ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ខ្មែរ​៧​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​ប្រទេស​ជប៉ុន


(File photo​) ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​«‍តម្លៃ​កូន​ក្រមុំ»​រៀបរាប់​រឿងរ៉ាវ​របស់​នាង ដែល​ត្រូវបាន​បោកប្រាស់​ឲ្យ​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​ចិន ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ទាសករ​នៅ​ប្រទេស​ចិន។ គម្រោង​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា ហៅ​កាត់​ថា (CTIP) ដែល​ឧបត្ថម្ភ​ដោយ​ទីភ្នាក់​ងារ (USAID) កំពុង​ផ្តល់​ជំនួយ​ដល់​ជន​រងគ្រោះ។ (រូបថត៖ ផន បុប្ផា/VOA Khmer)
(File photo​) ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​«‍តម្លៃ​កូន​ក្រមុំ»​រៀបរាប់​រឿងរ៉ាវ​របស់​នាង ដែល​ត្រូវបាន​បោកប្រាស់​ឲ្យ​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​ចិន ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ទាសករ​នៅ​ប្រទេស​ចិន។ គម្រោង​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា ហៅ​កាត់​ថា (CTIP) ដែល​ឧបត្ថម្ភ​ដោយ​ទីភ្នាក់​ងារ (USAID) កំពុង​ផ្តល់​ជំនួយ​ដល់​ជន​រងគ្រោះ។ (រូបថត៖ ផន បុប្ផា/VOA Khmer)

យោង​តាម​របាយការណ៍​ក្រសួង​ការបរទេស កាល​ពី​ឆ្នាំ​២០១៦ ក្រសួង​បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​៦៤​នាក់​នៅ​ប្រទេស​ចិន​ឱ្យ​បាន​ត្រឡប់​មកកម្ពុជា​​វិញ។ ស្ត្រី​ទាំង​នោះ​ភាគ​ច្រើន​រងគ្រោះ​ដោយ​ការ​បោក​បញ្ឆោត​យក​ទៅ​រៀបការ ឬ​ធ្វើការ​ខុសច្បាប់។

ថ្មីៗ​នេះ​ក្រសួងការ​បរទេស​កម្ពុជា​បាន​ប្រកាស​ថា ខ្លួនជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ដែល​រង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ទៅ​ប្រទេស​ជប៉ុន។ ក្រសួង​ការ​បរទេស​អះអាង​ថា នេះ​ជា​ករណី​ដំបូង​ដែល​ស្ត្រី​ខ្មែរ​ត្រូវ​បាន​ជួញ​ដូរ​ផ្លូវ​ភេទ​ទៅ​ក្រៅ​ប្រទេស។​

ក្រសួង​ការ​បរទេស​កម្ពុជា​ឱ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​៧នាក់​បាន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ទៅ​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង ហើយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​បាន​ជួយ​សង្គ្រោះ​ស្ត្រីទាំងនោះ និង​កំពុង​រៀបចំ​ឱ្យពួកគេវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ទាំង​៧​នាក់​ត្រូវ​បាន​មេ​ខ្យល់​ និង​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ក្នុង​ខេត្ត ​Gunma ​បោក​បញ្ឆោត​នាំ​ទៅ​ដល់​ប្រទេស​ជប៉ុន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា បុរស​ជនជាតិ​ជប៉ុន​នោះ​បាន​សន្យា​ផ្ដល់​ការងារ​នៅ​កន្លែង​របស់​ខ្លួន​ តែ​ផ្ទុយ​ទៅ​វិញ បាន​បង្ខំ​ស្ត្រី​ទាំង​៧​នាក់​ឱ្យ​បម្រើ​សេវា​ផ្លូវភេទ​ដល់​ភ្ញៀវ​នៅ​ភោជនីយដ្ឋាន​នោះ និង​មិន​បាន​ផ្ដល់​ប្រាក់​បៀវត្សរ៍​នោះ​ទេ។

ក្រសួង​ការបរទេស​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ដោយ​ផ្ទាល់​ពី​ស្ត្រី​រង​គ្រោះ​ទាំង​នោះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន ស្ថានទូត​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​និង​សម្រួល​ដល់​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

លោក ជុំ សន្ទរី អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រាប់ ​VOAនៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នេះ​ជា​ករណី​ដំបូង​ដែល​ស្ត្រី​ខ្មែរ​ត្រូវ​បាន​ជួញ​ដូរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុងអាជីវកម្ម​ផ្លូវ​ភេទ។ លោក​បន្ត​ថា កន្លង​ទៅ​ មាន​ស្ត្រី​ខ្មែរ​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម ឬ​ការ​រំលោភ​បំពាន​លើ​រាង​កាយ​ជា​លក្ខណៈ​បុគ្គល​ប៉ុណ្ណោះ។

«នៅ​ប្រទេស​ផ្សេង​ទៀត​រហូត​មក​ដល់​ពេល​នេះ បើ​និយាយ​ឱ្យ​ចំ ថា​មាន​អត់​មាន​ទេ។ បាទ​ដូច​ខ្ញុំ​និយាយ​បញ្ជាក់​ នៅ​ចិន​ហ្នឹង​មិន​មែន​ជា​បញ្ហា​ទៅ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ទេ។ នៅ​ចិន​គឺ​មេ​ខ្យល់​គេ​បោក​បញ្ឆោត​ឱ្យ​ទៅ​រៀបការ​ប្ដី។ គឺ​គាត់​ទៅ ទៅ​រៀបការ​ប្ដី​ជនជាតិ​ចិន។ គឺ​រឿង​វា​អ៊ីចឹង មិនមែន​ទៅ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ទេ។ ហើយ​អាជីវកម្ម​ផ្លូវ​ភេទ យើង​ទើប​តែ​ជួប​លើក​ទី​១​ទេ ករណី​ដែល​ពាក់ព័ន្ធ​នារី​ខ្មែរ​យើង​៧​រូប​ដែល​ទៅ​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​នៅ​ប្រទេស​ជប៉ុន។ ហ្នឹង​គឺ​ថៅកែ ម្ចាស់​ភោជនីយដ្ឋាន​ហ្នឹង​បាន​បង្ខំ​ឱ្យ​ផ្ដល់​សេវា​ផ្លូវ​ភេទ»។

លោក ជុំ សន្ទរី បន្ត​ថា ក្រសួង​ការបរទេស​បាន​ទាក់ទង​ទៅ​ក្រសួង​ពាក់ព័ន្ធ​ពី​បញ្ហា​នេះ​ ដើម្បី​ចាត់ជា​វិធានការ​ទប់ស្កាត់។

«បញ្ហា​អស់​ហ្នឹង កាល​ណា​មាន​ករណី​បែប​ហ្នឹង​ គឺ​យើង​ក្រសួង​ការបរទេស​តែងតែ​ធ្វើ​ការ​ជូន​ព័ត៌មាន​ជា​ផ្លូវ​ការ​ទៅ​រាល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ពី​បញ្ហា​អស់​ហ្នឹង​ ដើម្បី​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ គិត​ថា ​តើ​ចាត់​វិធានការ​យ៉ាងម៉េច។ ចឹង​បាន​ខ្ញុំ​បាន​ជម្រាប​ជូន​ថា ការ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​អស់​ហ្នឹង គឺ​វា​ផុត​ពី​សមត្ថកិច្ច​របស់​ក្រសួង​ខ្ញុំ​ហើយ​បាទ»។

​លោក ជុំ សន្ទរី ឱ្យ​ដឹង​ដែរ​ថា ស្ត្រី​ម្នាក់​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​សារ​មាន​បញ្ហា​សុខភាព។ ចំណែក​ស្ត្រី​៦នាក់​ទៀត​នឹង​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់ ដោយ​ពួក​គេ​ត្រូវ​ស្នាក់​នៅ​បន្ត​សម្រាប់នីតិវិធី​ក្នុង​ការ​ប្ដឹង​ជនល្មើស។

បើ​តាម​ក្រសួង​ការបរទេស ស្ត្រី​ខ្មែរ​ទាំង​៧​នាក់​នោះ មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​ព្រៃវែង ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​តាកែវ។

យោង​តាម​របាយការណ៍​ក្រសួង​ការបរទេស កាល​ពី​ឆ្នាំ​២០១៦ ក្រសួង​បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​៦៤​នាក់​នៅ​ប្រទេស​ចិន​ឱ្យ​បាន​ត្រឡប់​មកកម្ពុជាវិញ។ ស្ត្រី​ទាំង​នោះ​ភាគ​ច្រើន​រងគ្រោះ​ដោយ​ការ​បោក​បញ្ឆោត​យក​ទៅ​រៀបការ ឬ​ធ្វើការ​ខុសច្បាប់។ ក្រៅ​ពី​នោះ ក្រសួង​ក៏​បាន​អន្តរាគមន៍​ជួយ​ពលករ​និង​ពលរដ្ឋ​កម្ពុជា​ក្នុង​បណ្ដា​ប្រទេស​ផ្សេងៗ​សរុប​ជាង​៧០០​នាក់​ឱ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ ដោយ​អ្នក​ទាំង​នោះ​បានរង​ការ​ជួញ​ដូរ ការ​រំលោភ​បំពាន ឬ​អ្នកធ្វើ​ការ​ដោយ​ខុស​ច្បាប់។

លោក អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​មាន​ប្រសាសន៍ថា ករណីស្ត្រី​ខ្មែរ​ត្រូវ​បាន​ជួញ​ដូរ​ផ្លូវ​ភេទ​ទៅ​ប្រទេស​ជប៉ុនបង្ហាញ​ថា ស្ត្រី​ខ្មែរ​កាន់​តែ​ងាយ​រង​គ្រោះ​ក្នុង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។

លោក អំ សំអាត បន្ត​ថា ករណី​ជួញ​ដូរ​លើ​ស្ត្រី​ខ្មែរ​ភាគ​ច្រើន​កើត​ឡើង​ដោយសារ​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់ ដោយ​លោក​អំពាវនាវ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​រីករាល​ដាល​បន្តទៀត។

«ចឹង​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ឡើងវិញ ហើយ​ជាពិសេស​បង្កើន​ទីមួយ​យន្តការ​ក្នុង​ស្រុក ដើម្បី​ធ្វើការ​ទប់ស្កាត់​និង​បង្ការ​ កុំ​ឱ្យ​មាន​បញ្ហា​ហ្នឹង​កើត​មាន​ច្រើន​តទៅ​ទៀត។ បញ្ហា​ទី​២​ត្រូវ​ពង្រឹង​សហប្រតិបត្តិការ​ប្រទេស​ផ្សេងៗ​ហ្នឹង ដើម្បី​ការពារ​ផល​ប្រយោជន៍​ខ្មែរ​យើង​ទាំង​អស់​គ្នា​ហ្នឹង»។

លោក អំ សំអាត បន្ត​ទៀត​ថា រដ្ឋាភិបាល​ក៏​គួរ​បង្កើន​ទីផ្សារ​ការងារ​ក្នុង​ស្រុក​ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ដែល​លោក​ថា ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​មាន​ការ​ជួញ​ដូរ​និង​រំលោភបំពាន​លើ​ពលរដ្ឋ​ខ្មែរ៕

XS
SM
MD
LG