ការចំណាយលើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោកបានធ្លាក់ចុះមកត្រឹម៣៨ភាគរយនៅក្នុងឆ្នាំ២០១៤ ធៀបនឹងឆ្នាំ២០១០ដែលមានរហូតដល់ទៅ៤៧ភាគរយ នេះបើយោងតាមការវាយតម្លៃអំពីសមត្ថភាពយោធាជាសកលចុះផ្សាយក្នុងខែកុម្ភៈនៅចក្រភពអង់គ្លេស។
អ្នកវិភាគមកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្តបាននិយាយថា ការផ្លាស់ប្តូរបានកើតឡើងនៅពេលដែលការចំណាយយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីបានកើនឡើងយ៉ាងខ្លាំង។
នៅក្នុងតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង ការចំណាយតិចតួចលើវិស័យការពារជាតិត្រូវបានគេប៉ាន់ស្មានថា បានកើនឡើងជិត២ភាគ៣តាំងពីឆ្នាំ២០១០មក។ នៅក្នុងទ្វីបអាស៊ី ការចំណាយនេះបានកើនឡើងលើសពី១ភាគ៤។
Ben Barry គឺជាអ្នកវិភាគជាន់ខ្ពស់សម្រាប់បញ្ហាសង្រ្គាមលើដីនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្តបាននិយាយថា៖
«ការចំណាយនៅក្នុងតំបន់មជ្ឈិមបូព៌ាបានកើនឡើង មួយផ្នែកគឺដោយសារបដិវត្តន៍អារ៉ាប់ ហៅ «Arab Spring» ហើយមួយផ្នែកទៀតគឺដោយសារភាពតានតឹងយុទ្ធសាស្រ្តនៅទីនោះ ដូចជាប្រទេសតាមបណ្តោយឈូងសមុទ្រអារ៉ាប់ និងអ៊ីរ៉ង់។ នៅអាស៊ី បណ្តាប្រទេសរីកចម្រើនបានសម្រេចចិត្តធ្វើការវិនិយោគមួយចំនួនដែលបានមកពីការរីកចម្រើននោះ ទៅក្នុងការធ្វើទំនើបភាវរូបនីយកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
របាយការណ៍បានឲ្យដឹងថា នៅក្នុងកម្រិតមួយ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិចមួយចំនួន នៅតែមានសមត្ថភាពខ្លាំងក្លាលើផ្នែកវិស័យយោធា។ ប៉ុន្តែរបាយការណ៍នោះបានឲ្យដឹងបន្ថែមទៀតថា ប្រទេសលោកខាងលិចនោះកំពុងស្ថិតនៅក្នុងហានិភ័យនៃការបាត់បង់បច្ចេកវិទ្យាយោធារបស់ខ្លួនជាសន្សឹមៗ។
នៅក្នុងទ្វីបអ៊ឺរ៉ុប ការចំណាយពិតប្រាកដលើវិស័យការពារជាតិក្នុងឆ្នាំ២០១៤ គឺមាន៧ភាគរយតិចជាងការចំណាយក្នុងឆ្នាំ២០១០ ។
«ខណៈដែលអំណាចសេដ្ឋកិច្ចភូមិសាស្រ្តបានផ្លាស់ប្តូរទៅតំបន់ខាងកើត ពីទ្វីបអឺរ៉ុបឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក វិស័យយោធាក៏មានការផ្លាស់ប្តូរដូចគ្នាដែរ។ ហើយជាពិសេសគឺ ការងើបឡើងរបស់ប្រទេសចិន ដែលកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិរបស់ប្រទេសនោះបានកើនឡើងយ៉ាងខ្លាំង ហើយជាប្រទេសដែលកំពុងបង្កើនការផលិតយានយន្ត កប៉ាល់ និងយន្តហោះចម្បាំងឲ្យកាន់តែទំនើបនិងមានសមត្ថភាពខ្ពស់ជាងមុន»។
ប្រធានវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្ត លោក John Chipman បានបង្ហាញពីរបាយការណ៍នេះនៅក្នុងទីក្រុងឡុងដ៍។ លោកនិយាយថា ចំណុចមួយដែលជាការព្រួយបារម្ភអំពីវិស័យយោធាសម្រាប់ឆ្នាំ២០១៤គឺ ការកើតឡើងជាថ្មីនៃជម្លោះក្នុងទ្វីបអ៊ឺរ៉ុប។
លោក Chipman បាននិយាយថាព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យរង្គោះរង្គើដល់ «ការជឿទុកចិត្តទាំងអស់» រវាងប្រទេសមហាអំណាចលោកខាងលិច និងប្រទេសរុស៊្សី។
«នៅក្នុងវិបត្តិនេះ ប្រទេសរុស្សីបានបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការប្រើប្រាស់កម្លាំងទ័ពនិងគាំទ្រការប្រើប្រាស់កម្លាំងដោយក្រុមផ្សេងៗនៅក្នុងប្រទេសអ៊ុយក្រែន។ ជារួម ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងប្រទេសរុស្សីដែលពាក់ព័ន្ធក្នុងការធ្វើសង្រ្គាម និងហាក់ដូចជាមានបំណងធ្វើតេស្តលើការដោះស្រាយរបស់ប្រទេសលោកខាងលិច»។
យោងតាមរបាយការណ៍នេះ ការចំណាយក្នុងវិស័យការពារជាតិរបស់រុស្សីបានកើនឡើងជាមធ្យម១០ភាគរយក្នុងរយៈពេល៣ឆ្នាំ គិតរហូតមកត្រឹមឆ្នាំ២០១៤នេះ។
របាយការណ៍នោះរៀបរាប់ថា ប្រទេសរុស្សីបានប្រើប្រាស់វិធីសាស្រ្តនយោបាយយោធាទាំងប្រពៃណី និងមិនប្រពៃណីជាច្រើន ដែលធ្វើឲ្យប្រទេសជាសមាជិកអង្គការណាតូ (NATO) «ផ្អាកដើម្បីគិតសិន»។
លោក Ben Barry ថ្លែងថា៖
«អ្វីដែលយើងមើលឃើញគឺ ការបះបោរដែលគាំទ្រដោយរដ្ឋមួយយ៉ាងមានប្រសិទ្ធភាព នៅកន្លែងដែលមានការឃោសនា ការផ្តល់ព័ត៌មានមិនពិតប្រាកដ និង ទំហំនៃជម្លោះដែលមានលើសពីការប្រើកម្លាំងមនុស្ស។ អ្វីដែលថ្មីគឺ ល្បឿននៃជម្លោះដែលអាចកើតមានឡើង និងទំហំនៃប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ជាពិសេសរបៀបនៃការឃោសនា និងការផ្សព្វផ្សាយសារផ្សេងៗដែលត្រូវបានចែកចាយតាមបណ្តាញផ្សព្វផ្សាយសង្គមយ៉ាងឆាប់រហ័ស»។
របាយការណ៍នោះបានឲ្យដឹងផងដែរថា ប្រទេសរុស្ស៊ីប្រហែលមានការលំបាកក្នុងការទ្រទ្រង់នូវកំណើននៃការចំណាយយោធា ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងកត្តាផ្សេងៗដូចជា ការធ្លាក់ចុះនៃតម្លៃប្រេង និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា