អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទុកនូវសារជាលាយលក្ខណ៍អក្សរមួយច្បាប់ សម្រាប់ប្រធានាធិបតីថ្មីគឺលោក Joe Biden នៅក្នុងបន្ទប់ការិយាល័យ Oval Office របស់ប្រធានាធិបតី ក្នុងសេតវិមាន។ នេះបើតាមមន្ត្រីសេតវិមាននិយាយកាលពីថ្ងៃពុធ។
នេះគឺជាប្រពៃណីចំណាស់៣ទសវត្សរ៍មកហើយ ដែលមេដឹកនាំសហរដ្ឋអាមេរិកចប់អាណត្តិបន្សល់ទុកដល់អ្នកស្នងតំណែងនូវលិខិតមួយច្បាប់។
គេនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេថាតើលោក Trump បានសរសេរខ្លឹមសារអ្វីខ្លះនៅក្នុងកំណត់ត្រាខ្លីនោះ។
ដោយសារលោក Trump បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោននៅមុនពេលលោក Bidenស្បថចូលកាន់តំណែងនៅថ្ងៃត្រង់ថ្ងៃពុធនោះ ដំបូងឡើយគេមិនប្រាកដថាលោក Trump នឹងធ្វើតាមប្រពៃណីដែលចាប់ផ្តើមដំបូងឡើយនៅឆ្នាំ១៩៨៩ ដោយប្រធានាធិបតីចេញពីតំណែងលោក Ronald Reagan ឬក៏អត់នោះទេ។
លោក Trump បានបដិសេធមិនទទួលយកការចាញ់ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣ ខែវិច្ឆិកាទេ ហើយលោកនិងលោក Biden ក៏មិនដែលបាននិយាយជាមួយគ្នាដែរតាំងពីមុនបោះឆ្នោតមកម៉្លេះ។
លោក Trump ក៏បានបដិសេធមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Biden ដែរ ដែលនេះជាលើកដំបូងក្នុងរយៈពេល១៥២ឆ្នាំមកនេះ ដែលប្រធានាធិបតីចប់អាណត្តិមិនចូលរួមពិធីរបស់អ្នកស្នងតំណែង។
សូម្បីតែនៅពេលលោក Trump បានថ្លែងសុន្ទរកថាលាគ្នានៅឯមូលដ្ឋានទ័ពអាកាសនៅជាយរដ្ឋធានីវ៉ាស៊ីនតោនក៏ដោយ ក៏លោកមិនបាននិយាយឈ្មោះលោក Biden ដែរ។
នៅពេលអតីតប្រធានាធីបតីលោក Barack Obama ចេញពីតំណែងចំនួន២អាណត្តិរបស់លោក លោក Obama បានជូនពរជ័យចំពោះលោក Trump ថ្វីបើលោក Obama ធ្លាប់បានធ្វើយុទ្ធនាការឃោសនាឲ្យគូប្រជែងលោក Trump គឺអ្នកស្រី Hillary Clinton ក្តី។
លោក Obama ពេលនោះបានសរសេរថា៖ «សូមអបអរសាទរចំពោះយុទ្ធនាការដ៏អស្ចារ្យមួយ។ ពលរដ្ឋរាប់លាននាក់មានក្តីសង្ឃឹមលើរូបលោក ហើយយើងគ្រប់គ្នា មិនថាពីគណបក្សណាក៏ដោយ ក៏នឹងសង្ឃឹមចំពោះវិបុលភាពនិងសន្តិសុខកាន់តែប្រសើរក្នុងអំឡុងអាណត្តិរបស់លោក។ អ្នកស្រី Michelle និងខ្ញុំ សូមជូនពរឱ្យលោកនិងអ្នកស្រី Melania ប្រកបដោយជោគជ័យបំផុត ខណៈដែលលោកចាប់ផ្តើមដំណើរថ្មីនេះ។ ហើយសូមលោកដឹងថា យើងខ្ញុំនឹងត្រៀមខ្លួនជាស្រេចដើម្បីជួយតាមគ្រប់វិធីដែលយើងខ្ញុំអាចជួយបាន»៕