននេះគឺជាចេតនាលាក់បាំងពីចំណុចខ្សោយរបស់រដ្ឋាភិបាលកម្ពុជាពីអ្នកបោះឆ្នោត ដែលមិនពេញចិត្តនឹងការបង្កើតច្បាប់ដ៏ចម្រូងចម្រាស់មួយនេះ។
រីឯលោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ មើលឃើញថា សារដាស់តឿនរបស់លោករដ្ឋមន្ត្រី ហោ ណាំហុង អាចធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ដំណើរការនៃបេសកកម្មអន្តរជាតិដទៃទៀតនៅក្នុងប្រទេសកម្ពុជា។
«វាអាចធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការបំពេញបេសកកម្មរបស់គេ ហើយខ្ញុំគិតថា ការធ្វើនេះ វានាំឲ្យមានការរិះគន់កាន់តែខ្លាំងឡើងៗទេពាក់ព័ន្ធនឹងបញ្ហាច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលហ្នឹង ព្រោះដូចខ្ញុំលើកឡើងអញ្ចឹងថា បើប្រទេសដែលគេប្រកាន់លទ្ធិប្រជាធិបតេយ្យ គេមិនដែលទៅដាស់តឿនបេសកកម្មអន្តរជាតិកុំឲ្យនិយាយនេះកុំឲ្យនិយាយនោះទេ ព្រោះនេះជាសិទ្ធិដែលជារបស់គេ ហើយក្របខណ្ឌនៃការទូត ឬក៏ពិសេសគឺក្របខណ្ឌដែលបំពេញមុខងារអន្តរជាតិរបស់គេ គេដឹងច្បាស់ហើយ ហើយបើសិនជាយើងនៅតែបន្តនូវការហាមនូវការប្រាប់ហ្នឹងការប្រាប់នេះបានន័យថា ជាការបិទសេរីភាពរបស់គេបាត់ទៅហើយហ្នឹង»។
ប្រតិកម្មរបស់ពួកគេកើតមានឡើង បន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ជួបជាមួយលោកស្រី ឌេបូរ៉ា ខូមីនី នៅឯក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។ បន្ទាប់ពីជំនួបបិទទ្វារនោះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកសារព័ត៌មានថា លោក ហោ ណាំហុង បានរំឮកពីកំហុសខុសឆ្គងរបស់អតីតតំណាងយូនីសេហ្វថា បានធ្វើការហួសពីបេសកកម្មដែលអង្គការនេះត្រូវបំពេញនៅក្នុងប្រទេសកម្ពុជា ចំពោះការរិះគន់ដំណើរនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ។
លោកមានប្រសាសន៍ថា៖ «រយៈកាលកន្លងមកគឺនៅចំពេលដែលកម្ពុជាធ្វើច្បាប់ស្តីអំពីអង្គការក្រៅរដ្ឋាភិបាល គឺតំណាងរបស់អង្គការយូនីសេហ្វ តំណាងមុនអណត្តិចាស់ ដែលមុន ដែលលោកស្រីហ្នឹងគឺបាន បានធ្វើការទិតៀនពីសេចក្តីព្រាងច្បាប់NGO របស់រាជរដ្ឋាភិបាលនៅក្នុងទំព័រកាសែត ហើយដែលឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាប្រការមួយដែលខុសឆ្គងពីអណត្តិរបស់អង្គការយូនីសេហ្វគឺដើម្បីសហការជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការផ្តល់នូវការគាំពារ ការការពារ ដល់កុមារកម្ពុជា ពុំមែនជាការចោទទៅលើពាក់ព័ន្ធចំពោះច្បាប់NGO ដែលគ្មានអ្វីពាក់ព័ន្ធដល់អង្គការយូនីសេហ្វ»។
លោកស្រី ឌេបូរ៉ា ខូមីនី តំណាងអង្គការយូនីសេហ្វថ្មីប្រចាំនៅកម្ពុជា បដិសេធមិនធ្វើការអធិប្បាយតាមរយៈសារអេឡិចត្រូនិក ឬ អ៊ីម៉ែលទៅលើសំណួរទាក់ទងនឹងការក្រើនរំឮករបស់លោក ហោ ណាំហុង នោះទេ តែអ្នកស្រីបានទទួលស្គាល់ពីតួនាទីដ៏មានសារៈសំខាន់របស់អង្គការក្រៅរដ្ឋាភិបាលក្នុងការជួយឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ។
យ៉ាងណាក៏ដោយ លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកស្រី ឌេបូរ៉ា ខូមីនី បានឆ្លើយតបទៅលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ថាលោកស្រីនឹងប្រកាន់ខ្ជាប់នូវជំហរក្នុងការផ្តល់ការឧបត្ថម្ភគាំទ្រដល់កុមារកម្ពុជា ដោយលោកស្រីនឹងមិនធ្វើអ្វីហួសពីអណត្តិការងាររបស់លោកស្រីក្នុងកិច្ចការមនុស្សធម៌នេះទេ។
កាលពីខែឧសភាកន្លងទៅ លោក ហោ ណាំហុង បានព្រមានទីភ្នាក់ងារអភិវឌ្ឍន៍ធំៗចំនួន៤របស់អង្គការសហប្រជាជាតិ រួមមានការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) អង្គការសហប្រជាជាតិដើម្បីស្ត្រី (UN Women) និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) អំពីការធ្វើខុសនីតិវិធី និងហួសដែនកំណត់ការងាររបស់ខ្លួននៅកម្ពុជាចំពោះការរិះគន់រដ្ឋាភិបាលកម្ពុជាលើដំណើរការព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាមរយៈសារព័ត៌មាននានា។
ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលទទួលរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសហគមន៍ជាតិ និងអន្តរជាតិ ដោយសារតែច្បាប់នេះមានលក្ខណៈរិតត្បឹតលើការចងក្រង និងបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាល ខណៈដែលប្រទេសកម្ពុជាកំពុងពឹងពាក់លើជំនួយបរទេសនៅឡើយ៕