ធនាគារពិភពលោកបានបញ្ជាក់ថា សាលារៀនជិតពាក់កណ្តាលនៃសាលារៀនទាំងអស់ចំនួន១៨.០០០ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ខ្វះអាគារត្រឹមត្រូវ ហើយកុមារប្រហែល ៣ លាន ៧ សែននាក់ នៅតែមិនមានលទ្ធភាពចូលរៀន ទោះបីជាមានការវិនិយោគយ៉ាងច្រើនក្រាស់ក្រែលនៅក្នុងវិស័យអប់រំក៏ដោយ។
លោក Henry Kerali នាយកធនាគារពិភពលោកប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យមេដឹកនាំអាហ្វហ្គានីស្ថានវិនិយោគបន្ថែមលើធនធានមនុស្ស និងបានបញ្ជាក់អំពីតម្រូវការនៃការបន្តផ្ដល់ជំនួយអន្តរជាតិដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមានភាពប្រសើរឡើង។
ទិន្នន័យកាលពីឆ្នាំ ២០១៣ បានបង្ហាញថា កុមារអាហ្វហ្គានីស្ថានអាយុ ១០ ឆ្នាំ ចំនួន ៩០% មិនអាចអាន និងយល់អត្ថបទងាយៗនៅពេលដែលពួកគេបញ្ចប់ថ្នាក់បឋមសិក្សា។ នេះ បើតាមការបញ្ជាក់របស់លោក Henry Kerali។
លោក Kerali បានលើកឡើងថា៖ «ប្រទេសអាហ្វហ្គានីស្ថានក៏ស្ថិតនៅក្រោយគេឆ្ងាយនៅក្នុងការកាត់បន្ថយគម្លាតយេនឌ័រផងដែរ ជាពិសេសក្នុងវិស័យអប់រំ និងសុខាភិបាល។ នៅពេលបច្ចុប្បន្ននេះ ក្មេងប្រុសចំនួន ៦៧% បើប្រៀបធៀបនឹងក្មេងស្រីចំនួន ៤៨% បានចុះឈ្មោះចូលរៀន»។
លោក Kerali បានកត់សម្គាល់ថា វិស័យសុខាភិបាលនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏នៅអន់ខ្សោយជាងកម្រិតមធ្យមនៃបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបផងដែរ ដែលចំណុចនេះចង្អុលបង្ហាញឲ្យឃើញពីតម្រូវការចាំបាច់នៅក្នុងការបង្កើនលទ្ធភាពបន្ថែមទៀតសម្រាប់សេវាកម្មទាំងនេះ ជាពិសេសសម្រាប់ស្ត្រី៕