ក្រុមគ្រួសាររបស់សកម្មជនមួយចំនួនបានចាត់ទុកការកាត់ទោសស្វាមី និងសាច់ញាតិរបស់ពួកគេឱ្យ ជាប់ពន្ធនាគារ ក្នុងសំណុំរឿង«រួមគំនិតក្បត់» គឺជារឿងអយុត្តិធម៌ និងជាការសម្រេចជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមដោយផ្តន្ទាទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៥១នាក់ ឱ្យជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំទៅ៨ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់ និងញុះញង់» នៅក្នុងសំណុំរឿងគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៩។ នៅក្នុងចំណោមរឿងនោះ មានសកម្មជនខ្លះទៀត ត្រូវបានតុលាការសម្រេចព្យួរទោស។ នេះបើតាមអង្គការសិទ្ធិមនុស្សលីកាដូ។
អ្នកស្រី សេង ចាន់ថន ភរិយារបស់លោក ស៊ុន ធន់ ដែលជាអតីតសមាជិកក្រុមប្រឹក្សាស្រុកនៅខេត្តកំពង់ធំ ប្រាប់វីអូអេថាការផ្តន្ទាទោសស្វាមីដែលកំពុងជាប់ពន្ធនាគារ និងសកម្មជនផ្សេងៗទៀត គឺជារឿងអយុត្តិធម៌។ អ្នកស្រីបន្ថែមថាពួកគេមិនបានធ្វើអ្វីខុស ដោយគ្រាន់តែជាអ្នកនយោបាយចង់ឃើញសង្គមមានភាពរីកចម្រើនប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖«តែផ្ទុយទៅវិញ តុលាការស្រុកខ្មែរបែរជាកាត់ពួកគាត់ឱ្យមានទោសដល់ទៅ៥ឆ្នាំទៅ៨ឆ្នាំ។ វាអត់សមទាល់តែសោះ។ អ៊ីចឹងខ្ញុំគិតថាតុលាការស្រុកខ្មែរមិនដឹងថាគាត់គិតអីទេ។ បើគាត់មិនមែនជាតុលាការមួយដែលរកភាពយុត្តិធម៌ឱ្យអ្នកដែលជួបរឿងអយុត្តិធម៌ទេ បែរជាកាត់ទោសពួកគាត់ឱ្យជាប់ទោសទៅវិញ»។
នៅក្នុងសំណុំរឿងរួមគំនិតក្បត់នេះ មនុស្សប្រមាណ១៤០នាក់ ត្រូវបានតុលាការចោទប្រកាន់ ក្នុងនោះក៏មានកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលត្រូវបានចាប់ខ្លួនភ្លាមៗ កាលពីថ្ងៃអង្គារ ក្រោយតុលាការប្រកាសសាលក្រមផ្តន្ទាទោសជាប់ពន្ធនាគារចំនួន៦ឆ្នាំ។
អ្នកស្រី ព្រុំ ចាន់ថា ជាភរិយារបស់លោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង អះអាងថាតុលាការមិនសុក្រឹត និងមិនឯករាជ្យ ហើយចោទថាបម្រើផលប្រយោជន៍ឱ្យគណបក្សកាន់អំណាច។
អ្នកស្រីថ្លែងថា៖«តុលាការនៅត្រង់ណាដែលហៅថាតុលាការបម្រើប្រជាពលរដ្ឋ អត់មានទាល់តែសោះ អត់មានសោះតែម្តង។ អ៊ីចឹងខ្ញុំមានការឈឺចាប់ខ្លាំងបំផុតសម្រាប់ប្រទេសកម្ពុជាមួយនេះ។ ខ្ញុំទទួលយកអត់បាន»។
ចំណែកកញ្ញា ហេង បុរី អាយុ២៦ឆ្នាំ កូនស្រីរបស់លោក ហេង ចាន់សុធី ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ប្រាប់វីអូអេថាការកាត់ក្តីរបស់តុលាការ អយុត្តិធម៌ និងមានហេតុផលនយោបាយនៅពីក្រោយ។
កញ្ញា ហេង បុរី និយាយថា៖«ខ្ញុំរំពឹងថានឹងមានដំណោះស្រាយនយោបាយមួយនៅថ្ងៃខាងមុខ ហើយល្អប្រសើរ ហើយសង្ឃឹមថាតុលាការនឹងងាកមកជាតុលាការដែលមានភាពឯករាជ្យ ដែលមានភាពអព្យាក្រឹត្យ មិនកាត់ក្តីដោយភាពលម្អៀង ឬក៏តាមការបង្គាប់បញ្ជារបស់បុគ្គលណានោះទេ»។
វីអូអេមិនអាចសុំការឆ្លើយតបពីលោក អ៊ី រិន្ទ អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញ បាននៅឡើយទេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថានេះជាការសម្រេចរបស់តុលាការ ហើយភាគីដែលមិនពេញចិត្តអាចប្តឹងទាស់បាន។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថាការកាត់ទោសអតីតក្រុមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ មានជាប់ហេតុផលនយោបាយ ដូច្នេះត្រូវមានការសម្របសម្រួលខាងនយោបាយ ដើម្បីបើកផ្លូវឱ្យអ្នកដែលត្រូវបានកាត់ទោសមានសេរីភាពឡើងវិញ។
លោកថ្លែងថា៖«ថារឿងនេះ គឺជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់។ យើងជាអង្គការសង្គមស៊ីវិល យើងចង់ឃើញអ្នកនយោបាយទាំងអស់ បន្តនូវវប្បធម៌នៃការសន្ទនា ការចរចា ដើម្បីធ្វើយ៉ាងណា ដើម្បីបញ្ចប់វិបត្តិនយោបាយដែលសេសសល់នៅកម្ពុជាហ្នឹង ឱ្យបានចប់ ហើយវិលងាកទៅរកការប្រកួតប្រជែងគ្នាដោយការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថាគណបក្សភ្លើងទៀនដែលដឹកនាំដោយអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃពុធ ក៏បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសាលក្រមរបស់តុលាការរាជធានីភ្នំពេញថា«ជារឿងនយោបាយ អយុត្តិធម៌បំផុត មិនអាចទទួលយកបានឡើយ»។
គណបក្សភ្លើងទៀនបញ្ជាក់ក្នុងន័យដើមថា៖«ការផ្តន្ទាទោស ការចាប់ខ្លួន និងការឃុំខ្លួនខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិពលរដ្ឋ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។ គណបក្សប្រឆាំងនេះបានទាមទារឱ្យដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ៕