ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Obama ថា សមាជិក​អង្គការ APEC នៅ​តែ​ប្ដូរផ្ដាច់​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម TPP


ប្រធានាធិបតី​លោក Barack Obama ដើរ​ចេញ​ពី​វេទិការបន្ទាប់​ពី​បញ្ចប់​សន្និសីទ​សារព័ត៌មានរបស់​លោក​នៅ​ (APEC)ទីក្រុង​លីម៉ា​​ប្រទេសប៉េរូ កាល​ពី​ថ្ងៃទី​២០ វិច្ឆិកា ២០១៦។
ប្រធានាធិបតី​លោក Barack Obama ដើរ​ចេញ​ពី​វេទិការបន្ទាប់​ពី​បញ្ចប់​សន្និសីទ​សារព័ត៌មានរបស់​លោក​នៅ​ (APEC)ទីក្រុង​លីម៉ា​​ប្រទេសប៉េរូ កាល​ពី​ថ្ងៃទី​២០ វិច្ឆិកា ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា APEC នៅ​ក្នុង​រដ្ឋធានី​លីម៉ា ប្រទេស​ប៉េរូ ថា សមាជិក​ទាំង ២១ ប្រទេស​នៃ​អង្គការ APEC នៅតែ​ប្ដូរផ្ដាច់​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ដែល​បាន​លេច​ចេញ​ជា​រូប​រាង​ឡើង​កាល​ពី​ដើម​ឆ្នាំ​នេះ ប៉ុន្តែ កិច្ច​ព្រមព្រៀង​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Donald Trump នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន សមាជិក​អង្គការ APEC បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ការ​ប្រឆាំង​នឹង​ការ​គាំពារ​និយម​ចំពោះ​ការ​ប្រើប្រាស់​តែ​ទំនិញ​ក្នុង​ស្រុក និង​បាន​ប្ដេជ្ញា​ថា​នឹង​រក្សា​ទីផ្សារ​របស់​ពួកគេ​ឲ្យ​នៅ​បើក​ទូលាយ​ដដែល ទោះ​បី​ជា​មាន ឬ​គ្មាន​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​ចូលរួម​ក៏​ដោយ។

លោក Donald Trump កន្លង​មក​ក៏​បាន​ធ្វើ​យុទ្ធនាការ​ផង​ដែរ​ចំពោះ​ការ​ចរចា​ឡើង​វិញ​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​តំបន់​អាមេរិក​ខាង​ជើង NAFTA ឲ្យ​មាន​ភាព​យុត្តិធម៌​ជាង​មុន ជាមួយ​នឹង​ប្រទេស​កាណាដា និង​ប្រទេស​ម៉ិកស៊ិក។

លោក​សេដ្ឋវិទូ Gary Hufbauer មក​ពី​វិទ្យាស្ថាន​សេដ្ឋកិច្ច​អន្តរជាតិ Peterson បាន​ប្រាប់ VOA ថា វា​អាច​ទៅ​រួច​ដែល​ថា សមាជិក ១១ ប្រទេស​ផ្សេង​ទៀត​នៃ​កិច្ច​ព្រមព្រៀង TPP នេះ អាច​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ ទោះ​បី​ជា​សហរដ្ឋ​អាមេរិក​មិន​អនុម័ត​ក៏​ដោយ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ប្រទេស​ចិន ដែល​មិន​មែន​ជា​សមាជិក​របស់​កិច្ច​ព្រមព្រៀង TPP នេះ បាន​ជំរុញ​ឲ្យ​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​នៅ​ក្នុង​តំបន់ ដែល​ហៅ​កាត់​ថា RCEP មាន​ការ​វិវត្តន៍​ទៅ​មុខ ដោយ​ក្នុង​នោះ ក្រុម​គណៈ​ប្រតិភូ​ប្រទេស​ចិន​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ APEC នេះ បាន​បញ្ជាក់​ថា មាន​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​ប៉េរូ និង​ប្រទេស​ឈីលី​ជា​ដើម មាន​ការ​ចាប់​អារម្មណ៍​ចង់​ចូល​ជា​សមាជិក​របស់​កិច្ច​ព្រមព្រៀង RCEP ដែល​មាន​សមាជិក​ចំនួន ១៦ ប្រទេស​នេះ៕

XS
SM
MD
LG