អ្នកបោះឆ្នោតនៅក្នុងរដ្ឋចំនួន៦របស់សហរដ្ឋអាមេរិកនៅក្នុងថ្ងៃអង្គារនេះ នឹងបោះឆ្នោតប្រកួតយកការតែងតាំងជាបេក្ខភាពប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ។ ការផ្តោតជាសំខាន់ គឺទៅលើរដ្ឋ Michigan ភាគកណ្ដាលសហរដ្ឋអាមេរិក ដែលការស្ទង់មតិនៅទីនោះបង្ហាញថា លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក កំពុងនាំមុខលោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont ។
រដ្ឋ Michigan ជារដ្ឋមានប្រតិភូច្រើនជាងគេនៅក្នុងការបោះឆ្នោតបឋមក្នុងថ្ងៃអង្គារនេះ ដោយមានប្រតិភូដែលបេក្ខជនត្រូវប្រជែងយកចំនួនដល់១២៥។
លោក Sanders ធ្លាប់បានឈ្នះរដ្ឋ Michigan នៅក្នុងការការបោះឆ្នោតបឋមកាលពីឆ្នាំ២០១៦ ប៉ុន្តែការស្ទង់មតិជាច្រើនក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ហាញថា លោក Sanders នៅពីក្រោយលោក Biden ក្នុងចំនួនច្រើន។
ក្រៅពីរដ្ឋ Michigan ការបោះឆ្នោតបឋមនេះក៏មានធ្វើឡើងនៅក្នុងរដ្ឋ Washington, Missouri, Mississipi, Idaho និងរដ្ឋ North Dakota។
នៅមុនការបោះឆ្នោត៦រដ្ឋក្នុងថ្ងៃអង្គារនេះ លោក Biden កំពុងនាំមុខដោយមានចំនួនប្រតិភូសរុប ៦៧០ប្រតិភូ ខណៈដែលលោក Sanders មាន៥៧៤ប្រតិភូ នេះបើតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារព័ត៌មាន AP។ បេក្ខជនត្រូវការប្រតិភូសរុបចំនួន១.៩៩១ ដើម្បីអាចដណ្ដើមយកបេក្ខភាពប្រធានាធិបតីពីបក្សបាន។
លោក Sanders ថ្លែងថា សហរដ្ឋអាមេរិកពេលនេះត្រូវការគោលនយោបាយបែបកំណែទម្រង់ខ្លាំង ដូចដែលលោកបានស្នើក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជាជាងគោលនយោបាយកណ្តាលរបស់លោក Biden ដើម្បីអាចយកឈ្នះលោកប្រធានាធិបតី Donald Trump ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាបាន៕