សេដ្ឋកិច្ចប្រទេសកម្ពុជានឹងមានការរីកចម្រើនតិចជាងការព្យាករណ៍ទុក ប៉ុន្តែនៅតែមានលក្ខណៈរឹងមាំ។ ការថមថយនេះដោយសារតែការថយចុះនូវសក្តានុពលកំណើននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងការងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ប្រទេសឧស្សាហកម្មធំៗ។ នេះបើតាមការបញ្ជាក់របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (ផសស) សម្រាប់ប្រទេសកម្ពុជាគឺ៧,០% សម្រាប់ឆ្នាំ២០១៥ និង៧,២% សម្រាប់ឆ្នាំ ២០១៦ដែលទាបជាងការព្យាករណ៍ចេញផ្សាយក្នុងខែមីនាថា កំណើនឆ្នាំ២០១៥ អាចដល់៧,៣% និងឆ្នាំ២០១៦ ដល់៧,៥%។
លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការពង្រីកឧស្សាហកម្មកាត់ដេរ សំណង់ និងសេវាកម្ម ជាពិសេស សេវាទេសចរណ៍ ហិរញ្ញវត្ថុ និងអចលនទ្រព្យនៅតែបន្តជំរុញកំណើនបន្ថែមទៀត។ ប៉ុន្តែ កំណើននៃការនាំចេញ និងទេសចរណ៍មានការថមថយបន្តិចក្នុងឆមាសទី១ នៃឆ្នាំ២០១៥ ខណៈពេលដែលវិស័យកសិកម្មទទួលរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់មានកម្រិតទាប និងអូសបន្លាយពេលយូរ»។
ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាកើនឡើងបានតែ ១១,០% គឺថយចុះពី១៤,៥% ក្នុងឆមាសទី១ នៃឆ្នាំ២០១៤។ រីឯកំណើននៃការនាំចេញទំនិញសរុបថយពី១៨,៣% មកនៅត្រឹមតែ១៤% វិញ។
សេចក្តីប្រកាសព័ត៌មានរបស់ ADBបន្ថែមថា៖
«ឧស្សាហកម្មកាត់ដេរប្រឈមនឹងការកើនឡើងនូវការប្រកួតប្រជែង ដោយសារតែប្រាក់ដុល្លារឡើងថ្លៃ និងគូប្រកួតប្រជែង ដែលផ្តល់ប្រាក់ឈ្នួលទាប ដូចជាប្រទេសមីយ៉ាន់ម៉ាជាដើម»។
កំណើនចំនួនភ្ញៀវទេសចរក៏មានការថយចុះ ប៉ុន្តែតម្រូវការក្នុងស្រុកមានការកើនឡើងខ្លាំងដោយមានការពង្រីកការផ្តល់ឥណទានដល់វិស័យឯកជន និងការនាំចូលក៏មានកំណើនខ្ពស់ផងដែរ។
សេដ្ឋកិច្ចប្រទេសកម្ពុជាមានកំណើនជាមធ្យមក្នុងកម្រិត៧,៧%ក្នុងមួយឆ្នាំនារយៈពេលពីរទសវត្សរ៍ចុងក្រោយ។ នេះបើតាមការបញ្ជាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃច័ន្ទដែរថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៥នេះក៏នឹងមិនទាបជាង៧%ឡើយ៕