ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​កាត់ដេរ ​និង​សហជីព​នៅ​តែ​ខ្វែង​គំនិត​គ្នា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា


រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ ថ្ងៃ​ទិវា​ពលករ​អន្តរជាតិ ឬ​ទិវា​ពលកម្ម ធ្វើ​ឡើង​ក្នុង​គោលបំណង​រំឭក​អំពី​ការ​តស៊ូ​របស់​កម្មករ​នៅ​ប្រទេស​ឧស្សាហកម្ម​កាលពី​សតវត្សទី១៩ ដើម្បី​ទាមទារ​ស្ថានភាព​ការងារ​ដ៏ល្អប្រសើរ​មួយ។ (រូបថត៖ REUTERS/Pring Samrang)
រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ ថ្ងៃ​ទិវា​ពលករ​អន្តរជាតិ ឬ​ទិវា​ពលកម្ម ធ្វើ​ឡើង​ក្នុង​គោលបំណង​រំឭក​អំពី​ការ​តស៊ូ​របស់​កម្មករ​នៅ​ប្រទេស​ឧស្សាហកម្ម​កាលពី​សតវត្សទី១៩ ដើម្បី​ទាមទារ​ស្ថានភាព​ការងារ​ដ៏ល្អប្រសើរ​មួយ។ (រូបថត៖ REUTERS/Pring Samrang)

តំណាង​និយោជក​ក្នុង​វិស័យ​កាត់​ដេរ​ច្រាន​ចោល​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៧​ដុល្លារ​​ និង​បាន​ព្រមាន​ថា​ ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​​នាក់​អាច​បាត់​បង់​ការ​ងារ​ ប្រសិន​បើ​មាន​ការ​ប្រើ​ប្រាស់​តួលេខ​មិន​ច្បាស់​លាស់​សម្រាប់​ធ្វើ​ការ​ចរ​ចា។

តំណាង​និយោជក​ក្នុង​វិស័យ​កាត់​ដេរ​ច្រាន​ចោល​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៧​ដុល្លារ និង​បាន​ព្រមាន​ថា​ ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺននាក់​អាច​បាត់​បង់​ការ​ងារ​ ប្រសិន​បើ​មាន​ការ​ប្រើ​ប្រាស់​តួលេខ​មិន​ច្បាស់​លាស់​សម្រាប់​ធ្វើ​ការ​ចរ​ចា។​ មេដឹកនាំ​សហជីព​បាន​ថ្លែង​ការ​ពារ​តួលេខ​នេះ​ ហើយ​ថា​ ការ​ធ្វើ​កូដកម្ម​នឹង​ផ្ទុះ​ឡើង​ក្នុង​ករណី​ដែល​ការ​ចរចា​មិន​អាច​ផ្តល់​ឲ្យ​កម្មករ​នូវ​ប្រាក់​ឈ្នួល ​ដែល​អាច​ទប់​ទល់​នឹង​ការ​ចំណាយ​ជាក់​ស្តែង​ប្រចាំ​ថ្ងៃ​បាន​នោះ។​

​នៅ​ថ្ងៃ​អង្គារ​នេះ លោក ​វ៉ាន់ ស៊ូអៀង​ ប្រធាន​សមាគម​កាត់​ដេរ​នៅ​កម្ពុជា​បាន​ព្រមាន​អំពី​ការ​បាត់​បង់​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ជាង​៨០០.០០០​នាក់​ នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ប្រសិន​បើ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​តម្លាភាព។​

ការ​ព្រមាន​របស់​តំណាង​និយោជក​រូប​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ​ ដែល​បាន​បង្ហាញ​ថា​ កម្មករ​ត្រូវ​ការ​ប្រាក់​ឈ្នួល​អប្បបរមា​២០៧​ដុល្លារ​សម្រាប់ទប់​ទល់ការ​ចំណាយ​ប្រចាំ​ខែ​របស់​ពួក​គេ។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ឯសណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​លោក​ វ៉ាន់ ស៊ូអៀង ​មាន​ប្រសាសន៍​ថា​ និយោជក​ចង់​ឃើញ​ការ​ចរចាប្រាក់​ឈ្នួល​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ ​ដែល​អាច​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​កម្រិត​ដែល​និយោជក​អាច​ផ្តល់​ជូន​បាន​ នៅ​មុន​ពេល​ពួក​គេ​សម្រេច​ដើរ​ចេញ​ពី​ប្រទេស​កម្ពុជា​ ឬ​ក៏ឈប់​មក​បោះ​ទុន​ក្នុង​វិស័យ​នេះ។​

លោក​បាន​ច្រាន​ចោល​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៧​ដុល្លារនេះ​ដែរ​ ដោយ​លោក​សំអាង​ថា តួលេខ​នេះ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ស្រាវ​ជ្រាវ​ច្បាស់​លាស់​ចំពោះ​ស្ថាន​ភាព​សង្គម​ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​នោះ​ទេ។​

«ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​យើង​ដឹង​ទាំង​អស់​ ជាមួយ​នឹង​កម្មករ​ថា​ មួយ​ឆ្នាំៗ​ យើង​មាន​៣០​ម៉ឺន​នាក់​រក​ការងារ​ធ្វើ​ស្រុក​ខ្មែរ។​ បើ​ថា​ អត់​មាន​វិស័យ​ណា​ផ្នែកសេដ្ឋកិច្ចណា​បង្កើត​ការងារ​ឲ្យ​កម្មករ ​រក​ការងារ​ឲ្យ​ប្រជា​ជន​យើង​ធ្វើ​ ពិបាក​ណាស់។​ ចង់​ទៅ​ថៃ​ទាំង​អស់​អ្ហេ! ​ចង់​ទៅ​វៀតណាម​ទាំង​អស់​អ្ហេ!​ ទៅ​កន្លែង​គេ​មិន​ស្រួល​ទេ។​ រួច​ហើយ​ឪពុក​ម្តាយ​យើង​អត់​ចង់​ឲ្យ​កូន​យើង​ទៅ​ស្រុក​គេ​ទេ​ ឲ្យ​គេ​ធ្វើ​បាប​រហូត។ បើ​ថា​ យើង​អត់​មាន​ការងារ​ធ្វើ​នៅ​ស្រុក​ខ្មែរ​ ប្រយ័ត្ន​ថា ​សេដ្ឋកិច្ច​យើង​ដួល​ទៅ​ មិន​ស្រួល​ទេ​ណា៎​ ហើយ​ហៅ​គេ​មក​ពិបាក​ណាស់​ ពីព្រោះ​គេ​មើល​យើង​ថា​ អ្ហេ! ​កាត់​ដេរ​ធ្វើ​១០​និង​២០​ឆ្នាំ​ហើយ​ ធ្វើ​អត់​រស់​ទៀត​ ហើយ​បាត់​ទាំង​អស់ ​ខ្ញុំ​ម៉េច​ហ៊ាន​ធ្វើ​ស្រុក​ខ្មែរ​ទៀត!»។​

លោក​បាន​បន្ទោស​សហជីព​អន្តរជាតិ ​និង​ជន​បរទេស។​ លោក​បន្ថែម​ថា៖​

«អាហ្នឹង​យើង​ត្រូវ​ពិចារណា​ខ្លាំង​មែន​ទែន ហើយ​កុំចេះ​តែ​ស្តាប់​ពួក​អ្នក​បរទេស​ហ្នឹង! ​ចុះ​សហជីព​ពាណិជ្ជកម្ម​ ពាណិជ្ជកម្ម​អន្តរជាតិ​អី​មកដល់​ ហើយ​ចាយ​លុយ​ឲ្យ​គេ​ស្រាវជ្រាវ ​ហើយ​ចេញ​មក​២០៧​ដុល្លារ ស្អែក​ចេញ​មក​ទៀត​២៣០​ដុល្លារ​ ខាន​ស្អែក៣០០​ដុល្លារ​ ចេះ​តែ​ថា»។​

លទ្ធផល​បឋម​ដែល​បាន​មក​ពី​ការ​ស្ទាប​ស្ទង់​អំពី​តម្រូវការ​របស់​កម្មករ​ចំនួន​៧៤៥​នាក់​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ DC Research​ បង្ហាញ​ថា ចំនួន​ពាក់​កណ្តាល​នៃ​កម្មករ​ទាំង​អស់​នេះ​ចង់​ទទួល​បាន​ប្រាក់​ឈ្នួល​២០៧,៥០​ដុល្លារ​ក្នុង​មួយ​ខែ។​

​មេដឹកនាំ​សហជីព​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ពួក​គេនៅ​តែ​ប្រកាន់​ជំហរ​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៧​ដុល្លារ​ដដែល ពីព្រោះ​របាយ​ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ចុះ​ជួប​ផ្ទាល់​របស់​អ្នក​ស្រាវជ្រាវ​ជាមួយ​នឹង​កម្មករ។

អ្នក​ស្រី ​ឆេង ដានោ​ ប្រធាន​ស្តីទី​នៃ​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយណ​ភណ្ឌ​កាត់​ដេរ​កម្ពុជា​ថ្លែង​ថា​ សហជីព​ជាង​១០​បាន​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ ពួកគេ​នឹង​យក​តួលេខ​ប្រាក់​ខែ​អប្បរិមា​២០៧​ដុលា្លរ​នេះ​ទៅ​ចរចា​ ហើយ​ថា ​និយោជក​ជំទាស់​នឹង​តួលេខ​នេះ​ ពីព្រោះ​វា​ច្រើន​ជាង​ការ​គិត​របស់​ពួក​គេ។​

«តាម​អ្វី​ដែល​ពួក​ខ្ញុំ​គិត​ ខ្ញុំ​គិត​ថា​ GMAC ​គាត់​ចាំ​តែ​ជំទាស់​ ប្រសិន​បើ​រក​ឃើញ​អ្វី​ច្រើន​ជាង​ការ​គិត​របស់​គាត់។​ អញ្ចឹង​គាត់​ចាំ​តែ​ជំទាស់​យើង ​ តែ​បើ​សិន​ជា​រក​ទៅ​ បើ​ឃើញ​ទៅ​វា​ទាប​ ដូច​ការ​គិត​របស់​គាត់​ ​អាហ្នឹង​គាត់ព្រម​ទទួល​យក​ហើយ​ តែ​ដល់​ពេល​យើង​រក​ទៅ​វាមិន​តាម​ចិត្ត​គាត់ចង់​បាន គាត់មិនឲ្យ​យើង​ទេ»។​

លោក​ គង់ អាទិត្យ​ អគ្គ​លេខាធិការ​សហភាព​ការងារ​កម្ពុជា​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៧​ដុល្លារនេះទើប​តែ​ត្រូវ​បាន​រក​ឃើញ​ ហើយ​វាស្ថិត​លើ​តុចរចា​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ។​ លោក​បញ្ជាក់​ថា​ កម្មករ​មិន​ចង់​ឃើញ​និយោជក​ ឬ​ថៅកែ​រោង​ចក្រ​ណា​ម្នាក់​ដើរ​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។​

«និយាយ​ទៅ​ខាង​កម្មករ​ យើង​អត់​ចង់​ឲ្យ​និយោជក​ណា​គាត់​បាត់​បង់ ​ចាក​ចេញ​ពី​ប្រទេស​ហ្នឹង​ទេ។ យើង​ចង់​ជជែក​គ្នា​ ចង់​មាន​ការ​ព្រម​ព្រៀង​ណា​មួយ​ ដែល​វា​អាច​ទទួល​យក​បាន​ទាំង​សង​ខាង​ដែរ។ ដូច​ឆ្នាំ​ទៅ​អញ្ចឹង យើង​ឃើញ​ ហើយ​យើង​ចរចា​ យើង​ទាម​ទារ​ល្មម​អាច​យក​បាន។​ យើង​មាន​ធ្វើ​អី ​យើង​ទទួល​យក។​ យើង​រង​ចាំ​ឆ្នាំ​ក្រោយ​ចរចា​ម្តង​ទៀត​ទេតើ!»។​

ទាំង​អ្នក​ស្រី​ ឆេង ដាណូ ​និង​លោក​ គង់ អាទិត្យ​ បាន​ព្រមាន​ថា​ កម្មករ​អាច​នឹង​សម្រេច​ចិត្តធ្វើ​កូដកម្ម​ក្នុង​ករណី​ដែល​និយោជក​មិន​អាច​ផ្តល់​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សមរម្យ​សម្រាប់​ពួក​គេ។​

រីឯ​លោក​ ហេង សួ​ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា ​ ភាគី​ទាំង​សង​ខាង​ត្រូវ​រក​ឲ្យ​បាន​នូវ​តួលេខ​ជាក់​លាក់​មួយ​សម្រាប់​ឲ្យ​ភាគី​រដ្ឋាភិបាល​ធ្វើ​ការ​ពិចារណា។​ លោក​ថា ​រដ្ឋាភិបាល​នឹង​មិន​ពិចារណា​ តួលេខ​ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាស​នោះ​ឡើយ។​

«ខាង​និយោជក​ក៏ត្រូវ​តែ​សម្រប​សម្រួល​ផ្ទៃ​ក្នុង​ដើម្បី​ឲ្យ​មាន​តួលេខ​មួយ​ ហើយ​ភាគី​សហជីព​ក៏​ត្រូវ​តែ​សម្រប​សម្រួល​ផ្ទៃ​ក្នុង​ឲ្យ​មាន​តួលេខ​មួយ។​ បើ​សិន​ជា​មាន​តួលេខ​ផ្សេង​គ្នា​នោះ​គឺយើង​នឹង​មិន​ពិចារណា​ទៅ​លើ​តួលេខ​ ដែល​មាន​លក្ខណៈ​បែក​ខ្ញែក​គ្នា​នោះ​ទេ»។​

លោក​បន្ត​ថា​ ភាគី​នីមួយៗ​នឹង​បញ្ជាក់​ជំហរ​របស់​ពួក​គេ​ទាក់​ទិន​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ប្រឹក្សា​ការងារ​នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ​នេះ។​

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​ភាព​ចម្រូង​ចម្រាស​នៅ​ក្នុង​វិស័យ​នេះ​ ដោយ​សារ​មានការ​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​បាន​សមស្រប​ទៅ​នឹង​ការ​កើន​ឡើង​នូវ​តម្លៃ​ទំនិញ​នានា​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​បន្ត​កើន​ឡើង​លឿន​ជាង​ប្រាក់​ខែ​កម្មករ។​

ការ​តវ៉ា​របស់​កម្មករ​ដើម្បី​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ខែ​មករា ​ដើម​ឆ្នាំ​២០១៤​បាន​ប្រឈម​នឹង​ការ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​ពី​រដ្ឋាភិបាល​ ដែល​នាំឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំ​នាក់​បាន​ស្លាប់ ​និង​រាប់​សិប​នាក់​រង​របួស​ព្រម​ជាមួយ​នឹង​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដាក់​ពន្ធនាគារ​មួយ​ចំនួន​ថែម​ទៀត​ផង។

បន្ទាប់​ពី​មាន​ការ​តវ៉ា​ទាំង​នោះ​ រដ្ឋាភិបាល​បាន​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​ដល់​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ក្រុម​កម្មករ​បាន​ឲ្យ​ដឹង​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ថា​ ពួក​គេ​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​១៧៧​ដុល្លារក្នុង​មួយ​ខែ​ ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នូវ​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នា​ពេល​បច្ចុប្បន្ន៕​

XS
SM
MD
LG