ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះ​ខាត​ទឹក​គំរាម​កំហែង​ដល់​សុខុមាលភាព​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​មជ្ឈឹម​បូព៌ា


ពលរដ្ឋ​យេម៉ែន​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​រ៉ូប៊ីណេ​ទឹក​ដើម្បី​​​​ត្រង​ទឹក​យក​ទៅ​ប្រើប្រាស់​នៅ​ក្រុង​សាណា (​Sanaa) កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ ឆ្នាំ​២០១១ ខណៈ​ដែល​​ក្រុង​នេះ​ជួប​ប្រទះ​នូវ​កង្វះ​ខាត​ទឹក​ប្រើប្រាស់។
ពលរដ្ឋ​យេម៉ែន​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​រ៉ូប៊ីណេ​ទឹក​ដើម្បី​​​​ត្រង​ទឹក​យក​ទៅ​ប្រើប្រាស់​នៅ​ក្រុង​សាណា (​Sanaa) កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ ឆ្នាំ​២០១១ ខណៈ​ដែល​​ក្រុង​នេះ​ជួប​ប្រទះ​នូវ​កង្វះ​ខាត​ទឹក​ប្រើប្រាស់។

ការ​ខ្វះ​ខាត​ទឹក​ដ៏​ធ្ងន់ធ្ងរ​បាន​កំពុង​តែ​គំរាមគំហែង​ជីវិត​ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​រាប់​លាន​នាក់​នៅ​មជ្ឈឹម​បូព៌ា​ ក្នុង​ពេល​ដែល​តំបន់​នេះ​មាន​ប្រជាជន​កើន​ឡើង​កាន់​តែ​ខ្លាំង​ ប្រឈម​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ ហេដ្ឋា​រចនាសម្ព័ន្ធ​មិន​ល្អ​ និង​ការ​ប្រើប្រាស់​ទឹក​គ្មាន​ប្រសិទ្ធិភាព​ក្នុង​វិបត្តិ​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​នេះ។

ពួក​ពលករ​បាន​ទុក​ទឹក​ផ្កាឈូក​ឲ្យ​ហូរ​ចោល​នៅ​ក្លឹប​ Gazeera ដ៏​ប្រណីត​របស់​ក្រុង​គែរ នៅ​ខណៈ​ពេល​ដែល​ពួក​គាត់​អង្គុយ​ផឹក​ទឹក​តែ​ និង​ជជែក​គ្នា​លេង។ ​បរិមាណ​ទឹក​ជា​ច្រើន​បាន​ចោល​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​លូ​ ខណៈពេល​ដែល​បំពង់​ទឹក​នៅ​ផ្នែក​ខ្លះ​នៃ​ក្រុង​គែរ​ និងតំបន់​ជាយ​ក្រុង​បាន​រីង​ស្ងួត។

ហូសសាម អាបដែល រ៉ាហ្សាខ (Hossam Abdel Razaq) ដែល​ជា​ប្រជាជន​រស់​នៅ​សង្កាត់​ក្រខ្សត់ ហ្សូខាក ប្លាត (Zokak al Blat) នៃ​ក្រុង​គែរ​ បាន​រអ៊ួ​ឲ្យ​ដឹង​ថា ស្ទើរ​គ្រប់​ពេល​ទៅ​ហើយ ​នៅ​ក្នុង​តំបន់​របស់​គាត់ សូម្បី​តែ​នៅ​ក្នុង​បំពង់​ទឹក​របស់​រដ្ឋ​ ក៏​លែង​មានទឹក​ហូរទៀត​ទេ។ គាត់​បាន​បន្ត​ទៀត​ថា​ ស្រ្តី​មេ​ផ្ទះ​ត្រូវ​ដើរ​ផ្លូវ​ដ៏​ឆ្ងាយ​ដើម្បី​ទៅ​ទិញ​ទឹក​ដ៏​មាន​តម្លៃ​ពី​អ្នក​លក់​ក្នុង​ស្រុក។

គាត់​បាន​និយាយ​ថា​ ទឹក​មិន​បាន​ទៅ​ដល់​កន្លែង​រស់​នៅ​របស់​គាត់​ទាល់​តែ​សោះ​ ហើយ​នៅ​ពេល​ដែល​មាន​ទឹក​ចេញ​ចំនួន​ប្រាំ​នាទី​ ក្មេងៗ​នាំ​គ្នា​រត់​ទៅ​រក​ក្បាល​រ៉ូប៊ីណេ​ដើម្បី​ផឹក។​ គាត់​បន្ថែម​ថា​ ស្ត្រី​ជា​ច្រើន​ទៅ​ទិញ​ទឹក​ពី​ក្រុមហ៊ុន​ក្នុង​តម្លៃ​២៥​សេន​ ដើម្បី​អាច​ឲ្យ​គាត់​យក​ទៅ​ផ្ទះ​សម្រាប់​ការ​ចម្អិន​និង​ផឹក។

ស្ថិតិ​ផ្លូវការ​មួយ​របស់​រដ្ឋាភិបាល​អេហ្ស៊ីប​បង្ហាញ​ថា ​ក្នុង​មួយ​ឆ្នាំ​ប្រទេស​ទាំង​មូល​ប្រើ​ប្រាស់​ទឹក​អស់​៥៥​ពាន់​លាន​ម៉ែត្រ​គូប​ ហើយ​៨៧​%នៃ​បរិមាណ ​ទឹកទាំង​អស់​នេះ​គឺ​មក​ពី​ទន្លេ​នីល (Nile)។ ប៉ុន្តែជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ដែល​សិ្ថត​នៅ​ដើម​ទឹក​ទន្លេ​អាច​នឹង​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ និង​អាច​ធ្វើ​ឲ្យ​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ។

ប្រទេស​ទាំង​នោះ​ដែល​រួម​មាន​អេត្យូពី​ (Ethiopia) កេនយ៉ា (Kenya) អ៊ូហ្គង់ដា (Uganda) និង​សូដង់​ខាង​ត្បូង​ (South Sudan) បាន​និយាយ​ថា​ ពួកគេ​គួរ​តែ​ទទួល​បាន​នូវ​ចំណែក​ធំ​លើ​ទឹក​របស់​ទន្លេ​នីល។ អេហ្ស៊ីប​ និង​សូដង់​ទទូច​ថា​ កិច្ច​ព្រងព្រៀង​របស់​អាណានិគម​អង់គ្លេស​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ពួក​គេ​ប្រើប្រាស់​ទឹក​ភាគ​ច្រើន​នៃ​ទន្លេ​នីល។

អូម៉ា អាសរ (Omar Ashour) ​ជា​សាស្ត្រាចារ្យ​ផែ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៃ​មហាវិទ្យាល័យ​អ៊ិចធឺ (University of Exeter) ​នៅ​ចក្រភព​អង់គ្លេស​ បាន​និយាយ​ថា​ ប្រទេស​អេហ្ស៊ីប​កំពុង​រង​ផល​លំបាក​ពី​ភាព​មិន​អើពើ​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​ចំពោះ​ប្រទេស​ជិតខាង​ដែល​សិ្ថត​នៅ​ភាគ​ខាង​ត្បូង។ លោក​ពន្យល់​ថា៖

«អ្វី​ដែល​យើង​ទទួល​នូវ​ពេល​នេះ​គឺ​ជា​លទ្ធផល​ដែល​បាន​ពី​ការ​ធ្វើ​គោល​នយោបាយ​ការបរទេស​មិន​ល្អ​មួយ​ដែល​ធ្វើ​ឡើង​អស់​រាប់​ទសវត្ស​សម្រាប់​អាហ្រ្វិក​កណ្តាល និង​ប្រទេស​ជិត​ខាង​នៅ​ភាគ​ខាង​ត្បូង។ នៅ​ក្នុង​រយៈពេល​ការ​គ្រប់​គ្រង​របស់​ ហូស្នី ម៉ូប៉ារ៉ាក់ (Hosni Mubarak) ដែល​ជា​អតីត​ប្រធា​នា​ធីបតីអេហ្ស៊ីប​ គម្រោង​អភិវឌ្ឍន៍​ផេ្សងៗ​សហប្រតិបតិ្តការ​នានា​ ត្រូវ​បាន​គេ​បំភ្លេច​ចោល​ទាំង​ស្រុង​ ហើយ​បន្ថែម​ពី​នេះ​ អេហ្ស៊ីប​មាន​ផ្នត់​គំនិត​ថា​ខ្លួន​ខ្ពង់ខ្ពស់​លើស​ប្រទេស​ជិត​ខាង ​(superiority-inferiority complex) បាន​ឆ្លុះ​បញ្ជាំង​នៅ​ក្នុង​ទំនាក់ទំនង​ការបរទេស​ទៅ​លើ​ប្រទេស​ជិតខាង​ដែល​សិ្ថត​នៅ​ភាគ​ខាង​ត្បូង​ ជា​ពិសេស​ចំពោះ​ប្រទេស​អេត្យូពី រវ៉ាន់ដា​ សូដង់​ខាង​ត្បូង និង​សូដង់។ លើស​ពី​នេះ​ ពួក​គេ​តែង​សន្មត​ថា ដោយ​សារ​ប្រទេស​ជិត​ខាង​ខាង​ត្បូង​ជាធ្លាប់​ជាសម្ព័ន្ធមិត្ត​នឹង​អេហ្ស៊ីប​ ក្នុង​សម័យ​កាល​គ្រប់គ្រង​របស់ប្រធានាធិបតី​ ហ្គាម៉ាល អាបដេល ណាសឺ (Gamal Abdel Nasser) ពួក​គេ​នឹង​នៅ​តែ​ជា​មិត្ត​រហូត​ ទោះ​បី​ជា​អេហ្ស៊ីប​ធ្វើ​យ៉ាង​ម៉េច​ចំពោះ​ពួក​គេ​ក៏​ដោយ»។

អាសរ បាន​បញ្ជាក់​ទៀត​ថា​ ក្រុម​មេដឹកនាំ​វ័យក្មេងពី​បដិវត្តន៍​ខែ​មករា​របស់​ប្រទេស​ បាន​ចូល​ទៅ​ជួប​ប្រធានាធិបតី​របស់​ អេត្យូពី និង អ៊ូហ្គង់ដា ក្នុង​កាយវិការ​បង្ហាញ​សុឆន្ទៈ​ដើម្បី​ធ្វើ​ការ​កែតម្រូវ​ឡើង​វិញ​នូវ​ចំណង​របស់​ប្រទេស​ទាំង​ពីរ​ដែលកំពុង​មាន​ភាព​តាន​តឹង។ គាត់​បាន​សង្កត់​ធ្ងន់​ថា​ បញ្ហា​ទឹក​ គឺ​ «ជា​រឿង​រសើប​ជាង​គេ​បំផុត​មួយ​នៃ​បញ្ហា​សន្តិសុខ​ជាតិ​និង​គោល​នយោបាយនានា​របស់​អេហ្ស៊ីប»។

នៅ​ឯ​នាយ​ម្ខាង​ទៀត​នៃ​សមុទ្រ​ក្រហម ​ក្នុង​ប្រទេស​យេម៉ែន​ (Yemen)​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឯ​ណោះវិញ ​ ប្រជាជន​នៃ​រដ្ឋធានី​សាណា​ បាន​ប្រាប់​វីអូអេ​ថា​ ទឹក​រដ្ឋ​កម្រ​នឹង​មក​ដល់​ផ្ទះ​ពួក​គាត់ទៀតទាត់​ណាស់ ដូច្នេះ​ហើយ​ពូក​គាត់​ត្រូវ​បង្ខំចិត្ត​បង់​ប្រាក់​ឲ្យ​គេ​អូស​ទឹក​តាម​រទេះ​ពី​ខាង​ក្រៅ​ទី​ក្រុង​មក។

ស្ថិតិ​របស់​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្កការ​សហប្រជាជាតិ​បាន​បង្ហាញ​ថា​ កម្រិត​នៃ​តំបន់​ដង្ហើម​ទឹក​សំខាន់ៗ​ចំនួន​២១​របស់​យេម៉ែន​ ជា​មធ្យម​ធ្លាក់​ចុះ​៧​ម៉ែត្រ​ក្នុង​មួយ​ឆ្នាំ។​ ការណ៍​នេះ​បណ្តាល​ឲ្យ​មាន​អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា ប្រទេស​នឹង​អស់​ទឹក​ផឹកក្នុង​រយៈពេល​ប្រាំ​ទៅ​ដប់​ឆ្នាំ​ខាង​មុខ។

ហាឃីម អាលម៉ាស្មារី (Hakim Almasmari) ជា​និពន្ធនាយក​របស់​កាសែត​ Yemen Post ​បាន​និយាយ​អះអាង​ថា តិច​ជាង​១០​ភាគរយ​នៃ​ប្រទេស​ទទួល​បាន​ទឹក​ពី​រដ្ឋ ហើយ​ រដ្ឋធានី​សាណា (Sana) អាច​នឹង​ក្លាយ​ជា​រដ្ឋធានី​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក​ដែល​អស់ទឹក។​ គាត់​បាន​សី្ត​បន្ទោស​ថា ​បញ្ហា​នេះ​ គឺ​បណ្តាល​មក​ពី​ហេដ្ឋា​រចនាសម្ព័ន្ធ​មិន​ល្អ ​របស់​ប្រទេស​និង​មក​ពី​វប្បធម៌​នៃ​ការ​ដាំ​ដើម​ខាត់​ (qat) ដើម្បី​ផលិត​ណាកូទីង​ដ៏​សន្ធឹក​សន្ធាប់​ទូទាំង​ប្រទេស។ គាត់​និយាយ​ថា៖

«ទី​១​គឺ នៅ​ទីនេះ​គ្មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ណា​មួយ​ពិតបា្រក​ដែល​អាច​ជួយ​ក្នុង​ការ​ទាញ​យកទឹក​ភ្លៀង​មក​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ហើយ​ដូច្នេះ​ទឹក​ដែល​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នៅ​យេម៉ែន គឺ​ជា​ទឹក​ក្រោម​ដី។ ៧០​%​នៃ​ទឹកដែល​បាន​មក​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ដំណាំ​ខាត់ ដែល​ជា​ប្រភេទ​ថ្នាំ​ញៀន ហើយ​គេ​ឃើញ​ថា​ ការ​ដាំ​ដំណាំ​នេះចេះ​តែ​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ»។

ហួស​ពី​ប្រទេស​យេម៉ែន​ទៅ​ខាង​ជើង​ទៀត គឺ​មាន​ប្រទេស​លីបង់ (Lebanon) និងប្រទេស​ស៊ីរី​ (Syria) ដែល​មាន​ភ្លៀង​ធ្លាក់​ជា​ញឹក​ញាប់​ជាង។ ប៉ុន្តែ​ហេដ្ឋា​រចនាសម្ព័ន្ធ​មិន​ល្អ​បាន​បង្អាក់​នូវ​ការ​ប្រមូល​ទឹកភ្លៀង​យ៉ាង​ច្រើន​ ឲ្យ​ហូរ​ចោល​ទៅ​ក្នុង​សមុទ្រ។​ លោក​សាស្រ្តចារ្យ​ ឡូអ៊ីស ហូប៊ីខា (Louis Hobeika) បង្រៀន​មុខវិជ្ជា​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ណូត្រឺ​ដាម (Notre Dame) របស់​លីបង់ បាន​ចង្អុល​បង្ហាញ​ថា​ ទឹក​គឺ​ត្រូវ​បាន​កំណត់តម្លៃ​ឲ្យ​ថោក​ ដែល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាជន​ប្រើ​ខ្ជះខ្ជាយ៖

«ប្រជាជន​បាន​ប្រើប្រាស់​ទឹក​មិន​បាន​ត្រឹមត្រូវ​ដោយ​សារ​តែ​ទឹក​មាន​តម្លៃ​ថោក​ ហើយ​នៅ​ទីនេះ​គ្មាន​ប្រដាប់​វាស់វែង​ទេ។ ឧទាហរណ៍​ នៅ​លីបង់​ ពួក​យើង​មិន​មាន​ម៉ែត្រ​សម្រាប់​វាស់វែង​ចំណុះ​ទឹក​ប្រើ​ប្រាស់​នោះ​ទេ។​ ពួក​យើង​បង់​ប្រាក់​ប្រចាំ​ខែ​ ដោយ​មិន​បង់​ទៅ​តាម​ចំនួន​ទឹក​ដែល​ប្រើ​នោះ​ទេ​ ដែល​មើល​ទៅ​ជា​ដូច​មិន​ទំនង​សោះ។ កត្តា​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាជន​ប្រើ​ប្រាស់​លើស​និង​ខ្ជះខ្ជាយ។

ហូប៊ីខា (Hobeika) បាន​សង្កត់​ធ្ងន់​ថា​ ទំនាក់ទំនង​នយោបាយ​មិន​ល្អ​រវាង​ប្រទេស​ភាគច្រើន​នៅ​ក្នុង​តំបន់​បាន​ធ្វើ​ឲ្យ​វិបត្តិ​ទឹក​កាន់​តែ​មាន​ភាព​តានតឹង​និង​ធ្ងន់ធ្ងរ។​ គាត់​បញ្ជាក់​ត​ទៀត​ថា​ លីបង់​និង​អ៊ីស្រាអែល​ធ្លាប់​មាន​ជម្លោះ​ដណ្តើម​ទឹក​ពី​ទន្លេ​លីតានី (Litani River) ភាគ​ខាង​ត្បួង​របស់​លីបង់៖

«ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​រវាង​ប្រទេស​នៅ​ក្នុង​មជ្ឈឹមបូព៌ា​ជា​ធម្មតា​គឺ​មិន​ល្អ​ ដូច្នេះ​ហើយ​ទឹក​គឺ​ជា​ប្រភព​មួយ​នៃ​ជម្លោះ​ក្នុង​តំបន់។ ទឹក​គឺ​មាន​ ប៉ុន្តែ​វា​តែង​តែ​មាន​ជម្លោះ​អំពី​វិធី​ក្នុង​ការ​រៀបចំ​ចែក​ចាយ​ទឹក​ឲ្យ​បានត្រឹម​ត្រូវ ​និង​បញ្ជៀស​នូវ​ជម្លោះ​ដែល​មិន​ចាំ​បាច់។​ ទឹក​ទន្លេ Litani ក្នុង​ប្រទេស​លីបង់​ ជា​ឧទាហរណ៍​សំខាន់​មួយ​នៃ​ជម្លោះ​ដែល​អាច​កើត​មាន​ឡើង​រវាង​យើង​និង​អ៊ីស្រាអែល»។

សន្និសីទ​សេដ្ឋកិច្ច​មួយ​នៅ​ប្រទេស​ស៊ីរី​កាល​ពី​ខែ​វិច្ឆិកា​បាន​អះអាង​ថា​ វិបតិ្ត​កសិកម្ម​ឥត​ឈប់​ឈរ​នៅ​តំបន់​ជា​ច្រើន​នៃ​ប្រទេស​(ស៊ីរី) ជា​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​គម្រោង​កសាង​ទំនប់​របស់​រដ្ឋាភិបាល​តួកគី​ ដែល​អាច​កម្រិត​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​អ៊ីរ៉ាក់។​ មាន​អ្នក​ជំនាញ​បាន​និយាយ​អះអាង​ថា​ វិបត្តិ​ទឹក​គឺ​ជា​ «កត្តា​ចម្បង​ដែល​នាំ​ឲ្យ​មាន​ចលនា​ប៉ះបោរ​ថ្មីៗ​នេះ» ​នៅ​ក្នុង​ប្រទេស​ស៊ីរី៕

ប្រែ​សម្រួល​ដោយ សៀក អេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG