អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ចង់ហាមឃាត់ការប្រើកន្សែងរុំមុខដែលស្ត្រីកាន់សាសនាឥស្លាមភាគច្រើនប្រើប្រាស់ ដើម្បីបញ្ឈប់ការបង្កើតសង្គមដាច់ដោយឡែកនៅក្នុងប្រទេសអាល្លឺម៉ង់។
លោកស្រី Merkel ទើបត្រូវបានគេបោះឆ្នោតម្តងទៀតឲ្យធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យបែបគ្រិស្តនិយម (CDU) របស់លោកស្រី នៅក្នុងសន្និសីទប្រចាំឆ្នាំមួយកាលពីថ្ងៃអង្គារ នៅពេលដែលលោកស្រីបាននិយាយថា កន្សែងរុំមុខរបស់ពួកអ្នកកាន់សាសនាឥស្លាមគួរតែហាមឃាត់ នៅកន្លែងណាក៏ដោយដែលស្របច្បាប់ ដូចជានៅតាមសាលារៀន តុលាការ និងអគារសាធារណៈនានាជាដើម។
លោកស្រីបានមានប្រសាសន៍ដើមថា៖ «នៅក្នុងការសន្ទនាដែលសំខាន់សម្រាប់ជីវិតរស់នៅ យើងត្រូវតែបង្ហាញមុខរបស់យើង» ។
ខណៈដែលគេមិនទាន់ច្បាស់ថាតើរដ្ឋធម្មនុញ្ញអាល្លឺម៉ង់នឹងអនុញ្ញាតឲ្យហាមឃាត់ការពាក់កន្សែងរុំមុខឬយ៉ាងណានោះ លោកស្រី Merkel បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការច្របាច់បញ្ចូលអ្នកថ្មី ដែលរួមទាំងការបដិសេធមិនឲ្យពាក់កន្សែងរុំមុខផងដែរ។
អត្ថាធិប្បាយរបស់លោកស្រី Merkel ត្រូវបានលើកឡើងខណៈដែលអត្រាគាំទ្ររបស់លោកស្រីបានធ្លាក់ចុះ ដោយសារតែសេចក្តីសម្រេចរបស់លោកស្រីក្នុងទទួលយកជនភៀសខ្លួនប្រមាណ១លាននាក់ឲ្យចូលក្នុងប្រទេសអាល្លឺម៉ង់ ក្នុងអំឡុងពេលដែលវិបត្តិជនភៀសខ្លួននៅតែបន្តនៅក្នុងអឺរ៉ុប៕