ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​មូរ សុខហួរ៖ ស្រ្តី​ងាយ​រងគ្រោះ​ជាង​បុរស​ ពេល​ធ្វើ​ចំណាក​ស្រុក


រូបឯកសារ៖ ស្ត្រីខ្មែរ​រងគ្រោះ​ពីរនាក់ ដែល​ធ្វើ​ចំណាកស្រុក​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី អង្គុយ​នៅ​ការិយាល័យ​អាដហុក បន្ទាប់ពី​បាន​ជួយ​សង្គ្រោះ​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ កាលពីថ្ងៃទី២ ខែ​មីនា ឆ្នាំ២០១៦។​ (ផន​បុប្ផា/VOA)
រូបឯកសារ៖ ស្ត្រីខ្មែរ​រងគ្រោះ​ពីរនាក់ ដែល​ធ្វើ​ចំណាកស្រុក​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី អង្គុយ​នៅ​ការិយាល័យ​អាដហុក បន្ទាប់ពី​បាន​ជួយ​សង្គ្រោះ​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ កាលពីថ្ងៃទី២ ខែ​មីនា ឆ្នាំ២០១៦។​ (ផន​បុប្ផា/VOA)

លោក​កែម យាន មកពី​ខេត្ត​កណ្តាល​ មាន​កូនស្រី​ម្នាក់​ឈ្មោះ​ កែម ឆៃយ៉ា​ បាន​ធ្លាក់​ខ្លួន​រងគ្រោះ​ត្រូវ​គេ​បញ្ឆោត​ឱ្យ​ទៅ​រៀបការ​ជាមួយ​នឹង​បុរស​ចិន​ម្នាក់ ​ទោះបី​ជា​កំពុង​ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​ផ្សេង​ទៀត ​ហើយ​មាន​កូន​មួយ​ក៏ដោយ។

ភាព​ក្រីក្រ ​ការ​ជំពាក់​ប្រាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​និង​កង្វះ​ការងារ​ធ្វើ​បាន​ក្លាយ​ជា​អម្រែក​ដ៏ធ្ងន់​ដែល​ធ្លាក់​មក​លើ​ពលរដ្ឋ​កម្ពុជា​ ហើយ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន​ ជាពិសេស​ស្ត្រី​វ័យក្មេង​មួយ​ចំនួន​ត្រូវ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​តំណាង​រាស្រ្ត ​និង​ជន​រងគ្រោះ។

នាង រស់ ផាន់ ​ជា​ជន​រងគ្រោះ​ម្នាក់​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​នា​ង​បាន​ចាកចេញ​ពីប្រទេស​កម្ពុជា​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ចិន​នៅ​ខែ​មីនា ឆ្នាំ​២០១៦​ ប៉ុន្តែ​បែរជា​ត្រូវ​មេ​ខ្យល់​បង្ខំ​ឱ្យ​យក​ប្តី​ជា​ជនជាតិ​ចិន៖

«ពេល​ទៅ​ពីនេះ​ខ្ញុំ​ថា​ទៅ​ធ្វើការ​ តែ​ពេល​ទៅ​ដល់​ប្រទេសចិន ​គេ​ឱ្យ​ទៅ​យក​ប្តី។ អត់​មាន​ទៅ​ធ្វើ​ការ​ផង‍»។

នាង​ត្រូវ​បង្ខំ​ឱ្យ​រៀបការ​ដោយ​ទទួល​បាន​ប្រាក់​ចំនួន​១០០០ដុល្លារ ផ្ញើ​ឱ្យ​ក្រុម​គ្រួសារ​ដែល​នៅ​ខេត្ត​ស្វាយរៀង ហើយ​រស់នៅ​ជាមួយ​ប្តី​ជនជាតិ​ចិន​មួយ​រយៈ​ មុន​នឹង​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​ដដែល។

នាង​ រស់ ផាន់​ បន្ថែម​ថា៖ «បើ​យើង​អត់​យក​គេ​ធ្វើ​បាប​យើង‍»។​

ក្នុង​រយៈ​បួនខែ​ដែល​រស់នៅ​នោះ​ នាង ​រស់ ផាន់ ​អះអាង​ថា​នាង​មិន​ចុះ​សម្រុង​នឹង​បុរស​ជនជាតិ​ចិន​នោះ​ទេ​ ហើយ​តែងតែ​រង​ការ​វាយ​ធ្វើបាប​ជា​ប្រចាំ៖ «គាត់​វាយដំ​ច្រំ​ធាក់​យើង ​ពេល​ដែល​យើង​មិន​ឱ្យ​គាត់​រួមរស់​ជាមួយ‍»។

នាង​មិន​ចាំ​ឈ្មោះ​ខេត្ត​ដែល​នាង​បាន​រស់នៅ​ប្រទេស​ចិន​ទេ។​

លោក​កែម យាន មកពី​ខេត្ត​កណ្តាល​ មាន​កូនស្រី​ម្នាក់​ឈ្មោះ​ កែម ឆៃយ៉ា​ បាន​ធ្លាក់​ខ្លួន​រងគ្រោះ​ត្រូវ​គេ​បញ្ឆោត​ឱ្យ​ទៅ​រៀបការ​ជាមួយ​នឹង​បុរស​ចិន​ម្នាក់ ​ទោះបី​ជា​កំពុង​ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​ផ្សេង​ទៀត ​ហើយ​មាន​កូន​មួយ​ក៏ដោយ។

លោក​កែម យាន ​បន្ថែម​ថា​ អាពាហ៍ពិពាហ៍​លើក​ទីមួយ​ក្នុង​ឆ្នាំ​២០១៣​គឺ​ជា​ការ​ស្ម័គ្រចិត្ត ​ប៉ុន្តែ​រង​ការ​ធ្វើ​បាប​ពីប្តី​និង​ក្រុម​គ្រួសារ​ ដែល​បណ្តាល​ឱ្យ​នាង ​កែម ឆៃយ៉ា​ រត់​ចោលផ្ទះ​មួយ​រយៈ​ទៅ​ស្នាក់នៅ​ជាមួយ​នឹង​មិត្តភក្តិ ហើយ​នៅ​ទីនោះ​ហើយ​ដែល​ត្រូវ​គេ​ល្បួង​លក់​ទៅ​ឱ្យ​បុរស​ទីពីរ។

«ពួកម៉ាក​បបួល​ឱ្យ​ទៅ​ដូរប្តី​ហើយ​មេខ្យល់​នាំទៅ​មាន​ប្តីក្រោយ​ទៀត​ដល់គេ​និយាយ​ថ្លៃ​ទៅ​គេ​ថា​៦ម៉ឺនយន់ (ប្រហែល​ជិត​៩ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក) ​ដល់​ហើយ​មេខ្យល់​យក​លុយ​រត់​អស់​រលីង​ទៅ ​កូន​ខ្ញុំ​ដឹង​ថា​មេខ្យល់​បោកប្រាស់​ទៅ​កូន​ខ្ញុំ​រត់​ដែរ‍»។

កែម ឆៃយ៉ា​ បាន​រត់​មក​ដល់​ប្រទេស​ខ្មែរ​មួយ​រយៈ ​ហើយ​ត្រូវ​ប្តីដើម​ហៅ​ត្រឡប់​ទៅចិន​វិញ​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦ ​ហើយ​ក៏​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នៅក្រុង​ពួយ៉ាង​នៃ​ខេត្ត​ហៃណាន​តាម​បណ្តឹង​របស់​បុរស​ទីពីរ។

រូបឯកសារ៖ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅរដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃច័ន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅរដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃច័ន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦។

លោកស្រី ​មូរ សុខហួរ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើ​ដល់​ឪពុក​ម្តាយ​ឱ្យ​ប្រយ័ត្ន​ប្រយែង​ មុន​នឹង​បញ្ជូន​កូនស្រី​ធ្វើ​ចំណាកស្រុក ជាពិសេស​អ្នក​ក្នុង​ភូមិស្រុក​ដែល​សន្យា​ធានា​យក​ពួកគេ​ទៅ​កន្លែង​ដែល​មិន​ដឹង​ស្ថានភាព​ច្បាស់លាស់។

លោកស្រី​មូរ សុខហួរ ​បាន​បន្ទោស​លើ​ការ​ដឹកនាំ​មិនល្អ ​ភាព​ក្រីក្រ​និង​កង្វះ​ការងារ​ធ្វើ​ដែល​បាន​នាំ​ឱ្យ​ក្មេងស្រី​ទាំងនោះ​ក្លាយ​ជា​ជនរងគ្រោះ។​

«គ្រួសារ​ក្រីក្រ​របស់​យើង​នៅ​ជនបទ​ គឺ​ជំពាក់​បំណុល​ដែល​ឥឡូវ​រាជរដ្ឋាភិបាល​កំពុងតែ​ខ្វល់​ខ្លាំង​ណាស់​រហូត​ទាល់តែ​ឱ្យ​អេស៊ីលីដា​ដូរផ្លាក​ ហើយ​កំពុងតែ​ផ្សព្វផ្សាយ​ខ្លាំង​ណាស់​ថា​ បំណុល​នេះ​មិន​មែន​ជា​បំណុល​ជំពាក់​រាជរដ្ឋាភិបាល​ទេ​គឺ​ជំពាក់​ឯកជន។ ជំពាក់​អ្នកណា​ក៏ដោយ ​តែ​បំណុល​ប្រជាពលរដ្ឋ​គាត់​ត្រូវតែ​សង ទោះបី​ឯកជន​ក៏ដោយ​ រាជរដ្ឋាភិបាល​ក៏ដោយ‍»។

ក្នុងឆ្នាំ​២០១៦​ មាន​ស្ត្រី​ខ្មែរ​ចំនួន​៨៥នាក់​ត្រូវ​បានរដ្ឋាភិបាល​កម្ពុជា​ជួយ​សង្គ្រោះ​ពីប្រទេស​នានា​ ហើយ​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​ក្នុង​ប្រទេស​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​មូរ សុខហួរ។

នាង​រស់ ផាន់ បាន​ផ្តែផ្តាំ​ថា​៖ «ពាក្យ​ពិតទៅ​គឺ​បងប្អូន​អ្នកស្តាប់​កុំ​ឱ្យ​បងប្អូន​ខ្មែរ​យើង​ទៅ​យកប្តី​នៅចិន​គឺ​ពិបាក​ណាស់‍»។

លោក​កែម យាន​ អំពាវ​នា​វសុំ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​កូនស្រី​មក​វិញ​ និង​បាន​ផ្តែផ្តាំ​ដែរ​ថា៖ «កុំឱ្យ​ប្រជាពលរដ្ឋ​យើង​ជា​ម៉ែឳ​ កុំ​ឱ្យ​បញ្ជូន​កូន​ទៅ​មាន​ប្តី​នៅ​ស្រុក​ចិន​ទៀត ​ព្រោះ​វា​ពិបាក​ណាស់‍»។

លោកស្រី មូរ សុខហួរ​ បន្ថែម​ថា ​គន្លឹះដ៏​សំខាន់​មួយ​ទៀត​គឺ​សង្គម​ខ្មែរ​ត្រូវ​ទទួល​ស្គាល់​និង​ផ្តល់​តម្លៃ​ដល់​ការ​ខិតខំ​ការ​ចូលរួម​របស់​ស្ត្រី​នៅគ្រប់​វិស័យ​ទាំងអស់‍​ និង​កុំ​រើស​អើង​អ្នក​ដែល​បាន​រងគ្រោះ​ទៅ​ក្រៅ​ប្រទេស។

លោកស្រី​មូរ សុខហួរ​ បាន​បន្ថែម​ថា៖​ «ខ្ញុំ​សូមអំពាវនាវ​សូម​ឱ្យ​សង្គម​ទាំង​មូល​ជាពិសេស​អ្នក​ជិត​ខាង​ អ្នក​នៅក្នុង​ភូមិ​ជាមួយនេះ​ បើសិន​ជា​ស្ត្រី​យើង​ត្រឡប់​មក​ពី​ប្រទេស​ចិន​ ឬប្រទេស​ណា​ក៏ដោយ ​សូម​មេត្តា​កុំ​ឱ្យ​មាន​ការ​រើស​អើង។ នេះ​មិនមែន​ជា​កំហុស​របស់​គ្នាទេ។ នេះ​គឺ​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ ហើយ​យើង​ត្រូវ​តែ​ជួយ​រំដោះ​ស្ត្រី​យើង»៕

XS
SM
MD
LG