ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​បង្គា​ថៃ​និង​អាមេរិក​ទទួល​ស្គាល់​ដើម​បណ្តឹង​ខ្មែរ​ តែ​ប្រកែក​ថា​មិន​បាន​ធ្វើ​ខុស


រូបឯកសារ៖ កម្មករ​នេសាទ​កម្ពុជា​ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ទូក​នេសាទ​ថៃ កំពុង​ទទួលទាន​អាហារ​ពេល​​ព្រឹក​នៅ​សង្កាត់​ជ្រោយចង្វារ​ ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបឯកសារ៖ កម្មករ​នេសាទ​កម្ពុជា​ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ទូក​នេសាទ​ថៃ កំពុង​ទទួលទាន​អាហារ​ពេល​​ព្រឹក​នៅ​សង្កាត់​ជ្រោយចង្វារ​ ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ​២០១៥។

របាយការណ៍​ស្រាវជ្រាវ​នានា​របស់​បណ្តាញ​សារព័ត៌មាន​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចេញ​ផ្សាយ​​​​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​​បាន​បង្ហាញ​ពី​​ការ​រំលោភសិទ្ធិ​មនុស្សក្នុង​ឧស្សាហកម្ម​ផលិត​បង្គារបស់ថៃ។

ជារៀងរាល់​ឆ្នាំ​ឧស្សាហកម្ម​គ្រឿង​សមុទ្រ​ថៃ​បាន​នាំ​ចេញក្នុង​ទំហំ​ទឹកប្រាក់​ជាង​៧ពាន់​លាន​ដុល្លារ​មក​កាន់ទីផ្សារ​នៅជុំវិញ​ពិភពលោក។ ​ពាក់កណ្តាល​នៃ​ចំនួននេះ​គឺ​ជា​ផលិតផលបង្គា​ដែល​នាំចេញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ ​អឺរ៉ុប និង​ជប៉ុន។​

ឧស្សាហកម្ម​ផលិត​បង្គា​នេះ​ត្រូវការ​កម្លាំង​ពលកម្ម​យ៉ាងខ្លាំង​ហើយ​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ពី​ប្រទេស​ជិតខាង​ដែល​ក្នុងនោះ​មាន​មក​ពី​ប្រទេស​កម្ពុជា​ផងដែរ។ នេះ​ដោយសារតែ​ពលរដ្ឋថៃ​មិន​ចង់​ធ្វើ​ការងារ​នេះ​ទេ។ នេះ​បើតាមរបាយការណ៍​របស់អង្គការយុត្តិធម៌​បរិស្ថាន​ដែល​បានចេញ​ផ្សាយកាលពី​ឆ្នាំ​២០១៣។ ​

របាយការណ៍​ស្រាវជ្រាវ​នានា​របស់​បណ្តាញ​សារព័ត៌មាន​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចេញ​ផ្សាយក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះបាន​បង្ហាញ​ពីការ​រំលោភសិទ្ធិ​មនុស្សក្នុង​ឧស្សាហកម្ម​នេះ។

ប៉ុន្តែ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​នឹង​ព័ត៌មាន​នៃ​ការ​រំលោភ​បំពាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ​ផាន់ សុភា​ដែល​ទើប​បានបញ្ចប់ការសិក្សា​មធ្យមសិក្សា​មើល​ឃើញ​ថា​ការងារ​នៅ​ប្រទេស​ថៃ​គឺជា​ឱកាស​មួយ​ក្នុង​ការ​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​បាន​ប្រសើរឡើង​។

រូបឯកសារ៖ កម្មករ​ធ្វើការ​នៅ​លើទូកនេសាទ​ថៃ។
រូបឯកសារ៖ កម្មករ​ធ្វើការ​នៅ​លើទូកនេសាទ​ថៃ។

សុភា​បាន​ចាក​ចេញពី​លំនៅដ្ឋាន​ក្នុង​ខេត្ត​បាត់​ដំបងហើយ​ធ្វើ​ដំណើរចេញក្រៅ​ប្រទេសជាលើក​ដំបូង​ក្នុងជីវិត​របស់​ខ្លួន​នៅ​ឆ្នាំ​២០១០​ជាមួយ​នឹង​ពលករដទៃ​ទៀតសំដៅទៅប្រទេស​ថៃ​ដើម្បី​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​គ្រឿង​សមុទ្រផាត់ថាណា​ដែល​មាន​រោងចក្រ​នៅ​ខេត្ត​សុងក្លា។

សុភា​បាន​ពន្យល់​ថា៖

«សម្រេចចិត្តទៅនេះ​ដោយសារ​ជីវភាព​ផង​ដោយសារ​យើង​រកអ្វី អត់​បាន​ម្ល៉ោះហើយសម្រេច​ចិត្ត​ថា​សុខចិត្ត​ទៅធ្វើការនៅថៃដើម្បី​រកប្រាក់​កម្រៃ​ដើម្បី​នឹង​ជួយ​ជីវភាព​គ្រួសារ​ហើយ​ណាមួយ​ម្តាយ​គាត់​ឈឺផង​ហើយ​ណាមួយ​ក្នុង​បន្ទុក​យើង​រក​អ្វី អត់​បាន​ម្ល៉ោះហើយ​ខ្ញុំ​សុខចិត្ត​អត់​បាន​រៀន​ត​ក៏​ទៅ​ធ្វើការ​នៅ​ថៃ​តែម្តង‍»។​

អ្នក​ធ្វើ​ដំណើរ​មក​ដល់​ដំណាលនឹង​ផាន់ សុភា​ដែរ​គឺ​សែមកុសល​និង​ប្រពន្ធ​ឈ្មោះសុភា ប៊ុន​ដែល​សុទ្ធ​តែ​ជាអ្នក​បាត់ដំបង​ដូចគ្នា​។អ្នក​ទាំង​បីត្រូវបាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​CDM​ដោយ​ការសន្យា​ថា​នឹង​ទទួលបាន​ប្រាក់ខែ​រហូត​ដល់​៣០០ដុល្លារ​ក្នុង​មួយខែ។

ប៉ុន្តែអ្នក​ទាំងបី​បានរងការបោក​បញ្ឆោត​ដោយ​ត្រូវ​ធ្វើការ​ក្នុង​ស្ថានភាព​មួយ​លំបាក​ ខ្វះ​ខាត​ហូប​ចុកនិង​កន្លែង​ស្នាក់​នៅ​មិន​សមរម្យ។ នេះ​បើ​តាម​ការបញ្ជាក់របស់​ជនរងគ្រោះ។

លោក​សែម កុសល ​បាន​បន្ថែម​ថា៖

«គេប្រាប់​ខ្ញុំ​ពេលដែល​ខ្ញុំ​ទៅគេ​ឱ្យ​ប្រាក់ខែ​ខ្ញុំ​ពី​២២០​ទៅ​៣០០អីចឹង​តែដល់ពេលទៅដល់វាអត់​បាន​ដូច​គោលការណ៍​ទេហើយ​កន្លែង​ស្នាក់នៅ​គេ​ឱ្យ​កន្លែង​ដែល​ខ្ញុំស្នាក់​នៅ​វា​មាន​គ្រែមានពូក​ហើយ​ថ្លៃទឹកភ្លើង​កន្លែង​ស្នាក់នៅ​គេ​អត់​គិត​លុយ​ទេ។ ប៉ុន្តែ​ដល់​ពេល​ខ្ញុំ​ទៅ​ថ្លៃ​ស្នាក់នៅ​គេ​គិត​លុយ​ហើយ​កន្លែង​ដេក​ហ្នឹង​អត់​សមរម្យ​ទៀត​គេ​ចាក់​សាប​ក្រាលបន្តិចៗ​ឱ្យ​ខ្ញុំ​ដេក​កន្លែង​ដូច​ទ្រុងជ្រូក​។ ដល់អីចឹង​វាខុស​ពី​គេ​ឃោសនាហ្នឹង‍»។​

លោក​ផាន់ សុភា​បាន​រៀបរាប់​ពី​ស្ថានភាព​រស់នៅ​បន្ថែមថា៖

«ពេល​ភ្លៀង​តាម​បន្ទប់​វាមានដក់​ទឹក។ ពេល​យើង​សម្រាន​អីចឹង​ទៅ​វាមានសត្វល្អិត​ចូលមក។​ដូចរូបខ្ញុំ​ផ្ទាល់​វា​ធ្លាប់មានសត្វម្រើមព្រះ​វាមកដេក​នៅរង្វង់ភ្នែក។ ខ្ញុំ​ភ្ញាក់ឡើង​ខ្ញុំ​ភ័យហ្មង។ ខ្ញុំ​របៀបដូចជា​តក់ស្លុតដែរ​ដែលអីចឹង‍»។​ ​

ពួកគេ​ក៏​ត្រូវ​ធ្វើការធ្ងន់ធ្ងរហើយ​ពេលខ្លះ​ត្រូវមេការបង្ខំ​ឱ្យ​ធ្វើការថែមម៉ោង​ផងដែរ។

ពួកគេ​បាន​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញនៅចុងឆ្នាំ​២០១២ដោយមាន​សុខភាព​ចុះ​ខ្សោយ​និង​ជំពាក់​ប្រាក់​បំណុល​ដែល​បាន​ខ្ចី​សម្រាប់​រៀបចំ​ឯកសារ​ធ្វើ​ដំណើរ​ទៅធ្វើការ។

ដោយការមិនទុកចិត្តថានឹងអាច​រកយុត្តិធម៌បាននៅក្នុង​ជម្លោះដែលមានលក្ខណៈអន្តរជាតិនេះ​ ជនរងគ្រោះដែល​គេបោកទៅធ្វើការនៅប្រទេសថៃ​ចំនួន​៧​នាក់រួមទាំង​ផាន់សុភា សែមកុសល​និង​ភរិយា​បាន​ងាក​មក​ប្តឹង​នៅតុលាការ​ក្នុង​រដ្ឋកាលីហ្វញ៉ារបស់​សហរដ្ឋ​អាមេរិក​នៅ​ពាក់​កណ្តាលខែមិថុនាឆ្នាំ​២០១៦​ប្រឆាំង​នឹង​ក្រុមហ៊ុនPhatthana Seafood និងក្រុមហ៊ុន​S.S. Frozenដោយសារ​តែផ្គត់ផ្គង់​ផលិត​ផល​បង្គារ​មកសហរដ្ឋ​អាមេរិក​និង​ប្តឹងក្រុមហ៊ុនអាមេរិកាំង​Wales & Co. Universe Ltd. ​និង​ក្រុមហ៊ុន​Robicon Resources Llc. ដែល​ជា​ចំណុច​ចុងក្រោយ​នៃ​សង្វាក់​ផ្គត់ផ្គង់​អាហារ​សមុទ្រ​នេះ។

ការប្តឹងនេះ​ដោយផ្អែកលើ​ច្បាប់​ការពារជនរងគ្រោះ​ដោយសារ​ការជួញដូរ​ដែល​ច្បាប់នេះ​អនុញ្ញាតឱ្យ​ជនរងគ្រោះដាក់បណ្តឹង​រដ្ឋប្បវេណី​ប្រឆាំង​នឹង​ជនណា​ក៏​ដោយ​ដែលទទួល​ផល​ប្រយោជន៍ពី​សកម្មភាព​នៃ​ការ​ជួញដូរ​មនុស្ស។

នៅក្នុង​ពាក្យ​បណ្តឹង​ក្រុមមេធាវី​ក៏​បាន​ដកស្រង់​របាយការណ៍​របស់​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​និង​អង្គការ​មូលនិធិ​យុត្តិធម៌បរិស្ថាន​ដែល​បានបង្ហាញ​ថា​ឧស្សាហកម្ម​បង្គាថៃ​បាន​កេងប្រវ័ញ្ច​កម្លាំង​ពលកម្មដែល​ក្នុង​នោះ​៩០ភាគរយ​នៃ​កម្លាំង​ពលកម្ម​គឺ​មក​ពី​ប្រទេស​ជិតខាង​ដូចជា​កម្ពុជា​ ឡាវ និង​ភូមា។​ ​

ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​តុលាការ​ទទួល​យក​នឹង​កំពុង​ចាត់​ការ។

រូបឯកសារ៖ កម្មករ​នេសាទ​ពី​មីយ៉ាន់ម៉ា​នៅ​លើ​ទូកនេសាទ​ថៃ។
រូបឯកសារ៖ កម្មករ​នេសាទ​ពី​មីយ៉ាន់ម៉ា​នៅ​លើ​ទូកនេសាទ​ថៃ។

នៅក្នុង​ចម្លើយការពារ​ខ្លួន​ មេធាវីរបស់​ចុងចម្លើយបានបដិសេធថា​កូនក្តី​របស់ខ្លួនពុំមានជាប់​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ទាំងនោះ​ប៉ុន្តែ​មិន​បាន​បដិសេធ​ចំពោះ​ការរកឃើញ​ក្នុង​របាយការណ៍​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​អង្គការ​ការពារសិទ្ធិ​មនុស្ស​ទាំងនោះទេ។​ ​នេះ​បើ​តាម​ឯកសារចម្លើយរបស់​ក្រុម​មេធាវី​កាលពីថ្ងៃ​ទី​១៤ខែធ្នូ​ដែល​វីអូអេ​ទទួល​បាន​ពីគេហទំព័រ​របស់​តុលាការ។

ក្រុមហ៊ុន​ S.S. Frozen, Wales & Co. Universe Ltd’s, Phatthana Seafood Co. Ltd. និង​Rubicon Resources LLC បាន​បញ្ជាក់​ដូចៗគ្នា​ថា​៖

«រាល់​ជម្លោះ​ពាក់​ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​ ស្ថានភាព​ធ្វើការ​ លំនៅដ្ឋាន និង​បញ្ហា​ការងារ​ផ្សេង​ទៀត​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ដើមបណ្តឹង​ធ្វើការនៅការដ្ឋានរបស់​ក្រុមហ៊ុន​Phatthana Seafood ​គឺ​ត្រូវបាន​ដោះស្រាយ​រួចរាល់​ក្នុង​ឆ្នាំ​២០១២​ដោយ​មាន​កិច្ច​សហការ​និង​ត្រួតពិនិត្យមើល​រវាងរដ្ឋាភិបាល​កម្ពុជា​និង​ថៃ‍»។

ញត្តិការពារខ្លួន​របស់​មេធាវី​ចុងចម្លើយ​បាន​បន្ត​ថាការរង​របួស​ឬ​ការខូចខាត​ដែល​បាន​ចោទ​នៅក្នុង​ពាក្យ​បណ្តឹង​គឺ​ពិត​ជា​មិន​មែន​សកម្ម​ភាព​របស់​កូនក្តី​ខ្លួន​ឡើយ។

​លោក​ផាន់ សុភា អតីតពលករ​ខ្មែរ​ដែល​មក​ពី ខេត្ត​បាត់​ដំបងបានរំលឹកថាក្នុងអំឡុង​ពេល​ដែលលោក​ធ្វើការនៅប្រទេស​ថៃមានផ្ទុះនូវបាតុកម្ម​ជាច្រើន​លើក​ដើម្បីទាមទារ​ប្រាក់​ឈ្នួល​ពលកម្ម​ហើយ​ស្ថានទូត​កម្ពុជា​ក៏​បាន​ចូលរួម​សម្របសម្រួល​ដែរ។​

«គេព្យាយាម​សម្របសម្រួល​ឱ្យ​យើង​នៅធ្វើការនៅទីហ្នឹង​ទៅកុំ​ឱ្យ​យើង​ធ្វើ​បាតុកម្ម​អី្វ។ ភាគ​ច្រើនគឺគេ​សម្របសម្រួល​ខាងយើង​ឱ្យ​សម្រុះសម្រួល​ដើម្បី​បាន​ធ្វើការ​នៅប្រទេសថៃ‍»។

រូបឯកសារ៖ កម្មករ​ទម្លាក់​ត្រី​ចេញ​ពី​ទូកនេសាទ​ថៃ​ នៅ​ក្រុង Ambon ប្រទេស​ឥណ្ឌូនេស៊ី។
រូបឯកសារ៖ កម្មករ​ទម្លាក់​ត្រី​ចេញ​ពី​ទូកនេសាទ​ថៃ​ នៅ​ក្រុង Ambon ប្រទេស​ឥណ្ឌូនេស៊ី។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​លទ្ធផល​គឺ​មិន​បាន​តាមការចង់បាន​របស់​ពលករ​ទេ៖

«បាតុកម្ម​ចុងក្រោយ​គឺ​បាតុកម្ម​ទ្រង់ទ្រាយធំ​រីឯការងារវាអត់​មានឱ្យ​យើង​ចូលធ្វើ​ហើយ​យើង​ទៅបានតែ​ទៅ​ ឯការងារ​ប្រាក់ខែ​ប៉ុណ្ណាគឺបាន​ប៉ុណ្ណឹង​ដូចជា​១៩៧បាតក្នុងមួយថ្ងៃ​អីចឹង​ទូទាត់​ទៅ​យើង​នៅ​បាន​តែ​នៅ​ប្រាក់ខែ មិន​បាន​ប៉ុន្មានទេ»។

លោកស្រីមូរ សុខហួរ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថាសមត្ថភាព​របស់​មន្ត្រី​ខ្មែរ​និង​ការគាំទ្រ​មិនទាន់ដល់កម្រិត​ទេជាពិសេស​ការផ្តល់​សេវាច្បាប់​លើ​ជម្លោះ​អន្តរជាតិ។

«បញ្ហាគឺ​កង្វះខាតនូវសេវាច្បាប់​មេធាវី​ដែល​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ជួយទៅដល់​កម្មករ​របស់​យើង​ជួនណា​ជាភាសា​ជួនណា​ទម្រាំ​តែរកមេធាវី​បាន​ហើយ​នឹង​មន្ត្រីនៅក្នុង​ស្ថានទូត​យើងគឺ​ខ្វះ​ខាតណាស់ តិចតួចណាស់​ដើម្បី​ឱ្យ​អាច​ប្រឈមមុខ​ជាមួយ​នឹង​ច្បាប់​ថៃ​ឬ​ច្បាប់​អន្តរជាតិនានានោះ‍»។​

រូបឯកសារ៖ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។
រូបឯកសារ៖ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

លោកស្រីមូរ សុខហួរ គាំទ្រ​ដល់​ការណ៍​ដែល​ពលរដ្ឋ​ខ្មែរហ៊ានតវ៉ាដោយប្រើ​យន្តការ​អន្តរជាតិនេះ​៖

«ខ្ញុំ​យល់​ឃើញ​ថា​ជាការអស្ចារ្យ​ហើយយើងត្រូវតែលើកទឹកចិត្ត​ហើយ​មែនទែន​រាជរដ្ឋាភិបាល​គួរតែ​ចេញ​សេវាថ្លៃច្បាប់​ឱ្យ​អស់​ពីសមត្ថភាព​ដើម្បី​ឱ្យ​បានយ៉ាងហោចណាស់​មានករណី​ជាគំរូ​លើកទឹកចិត្ត​ដល់​កម្មករ​របស់យើង​ប្តឹង​នៅពេល​ណា​ដែលទទួលរងគ្រោះ​និង​ការ​កេងប្រវ័ញ្ច​របៀប​នេះ‍»។​

ក្រុមហ៊ុនPhatthana Seafood និងក្រុមហ៊ុន​S.S. Frozen ​បាន​ទទួលស្គាល់ដើមបណ្តឹង​ចំនួន​៦នាក់​ដែលមានឈ្មោះ ផាន់សុភា សែមកុសល សុផាប៊ុន កែវរដ្ឋា យែមបាន និង​ ណុលណាគ្រី ថា​ធ្លាប់​បាន​ធ្វើការ​នៅ​ទីនោះ​ប៉ុន្តែ​មិនទទួលស្គាល់​ឈ្មោះ​សុក សងដែល​មក​ពី​ខេត្ត​កំពតទេ។

រីឯ​ក្រុមហ៊ុនWales & Co. Universe Ltd. ​និងក្រុមហ៊ុន​Robicon Resources Llc. បដិសេធ​ថា​ខ្លួន​មិន​ដឹង​អ្វី​ទាំងអស់​ពាក់​ព័ន្ធ​នឹង​ការ​ជួលបុគ្គលិក​ដោយ​ក្រុមហ៊ុន​Phatthana ។

ប៉ុន្តែលោក​សុក សង​យល់​ថា​វាគ្រាន់តែ​ជាការដោះសារតែប៉ុណ្ណោះ៖

«អាហ្នឹង​អត់អី​ទេ​ចម្លើយ​យើង​ទៅតាម​ហ្នឹង​ទៅ​។ ធ្វើ​ម៉េច​ខាងគេ​គេ​ម៉េច​ទទួល​ស្គាល់​យើង​ព្រោះ​កាល​ដើម​បណ្តឹង​ខ្ញុំ​ហ្នឹង​ហើយ​ជា​ប្រធានទាំងអស់​តាម​រយៈប​ងព្រោះកាលហ្នឹង​មាន​តែ​ខ្ញុំ​ទេ​ដែល​អាច​ស្គាល់​តាម​ខ្សែរយៈហ្នឹង​ព្រោះថា​យើង​ធ្វើ​ការ​វា​គាបសង្កត់​មកលើយើង​ទារ​លុយ​កាក់ពេល​ដែល​យើង​ធ្វើការឱ្យ​វា​ចាយលុយ​តិច​មិនស្រប​តាម​កិច្ច​សន្យា​ពលករ‍»។​

លោកសុក សង បញ្ជាក់​ថា​លោក​ធ្លាក់​ខ្លួន​ជំពាក់បំណុល​រហូតចាប់តាំង​ពី​លោក​វិលត្រឡប់​ពី​ប្រទេស​ថៃ​មកវិញ៖

«វា​រក​អត់​បាន​តាំងពី​យើង​ទៅ​មក​វា​លិចលង់​ចឹង​មក​យើង​រក​អត់បាន​រហូត​ទើស​សព្វថ្ងៃ​។ វាមាន​ជំពាក់​គេ​រហូត​បី​ បួន ​ប្រាំពាន់​ដុល្លារ‍»។

រូបឯកសារ៖ លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​។
រូបឯកសារ៖ លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​។

លោកមឿន តុលា ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ដែល​មាន​ឈ្មោះកាត់​ថា​ Central ​បាន​បញ្ជាក់​ថា​នៅ​ពេល​ដែល​អតីត​ពលករ​ទាំងនោះ​មក​ដាក់​ពាក្យ​ប្តឹង​គឺ​លោក​ពិនិត្យ​ឃើញ​ថា​ពួកគេ​មាន​ឯកសារ​ត្រឹមត្រូវ​ហើយ​តុលាការ​គួរតែ​ពន្លឿននីតិវិធីក្នុងការ​ស្វែងរកយុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងនោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG