ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.សុំ​ឱ្យការ​បែកបាក់គ្នា​ខាង​នយោបាយ​នៅអាហ្វហ្គានីស្ថានបញ្ចប់ដើម្បី​សន្តិភាពនិងការប្រយុទ្ធនឹងវីរុស​កូរ៉ូណា


រូបឯកសារ៖ លោក Abdullah Abdullah (ឆ្វេង) បេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រឆាំង និងលោកប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោក Abdullah Abdullah (ឆ្វេង) បេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រឆាំង និងលោកប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកការ​ទូត​ជាន់ខ្ពស់របស់​រដ្ឋបាល​លោក ​Donald Trump ​សម្រាប់​អាហ្វហ្គានីស្ថាន​ បានសុំ​ឲ្យ​ពួក​មេដឹកនាំ​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​ ជំរុញ​ការ​ផ្អាក​អំពើ​ហិង្សា​ នៅ​ក្រោយ​ពួក​ជនជាប់​សង្ស័យ​ថា​ជា «ពួក​អ្នក​ជ្រៀត​ចូល​បង្កប់​ខ្លួន»​ នៅ​ក្នុង​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​ពួក​បុគ្គលិក​សន្តិសុខយ៉ាង​តិច​ណាស់​៣៧​នាក់ ​នៅ​ក្នុង​ខេត្ត ​Zabul ​ នាប៉ែកខាង​ត្បូង​ប្រទេស។​

លោកស្រី​ Alice Wells ​ឧបការី​រង​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ បាន​និយាយតាម ​tweet ​ថា៖​

«ដោយមាន​ការ​គំរាម​កំហែង​នៃ​ជំងឺ ​COVID-19 ​ដែល​កើន​ខ្លាំង​ឡើងៗ​នៅ​ទូទាំង​ពិភព​លោក​ ពួក​មេដឹកនាំ​អាហ្វហ្គានីស្ថាន​ត្រូវតែ​ផ្តល់​អាទិភាព​ដល់​ប្រជារាស្ត្រ​ច្រើន​ជាង​នយោបាយ​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់»។​

ជម្លោះ​នយោបាយ​ដែល​លោកស្រី ​Wells ​និយាយ​យោង​នោះ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ កាលពីថ្ងៃ​ទី​២៨ ​ខែ​កញ្ញា​ ដែល​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា។​

គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ប្រកាស ​កាល​ពី​ខែ​មុន​ថា​ លោក​ Ashraf Ghani ​ប្រធានាធិបតី​កំពុង​កាន់​តំណែង​ជា​អ្នក​ឈ្នះ​ឆ្នោត​ ក៏​ប៉ុន្តែ​លោក Abdullah Abdullah ​ប្រធាន​ប្រតិបត្តិ​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ដោយ​និយាយ​ថា​ មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។​ បេក្ខជន​ទាំង​ពីរនាក់​នេះ​បាន​ធ្វើ​ពិ​ធី​សម្ពោធ​តំណែង​ប្រធានាធិបតី​ប្រជែង​គ្នា​ កាល​ពី​ជាង​មួយ​សប្តាហ៍​មុន​នេះ។​

ការ​បែក​បាក់គ្នា​ខាង​នយោបាយ​ និង​អំពើ​ហិង្សា​ដោយ​ពួក​បះបោរ​ដែល​នៅ​មាន​តទៅ​ទៀត​ បាន​ធ្វើឱ្យ​កិច្ច​ព្រមព្រៀង​ដែល​ស.រ.អា. និង​ពួក​តាលីបង់​អាហ្វហ្គានីស្ថាន ​ចុះ​ហត្ថលេខា​កាល​ពីថ្ងៃទី​២៩​ ខែ​កុម្ភៈ​ដែល​មាន​គោល​ដៅ​បញ្ឈប់​សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ នោះ​ប្រឈម​នឹង​ភាព​ច្របូក​ច្របល់។​

ការ​បែក​បាក់គ្នា​រវាង​លោក ​Ghani ​និង​លោក ​Abdullah ​អំពី​លទ្ធផល​នៃការ​បោះឆ្នោត​ប្រធានាធិបតី ​បាន​ធ្វើ​ឱ្យ​អភិបាល​កិច្ច​គាំង​ដំណើរ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​បាន​រារាំងភាគី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ​មិន​ឱ្យ​បង្កើត​ក្រុម​អ្នក​ធ្វើការ​ចរចា​រួបរួម​គ្នា​មួយ​ ដែល​មាន​ភាគីទាំង​អស់​ចូល​រួម​ស ម្រាប់​ធ្វើ​កិច្ច​ចរចា​ជាមួយ​ពួក​តាលីបង់។​ កិច្ចចរចា​នេះ​និយាយ​អំពី​កិច្ច​ឈប់​បាញ់គ្នា​ជា​អចិន្ត្រៃយ៍​មួយ​ និង​ការ​បែងចែក​អំណាច​ ដូច​ដែល​មាន​ចែងនៅ​ក្នុងកិច្ច​ព្រមព្រៀង ​ដែល​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនបាន​ចុះ​ហត្ថលេខា​ជាមួយ​ពួក​បះបោរ​នៅ​ក្នុង​ប្រទេស ​Qatar។​

កិច្ចចរចារវាង​ភាគី​អាហ្វហ្គានីស្ថាន​កំណត់​ចាប់​ផ្តើម​ធ្វើ នៅ​ថ្ងៃ​ទី​១០​ ខែ​មីនា ​ដោយ​មាន​ទាក់ទិន​នឹង​ការ​ដោះដូរ​ពួក​អ្នក​ទោស​រវាង​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ និង​ពួក​តាលីបង់។​

កិច្ច​ព្រមព្រៀង​នេះតម្រូវ​ឱ្យ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដោះលែង​អ្នកទោស​តាលីបង់​ រហូត​ដល់​៥​ពាន់​នាក់​ជា​ថ្នូរ​នឹង​ពួក​អ្នក​ជាប់ឃុំឃាំង ដោយ​ពួក​តាលីបង់​១ពាន់​នាក់​ ដែល​ភាគ​ច្រើន​ជា​សមាជិក​នៃកង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។​

រដ្ឋាភិបាល​ក្រុង​កាប៊ុល​បានប្រ​កែក​មិន​ព្រម​ដោះលែង​អ្នកទោស​ទាំងអស់ ​ក្នុង​ពេល​ជាមួយ​គ្នា​ទេ​ដោយនិយាយ​ថា ​ខ្លួននឹង​ដោះលែង​ពួក​តាលីបង់​ជា​ក្រុមៗ​ស្រប​តាម​ដំណើរ​ចរចា​ជាមួយ​ពួក​តាលីបង់​និង​ការ​ធានាថា​ ពួក​អ្នក​ត្រូវ​ដោះលែង​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​ធ្វើ​សង្គ្រាម​ទៀត។​

ក៏ប៉ុន្តែ​ពួក​តាលីបង់​បាន​ច្រានចោល​ផែន​ការ​នេះ​ថា ​ជា​ការ​រំលោភ​លើ​កិច្ចព្រម​ព្រៀង​របស់​ខ្លួន​ជា​មួយ​ស.រ.អា.​ ដោយ​និយាយ​ថា ​ខ្លួន​នឹង​មិនចូល​រួម​ក្នុង​កិច្ចចរចា​រវាង​អាហ្វហ្គានីស្ថាន​ទេ​ រហូត​ដល់​ពេល​ណា​ពួក​អ្នក​ទោស​ទាំង​អស់​របស់​ពួក​បះបោរ​នេះត្រូវ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ។​

ស.រ.អា.​និង​កងកម្លាំង​សម្ព័ន្ធ​មិត្ត​បាន​យល់​ព្រម​ដក​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​រយៈ​ពេល​១៤​ខែ​ ​ហើយ​ពួក​ទាហាន​អាមេរិកាំង​បាន​ចាប់​ផ្តើម​ដក​ចេញ​បន្តិច​ម្តងៗ​ ដូច​ដែល​មាន​ចែង​ក្នុង​កិច្ចព្រម​ព្រៀង​ជាមួយ​ពួក​តាលីបង់៕

ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG