ដំណើរទស្សនកិច្ចចុងក្រោយទៅក្រៅប្រទេសរបស់លោក Barack Obama ក្នុងនាមជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកហាក់ដូចជាមានភាពស្រងូតស្រងាត់ ក្រោយពីមានការភ្ញាក់ផ្អើលចំពោះជ័យជម្នះរបស់លោក Donald Trump មកពីខាងគណបក្សសាធារណរដ្ឋ ដែលបានប្តេជ្ញាថានឹងលុបចោលអាទិភាពមួយចំនួនរបស់លោក Obama ដែលបានបង្កការព្រួយបារម្ភចំពោះផ្នែកខ្លះរបស់ពិភពលោក។ លោក Ben Rhodes អនុទីប្រឹក្សាសន្តិសុខជាតិកាលពីថ្ងៃសុក្រ បានថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោក Obama។
លោក Rhodes បានទទួលស្គាល់ថា ការជាប់ឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Trump និងផលប៉ះពាល់ទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសនានា ហើយនិងកិច្ចព្រមព្រៀងអន្តរជាតិ ទំនងនឹងក្លាយជាប្រធានបទចម្បងមួយសម្រាប់មេដឹកនាំនានានៅក្នុងពិភពលោក។
លោកប្រធានាធិបតី Obama នឹងធ្វើដំណើរទៅកាន់ប្រាសាទ Parthenon ប្រទេសក្រិក ហើយលោកនឹងថ្លែងសុន្ទរកថាធំមួយនៅក្នុងទីក្រុងអាថែន ទាក់ទិននឹងបញ្ហាប្រឈមនៃការធ្វើសាកលភាវូបនីយកម្ម។
បន្ទាប់មក លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលលោកនឹងមានជំនួបទ្វេភាគីជាមួយនឹងលោកស្រី Angela Merkel អធិការបតីប្រទេសអាល្លឺម៉ង់ ហើយពួកគេនឹងធ្វើសន្និសីទកាសែតរួមគ្នានៅថ្ងៃព្រហស្បតិ៍។ លោកក៏នឹងជួបជាមួយក្រុមមេដឹកនាំប្រទេសអង់គ្លេសនិងបារាំងនៅក្នុងទីក្រុង ប៊ែរឡាំងផងដែរ។ បន្ទាប់មកទៀត លោកនឹងធ្វើដំណើរទៅកាន់រដ្ឋធានីលីម៉ា នៃប្រទេសប៉េរូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC។ លោក Obama ក៏នឹងជួបលក្ខណៈទ្វេភាគីជាមួយនឹងលោកប្រធានាធិបតីចិន Xi Jinping នៅទីនោះនៅថ្ងៃសៅរ៍ និងជួបជាមួយនាយករដ្ឋមន្ត្រីអូស្តា្រលីលោក Malcolm Turnbull នៅថ្ងៃអាទិត្យផងដែរ៕