នៅកម្ពុជាសព្វថ្ងៃ ខណៈពេលដែលមីក្រូហិរញ្ញវត្ថុកាន់តែសម្បូរច្រើនឡើង ប្រជាពលរដ្ឋកាន់តែច្រើននាំគ្នាទទួលប្រាក់កម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ មួយផ្នែកដើម្បីជួយសម្រួលដល់ការធ្វើចំណាកស្រុក។ នេះបើយោងតាមអ្នកជំនាញខាងចំណាកស្រុក និងមីក្រូហិរញ្ញវត្ថុ។
គិតមកត្រឹមខែមិថុនា ឆ្នាំ២០១៥ ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់កម្ចីជាសាច់ប្រាក់ជាងពីរពាន់លានដុល្លារ ដែលចំនួននេះបានកើនឡើង បើធៀបនឹងឆ្នាំ២០១៤ ដែលប្រាក់កម្ចីនាពេលនោះមានចំនួនត្រឹមតែមួយពាន់ប្រាំមួយរយលានដុល្លារតែប៉ុណ្តោះ។ នេះបើយោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
លោកស្រី Maryann Bylander សាស្ត្រចារ្យខាងសង្គមវិទ្យានៃសាកលវិទ្យាល័យ Lewis and Clark បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរប្រើប្រាស់មីក្រូហិរញ្ញវត្ថុដើម្បីជួយដល់ការធ្វើចំណាកស្រុកក្នុងរូបភាពខុសៗគ្នា។
«សម្រាប់អ្នកខ្លះ គាត់បានធ្វើចំណាកស្រុករួចបាត់ទៅហើយ។ ហេតុដូច្នេះ ពួកគេបានខ្ចីប្រាក់ និងប្រើប្រាស់ប្រាក់នោះដើម្បីធ្វើចំណាកស្រុក។ សម្រាប់អ្នកខ្លះទៀត ពួកគេជាប់បំណុល ហើយមិនអាចមានប្រាក់សងបំណុលនោះបាន។ ម្លោះហើយពួកគេត្រូវតែធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ»។
ពលរដ្ឋចំណាកស្រុកជាធម្មតាបានផ្ញើរប្រាក់កម្រៃ ដែលរកបានពីការងារក្រៅប្រទេសចូលមកក្នុងប្រទេស ដើម្បីទូទាត់បំណុលនៅក្នុងស្រុក ដែលពួកគេបានខ្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។
លោកស្រីបានបញ្ជាក់ថា កាលណាប្រជាពលរដ្ឋនាំគ្នាប្រើប្រាស់ប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុដើម្បីធ្វើចំណាកស្រុក នោះស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលបានប្រយោជន៍ដ៏ប្រសើរពីការធ្វើបែបនេះ។
«ការណ៍ដែលប្រជាពលរដ្ឋខ្មែរកំពុងតែធ្វើការនៅប្រទេសថៃ គឺផ្តល់ឱកាសដ៏ល្អសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ពីព្រោះថាវាផ្តល់ជាប្រភពបង់ប្រាក់សំណងយ៉ាងទៀតទាត់សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយសារប្រាក់បៀរវត្សរ៍នៅទីនោះខ្ពស់ជាងនៅកម្ពុជា»។
ក៏ប៉ុន្តែ ការធ្វើចំណាកស្រុកដើម្បីរកប្រាក់កម្រៃមកបង់ប្រាក់សំណងសម្រាប់កម្ចីមីក្រូហិរញ្ញវត្ថុនេះអាចបង្កើនភាពងាយនឹងទទួលរងគ្រោះថ្នាក់ និងគ្រោះថ្នាក់ផ្សេងៗទៀតសម្រាប់អ្នកខ្ចី ពីព្រោះជាញឹកញាប់ការងារក្រៅប្រទេសអាចមិនមានសេ្ថរភាព ហើយពលករចំណាកស្រុកអាចនឹងត្រូវបានបោកប្រាស់។
លោកស្រី Maryann Bylander ឲ្យដឹងថា៖ «ខ្ញុំមិនចង់និយាយថា ពលករចំណាកស្រុកមិនគួរខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុទេ។ ប៉ុន្តែ ខ្ញុំយល់ថា យើងត្រូវការការត្រួតពិនិត្យប្រសើរជាងនេះ ជាពិសេសលើភាពងាយនឹងទទួលគ្រោះថ្នាក់របស់ពលករចំណាកស្រុក ដែលអាចបង្កឡើងដោយសារតែបំណុល»។
យោងតាមរបាយការណ៍ស្តីអំពីឥទ្ធិពលនៃសេវាមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានរកឃើញថា ស្ថាប័នមីក្រូហិរញ្ញវត្ថុបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដោយជួយបង្កើតប្រាក់ចំណូល និងទ្រព្យសម្បត្តិដល់អ្នកដែលខ្ចីប្រាក់កម្ចីពីស្ថាប័នទាំងនេះ។
ប៉ុន្តែ លោកស្រីសាស្ត្រាចារ្យ Bylander មិនជឿជាក់ថា មីក្រូហិរញ្ញវត្ថុសម្រេចបានលទ្ធផលដ៏ល្អ និងយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ដូចដែលការសន្និដ្ឋានជារឿយៗនោះទេ។
«គោលដៅជាច្រើនរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុបានបាត់បង់។ វាក៏បានបាត់បង់នៅកម្ពុជា ដោយសារតែវិស័យនេះរំកិលខ្លួនទៅបម្រើខាងវិស័យពាណិជ្ជកម្ម»។
លោកស្រីក៏បានបន្ថែមទៀតថា ការណ៍នេះអាចមានបញ្ហាច្រើន ជាពិសេសបើគ្មានការត្រួតពិនិត្យឲ្យបានដិតដល់។ ហេតុដូច្នេះ លោកស្រីយល់ថា ការធ្វើកំណែទម្រង់លើវិស័យមីក្រូហិរញ្ញវត្ថុ ដោយជំរុញឲ្យមានការត្រួតពិនិត្យកាន់តែខ្លាំងឡើងគឺចាំបាច់សម្រាប់កម្ពុជា។
លោកស្រីថា បំណុលបង្កឲ្យមានភាពងាយទទួលរងគ្រោះថ្នាក់សម្រាប់ពលករចំណាកស្រុក។ ដូច្នេះ លោកស្រីយល់ថា វាដល់ពេលហើយដែល រដ្ឋាភិបាល និងដៃគូសហការត្រូវយកចិត្តទុកដាក់លើការបង្កើតឱកាសទទួលបានការងារដោយស្របច្បាប់សម្រាប់ពលករចំណាកស្រុក៕