ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធាចូលរួម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ប៉ែក​ខាង​ជើង​បំផុត​នៃ​ប្រទេស​កាណាដា


រូបឯកសារ៖ ក្នុងរូប​ដែល​ចេញផ្សាយដោយ​កងកម្លាំង​កាណាដា​នេះ បង្ហាញពី​កងទ័ព​កាណាដា​សម្រាក ក្រោយ​ពី​បាន​ជួយ​ពន្លត់ភ្លើង​នៅ​ជិត​ក្រុង La Ronge កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥។ ថ្មីៗ​នេះ យោធា​កាណាដា​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​ជួយ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភាគពាយ័ព្យ​របស់​ប្រទេស។
រូបឯកសារ៖ ក្នុងរូប​ដែល​ចេញផ្សាយដោយ​កងកម្លាំង​កាណាដា​នេះ បង្ហាញពី​កងទ័ព​កាណាដា​សម្រាក ក្រោយ​ពី​បាន​ជួយ​ពន្លត់ភ្លើង​នៅ​ជិត​ក្រុង La Ronge កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥។ ថ្មីៗ​នេះ យោធា​កាណាដា​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​ជួយ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភាគពាយ័ព្យ​របស់​ប្រទេស។

យោធា​កាណាដាត្រូវ​បាន​បញ្ជូន​ទៅ​ភាគ​ខាង​ជើង​បំផុត​នៃ​ប្រទេស​ក្នុង​សប្តាហ៍​នេះ ដើម្បី​ជួយពន្លត់​ភ្លើង​ឆេះ​ព្រៃ​រាប់រយ​កន្លែង​ដែលគ្រប់គ្រង​លែង​បាន ពេល​ដែល​ពលរដ្ឋ​នៅ​តាម​សហគមន៍​ដាច់​ស្រយាល​ជាច្រើន បាន​ភៀសខ្លួន​ចេញ​ពី​អណ្តាត​ភ្លើង​ដែល​ឆេះ​រាល​ដាល​សន្ធោសន្ធៅ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។​

ទន្ទឹម​ពេល​គ្នា​នេះ ខេត្ត British Columbia ដែលជាប់ឆ្នេរ​សមុទ្រ​ប៉ាស៊ីហ្វិកក្នុង​ប្រទេស​កាណាដា ក៏​ពើប​ប្រសព្វ​នឹង​រលក​កម្កៅ ដែល​គេ​រំពឹង​ថា​នឹង​រឹតតែ​បន្ថែម​កម្តៅ​ដល់​ភ្លើង​ដែល​ឆេះ​ព្រៃ​នៅ​ទី​នោះ​ថែម​ទៀត។

រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Bill Blair បាន​និយាយ​តាម​ប្រព័ន្ធ X ដែល​គេ​ស្គាល់​ពី​មុន​ជា Twitter​ថា៖​ «យើង​នៅ​ជាមួយ​ពលរដ្ឋ​នៅ​ដែនដី​ពាយ័ព្យ ពេល​ដែល​ពួកគេ​ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធ្ងន់ធ្ងរ»។

លោក​បន្ថែម​ថា៖ «ដើម្បី​ឆ្លើយតប​តាម​សំណើ​សុំ​ជំនួយ កង​កម្លាំង​កាណាដា នឹង​ជួយ​ក្នុង​សកម្មភាព​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​តាមរយៈ​ការ​ដឹក​ជញ្ជូន​តាម​អាកាស ការ​រៀបចំ​ផែនការ ការ​សម្របសម្រួល​និង​ភស្តុភារ»។

គេ​មិន​បាន​ប្រកាស​ពី​ចំនួន​ទ័ព​ដែល​ត្រូវ​បញ្ជូន​ទៅ​នោះ​ទេ តែ​យោធា​កាណាដា កន្លង​មក​បាន​បញ្ចូន​កងទ័ព​រាប់រាយ​នាក់​ទៅ​កាន់​ខេត្ត​៤​ផ្សេង​ទៀត​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដើម្បី​ជួយ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ជាមួយ​អ្នក​ពន្លត់​អគ្គិភ័យ​ជិត​១១.០០០​នាក់ រួម​ទាំង​អ្នក​ពន្លត់​អគ្គិភ័យ​៥.​០០០​នាក់​មក​ពី​បរទេស​ផង។

នៅ​រដូវ​នេះ ភ្លើង​ឆេះ​ព្រៃ​ទ្រង់ទ្រាយ​ធំបាន​រាល​ដាល​ពេស​ពេញ​ប្រទេសដែល​មាន​ដង់ស៊ីតេ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​បាន​បង្ខំ​ប្រជាជន​កាណាដា​១៦៨.០០០​នាក់ ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ហើយ​បាន​ឆេះ​រាលដាល​លើ​ផ្ទៃ​ព្រៃ​ទំហំ​១៣.៥​លាន​ហិកតា ជិត​ស្មើ​ពីរ​ដង​នៃ​ផ្ទៃ​ព្រៃ​ទំហំ​៧.៣​លាន​ហិកតា​ដែល​ត្រូវ​បាន​កត់​ត្រា​ចុងក្រោយ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​បង្ក្រាប​ភ្លើង​ព្រៃ​អន្តរក្រសួងកាណាដា CIFFC (the Canadian Interagency Forest Fire Center)។ រហូត​មក​ដល់​ពេល​នេះ មនុស្ស​៤​នាក់​ហើយបាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​កាណាដា​ក្នុង​ឆ្នាំ​នេះ៕

ប្រែសម្រួលដោយលោក សាយ មុន្នី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG