ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល៖ ការ​មិន​អនុញ្ញាត​ឱ្យ​តាំង​ពិព័រណ៍​រូបថត​របស់​សមាគម​ធាង​ត្នោត​បង្ហាញ​ពី​ការ​បន្ត​«បំបិទ​សិទិ្ធ»


រូបថតក្នុងការពិព័រណ៍ស្តីពីផ្ទះនិងជីវិតរបស់សហគមន៍ក្រីក្រក្បែរទីក្រុង នៅភោជនីដ្ឋានសួនចំប៉ី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (Sahmakum Teang Tnaut/Facebook)
រូបថតក្នុងការពិព័រណ៍ស្តីពីផ្ទះនិងជីវិតរបស់សហគមន៍ក្រីក្រក្បែរទីក្រុង នៅភោជនីដ្ឋានសួនចំប៉ី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (Sahmakum Teang Tnaut/Facebook)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បាន​បញ្ឈប់​និង​រុះរើ​ពិព័រណ៍​រូបថត​របស់​អង្គការ​សមាគម​ធាងត្នោត​អំពី​បញ្ហា​ប្រឈម​របស់​ជន​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ។

សេចក្តី​ថ្លែង​ការណ៍​រួមរបស់​សមាគម​ធាងត្នោត អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​តស៊ូ​មតិសរុប​ប្រមាណ​៦០ ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ​ ​ចាត់​ទុក​ថា​ អាជ្ញាធរ​នៅ​តែ​បន្ត​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ អង្គការ​សមាគម​ធាងត្នោត​បាន​តាំង​ពិព័រណ៍​រូបថត​ក្រោម​ប្រធានបទ​«ផ្ទះ​និង​ជីវិត»​ ដែលមាន​គោល​បំណង​ចង់​បង្ហាញ​ពី​ទុក្ខ​កង្វល់​និង​បញ្ហា​របស់​សហគមន៍​ក្រីក្រ​នៅរាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​បាន​ដឹង​និង​ចូលរួម​ផ្តល់​ដំណោះស្រាយ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​បញ្ជា​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​បញ្ឈប់ និង​រុះរើ​ទៅ​វិញ​ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ​ឡើយ។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ថា៖ «យើង​ខ្ញុំ​នៅ​តែ​សោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​បន្ត​បង្ក្រាប និង​បំបិទ​សិទិ្ធ​ដោយ​មិន​ត្រឹម​ត្រូវ​បែប​នេះ​ មក​លើ​សកម្មភាព ឬ​ទម្រង់​សិល្បៈ​មួយ​ ដែល​ជា​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​អាណត្តិ​ រាជរដ្ឋាភិបាល​ថ្មី​នេះ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បានអំពាវនាវ​ដល់​អាជ្ញាធរ​អនុញ្ញាត​បន្ត​ការ​តាំង​ពិព័រណ៍​រូបថត​ដោយ​គ្មាន​ការ​រំខាន និង​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ពី​សកម្មភាព​របស់​អាជ្ញាធរ​សង្កាត់​និរោធ និង​ខណ្ឌ​ច្បារអំពៅ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ចេង​ មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ​បាន​នៅ​ឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ​ លោក​ ទូច សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ប្រាប់​វីអូអេ​ថា ​ក្រសួង​មហាផ្ទៃ​មិន​ដែល​បាន​ដាក់​បទបញ្ជា​ណាមួយ​ឱ្យ​អាជ្ញាធរ​ ឬ​វិស័យ​ឯកជន​ផ្អាក​សកម្មភាព​ការ​តាំង​ពិព័រណ៍​របស់​សមាគម​ធាងត្នោត​ឡើយ។ លោក​បន្ថែម​ថា សមាគម​ធាងត្នោត​គួរ​តែ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ ដើម្បី​ឱ្យ​សកម្មភាព​ដែល​ខ្លួន​ចង់​ធ្វើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា៖ «អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ឱ្យ​សមាគម​ធាងត្នោត​ហ្នឹង​ព្យាយាម​បោះដៃ ​ឬ​ជជែក​ជាមួយ​អាជ្ញាធរ​ដែនដី​ឱ្យ​បាន​ពិត​ប្រាកដ​ថា ​តើ​ពិតជា​អាជ្ញាធរ​ដែនដី​ហាម​ឃាត់​ឬ​ក៏​យ៉ាងម៉េច​ ដើម្បី​យើង​ជជែក​គ្នា​ទៅ​ បើ​យើង​មាន​ឆន្ទៈ​ឬ​ក៏​ចេតនា​វិជ្ជមាន​ យើង​ជជែក​គ្នា​បាន​ហើយ យើង​សុទ្ធ​តែ​ជា​ខ្មែរ​ដូចគ្នា​ទេ»។

បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល រដ្ឋធម្មនុញ្ញ​បាន​ធានា​នូវ​សិទ្ធិ​ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ និង​គោលការណ៍​នីតិរដ្ឋ។ ផ្ទុយ​ទៅ​វិញ​«អាជ្ញាធរ​មួយ​ចំនួន​បែរ​ជា​បំបិទ​សំឡេង​របស់​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល ដែល​អ្នក​ទាំង​នោះ​គ្រាន់​តែ​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ ទៅ​លើ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG