ដោយសារតែភាពក្រក្រី និងកង្វះព័ត៌មានជុំវិញបញ្ហាចំណាកស្រុក បានធ្វើឲ្យពលករកម្ពុជាចាកចេញទៅក្រៅប្រទេសដោយប្រថុយប្រថាន។ មានពលករចំណាកស្រុកជាច្រើន រងគ្រោះដោយសារការកេងប្រវ័ញ្ចពលកម្ម និងជួញដូរពីក្រុមមេខ្យល់។
ជាក់ស្តែង កាលពីដើមសប្តាហ៍កន្លងទៅ ពលករកម្ពុជាខុសច្បាប់ចំនួន៤រូប ដែលធ្វើការងារជាកម្មករបាញ់ថ្នាំក្នុងចំការមួយនៃប្រទេសម៉ាឡេស៊ីត្រូវបានជួយសង្គ្រោះ ដោយសា្ថនទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី និងសមាគមអាដហុកនៅកម្ពុជា បន្ទាប់ពីពួកគេមិនទទួលបានលក្ខខណ្ឌការងារនិងប្រាក់ឈ្នួលសមស្របដូចដែលពួកគេរំពឹងទុក។
យុវជន មឹង គង់គា វ័យ១៨ឆ្នាំ មកពីខេត្តកំពង់ធំ ជាពលករម្នាក់ក្នុងចំណោមពលករទាំង៤នាក់ដែលត្រូវបានជួយសង្គ្រោះ។ គង់គាឲ្យដឹងថា ខ្លួនពុំធ្លាប់ទទួលបានព័ត៌មានទាក់ទងនឹងពលករចំណាកស្រុកខុសច្បាប់ ឬការកេងប្រវ័ញ្ចពីពលករពីមុនមកនោះឡើយ។ ហេតុនេះទើបធ្វើឲ្យ គង់គាសម្រេចចិត្តចាកចេញទៅប្រទេសម៉ាឡេស៊ីជាមួយសាច់ញាតិមួយចំនួនទៀត ដើម្បីស្វែងរកប្រាក់កម្រៃខ្លះជួយស្រាយបំណុលម្តាយនៅឯផ្ទះ។ ក៏ប៉ុន្តែអ្វីៗផ្ទុយស្រឡះពីក្តីសង្ឃឹម។
ក្រៅពីមិនទទួលបានប្រាក់ខែ៣០០ដុល្លារសហរដ្ឋអាមេរិកដូចដែលមេខ្យល់បានសន្យា គង់គាទទួលបានប្រាក់កម្រៃត្រឹមតែ២០ម៉ឺនរៀល ឬប្រហែលជា៥០ដុល្លារតែប៉ុណ្ណោះ។ ជាងនេះទៅទៀត គង់គាបែរជាត្រូវប្រឈមមុខនឹងបញ្ហាសុខភាព ដោយសារពុលនឹងសារជាតិគីមី ដែលប្រើប្រចាំថ្ងៃក្នុងការងារនៅចំការនោះទៅវិញ។
«ខ្ញុំធ្វើបានមួយខែពុល ពុលធ្លាក់ឈាមតាមមាត់ ពេលខ្ញុំក្អួតធ្លាក់ឈាម ខ្ញុំថាធ្វើការអត់កើតទេ តែវានៅតែឱ្យខ្ញុំទៅធ្វើការ។ វាថាដំណាំវាខូច អ្នកណាទទួលខុសត្រូវ។ វាពិបាកក៏ពិបាក ហើយបានលុយតិចៗទៀត»។
ជាភ័ព្វសំណាងដែលគង់គា ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីធ្វើការក្នុងចំការនៅឯប្រទេសម៉ាឡេស៊ីនោះ អស់រយៈពេល៦ខែមក។ គង់គារៀបរាប់ពីហេតុការណ៍ដែលខ្លួនបានរត់គេចពីចំការនៅថ្ងៃនោះយ៉ាងដូច្នេះថា៖
«ឲ្យខ្ញុំរៀបចំឥវ៉ាន់ឱ្យបានឆាប់ រួចហើយខ្ញុំរត់ ខ្ញុំជិះម៉ូតូវាមកទុកនៅចំការ ហើយខ្ញុំក៏បានទាក់ទងខ្មែរនៅម៉ាឡេដែរ គាត់បានទាក់ទងតាក់ស៊ីឱ្យមកយកខ្ញុំ ដើម្បីជិះមកស្ថានទូត»។
អ្នកស្រីស៊ុយ សុខលី វ័យ៣៨ឆ្នាំ ជាម្តាយរបស់យុវជន មឹង គង់គា។ អ្នកស្រីក៏មិនធ្លាប់ទទួលបានដំណឹងទាក់ទងនឹងពលករចំណាកស្រុកពីមុននោះទេ រហូតដល់ថ្ងៃដែលកូនរបស់អ្នកស្រីផ្ទាល់បានក្លាយខ្លួនជាជនរងគ្រោះនៃការជួញដូរពលករខុសច្បាប់នេះ។ អ្នកស្រី រៀបរាប់ទាំងទឹកភ្នែកយ៉ាងដូច្នេះថា៖
«ខ្ញុំយំ ឃើញកូនមក អោបកូនម្ខាងមួយ ខ្ញុំស្មានតែកូនមិនរស់ផង ចេះបានខាងអង្គការគេជួយ បានយកកូនមកឱ្យខ្ញុំវិញ»។
យោងតាមរបាយការណ៍ស្តីពី «ស្ថានភាពសិទ្ធិស្ត្រី និងកុមារ» សម្រាប់៦ខែ ដើមឆ្នាំ២០១៥ ចេញផ្សាយដោយសមាគមសិទ្ធិមនុស្សអាដហុក ឲ្យដឹងថា ទំហំទីផ្សារការងារក្នុងស្រុកនៅមានកម្រិត និងតម្លៃពលកម្មទាប ជាកត្តាជំរុញឲ្យពលករកម្ពុជាសម្រេចចិត្តចាកចេញពីស្រុកកំណើត ទៅប្រទេសជិតខាងតាមរយៈ ក្រុមហ៊ុន នាំពលករស្របច្បាប់ មិនស្របច្បាប់ ឬតាមរយៈមេខ្យល់ជាដើម។
របាយការណ៍ដែលធ្វើឡើងនៅខែកក្កដានេះ បញ្ជាក់ថា ពលករទាំងនោះបានទៅបម្រើការងារជាអ្នកបម្រើតាមផ្ទះ ធ្វើការងារក្នុងវិស័យកសិកម្ម សំណង់ និងរោងចក្រ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស។
មួយវិញទៀត ដោយសារការចាកចេញតាមរូបភាពស្របច្បាប់ត្រូវការចំណាយថវិកាច្រើន និងពេលវេលាយូរ បានធ្វើឲ្យពលករខ្លះសម្រេចចិត្តចំណាកស្រុកខុសច្បាប់តាមរយៈមេខ្យល់ដែលអាចឲ្យពួកគេមានការប្រឈមមុខខ្ពស់នឹងហានិភ័យនានាដូចជាត្រូវបានចាប់ខ្លួន និងបញ្ជូនមកវិញដោយអាជ្ញាធរបរទេស និងការកេងបន្លំប្រាក់ខែពីសំណាក់មេខ្យល់ផងដែរ។
អ្នកស្រីឆន សុគន្ធា ប្រធានផ្នែកស្រ្តីនិងកុមាររបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថាកង្វះខាតការផ្សព្វផ្សាយព័ត៌មានទៅដល់ថ្នាក់មូលដ្ឋានអំពីបញ្ហាប្រឈមរបស់ពលករចំណាកស្រុក ធ្វើឲ្យមេខ្យល់ឆ្លៀតឱកាសបានក្នុងការបោកប្រាស់ប្រជាជននៅតាមតំបន់ដាច់ស្រយាល។
«ការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានក៏ដូចជាក្រសួងការងារ ពីផលវិបាកនៃការចំណាកស្រុកគឺយើងឃើញមានតែនៅតំបន់ទីប្រជុំជនទេ សម្រាប់តំបន់ជនបទដាច់ស្រយ៉ាលហ្នឹង ព័ត៌មានដែលគាត់ទទួលបានគឺ តាមរយៈមេខ្យល់។ ហើយមេខ្យល់ឥឡូវគាត់ទៅធ្វើការផ្សព្វផ្សាយដូរពីភូមិមួយទៅភូមិមួយ។ បើផលវិបាក គឺយើងមានតែខាងអង្គការ ឬក៏ខាងរដ្ឋាភិបាលតិចតួចបំផុត ដែលទៅធ្វើការផ្សព្វផ្សាយតាមថ្នាក់មូលដ្ឋាន»។
នៅក្នុងរបាយការណ៍របស់សមាគមអាដហុក ពលករស្របច្បាប់កម្ពុជាដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីមានចំនួនជាង៥ម៉ឺននាក់។
កាលពីឆ្នាំ២០១៣ ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី បានធ្វើសេចក្តីព្រាងអនុស្សារណៈយោគយល់ក្នុងការបញ្ចូនពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ ក៏ប៉ុន្តែមកទល់ពេលនេះ អនុស្សារណៈនេះនៅមិនទាន់ចេញជារូបរាងពិតប្រាកដនៅឡើយនោះទេ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស អះអាងថាព័ត៌មានជុំវិញពលករត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបញ្ជ្រាបព័ត៌មានទាំងនោះទៅដល់ថ្នាក់មូលដ្ឋាន។ ជាងនេះទៅទៀត ក៏មានការផ្សព្វផ្សាយអំពីបញ្ហាពលករចំណាកស្រុកនេះ នៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផងដែរ។
លោកស្រីរំឮកថា ប្រជាជនខ្លួនឯងផ្ទាល់ដែលមានបំណងចង់ធ្វើចំណាកស្រុកក៏គួរតែមានភាពសកម្មក្នុងការស្វះស្វែងរកព័ត៌មានពាក់ព័ន្ធ ដើម្បីចៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលអាចធ្វើឲ្យពួកគេងាយរងគ្រោះដោយអំពើជួញដូរពលកម្មផងដែរ។
«បើនិយាយអំពីរចនាសម្ព័ន្ធគណៈកម្មាធិការជាតិគឺមាននៅគ្រប់ដល់សង្កាត់ទៀត។ ហើយបើថានិយាយអំពីការងារភូមិឃុំមានសុវត្ថិភាពគឺដាក់បញ្ចូលនូវការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សទៅតាមគ្រប់ឃុំសង្កាត់។ ការលំបាករបស់ការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស នៅត្រង់ថាអ្នកដែលត្រូវបានគេបោកជាទូទៅគឺគាត់អត់សូវស្តាប់ការផ្សព្វផ្សាយ ឬការអប់រំទេ ប៉ុន្តែគាត់ស្វែងរកមេខ្យល់ច្រើនជាង។ប្រជាពលរដ្ឋយើងមិនសូវស្វែងយល់រកព័ត៌មាន»។
ជារឿយៗ រដ្ឋាភិបាលកម្ពុជា តែងតែធ្វើការអំពាវនាវ និងផ្សព្វផ្សាយ អំពីបញ្ហាប្រឈម និងហានិភ័យផ្សេងៗទៅដល់ពលករចំណាកស្រុក។ ជាក់ស្តែង កាលពីដើមខែកញ្ញានេះ ក្រសួងការបរទេស បានចេញសេចក្តីអំពាវនាវមួយ អំពីចំណាកស្រុកទៅក្រៅប្រទេសដើម្បីធ្វើការ និងរៀបការជាមួយជនបរទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់ទៅប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានពលករកម្ពុជា និងស្ត្រីខែ្មរ ធ្វើការចំណាកស្រុកដោយស្ម័គ្រចិត្ត និងដោយប្រថុយប្រថានទៅក្រៅប្រទេសដែរ។ ក៏ប៉ុន្តែ អ្នកចំណាកស្រុកខុសច្បាប់ភាគច្រើន ដូចយុវជន មឹងគង់គា ដែលជាអ្នកប្រថុយប្រថានម្នាក់ បានត្រឹមតែត្រឡប់មកស្រុកកំណើតវិញដោយដៃទទេ និងយកជំងឺរ៉ាំរ៉ៃជាប់ខ្លួនតែប៉ុណ្ណោះ៕