ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា វិបត្តិ​ជំងឺ​កូវីដ១៩ ជំរុញ​ឲ្យ​មាន​វិបត្តិ​អប់រំ​លើ​ពិភពលោក


គ្រូបង្រៀន​ពាក់​របាំងការពារ​មុខ​ ពេលកំពុង​បង្រៀន​កូនសិស្ស​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្រុង Tangerang ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃ​ទី ១០ ខែសីហា ឆ្នាំ​២០២០។
គ្រូបង្រៀន​ពាក់​របាំងការពារ​មុខ​ ពេលកំពុង​បង្រៀន​កូនសិស្ស​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្រុង Tangerang ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃ​ទី ១០ ខែសីហា ឆ្នាំ​២០២០។

មូលនិធិ​សាកល​មួយ​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​កុមារ​ក្នុង​ប្រទេស​មាន​វិបត្តិ​ឲ្យ​ទទួល​បាន​ការ​អប់រំ បាន​បញ្ជាក់​ថា កុមារ​ជាង ១ ពាន់​លាន​នាក់​មិន​បាន​ទៅ​រៀន​ដោយសារ​ផលវិបាក​ដោយ​ផ្ទាល់​ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

អង្គការ Education Cannot Wait ដែល​ចាត់ចែង​ដោយ​អង្គការ​មូលនិធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ថា កុមារ​ទាំង​នេះ​ជា​ច្រើន​ប្រហែលជា​មិន​អាច​ត្រឡប់​ទៅ​សាលារៀន​វិញ​ជា​រៀង​រហូត។ ក៏​ប៉ុន្តែ​អង្គការ​នេះ​បាន​បន្ថែម​ថា កុមារ​ជា​ច្រើន​ទៀត​អាច​ទៅ​រៀន​វិញ​បាន ប្រសិនបើ​ពួកគេ​មាន​ជំនួយ។

អ្នកស្រី Yasmine Sherif នាយិកា​ប្រតិបត្តិ​នៃ​មូលនិធិ​នេះ បាន​ប្រាប់ VOA ថា អង្គការ Education Cannot Wait ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​នេះ។

អ្នកស្រី Sherif និយាយ​ថា៖ «វា​មិន​មែន​ថា​តើ​យើង​អាច​ធ្វើ​វា​តាម​របៀប​ណា​នោះ​ទេ ដោយសារតែ​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ហើយ។ យើង​កំពុង​ផ្តល់​ការ​សិក្សា​អប់រំ ហើយ​យើង​កំពុង​ធ្វើ​ការងារ​នេះ​ដោយ​ផ្អែក​លើ​ទស្សនៈ​នៃ​ស្ថានការណ៍​មាន​វិបត្តិ»។

អ្នកស្រី Sherif បាន​ពន្យល់​ថា មូលនិធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ដំណើរការ​នៅ​ក្នុង​ស្ថានការណ៍​មាន​វិបត្តិ និង​ស្ថានការណ៍​អាសន្ន​បន្ទាន់។

អ្នកស្រី Sherif ថ្លែង​ដូច្នេះ​ថា៖ «អង្គការ Education Cannot Wait ជា​មូលនិធិ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​សិក្សា​អប់រំ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង នៅ​ពេល​មាន​ការ​រីក​រាលដាល​នៃ​សង្គ្រាម និង​សូម្បីតែ​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​ឆ្លង​ផង​ដែរ»។

មូលនិធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​បញ្ហា​មនុស្សធម៌​ពិភពលោក​ក្នុង​ទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេស​ទួរគី កាល​ពី​ឆ្នាំ ២០១៦។

ចាប់​តាំងពី​ពេល​នោះ​មក មូលនិធិ​នេះ​បាន​ជួយ​កុមារ ៣ លាន ៥ សែន​នាក់​ដែល​បាន​ជួប​ប្រទះ​សង្គ្រាម រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ឬ​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​មហន្តរាយ​នានា​ទាក់ទិន​នឹង​បញ្ហា​អាកាសធាតុ។

អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ពី​មូលនិធិ​នេះ​មាន​ដូចជា កុមារ​នៅ​ក្នុង​តំបន់ Sahel នៅ​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក កុមារ​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​ក្នុង​ទ្វីប​អាហ្វ្រិក កុមារ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ប្រទេស​បង់ក្លាដេស និង​តំបន់​មជ្ឈិម​បូព៌ា។

អ្នកស្រី Sherif និយាយ​ថា នៅពេល​នេះ មូលនិធិ​នេះ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ចំនួន ៣៥។ អ្នកស្រី​បន្ថែម​ថា ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ បាន​បង្ខំ​ឱ្យ​អង្គការ​សហប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដៃគូ កែប្រែ​វិធី​របស់​ពួកគេ​ក្នុង​ការ​ផ្តល់​ការ​សិក្សា​អប់រំ​ដល់​កុមារ។

អ្នកស្រី​លើកឡើង​ថា ពួកគេ​ត្រូវតែ​សម្រប​សម្រួល​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​រក្សា​គម្លាត​ពីគ្នា ដោយ​វិធី​ថ្មីៗ​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​សិស្ស​ជាច្រើន​ដែល​មិន​មាន​លទ្ធភាព​សិក្សា​តាម​អនឡាញ​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា ក្នុង​អំឡុងពេល​បិទ​សាលាររៀន​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។

អ្នកស្រី Sherif បញ្ជាក់​ដូច្នេះ​ថា៖ «យើង​ប្រើ​បច្ចេកវិទ្យា ប្រើ​វិទ្យុ ប្រើ​គ្រូបង្រៀន ប្រើ​អាគារ​សាលារៀន ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​និង​អនាម័យ ព្រមទាំង​បញ្ហា​ផ្តល់​អាហារ​ក្នុង​សាលារៀន​ដល់​សិស្ស ដើម្បី​ឲ្យ​សិស្ស​មាន​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ ដែល​សំខាន់​សម្រាប់​ពួកគេ»។

មុន​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ កុមារ​និង​យុវជន​ប្រមាណ ៧៥ លាន​នាក់​ដែល​ស្ថិត​ក្នុង​ប្រទេស​មាន​វិបត្តិ មិន​អាច​ទទួល​បាន​ការ​សិក្សា​អប់រំ​នោះ​ទេ។ អ្នកស្រី Sherif បាន​និយាយ​ថា ចំនួន​នេះ​បាន​កើន​ថែម​ទៀត ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។

អ្នកស្រី​បាន​បន្ថែម​ដូច្នេះ​ថា អង្គការ Education Cannot Wait ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​ថវិកា​ជា​បន្ទាន់​ចំនួន ៣១០ លាន​ដុល្លារ ដើម្បី​ជួយ​កុមារ​ងាយ​រងគ្រោះ​នានា ដែល​ប្រឈម​នឹង​ការ​មិន​ទទួល​បាន​ការ​សិក្សា​អប់រំ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG