កាលពី ៦ ឆ្នាំមុន លោក Nachiket Chanchani បានទៅទស្សនាប្រាសាទអង្គរវត្តជាលើកដំបូង។ អ្នកប្រវត្តិសាស្ត្រខាងស្ថាបត្យកម្មរូបនេះបានចាប់ផ្តើមគិតពីទំនាក់ទំនងរវាងភាពស្មុគស្មាញក្នុងប្រទេសកម្ពុជាសម័យទំនើបបន្ទាប់ពីរបបប្រល័យពូជសាសន៍និងភាពសាំញ៉ាំនៃប្រាសាទបុរាណ។
លោក Chanchani ដែលជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រសិល្បៈនៅសាកលវិទ្យាល័យ Michigan បន្តគិតពីប្រាសាទអង្គរវត្ត ដោយផ្គូរផ្គងបរិវេណដ៏សាំញ៉ាំរបស់ប្រាសាទនិងសិល្បៈដែលត្រូវបានបង្កើតតាំងពីរបបខ្មែរក្រហមដែលបានសម្លាប់ប្រជាជនកម្ពុជាជិត២លាននាក់ រវាងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ ដែលមនុស្សទូទាំងពិភពលោករងទុក្ខ បារម្ភនិងភ័យខ្លាច ការគិតរបស់លោកបានលេចចេញកាន់តែច្បាស់។
លោកបានប្រាប់វីអូអេខ្មែរតាមបណ្តាញ Zoom ថា៖ «ខ្ញុំគិតថាសិល្បៈទាំងនេះ តាំងពីអតីតកាលនិងបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា អាចបង្រៀនយើងថាតើយើងអាចរក្សាស្ថិរភាពនិងបន្តទៅមុខដោយរបៀបណា»។
សារមន្ទីរសិល្បៈនៃសាកលវិទ្យាល័យ Michigan (UMMA) ដែលជាសារមន្ទីរសាកលវិទ្យាល័យធំបំផុតមួយក្នុងចំណោមសារមន្ទីរជាច្រើនទៀតក្នុងសហរដ្ឋអាមេរិក កំពុងដាក់តាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិល្បករខ្មែរចំនួន៨០ក្នុងការតាំងពិព័រណ៍មួយដែលរៀបចំឡើងដោយលោក Chanchani ក្នុងទីក្រុង Ann Arbor រដ្ឋ Michigan។ ការតាំងពិព័រណ៍ដែលមានឈ្មោះថា៖ «Angkor Complex: Cultural Heritage and Post-Genocide Memory in Cambodia» ឬ «ប្រាសាទអង្គរ៖ បេតិកភណ្ឌវប្បធម៌និងការចងចាំក្រោយរបបប្រល័យពូជសាសន៍នៅកម្ពុជា» នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ខែកុម្ភៈដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤។
សិល្បករកម្ពុជាដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកនិងកម្ពុជាដែលបានចូលរួមដាក់បង្ហាញស្នាដៃរបស់ខ្លួនមានដូចជាលោក វ៉ាន់ ណាត លោក សុភាព ពេជ្រ អ្នកស្រី Amy Lee Sanford លោក ស្វាយ សារ៉េត លោក វណ្ឌី រតនា និងលោក លាង ស៊ីកន។
ឧទ្យានបុរាណអង្គរដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះ លាតសន្ធឹងលើផ្ទៃដី ៤០០ គីឡូម៉ែត្រការ៉េ និងធ្លាប់ជាទីក្រុងមួយដែលមានប្រជាជនរស់នៅជិត ១លាននាក់។ បរិវេណនេះរួមមានប្រាសាទមួយចំនួនដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកបន្ទាប់ពីត្រូវបានឃើញក្នុងខ្សែភាពយន្តធំៗដូចជានៅក្នុងភាពយន្ដ Lara Croft: Tomb Raider និងភាពយន្ដ In the Mood for Love ជាដើម។
នៅក្នុងវចនានុក្រមពាក្យ «complex» មានន័យច្រើនយ៉ាងដូចជា«វត្ថុមួយដែលត្រូវបានបង្កើតឡើងដោយផ្នែកដែលទាក់ទងគ្នានិងស្មុគស្មាញ» «អគារមួយឬបណ្តុំអគារមួយដែលមានច្រើនផ្នែក» ឬ «ការចងចាំឬសេចក្តីប្រាថ្នាដែលត្រូវបានបង្ខាំងហើយមានឥទ្ធិពលលើបុគ្គលិកលក្ខណៈ» ដូច្នេះហើយទើបលោក Chanchani យល់ឃើញថាការតាំងពិព័រណ៍នេះអាច«ឱ្យយើងគិតពីស្រទាប់ខុសៗគ្នា និងគំនិតខុសៗគ្នាពីភាពសាំញ៉ាំ»។
សព្វថ្ងៃនេះ «កម្ពុជាចាត់ទុកប្រាសាទអង្គរវត្តជាកន្លែងដ៏ពិសិដ្ឋមួយ ជានិមិត្តសញ្ញាជាតិ និងជាកន្លែងចងចាំមួយ»។ នេះបើយោងតាមការបញ្ជាក់នៅក្នុងមគ្គុទ្ទេសក៍នៃការតាំងពិព័រណ៍នេះ។
លោក Chanchani បានថ្លែងបន្តថា៖ «ដូចជញ្ជាំងដែលមានស្នាមគ្រាប់កាំភ្លើងរបស់ប្រាសាទអង្គរវត្តអ៊ីចឹងដែរ ស្នាដៃសិល្បៈសហសម័យពីសិល្បករខ្មែរនៅក្នុងប្រទេសកម្ពុជានិងពីជនជាតិខ្មែរនៅបរទេស បង្ហាញពីស្នាមនៃរបបប្រល័យពូជសាសន៍និងភាពចលាចលនានា»។
លោកបានបន្ថែមថា ក្នុងនាមលោកជាជនជាតិផ្សេងម្នាក់ លោកបានដឹងថាការតាំងពិព័រណ៍នេះមានភាពរសើប។
លោកនិយាយថា៖ «វាមិនមែនជាអ្វីដែលបានកើតឡើង១ពាន់ឆ្នាំមុននោះទេ។ អ្នករស់រានមានជីវិតពីរបបនោះនៅតែមានជីវិតពេលនេះ»។
លោក Chanchani សង្ឃឹមថា ការនាំសិល្បៈកម្ពុជាទៅសហរដ្ឋអាមេរិកនឹងលួងលោមអ្នកទស្សនា ក្នុងពេលដែលសៀវភៅណែនាំនៃពិព័រណ៍នេះបានពណ៌នាថាជាវិបត្តិសកលបច្ចុប្បន្នដែលទាក់ទងគ្នាដូចជា «សុខភាពសាធារណៈ អស្ថិរភាពសេដ្ឋកិច្ច របបផ្តាច់ការ ភាពអយុត្តិធម៌នៃពូជសាសន៍ និងការប្រែប្រួលអាកាសធាតុ?»។
ប៉ុន្តែតើមានអ្វីដែលសហរដ្ឋអាមេរិកដែលជាប្រទេសមួយដែលមានសេដ្ឋកិច្ចនិងកម្លាំងយោធាធំបំផុតអាចសិក្សាបានពីកម្ពុជា ដែលជាប្រទេសតូចមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រៅពីការដើរចេញពីការចងចាំដ៏ឈឺចាប់?
ហើយតើប្រជាជាតិមួយនេះអាចជាសះស្បើយពីរបបខ្មែរក្រហមដែលបានសម្លាប់មនុស្សជិត១ភាគបួននៃប្រជាជនសរុបនៅពេលនោះក្នុងគោលបំណងបង្កើតពិភពកសិកម្មដ៏អស្ចារ្យមួយសម្រាប់កសិករបានដែរឬទេ?
សម្រាប់ប្រជាជនខ្មែរ ទោះបីជារបបនេះបានកន្លងផុតទៅអស់រយៈពេល ៤០ ឆ្នាំហើយក្ដី ក៏ប្រជាជាតិនេះហាក់ដូចជាមិនអាចដើរចេញពីអតីតកាលនិងបង្ហាញមុខមាត់ថ្មីបានទេនៅពេលដែលប្រទេសនេះនៅតែត្រូវបានចងចាំអំពីអតីតកាលដ៏រងទុក្ខជាពិសេសនៅលើឆាកអន្តរជាតិ។
លោក យាន រស្មី ជាអ្នកនិពន្ធ អ្នកថែរក្សាស្នាដៃសិល្បៈ និងជាអ្នកស្រាវជ្រាវម្នាក់ក្នុងរាជធានីភ្នំពេញបានសាទរចំពោះការតាំងពិព័រណ៍នៅរដ្ឋ Michigan នេះ។
លោក យាន រស្មី បាននិយាយប្រាប់វីអូអេថា៖ «កម្រណាស់ដែលយើងមានពិព័រណ៍ទាក់ទងនឹងស្រុកខ្មែរនៅសហរដ្ឋអាមេរិកឬក៏នៅក្រៅប្រទេស។ យូរៗម្តងបានយើងឮទាក់ទងនឹងស្រុកខ្មែរឬប្រវត្តិសាស្ត្រស្រុកខ្មែរឬវប្បធម៌ខ្មែរយើង។ សម្រាប់ខ្ញុំវាសំខាន់ណាស់ដែលយើងមានពិព័រណ៍ប្រភេទហ្នឹងដើម្បីផ្សព្វផ្សាយ ក៏ដូចជាដាក់ប្រទេសកម្ពុជានៅលើផែនទីពិភពលោកដើម្បីឱ្យគេស្គាល់ថាស្អីទៅជាស្រុកខ្មែរ»។
ប៉ុន្តែលោកថា វាគឺជា«cliché»មួយ ដោយសារតែអង្គរវត្តនិងខ្មែរក្រហមត្រូវបានប្រើប្រាស់ច្រើនហួសហេតុក្នុងការពណ៌នាប្រទេសកម្ពុជា។
លោកថ្លែងដូច្នេះថា៖ «សម្រាប់ខ្ញុំវារាង cliché នោះត្រង់ថាស្រុកខ្មែរយើងឆ្លងកាត់សង្គ្រាមឆ្នាំ ១៩៧៥ ដល់ ១៩៩៨ ។ ២០ ឆ្នាំជាងហើយដែលស្រុកខ្មែរបានចប់សង្គ្រាមជាស្ថាពរហើយប្រទេសកម្ពុជាបច្ចុប្បន្នមានពិពិទភាពវប្បធម៌ច្រើនដែលមានជ្រុងផ្សេងទៀតអាចមើលបាន»។
នាយកសារមន្ទីរអ្នកស្រី Christina Olsen បាននិយាយថា ទស្សនិកជននឹងមានឱកាសមួយក្នុងការសិក្សាអំពី«វប្បធម៌និងនយោបាយដែលប្លែកពីគេរបស់កម្ពុជា» តាមរយៈសិល្បៈបែបប្រវត្តិសាស្ត្រនិងសហសម័យដោយសិល្បករខ្មែរនៅក្នុងប្រទេសនិងសិល្បករខ្មែរដែលនៅបរទេស។
នាយកសារមន្ទីរអ្នកស្រី Christina Olsen បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ក្នុងពេលនេះដែរ ការតាំងពិព័រណ៍នេះនាំឱ្យអ្នកទស្សនាពិចារណាអំពីវប្បធម៌ សង្គម និងនយោបាយដែលទូលំទូលាយនាពេលបច្ចុប្បន្ន និងបង្កើតការសន្ទនាអំពីមេរៀនដែលពួកគេអាចទទួលបានពីការឈឺចាប់ និងភាពធន់របស់ប្រជាជនកម្ពុជា»។
លោក ស្វាយ សារ៉េត ជាសិល្បករសហសម័យជនជាតិខ្មែរម្នាក់ដែលការងាររបស់លោកគឺផ្តោតលើចម្លាក់ «ដែលប្រើសម្ភារៈទាក់ទងនឹងសង្គ្រាមដូចជា ដែក ឯកសណ្ឋាន ក្រណាត់ប៉ារ៉ា និងសកម្មភាពដែលតម្រូវឱ្យមានការតស៊ូខ្លាំង»។ នេះបើយោងតាមវិចិត្រសាល Richard Koh ក្នុងប្រទេសសិង្ហបុរី។ ស្នាដៃសិល្បៈរបស់លោក សារ៉េត បង្ហាញអំពីថាតើសង្រ្គាមបានប៉ះពាល់ដល់កម្ពុជាយ៉ាងដូចម្តេចហើយថាតើប្រជាជននៃប្រទេសនេះកំពុងឆ្ពោះទៅមុខដោយរបៀបណា។
លោក សារ៉េត បាននិយាយថា៖ «ហើយអ៊ីចឹងអ្វីដែលខ្ញុំយល់ថាពិព័រណ៍នេះបានចែករំលែក ទៅ audience [អ្នកទស្សនា] នៅអាមេរិកហ្នឹងបានយល់អំពីថា post genocide ឬរបបប្រល័យពូជសាសន៍នៅខ្មែរយើងហ្នឹងគឺវា get influence [ប៉ះពាល់] តជំនាន់មកយ៉ាងម៉េច»។
ស្នាដៃសិល្បៈមួយទៀតឈ្មោះថា «Full Circle» ត្រូវបានបង្កើតឡើងដោយសិល្បករខ្មែរអាមេរិក អ្នកស្រី Amy Lee Sanford ដែលមានតាំងក្អមខ្មែរដែលបែកចំនួន៤០ជារង្វង់។ អ្នកស្រី Sanford ត្រូវបានគេស្គាល់នៅសហរដ្ឋអាមេរិកតាមរយៈការសម្តែង «Break Pot» ឬ «បំបែកក្អម» ដែលក្នុងការសម្តែងនោះអ្នកស្រីនឹងទម្លាក់ក្អមនេះឱ្យបែកហើយអ្នកស្រីនឹងព្យាយាមជួសជុលវាដោយយកបំណែកក្អមនោះមកបិតកាវចូលគ្នាវិញ។ អ្នកស្រីចង់បង្ហាញថា វត្ថុមួយអាចផ្លាស់ប្តូរក្នុងមួយប៉ប្រិចភ្នែក ហើយទោះបីជាត្រូវបានជួសជុលក៏ដោយ ក៏វាមិនដូចមុនឡើយ។
អ្នកស្រី Sanford បាននិយាយថា អ្នកស្រីសង្ឃឹមថាការតាំងពិព័រណ៍នៅរដ្ឋ Michigan នេះ នឹងបង្ហាញថា ជនជាតិខ្មែរមាន«ការចងចាំមួយពីស្ថាបត្យកម្មសាសនាសំខាន់ៗ និងមានសិល្បករសហសម័យដែលកំពុងបង្កើតស្នាដៃទាក់ទងនឹងប្រវត្តិសាស្ត្រនិងការសម្លឹងទៅមុខផងដែរ»៕