នាយឧត្តមសេនីយ៍ និងជាអគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ បានស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យផ្លាស់ប្តូរ និងតែងតាំងកូន និងក្មួយរបស់លោកពីអង្គភាពអគ្គបញ្ជាការដ្ឋានទៅកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នេះបើយោងតាមលិខិតមួយច្បាប់ដែលមានត្រាជាឈ្មោះរបស់លោក ឥត សារ៉ាត់ និងមានចំណាររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដែលវីអូអេទទួលបាន។
ក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានគោរពជូនទៅលោក ស ខេង ដោយស្នើសុំផ្លាស់ប្តូរ និងតែងតាំងកូនរបស់លោក ឈ្មោះ រ៉ាត់ ដារ៉ារ័ត្ន ជាឧត្តមសេនីយ៍ត្រី និងជានាយរងលេខាធិការដ្ឋានសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន សុំផ្លាស់ទៅកាន់តួនាទីជាអភិបាលរងរាជធានីភ្នំពេញ។ បន្ថែមពីនេះ លោកក៏បានស្នើឲ្យពិចារណាក្មួយរបស់លោក ឈ្មោះ ណុប ឡងឌី ដែលជាឧត្តមសេនីយ៍ត្រី និងជានាយករងសាលាទាហានសកម្មអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សុំផ្លាស់ទៅកាន់តួនាទីជាអភិបាលរងខេត្តសៀមរាប។
លោក ឥត សារ៉ាត់ បញ្ជាក់ក្នុងលិខិតនោះថា៖ «ដោយតាមការសិក្សា និងសមត្ថភាពក្នុងការបំពេញការងារកន្លងមក កូន និងក្មួយរបស់ខ្ញុំបាទ បានរៀនចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច អនុបណ្ឌិតរដ្ឋបាលសាធារណៈ ហើយបានបំពេញការងារបានជោគជ័យតាមភារកិច្ច»។
នៅក្នុងលិខិតនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចារឈ្មោះលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឱ្យសិក្សា និងផ្តល់យោបល់ផងដែរ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ថ្លែងថាលោកមិនបានទទួលលិខិតនេះទេ ហើយបានឱ្យអ្នកសារព័ត៌មានរបស់វីអូអេ ទៅសួរសាមីខ្លួនផ្ទាល់វិញ។
នៅពេលវីអូអេទាក់ទងទៅ លោក ឥត សារ៉ាត់ បានចោទសួរអ្នកសារព័ត៌មានថាហេតុអ្វីបានជាអ្នកសារព័ត៌មានចាប់អារម្មណ៍លើរឿងបែបនេះ។ លោកបញ្ជាក់បន្ថែមមុនដាក់ទូរស័ព្ទចុះថា លិខិតរបស់លោកហួសកំណត់ទៅហើយ។
លោកថ្លែងថា៖ «មើល៍ ឥឡូវខ្ញុំសួរទៅវិញ សារព័ត៌មានយើងចាប់អារម្មណ៍អ៊ីចឹងៗម៉េស? អាហ្នឹងជាការងារមន្ត្រីរាជការតាស៍។ ការងារមន្ត្រីរាជការ...វាមានអ្នកខិលខូចខ្លះ រក្សាឯកសារមិនត្រឹមត្រូវ ហើយចេញអ៊ីចឹង។ ហើយអ្នកសារព័ត៌មានយើងអីក៏ចាប់អារម្មណ៍ម៉េស»។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ថ្លែងថានេះជាចំណុចមួយបង្ហាញថាជាសញ្ញាមិនល្អ ពីព្រោះតួនាទីអភិបាលរង និងអភិបាលខេត្ត គួរណាស់តែមានការស្នើសុំតាមបែបបទរបស់មន្ត្រីស៊ីវិល ដើម្បីឱ្យការបំពេញការងារមានភាពស៊ីសង្វាក់គ្នា។
លោកបញ្ជាក់ថា៖ «ការស្នើសុំណាមួយ គួរតែកើតចេញពីស្ថាប័នស៊ីវិលដូចគ្នា បានន័យថាប្រសិនបើមានសំណូមពរ នៅក្នុងក្របខណ្ឌក្រោមឡើងលើ បានន័យថាជួររដ្ឋបាលថ្នាក់ក្រោមជាតិហ្នឹង ស្ថិតនៅក្នុងកញ្ចប់តែមួយ ក្នុងបែបបទរដ្ឋបាលតែមួយ ខ្ញុំគិតថាជារឿងមួយល្អ។ ប៉ុន្តែការស្នើសុំបែបនេះ មើលទៅដូចជាពុំសូវមានលក្ខណៈស៊ីសង្វាក់គ្នានៃបែបបទនៃការងារ»។
ចំណែកនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថាស្ថាប័នរដ្ឋគួរតែមានយន្តការមួយជ្រើសរើសដោយស្មើភាពគ្នា ដែលអាចធ្វើឱ្យមន្ត្រីមានសមត្ថភាពពេញលេញ ក្នុងបម្រើការងារប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ ជាពិសេសធ្វើឲ្យការផ្តល់សេវាសាធារណៈនានាមានភាពល្អប្រសើរ។ លោកចាត់ទុកការតែងតាំងតែសែស្រឡាយរបស់មន្រ្តីជាន់ខ្ពស់សម្រាប់តំណែងធំៗ គឺជាការបន្ទុចបង្អាក់ដល់មន្ត្រីមានសមត្ថភាពផ្សេងទៀត ដែលមិនមានសែស្រឡាយ។
លោកថ្លែងថា៖ «ក្របខណ្ឌមន្ត្រីយើងឥឡូវមានក្មេងៗច្រើន ដែលគាត់មានសមត្ថភាពទាំងចំណេះជំនាញរបស់គាត់ ទាំងបទពិសោធន៍។ ហើយគាត់អាចរៀនគ្រប់គ្រងពីប្រទេសក្រៅ ដើម្បីឲ្យគាត់អាចបំពេញ បម្រើប្រយោជន៍សាធារណៈបាន។ អ៊ីចឹងខ្ញុំគិតថាកាលណាយើងតែងតាំង ដោយមិនឆ្លងតាមយន្តការប្រកួតប្រជែង ដោយស្មើភាពគ្នា អ្នកផ្សេងអាចបាត់បង់ឱកាសហើយ»។
បើតាមគេហទំព័ររបស់រដ្ឋបាលខេត្តសៀមរាប រចនាសម្ព័ន្ធថ្នាក់ដឹកនាំខេត្ត រួមមានលោក ទៀ សីហា ជាគណៈអភិបាលខេត្តសៀមរាប ដែលត្រូវជាកូនប្រុសរបស់លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអភិបាលរងខេត្តមានចំនួន៦នាក់ គឺលោក លី សំរិទ្ធ លោក ពៅ ពិសិដ្ឋ អ្នកស្រី យូ សុភា លោក ពិន ប្រាកដ លោក ង៉ាន់ ភិរុណ និងលោក នាក់ ណេរ៉ុន៕