ភ្នំពេញ — រូបបដិមាព្រះក្រឹស្ណទ្រភ្នំគោវធ៌នដែលមានអាយុកាលជាង ១.៥០០ ឆ្នាំ របស់ប្រទេសកម្ពុជា ទទួលបានកិត្តិយសនិងតម្លៃជាអន្តរជាតិ នៅពេលសារមន្ទីរអាមេរិកចំនួនពីរ រៀបចំការតាំងពិព័រណ៌ 3D ទំនើបនៅរដ្ឋ Ohio និងរដ្ឋធានីវ៉ាស៊ីនតោន។
ដោយចំណាយថវិកានិងធនធានជាច្រើនការតាំងពិព័រណ៌នេះផ្តល់បទពិសោធន៍ 3D ដ៏ពិសេសមួយដល់អ្នកទស្សនាឲ្យបានធ្វើដំណើរដោយផ្ទាល់ទៅកាន់ប្រទេសកម្ពុជា ជាទីកន្លែងកំណើតនៃប្រវត្តិអស្ចារ្យរបស់រូបបដិមាព្រះក្រឹស្ណទ្រភ្នំគោវធ៌នដ៏មហិមានេះ។
អ្នកស្រី Sonya Rhie Mace គទានុរក្សប្រចាំសារៈមន្ទីរសិល្បៈ Cleveland នៅទីក្រុង Cleveland រដ្ឋOhio សហរដ្ឋអាមេរិក គឺជាអ្នកដឹកនាំនិងរៀបចំពិព័រណ៌ «លាតត្រដាងព្រះក្រឹស្ណ៖ ដំណើរទៅកាន់ដែនគិរីស័ក្តិសិទ្ធិនៃកម្ពុជា» ឬ (Revealing Krishna: Journey to Cambodia's Sacred Mountian)។
អ្នកស្រីបានប្រាប់ VOA ថា ពិព័រណ៌នេះត្រូវបានរៀបចំឡើង កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានបិទបញ្ចប់ទៅ កាលពីចុងខែមករា ឆ្នាំ ២០២២។ ពិព័រណ៌នេះលេចចេញជារូបរាងឡើងដើម្បីរៀបរាប់អំពីប្រវត្តិនៃការអភិរក្សរូបព្រះក្រឹស្ណទ្រភ្នំគោវធន៌។ ហើយនៅចុងខែមេសា ឆ្នាំ ២០២២ នេះ សារមន្ទីរជាតិសម្រាប់សិល្បៈអាស៊ីនៃមជ្ឈមណ្ឌលសិល្បៈ Smithsonian នៅរដ្ឋធានីវ៉ាស៊ីនតោន នឹងបើកពិព័រណ៌ដដែលនេះ ជូនដល់សាធារណជនទស្សនា រហូតដល់ខែកញ្ញា។
នេះគឺជាឱកាសដ៏កម្រនិងពិសេសមួយ ដែលរូបបដិមាដែលមានអាយុកាលដ៏យូរលង់របស់កម្ពុជា រួមជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ត្រូវបានយកមកធ្វើជាប្រធានបទដ៏សំខាន់នៅក្នុងពិព័រណ៌ខ្នាតធំនិងបែបច្នៃប្រតិដ្ឋប្រកបដោយបច្ចេកវិទ្យាទំនើប ដោយសារមន្ទីរធំៗទាំងពីរនេះនៅសហរដ្ឋអាមេរិក។
អ្នកស្រី Sonya Rhie Mace បានបកស្រាយប្រាប់ VOA នៅក្នុងបទសម្ភាសន៍កាលពីខែមីនាថាកាលពីឆ្នាំ ១៩៧៣ សារមន្ទីរសិល្បៈCleveland បានទិញរូបបដិមាព្រះក្រឹស្ណទ្រភ្នំគោវធ៌ន។ ក្នុងអំឡុងពេលនោះ រូបបដិមានេះ មានតែដងខ្លួននិងព្រះកិស្ហតែប៉ុណ្ណោះ ដោយគ្មានដៃ និងជើងនោះទេ។ ក្នុងអំឡុងពេលជិត ២ ទសវត្សរ៍ចាប់តាំងពីឆ្នាំ ២០០៥ មក សារមន្ទីរសិល្បៈ Cleveland ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយសារមន្ទីរជាតិកម្ពុជា នៅក្នុងកិច្ចការអភិរក្សរូបបដិមានានានៅកម្ពុជា និងនៅសហរដ្ឋអាមេរិក។
ប៉ុន្តែនៅឆ្នាំ ២០១៥ សារមន្ទីរសិល្បៈ Cleveland បានរកឃើញថា បំណែកខ្លះនៃរូបបដិមាព្រះក្រឹស្ណមានវត្តមាននៅប្រទេសកម្ពុជា ហើយត្រូវបានយកទៅផ្គុំនឹងរូបព្រះក្រឹស្ណមួយទៀតដែលជាកម្មសិទ្ធិរបស់សារមន្ទីរជាតិកម្ពុជា រីឯបំណែកខ្លះនៃរូបព្រះក្រឹស្ណនៅកម្ពុជាមានវត្តមាននៅសារមន្ទីរសិល្បៈCleveland ឯណោះវិញ។ ការរកឃើញនេះបានក្លាយទៅជាចំណុចផ្តើមនៃចំណងមិត្តភាពនិងទំនាក់ទំនងដ៏សកម្មរវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរសិល្បៈ Cleveland នៅក្នុងការបង្កើតជាពិព័រណ៌«លាតត្រដាងព្រះក្រឹស្ណ»នេះ។ ដោយសហការរួមគ្នាសារមន្ទីរទាំងពីរបានធ្វើឲ្យរូបបដិមាព្រះក្រឹស្ណទាំងពីរដែលរងការបែកបាក់ ទទួលបានការអភិរក្សដ៏ល្អឥតខ្ចោះតាមតែអាចធ្វើបាន។
អ្នកស្រី Sonya Mace ថ្លែងថា៖ «នៅពេលនោះហើយដែលយើងដឹងថា យើងត្រូវធ្វើកិច្ចការអភិរក្សជាច្រើនលើរូបបដិមាដ៏មហិមានិងសំខាន់ទាំងពីរនេះ គឺមួយនៅសារមន្ទីរជាតិកម្ពុជា និងមួយនៅសារមន្ទីរសិល្បៈ Cleveland។ ហើយយើងគិតថា យើងគួររៀបចំឲ្យមានពិព័រណ៌ដ៏ធំមួយ ដើម្បីពន្យល់អំពីប្រវត្តិនៃការអភរិក្សរូបបដិមាអំពីការស្រាវជ្រាវថ្មីអំពីរូបបដិមានិងអំពីទីកន្លែងដើមរបស់រូបបដិមាទាំងនេះ»។
នៅសារមន្ទីរសិល្បៈ Cleveland ពិព័រណ៌ដ៏ប្លែកភ្នែកនិងពោរពេញដោយទស្សនីយភាពដ៏ស្រស់បំព្រងនៃប្រទេសកម្ពុជាហើយដែលត្រូវបានបញ្ចប់ហើយនោះ បានផ្តល់នូវបទពិសោធន៍ដ៏កម្រមួយដល់អ្នកទស្សនា ដោយប្រើឧបករណ៍ទស្សនារូបភាពបែប 3D និងស្តាប់សូរសំឡេងដើមនៅប្រទេសកម្ពុជា ដូចជាព្រៃព្រឹក្សា ទន្លេបឹងបួរហើយឆ្ពោះទៅកាន់រូងភ្នំដា នៅស្រុកអង្គរបុរី ខេត្តតាកែវ ជាទីកន្លែងដើមនៃរូបព្រះក្រឹស្ណទ្រភ្នំគោវធ៌ន។
អ្នកស្រី Sonya Mace បានថ្លែងថា៖ «នៅពេលអ្នកទស្សនាទៅដល់កន្លែងតាំងរូបព្រះក្រឹស្ណ ពួកគេមានអារម្មណ៍រំភើប ហើយក្តុកក្តួលក្នុងអារម្មណ៍ច្រើន ដោយពួកគេបានដឹងថា រូបបដិមាមួយនេះបានឆ្លងកាត់ប្រវត្តិសាស្ត្រច្រើន ហើយពិសេសពួកគេបានយល់ដឹងពីដំណើរប្រវត្តិទាំងស្រុងនៃរូបបដិមានេះ។ ហើយក្រោយមកពួកគេក៏បានឃើញរូបបដិមានេះដោយផ្ទាល់និងតាមរូបភាពឌីជីថល អមជាមួយនឹងរូបបដិមាផ្សេងៗទៀតដែលមានប្រវត្តិស្ថិតនៅទីតាំងតែមួយ»។
អ្នកស្រីបានបន្ថែមថា៖ «នេះគឺដោយសារតែយើងបានរៀបរាប់ពីប្រវត្តិទាំងស្រុងនៃបំណែកផ្សេងៗរបស់រូបបដិមានេះដែលត្រូវបានរកឃើញក្នុងពេលខុសៗគ្នា និងអំពីការផ្គុំខុសនៃបំណែកដើមដៃជើង ម្រាមដៃ និងម្រាមជើងរបស់រូបបដិមានេះ និងអំពីសេចក្តីអំណត់របស់ [អ្នកអភិរក្ស] ដើម្បីកំណត់បំណែកពិតប្រាកដនៃរូបព្រះក្រឹស្ណនេះ នៅសារមន្ទីរ Cleveland ក្នុងអំឡុងពេល [សារមន្ទីរ] មិនអាចប្រាស្រ័យទាក់ទងជាមួយកម្ពុជា ដោយសារតែប្រទេសកម្ពុជាត្រូវបានកាត់ផ្តាច់ពីពិភពលោកក្នុងសម័យរបបខ្មែរក្រហម»។
គទានុរក្សប្រចាំសារៈមន្ទីរសិល្បៈ Cleveland រូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា ពិព័រណ៌បែបនេះមិនត្រូវបានធ្លាប់ធ្វើពីមុននោះទេ នៅសារមន្ទីរនេះ។ ហើយជោគជ័យនៃពិព័រណ៌នេះក៏មានការចូលរួមយ៉ាងសកម្មពីក្រុមអ្នកជំនាញផ្នែកអភិរក្សនៃសារមន្ទីរជាតិកម្ពុជាផងដែរ។
ហើយនាពេលខាងមុខនេះ ពិព័រណ៌ «Revealing Krishna: Journey to Cambodia's Sacred Mountain» នឹងបើកជាសាធារណៈម្តងទៀតនៅសារមន្ទីរជាតិដើម្បីសិល្បៈអាស៊ី (National Museum of Asian Art) នៅរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី Emma Natalya Stein ជំនួយការគទានុរក្សនៃសារមន្ទីរជាតិដើម្បីសិល្បៈអាស៊ីនៃមជ្ឈមណ្ឌលសិល្បៈ Smithsonian បានប្រាប់VOA ថា ពិព័រណ៌នៅរដ្ឋធានីវ៉ាស៊ីនតោន នឹងមានលក្ខណៈខុសគ្នាខ្លះៗពីពិព័រណ៌នៅទីក្រុង Cleveland រដ្ឋ Ohio ដោយប្រើផ្ទាំងរូបភាពធំៗ សិល្បៈនិទានរឿង និងភាពយន្តឯកសារជាដើម។
អ្នកស្រីបានរៀបរាប់ថា៖ «យើងប្រើរូបភាពពីប្រទេសកម្ពុជា និងទីកន្លែងនានាដែលបង្ហាញពីប្រវត្តិទីកន្លែងដើមរបស់រូបបដិមា និងរូបចម្លាក់ផ្សេងៗទៀត ហើយយើងក៏ប្រើប្រព័ន្ធសំឡេងដើម្បីឲ្យអ្នក[ទស្សនា]អាចទទួលបានបទពិសោធន៍ដោយផ្ទាល់មួយដូចពេលធ្វើដំណើរទៅទីនោះមែនទែន ហើយក៏មានការចាក់បង្ហាញរូបភាពផ្សេងៗទៀតផងដែរ។
អ្នកស្រី Emma Stein ក៏បានគូសបញ្ជាក់ថា ការរៀបចំពិព័រណ៌បែបនេះគឺដើម្បីនាំអ្នកទស្សនាទៅទីកន្លែងដើមនៃរូបព្រះបដិមាដ៏មហិមានេះ។
អ្នកស្រីថ្លែងថា៖ «គោលបំណងចម្បងនៃពិព័រណ៌នេះគឺដើម្បីនាំអ្នកទស្សនាទៅកាន់ទឹកដីស័ក្តិសិទ្ធិនៃកម្ពុជា និងស្នាដៃសិល្បៈនិងវត្ថុស័ក្តិសិទ្ធិនានាដែលត្រូវបានបង្កើតឡើងសម្រាប់ទេសភាពនិងតម្រូវការក្នុងទឹកដីស័ក្តិសិទ្ធិនោះ។ ហើយពិព័រណ៌នេះ ក៏ផ្តល់ឲ្យអ្នកទស្សនាយល់ពីប្រវត្តិនៃរូបបដិមាដ៏មហិមាមួយ ដែលចេញពីទឹកដីស័ក្តិសិទ្ធិនោះ តាំងពីពេលដែលវាត្រូវឆ្លាក់ឡើង រហូតដល់ពេលបច្ចុប្បន្ន»។
សម្រាប់ពិព័រណ៌នៅរដ្ឋធានីវ៉ាស៊ីនតោននេះ អ្នកទស្សនាក៏នឹងមានឱកាសមើលខ្សែភាពយន្តឯកសារខ្នាតខ្លីថ្មីមួយឈ្មោះ «សាធុ» ដែលត្រូវបានដឹកនាំនិងផលិតដោយលោក លី ប្រាជ្ញ (Prach Ly)។ អ្នកស្រី Emma Stein បានបកស្រាយថា ការដាក់បញ្ចូលខ្សែភាពយន្តឯកសារខ្នាតខ្លី «សាធុ» ទៅក្នុងការតាំងពិព័រណ៌ដ៏ធំមួយនេះ គឺដើម្បី«ប្រើភាពយន្តឯកសារនេះជាឱកាសធ្វើឲ្យពិព័រណ៌នេះផ្តោតលើវប្បធម៌ខ្មែរក្នុងពេលបច្ចុប្បន្ននិងផ្សារភ្ជាប់ជាមួយសហគមន៍ខ្មែរ»។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយទៀតជាមួយវីអូអេ លោក លី ប្រាជ្ញ បានបញ្ជាក់ថា៖ «ផ្នែកមួយនៃពិព័រណ៌នេះគឺផ្តោតលើសាសនានៅកម្ពុជា អំពីប្រជាពលរដ្ឋកម្ពុជា និងអំពីសាសនានិងសហគមន៍ខ្មែរអាមេរិកាំងនៅទូទាំងសហរដ្ឋអាមេរិក»។
«សាធុ» ជាភាពយន្តឯកសារដែលបង្ហាញពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរចំនួន ៤ នាក់ និងអំពីជំនឿនិងសាសនារបស់ពួកគេ។
ពិព័រណ៌ «លាតត្រដាងព្រះក្រឹស្ណ៖ ដំណើរទៅកាន់ដែនគិរីស័ក្តិសិទ្ធិនៃកម្ពុជា» ឬ (Revealing Krishna: Journey to Cambodia's Sacred Mountian) នៅសារមន្ទីរជាតិដើម្បីសិល្បៈអាស៊ី នៅរដ្ឋធានីវ៉ាស៊ីនតោន នឹងបើកជាផ្លូវការជូនសាធារណជននៅថ្ងៃទី ៣០ ខែមេសាខាងមុខនេះ ហើយអ្នកទស្សនានឹងបានឃើញរូបព្រះក្រឹស្ណទ្រភ្នំគោវធ៌នដ៏មហិមារបស់ប្រទេសកម្ពុជា ដោយផ្ទាល់នឹងភ្នែក៕