ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ខ្វះខាត​ទីផ្សារ​សម្រាប់​ជំនាញ​ដែល​ពលករ​ចំណាកស្រុក​ទទួល​បាន


រូបឯកសារ៖ ​ពលករចំណាកស្រុកខ្មែរ
រូបឯកសារ៖ ​ពលករចំណាកស្រុកខ្មែរ

ក្នុង​ឆ្នាំ​២០១៦​កន្លងមក​នេះ​ខាង​អង្គការ​សង់ត្រាល់​ទទួលបាន​បណ្តឹង​និង​ជួយ​សម្រួល​ដល់​ពលករ​រងគ្រោះ​ជាង​២០០​ករណី​ដែល​កើត​មានឡើង​នៅក្នុង​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ជប៉ុន​ ចិន​និង​កាតា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ មឿន តុលា។

អ្នកការពារ​សិទ្ធិ​ពលករ​ស្នើ​ឱ្យ​រដ្ឋាភិបាលគិត​គូរ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​រយៈ​ពេល​វែងដោយ​សំឡឹ​ង​មើល​ថា​មុខ​ជំនាញ​ការងារ​អ្វី​ដែល​ពលករ​អាច​យកមក​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​បាន​មុននឹង​សម្រេច​ចិត្ត​បញ្ជូនពួកគេទៅធ្វើ​ការ​នៅក្រៅ​ប្រទេស។

លោកមឿន តុលា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការពារ​សិទ្ធិ​ពលករ​ហៅកាត់​ថា​សង់ត្រាល់​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​អត់​មាន​ទស្សនៈ​វិស័យ​ឱ្យ​បាន​ច្បាស់​លាស់​ថា​ពេលបញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅក្នុង​វិស័យ​សំណង់​ឬ​កសិកម្មគឺ​អត់​មាន​ការគិត​គូ​ថា​ត្រូវ​យក​ចំណេះ​ដឹង​ឬ​ជំនាញ​ដែល​ពួកគេ​ទទួលបាន​មក​ជួយ​ប្រទេស​វិញ​យ៉ាង​ណា​ទេ។

លោក​បាន​បន្ថែម​ថា៖

«នៅពេល​ដែល​ពួកគាត់​ចប់​អណត្តិ​ពីរឆ្នាំ​ឬបី​ឆ្នាំ​ត្រឡប់​មក​ស្រុក​ខ្មែរវិញ​គឺ​ថា​យើង​អត់មាន​ទីផ្សារ​ការងារ​ដែល​ស្រូប​យក​ពួកគាត់​ទេ។ អីចឹង​ទីបំផុត​គាត់​ត្រូវ​ត្រឡប់​ពី​កូរ៉េ​មកស្រុក​ខ្មែរ​ហើយ​បន្ទាប់​មក​គាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទៀត​។ ដូច្នេះ​គាត់​អត់​បាន​ប្រើ​ប្រាស់​នូវ​ជំនាញ​ដែល​ពួកគាត់​ទទួល​បាន​ពី​ការហ្វឹកហ្វឺន​ការងារ​យក​មក​ជួយ​សេដ្ឋកិច្ច​ជាតិ​នៅ​ក្នុង​ប្រទេស​ទេ»។ ​

លោក មឿន តុលា ​បន្ថែម​ថាមិនតែ​ប៉ុណ្ណោះ​ទេ​គឺថែម​ទាំង​មិនបាន​ជួយ​ការពារ​សិទ្ធិ​ពួកគាត់​ឱ្យ​បាន​ដិតដល់​ទៀត​ផង។

«យើង​ឃើញ​ថា​នៅពេល​បញ្ជូន​ទៅ​គឺ​យើង​អត់​មាន​យន្តការ​ច្បាស់​លាស់​ក្នុង​ការ​ឃ្លាំមើល​ស្ថានភាព​របស់​ពលករ​ខ្មែរ​យើង​ទេ​ហាក់​ដូច​ជា​ព្រលែង​គាត់​ចោល​ហើយ​ទីបំផុត​គាត់​ទទួលរងនូវការ​កេងប្រវ័ញ្ច ​ការធ្វើ​បាប​ មានរហូត​ដល់​ការ​ធ្វើទារុណកម្ម​រហូតដល់​មាន​ស្លាប់​ជាដើម‍»។

ក្នុង​ឆ្នាំ​២០១៦​កន្លងមក​នេះ​ខាង​អង្គការ​សង់ត្រាល់​ទទួលបាន​បណ្តឹង​និង​ជួយ​សម្រួល​ដល់​ពលករ​រងគ្រោះ​ជាង​២០០​ករណី​ដែល​កើត​មានឡើង​នៅក្នុង​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ជប៉ុន​ ចិន​និង​កាតា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ មឿន តុលា។

ពួកគេ​រងគ្រោះ​ដោយ​សារ​ការជួញដូរ​ ការបោក​បញ្ឆោត​តាម​រយៈការធ្វើ​លិខិត​ឆ្លងដែន​ក្លែងក្លាយ​ ហើយ​អ្នកខ្លះ​នៅ​ជាប់​ពន្ធនាគារ​នៅក្នុង​ប្រទេស​ថៃជាដើម។ ​

លោកស្រី​មូរ សុខហួរ​ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ស្រប​ថា​ច្បាប់​មាន​ទាំង​ច្បាប់​ជាតិ​និង​អន្តរជាតិ​ដែល​កម្ពុជា​គួរតែ​យក​មក​អនុវត្ត​សម្រាប់​ការពារ​ពលករ​ព្រោះ​ស្តង់ដា​មាន​ច្បាស់​ប៉ុន្តែការអនុវត្ត​នៅមានការ​ខ្វះចន្លោះ​នៅឡើយ។

«អ្វី​ដែល​យើង​ចង់ឃើញ​បំផុត​នោះ​គឺ​យើ​ង​ចង់​មាន​ការការពារ​ដល់​ពលករ​ចំណាក​ស្រុក​យើង​ដែល​ទៅ​ប្រទេស​គេ​។ ដូច្នេះ​កិច្ចសន្យា​ទាំងឡាយ​កិច្ច​សហប្រតិបត្តិការ​ទាំងឡាយ​និង​ការចុះ​ហត្ថលេខា​រវាង​ប្រទេស​យើង​និង​ប្រទេស​ដែល​ទទួល​ពលករ​យើង​ខ្ញុំ​យល់​ថា​គួរតែ​ជាកិច្ចសន្យា​មួយ​ដែល​យក​ស្តង់ដាអន្តរជាតិ​ដើម្បី​ការពារ​លើក​ដម្កើង​ឱ្យពលករ​ចំណាកស្រុក​របស់​យើង​ចាកផុត​ពីការជួញដូរ​ ចាកផុត​ពី​ការកេងប្រវ័ញ្ច​ ចាកផុត​ពីទារុណកម្ម​ទាំងឡាយ​នេះ‍»។

លោកស្រី​មូរសុខហួរ​បញ្ជាក់​ថា​អ្នកតំណាងរាស្ត្រ​នឹង​បន្ត​តាមដាន​ការអនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​ទៀត​ហើយ​នឹង​អញ្ជើញ​រដ្ឋ​មន្ត្រី​ពាក់​ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​ប្រទេស​មក​សាកសួរ​បើសិន​ជាមិន​មាន​ការវិវត្តន៍​ប្រសើរ​ឡើង​ទេ។

នៅក្នុង​គោលនយោបាយ​ស្តី​ពីការ​ធ្វើ​ទេសន្តប្រវេសន៍​សម្រាប់​កម្ពុជា​ឆ្នាំ​២០១៥ដល់​២០១៨ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ​មាន​ការ​លើកឡើង​ពី​ការផ្តល់​ធនធាន​និង​ផ្តល់​ព័ត៌មាន​ពី​ការបង្កើត​មុខរបរ​សម្រាប់​ពលករ​ចំណាកស្រុក​ពេល​ដែល​គាត់​ត្រឡប់​មក​ប្រទេស​វិញ​ដោយ​ត្រូវ​ធ្វើការ​ជាមួយ​នឹង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ប៉ុន្តែ​លោកស្រី​មូរ សុខហួរ​លើកឡើង​ថា​គឺ​មិនមាន​ពី​រដ្ឋាភិបាល​ទេ​គឺ​មានតែ​ពីអង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ហើយ​សូម្បី​តែ​ជំនាញ​សម្រាប់​ពលករ​ចំណាកស្រុក​ក្នុង​ប្រទេស​ក៏​មាន​មិន​ផ្តល់​ចំ​ជំនាញ​ដែរ។​

«មាន​តិចតួច​ណាស់​ហើយ​វិជ្ជាជីវៈ​នោះ​ស្របនឹង​អ្វី​ដែល​គាត់​ចង់​បាន​ទេ? អ៊ុតសក់ ​កាត់ដេរ ​អ៊ុតសក់ កាត់​ដេរ​ តើ​គ្នាចិញ្ចឹម​ជីវិត​បាន​ប៉ុន្មាន?‍»។

លោកស្រី​បន្ថែម​ថា​ជំនាញ​នេះ​ផ្តល់​ជូន​ក្នុង​ពេល​ដែល​ទីផ្សារបច្ចុប្បន្ន​ត្រូវការ​អ្នកបច្ចេកទេស​អ្នក​ឯកទេស។

​លោក​មឿន តុលា​លើក​ទឹកចិត្ត​រដ្ឋាភិបាល​ឱ្យ​ខិតខំ​ពង្រីក​ឱកាស​ការងារ​នៅ​ក្នុងស្រុក​វិញ​ជាពិសេសនៅ​ផ្នែក​កសិកម្ម​ជាជាង​ទុក​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយ​ប្រថាន។

«បើសិនជា​យើង​ព្យាយាម​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន​បង្កើត​មុខរបរ​ឱ្យ​បានច្រើន​ដូចដែល​ខ្ញុំ​តែងតែ​និយាយ​ថា​នៅក្នុង​វិស័យ​កសិកម្ម​នេះ​បើ​សិន​ជា​យើង​គិត​ឱ្យ​បាន​ដិតដល់​ទៅលើ​វិស័យ​កសិកម្ម​ បង្កើន​ជំនាញ​វិជ្ជាជីវៈ​ដល់​កសិករ​យើង​ដើម្បី​ឱ្យ​គាត់​អាច​មាន​លទ្ធភាព​ផលិត​ហើយ​មាន​ទីផ្សារ​គ្រប់​គ្រាន់​សម្រាប់​កសិកម្ម​របស់​គាត់​គឺ​ខ្ញុំ​គិត​ថា​យើង​កាត់​បន្ថយ​អ្នក​ដែល​ទៅធ្វើ​ចំណាក​ស្រុក​ហ្នឹង​ដែល​មាន​ជំនាញ​តិចតួច​គាត់​អាច​មាន​ឱកាស​នៅក្នុង​ប្រទេស​បាន​ច្រើនវា​ប្រសើរ​ជាង​បញ្ជូន​គាត់​ឱ្យ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់‍»។

មាន​ពលរដ្ឋ​ខ្មែរ​ជាង​មួយ​លាន​នាក់ធ្វើ​ចំណាកស្រុក​ទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​ម៉ាឡេស៊ី​ កូរ៉េ​ខាងត្បូង​ជប៉ុន​និង​ចិន​ជាដើម៕​

XS
SM
MD
LG