លោកប្រធានាធិបតីបារាំង Francois Hollande មានប្រសាសន៍ថា ការដាក់ទណ្ឌកម្មប្រឆាំងប្រទេសរុស្ស៊ីនឹងត្រូវលប់ចោល ប្រសិនបើការចរចាដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនមានការជឿនលឿន។
លោកប្រធានាធិបតី Hollande បានប្រាប់ស្ថានីយវិទ្យុបារាំង (France Inter)កាលពីថ្ងៃច័ន្ទថា លោកនឹងចូលរួមការចរចាអន្តរជាតិស្តីពីវិបត្តិប្រទេសអ៊ុយក្រែនដែលគ្រោងធ្វើឡើងនៅចុងខែនេះ ប្រសិនបើ «ការជឿនលឿនថ្មី» អាចត្រូវបានធ្វើឡើងឆ្ពោះទៅកាន់ការបញ្ចប់ជម្លោះរវាងរដ្ឋាភិបាលអ៊ុយក្រែននិងពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ីនោះ។
លោក Steffen Seibert អ្នកនាំពាក្យរបស់លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់ និយាយដោយមានការប្រយ័តយ៉ាងខ្លាំងថា លោកមិនប្រាកដទេថាតើនៅពេលណាជំនួបបែបនេះ នឹងកើតមានឡើង ដោយលោក និយាយបន្ថែមទៀតថា វាជាការសម្យហេតុផល ប្រសិនបើយើងអាចធ្វើឲ្យការចរចានោះជឿនលឿនទៅមុខ។
ប្រធានាធិបតី Petro Poroshenko នៃប្រទេសអ៊ុយក្រែនបានប្រកាសកាលពីខែមុនថា លោកមានផែនការជួបជាមួយប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ី លោកស្រីអធិការបតី Merkel និងប្រធានាធិបតី Hollande នៅថ្ងៃទី១៥ ខែមករា នៅក្នុងរដ្ឋធានីអាស្តាណា(Astana) នៃប្រទេសកាហ្សាក់ស្ថាន (Kazakhstan)។
ពួកអ្នកការទូតមកពីប្រទេសអ៊ុយក្រែន រុស្ស៊ី បារាំងនិងអាល្លឺម៉ង់ បានជួបគ្នាកាលពីថ្ងៃច័ន្ទនៅក្នុងទីក្រុងប៊ែឡាំង(Berlin) ដើម្បីពិភាក្សាការខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។
ប្រធានាធិបតី Hollande បាននិយាយថា លោក Putin បានប្រាប់លោកថា លោក មិនចង់យកតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនធ្វើជាឧបសម្ព័ន្ធទេ។ លោក និយាយបន្ថែមទៀតថា ផ្ទុយទៅវិញ មេដឹកនាំរុស្ស៊ីចង់រក្សាឥទ្ធិពលហើយធ្វើឲ្យប្រាកដថា អ៊ុយក្រែនមិនចូលរួមក្នុងអង្គការអូតង់។
សហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លូននៅអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ីចំពោះការយកឧបទ្វីប Crimea ធ្វើជាឧបសម្ព័ន្ធហើយនិងការគាំទ្រពួកទាមទារបំបែករដ្ឋក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ជម្លោះក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បានផ្តាច់ជីវិតមនុស្សជាង៤ពាន់៧រយនាក់ចាប់តាំងពីខែមេសាឆ្នាំមុនមក។
កាលពីថ្ងៃច័ន្ទដែរ ប្រធានាធិបតី Poroshenko បានប្រគល់រថពាសដែកនិងអាវុធធុនធ្ងន់ រួមមានយន្តហោះចម្បាំង៤គ្រឿង ទៅឲ្យពួកកងទ័ពក្នុងអំឡុងនៃពិធីមួយនៅតំបន់ភាគពាយព្យនៃប្រទេសអ៊ុយក្រែន។
ការិយាល័យព័ត៌មានរបស់លោកបានរាយការណ៍ថា លោក Poroshenko បានសម្តែងនូវសេចក្តីសង្ឃឹមថា ឆ្នាំ២០១៥ នឹងក្លាយជាឆ្នាំជ័យជម្នះនិងសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន៕