កំណត់និពន្ធ៖ លោក Milton Osborne គឺជាប្រវត្តិវិទូដ៏ចំណាស់ម្នាក់អំពីទន្លេមេគង្គ។ លោកបានចំណាយពេលជាង៤០ឆ្នាំ ធ្វើដំណើរតាមដងទន្លេមេគង្គដើម្បីស្រាវជ្រាវ និងនិពន្ធសៀវភៅមួយក្បាលដែលត្រូវបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០០០ ដែលមានចំណងជើងថា «ទន្លេមេគង្គ៖ អតីតកាលដ៏ច្របូកច្របល់ និងអនាគតដ៏មិនប្រាកដប្រជា»។ លោកបានស្រាវជ្រាវ និងសរសេរអត្ថបទជាច្រើនទាក់ទងនឹងប្រវត្តិរបស់ទន្លេមេគង្គ ការគ្រប់គ្រងទន្លេ និងស្ថានភាព និងកត្តាប្រឈមខាងសេដ្ឋកិច្ច និងនយោបាយរបស់បណ្តាប្រទេស ដែលទន្លេមេគង្គហូរកាត់។ សព្វថ្ងៃនេះ លោក Milton Osborne មានអាយុ៨០ឆ្នាំ។ លោកបាននិយាយតាមទូរស័ព្ទជាមួយនឹងនាង ទែន សុខស្រីនិត នៃ VOA ពីទីក្រុង New South Wales ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីមកលើប្រជាពលរដ្ឋដែលរស់នៅដោយពឹងផ្អែកលើទន្លេនេះ។
ចុចស្តាប់បទសម្ភាសន៍ទាំងស្រុងនៅទីនេះ៖
តើលោកចាប់ផ្តើមចាប់អារម្មណ៍ស្រាវជ្រាវអំពីទន្លេមេគង្គនៅពេលណា ហើយហេតុអ្វីបានជាលោកសរសេរសៀវភៅនេះឡើង?
ខ្ញុំចាប់អារម្មណ៍ពីទន្លេមេគង្គនេះ នៅពេលដែលខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅស្ថានទូតអូស្ត្រាលី នៅរាជធានីភ្នំពេញ កាលពីឆ្នាំ១៩៥៩។ ខ្ញុំបានឃើញទន្លេមេគង្គជាលើកដំបូងនៅពេលនោះឯង។ ហើយខ្ញុំបានដឹងពីទំហំនៃសារៈប្រយោជន៍របស់ទនេ្លនេះសម្រាប់បណ្តាប្រទេសដែលទន្លេមេគង្គហូរកាត់។ ឧទាហរណ៍ នៅប្រទេសកម្ពុជា ប្រភពប្រូតីនជាង៨០ភាគរយសម្រាប់ប្រជាពលរដ្ឋខ្មែរគឺចេញពីត្រី ដែលចាប់បានពីទន្លេមេគង្គនេះ។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ខ្ញុំបានធ្វើដំណើរទៅកាន់បណ្តាប្រទេសតាមដងទន្លេមេគង្គនេះ ហើយខ្ញុំយល់ថា មានរឿងរ៉ាវជាច្រើនដែលខ្ញុំអាចសរសេរ និងផ្សព្វផ្សាយបាន អំពីទន្លេមេគង្គ និងការរកឃើញទន្លេមេគង្គជាលើកដំបូងបង្អស់ក្នុងអំឡុងទសវត្សរ៍១៨៦០។ នេះគឺជាការរកឃើញដ៏ធំបំផុតមួយ នៅក្នុងសតវត្សរ៍ទី១៩។
ក្រោយពេលដែលខ្ញុំបានចាប់អារម្មណ៍ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ខ្ញុំក៏បានស្វែងយល់ដឹងថា គម្រោងសាងសង់ទំនប់ទាំងអស់នេះបង្កបញ្ហាច្រើនណាស់។ ខ្ញុំបានធ្វើការស្រាវជ្រាវច្រើនដើម្បីស្វែងយល់អំពីទន្លេនេះបន្ថែមទៀត ដោយសារតែខ្ញុំមិនមានជំនាញបច្ចេកទេសខាងទំនប់វារីអគ្គិសនី។ ក្នុងអំឡុងទសវត្សរ៍១៩៨០ និង១៩៩០ ខ្ញុំបានរកឃើញថា ប្រទេសចិន គឺជាប្រទេសដំបូងគេបង្អស់ដែលបានសាងសង់ទំនប់វារីអគ្គិសនីលើទន្លេមេគង្គ។ ហើយរហូតមកដល់សព្វថ្ងៃនេះ ចិនបានចាប់ផ្តើមសាងសង់ និងកំពុងតែបន្តសាងសង់ទំនប់វារីអគ្គិសនីចំនួន៧ នៅតាមដងទន្លេមេគង្គដែលហូរកាត់ប្រទេសចិន។
តើគម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ចិននៅលើទន្លេមេគង្គ ជាព្រឹត្តិការណ៍ដំបូងគេដែលផ្តល់ការគំរាមកំហែងដល់ទន្លេមេគង្គមែនទេលោក?
មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាច្រើននៅលើទន្លេមេគង្គ ក្រោយពីទន្លេនេះហូរចេញពីប្រទេសចិន ប៉ុន្តែដោយសារតែមូលហេតុជាច្រើន គម្រោងទាំងនោះមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។ ប៉ុន្តែ គម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ចិន ដែលចិនបានចាប់ផ្តើមតាំងពីដើមទសវត្សរ៍១៩៨០ រហូតមកដល់ពេលសព្វថ្ងៃនេះ បានបង្ក និងកំពុងតែបង្កផលប៉ះពាល់ដល់តួនាទី និងផលប្រយោជន៍រួមនៃទន្លេមេគង្គ។
ខ្ញុំយល់ថា បញ្ហាមួយដែលយើងមិនបានគិត និងមិនបានដឹងឲ្យបានល្អិតល្អន់នោះ គឺតួនាទី និងផលប្រយោជន៍រួមរបស់ទន្លេមេគង្គសម្រាប់ប្រទេសនៅតាមដងទន្លេនេះ។ ការសាងសង់ទំនប់នៅកន្លែងមួយ មិនមែនមានន័យថា វាប៉ះពាល់តែផ្នែកមួយនោះនៃទឹកទន្លេមេគង្គទេ។ វាជាការយល់ខុស បើយើងយល់ថា វាមិនប៉ះពាល់ផ្នែកផ្សេងនៃទន្លេមេគង្គនោះ។ ដូច្នេះ ការសាងសង់ទំនប់វារីអគ្គិសនីនៅចិន ប៉ះពាល់ដល់បរិមាណទឹកទន្លេមេគង្គដែលហូរកាត់ប្រទេសឡាវ កម្ពុជា និងវៀតណាម។ ហើយនេះគឺជាការណ៍ពិតដ៏មានសារៈសំខាន់បំផុតមួយ ដែលយើងទាំងអស់គ្នាត្រូវតែយល់ឲ្យច្បាស់។
នៅក្នុងសៀវភៅរបស់លោក លោកបានសរសេរថា «ប្រទេសទាំងអស់ដែលទន្លេមេគង្គហូរកាត់មិនប្រឈមនឹងបញ្ហា និងការគំរាមកំហែងដូចគ្នានោះទេ។ តើត្រង់ចំណុចមួយនេះ លោកចង់មានន័យយ៉ាងដូចម្តេច?»
បើសិនជាយើងមើលលើករណីជាក់ស្តែងដូចជាលំហូរទឹកទន្លេមេគង្គ ហើយគិតពីទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសឡាវ យើងបានដឹងថា រដ្ឋាភិបាលចិន និយាយថា បរិមាណទឹកដែលហូរចូលទន្លេមេគង្គពីដៃទន្លេជាច្រើននៅប្រទេសចិនមាន១០ភាគរយ ឬ១១ភាគរយ បើធៀបនឹងបរិមាណទឹកសរុបដែលហូរចេញពីផ្ទៃទន្លេមេគង្គនៅប្រទេសចិន។ ប៉ុន្តែ ក្នុងអំឡុងរដូវប្រាំង បើគិតពីចុងខែវិច្ឆិកា ដល់ខែឧសភា បរិមាណទឹកទន្លេមេគង្គនៅប្រទេសចិន ដែលអាចចូលទៅប្រទេសឡាវគឺស្មើនឹង៤០ភាគរយនៃបរិមាណទឹកទន្លេមេគង្គសរុប។ ដូច្នេះ យើងមិនអាចកាត់ផ្តាច់បរិមាណទឹកហូរក្នុងមួយរដូវ ឬក៏ផ្នែកមួយនៃទឹកទន្លេមេគង្គ ដោយមិនទទួលស្គាល់ពីផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីមកលើចរន្តទឹក ដែលហូរចេញពីផ្នែកមួយនៃទន្លេមេគង្គ ដែលមានទំនប់វារីអគ្គិសនីនោះបានទេ។
យើងនឹងដឹងពីផលប៉ះពាល់ដែលយើងនឹងទទួលបានក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារតែការសាងសង់ទំនប់វារីអគ្គិសនីនេះ។ ប៉ុន្តែ គំរូជាច្រើនបានបង្ហាញឲ្យដឹងថា ទំនប់វារីអគ្គិសនីនៅប្រទេសចិនអាចនឹងប៉ះពាល់ដល់អនាគតនៃបរិមាណទឹកទន្លេ ដែលហូរចូលទន្លេសាបនៅប្រទេសកម្ពុជា។ វាអាចនឹងប៉ះពាល់ដល់ទៅ១០ភាគរយនៃបរិមាណទឹកដែលហូរចូលទន្លេសាបនៅប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ បន្ថែមលើនេះ វានឹងប៉ះពាល់ខ្លាំងដល់បរិមាណត្រីនៅក្នុងទន្លេសាបនេះទៀត។ ជាក់ស្តែង ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បរិមាណទឹកដែលហូរចូលទន្លេសាបនៅកម្ពុជាមានបរិមាណតិចជាងពីមុន។
តើផលប៉ះពាល់អ្វីខ្លះដែលបានកើតឡើងចំពោះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ដោយសារតែការសាងសង់ទំនប់វារីអគ្គិសនី?
ការផ្លាស់ប្តូរដែលបង្កឡើងដោយសារតែការសាងសង់ទំនប់វារីអគ្គិសនីមានច្រើន។ ផលប៉ះពាល់មួយដែលមិនត្រូវបានគេពិភាក្សាឲ្យបានដិតដល់នោះ គឺថា ទំនប់វារីអគ្គិសនីរារាំងដីល្បាប់ដែលហូរចេញពីទន្លេមេគង្គ។ ខ្ញុំដឹងថា អ្នកច្បាស់ជាបានឃើញទឹកទន្លេមេគង្គនៅប្រទេសកម្ពុជា ជាពិសេសនៅពេលចុងរដូវភ្លៀង និងដីល្បាប់ដែលហូរចុះមកនៅក្នុងរដូវភ្លៀងនោះ។
ដីល្បាប់នេះមានសារៈសំខាន់ណាស់សម្រាប់វិស័យកសិកម្មនៅតំបន់តាមបណ្តោយដងទន្លេមេគង្គ និងផលិតផលកសិកម្មរបស់អ្នករស់នៅតាមតំបន់ដីសណ្តរទន្លេមេគង្គ។ អ្នកវិទ្យាសាស្ត្រជឿថា កាលពីមុន ដីល្បាប់ប្រមាណ៨០ភាគរយ ឬ៩០ភាគរយ ដែលហូរចេញពីទន្លេមេគង្គមកកាន់តំបន់ដីសណ្តរទន្លេមេគង្គមានប្រភពចេញពីប្រទេសចិន។ ប៉ុន្តែ មកដល់ពេលនេះ យើងបានដឹងយ៉ាងច្បាស់ថា ទំនប់វារីអគ្គិសនីដែលចិនកំពុងសាងសង់បានរារាំងដីល្បាប់ មិនឲ្យហូរចុះមកតំបន់ដីសណ្តរនេះ។ ដីល្បាប់នាំមកនូវជីជាតិសម្រាប់ការដាំដំណាំនៅតាមដងទន្លេមេគង្គ និងតាមតំបន់ដីសណ្តរទន្លេមេគង្គ ជាពិសេសគឺនៅប្រទេសវៀតណាម។ ដូច្នេះ បើសិនជាអ្នកសាងសង់ទំនប់វារីអគ្គិសនី នោះអ្នកនឹងរារាំងការហូរនៃដីល្បាប់ ដែលនឹងបង្កផលប៉ះពាល់អាក្រក់ជាក់ជាមិនខាន។
ទាក់ទងនឹងការគ្រប់គ្រងទន្លេមេគង្គ តើលោកយល់ថា ប្រទេសនីមួយៗដែលទន្លេមេគង្គហូរកាត់ព្យាយាមគ្រប់គ្រងលំហូរទឹកទន្លេមេគង្គនេះ ដើម្បីប្រយោជន៍របស់ខ្លួនដល់កម្រិតណាដែរ?
ជាក់ស្តែង ការរំពឹងទុករបស់ខ្ញុំពីកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសឡាវ កម្ពុជា ថៃ និងវៀតណាម គឺថា នឹងមានការសហការគ្នារវាងប្រទេសជាសមាជិកទាំងបួននេះ។ ខ្ញុំមិនគិតដល់ថា ប្រទេសនីមួយៗនឹងព្យាយាមធ្វើអ្វីមួយ ដែលអាចបង្កផលប៉ះពាល់អាក្រក់ដល់ប្រទេសជាសមាជិកគណៈកម្មាការទន្លេមេគង្គនេះទេ។
ក៏ប៉ុន្តែ ការរំពឹងទុករបស់ខ្ញុំគឺខុសដោយសារតែឥឡូវនេះ យើងបានឃើញយ៉ាងច្បាស់ថា ប្រទេសទាំងអស់ដែលជាសមាជិកនៃគណៈកម្មាការទន្លេមេគង្គនេះ កំពុងប្រឈម ឬក៏បានប្រឈមនឹងលទ្ធភាពមួយដែលថា ប្រទេសឡាវកំពុងតែត្រៀមខ្លួនរួចជាសេ្រចដើម្បីសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ បើទោះបីជាប្រទេសផ្សេងដូចជាប្រទេសកម្ពុជា និងវៀតណាមជំទាស់ក៏ដោយ។ រដ្ឋាភិបាលឡាវបានចាប់ផ្តើមសាងសង់ទំនប់រួចទៅហើយ ហើយក៏រំពឹងថានឹងបញ្ចប់ការសាងសង់ទំនប់នៅ Xayaburi ក្នុងពេលឆាប់ៗនេះដែរ។ ក្រៅពីនេះ នៅមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស់មួយទៀតគឺទំនប់ ដន សាហុង។
ហើយខ្ញុំយល់ច្បាស់ណាស់ថា គណៈកម្មាការទន្លេមេគង្គនេះមិនអាចបញ្ឈប់ប្រទេសឡាវក្នុងការធ្វើគម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ខ្លួនបានឡើយ។ នេះគឺដោយសារតែគណៈកម្មាការទន្លេមេគង្គមិនមានឱកាស ឬសមត្ថភាព ដើម្បីបង្គាប់ឲ្យប្រទេសណាមួយធ្វើតាមសេចក្តីសម្រេចចិត្តរួមរបស់គណៈកម្មាការនេះឡើយ។
តើអ្វីទៅជាយន្តការដើម្បីដោះសា្រយភាពតានតឹងក្នុងចំណោមប្រទេសទាក់ទងនឹងការគ្រប់គ្រងទន្លេមេគង្គនេះ?
ខ្ញុំមិនរំពឹងថា បញ្ហានេះនឹងត្រូវបានដោះសា្រយនោះទេ។ ខ្ញុំសុំទោសផងដែលខ្ញុំយល់ឃើញដូច្នេះ។ ខ្ញុំយល់ថា ការគិតពីប្រយោជន៍រៀងៗខ្លួនគឺខ្ពស់ជាង ការគិត និងការខិតខំប្រឹងប្រែងការពារមិនឲ្យប្រទេសណាមួយ ធ្វើអ្វីមួយដែលអាចបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គទៅទៀត។ ហើយក្នុងករណីនេះ ប្រទេសឡាវគឺជាឧទាហរណ៍ឲ្យឃើញស្រាប់។
រដ្ឋាភិបាលឡាវសម្រេចចាប់យកឱកាសដើម្បីទទួលបានប្រាក់ចំណេញតាមរយៈការលក់អគ្គិសនី ដែលទាញចេញពីទំនប់វារីអគ្គិសនីដែលខ្លួនបានសាងសង់រួច និងពីទំនប់ដែលប្រទេសឡាវគ្រោងនឹងសង់នៅទន្លេ ដន សាហុង បើទោះបីប្រទេសកម្ពុជា និងវៀតណាមប្រឆាំងនឹងគម្រោងនេះក៏ដោយ។ រដ្ឋាភិបាលឡាវអាចនឹងបន្តគម្រោងនេះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍របស់តំបន់ទន្លេមេគង្គទាំងមូល។
ត្រង់នេះ វាពាក់ព័ន្ធនឹងការណ៍ពិតដែលថា ទនេ្លមេគង្គមានតួនាទីបម្រើផលប្រយោជន៍រួមសម្រាប់ប្រទេសតាមដងទន្លេនេះ។ ប្រជាពលរដ្ឋប្រមាណ៦០លាននាក់ ពឹងផ្អែកលើទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេ គឺប្រទេសទាំងបួនដែលទន្លេមេគង្គហូរកាត់។ សម្រាប់ខ្ញុំ អ្វីដែលរដ្ឋាភិបាលឡាវបានធ្វើនោះ បានឆ្លុះបង្ហាញឲ្យឃើញពីការព្រងើយកន្តើយរបស់ប្រទេសឡាវ ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ដោយគិតតែពីប្រយោជន៍របស់ខ្លួន។
មួយវិញទៀត តើលោកគិតថា ការប្រែប្រួលអាកាសធាតុអាចមានផលប៉ះពាល់អ្វីដែរឬទេលើចរន្តទឹកទន្លេមេគង្គ?
មានការស្រាវជ្រាវជាច្រើន ដែលព្យាយាមសន្និដ្ឋានពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះ។ បន្ថែមលើនេះ ក៏មានភាពចម្រូងចម្រាសគ្នាទាក់ទងនឹងទំហំផ្ទាំងទឹកកកដែលបានរលាយនៅខ្ពស់រាបទីបេ ដែលជាប្រភពទឹកទន្លេមេគង្គ។ ហើយយើងឃើញមានការសន្និដ្ឋានបែបបំផ្លើសថា ផ្ទាំងទឹកកកនៅទីបេនោះបានថយចុះ ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ក៏ប៉ុន្តែ ប្រសិនបើការប្រែប្រួលអាកាសធាតុនេះនៅតែបន្ត នោះផ្ទាំងទឹកកកដែលរលាយនៅក្នុងរដូវក្តៅ នឹងកាត់បន្ថយបរិមាណទឹកដែលហូរចូលទន្លេមេគង្គ។ ក៏ប៉ុន្តែ ក្នុងនោះ យើងក៏ឃើញមានការស្រាវជ្រាវមួយទៀត ដែលយល់ថា នឹងមានភ្លៀងធ្លាក់ច្រើន និងហូរចូលល្បាក់ទន្លេមេគង្គក្រោម។ ខ្ញុំយល់ថា ការប្រែប្រួលអាកាសធាតុនេះពិតជានាំឲ្យមានបញ្ហា ហើយខ្ញុំមិនបដិសេធថា មិនមានផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះទេ។ ក៏ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ននេះ យើងមិនដឹងឲ្យច្បាស់ថា តើនឹងមានការផ្លាស់ប្តូរដល់កម្រិតណានៅទន្លេមេគង្គដោយសារតែការប្រែប្រួលអាកាសធាតុនេះ ហើយខ្ញុំគិតថា អ្នកស្រាវជ្រាវកំពុងតែរង់ចាំវិភាគលើបញ្ហានេះឲ្យគ្រប់ជ្រុងជ្រោយ។
លោកបានចំណាយពេលជាងបីទសវត្សរ៍ធ្វើដំណើរតាមទន្លេមេគង្គ និងស្រាវជ្រាវអំពីទន្លេនេះ។ តើទន្លេនេះមានសារសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់រូបលោក?
ទនេ្លមេគង្គនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរបស់ខ្ញុំ ដោយសារតែខ្ញុំបានធ្វើដំណើរស្ទើពេញផ្ទៃទឹកទន្លេនេះ។ ហើយខ្ញុំនឹងចងចាំអនុស្សាវរីយ៍នេះជារៀងរហូត។ ខ្ញុំយល់ថា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំនោះគឺថា ទន្លេមេគង្គនេះបានប្រែប្រួលច្រើនក្នុងរយៈពេលតែពាក់កណ្តាលជីវិតរបស់ខ្ញុំតែប៉ុណ្ណោះ។ ឆ្នាំនេះ ខ្ញុំមានអាយុ៨០ឆ្នាំហើយ ហើយការផ្លាស់ប្តូរនៅលើទន្លេមេគង្គដែលបានកើតឡើងកន្លងមកនេះ ដូចជាទំនប់វារីអគ្គិសនី និងការប្រែប្រួលលើចរន្តទឹកទន្លេនេះ បានកើតឡើងក្នុងរយៈពេលមិនដល់៤០ឆ្នាំទេ។ ដូច្នេះសម្រាប់ខ្ញុំ ទន្លេដ៏សំខាន់មួយនេះ បានផ្លាស់ប្តូរច្រើនណាស់ ក្នុងរយៈពេលមិនដល់៤០ឆ្នាំផង។
១៦ឆ្នាំមុន លោកបានសន្និដ្ឋានពីភាពមិនប្រាកដប្រជានៃអនាគតរបស់ទន្លេមេគង្គ នៅក្នុងសៀវភៅរបស់លោក។ តើការសន្និដ្ឋានរបស់លោកអ្វីខ្លះ ដែលបានក្លាយជាការពិត?
នៅពេលដែលខ្ញុំបោះពុម្ភសៀវភៅរបស់ខ្ញុំកាលពី១៦ឆ្នាំមុន ខ្ញុំពិតជាមិនរំពឹងថា ទំនប់វារីអគ្គិសនីនឹងត្រូវបានសាងសង់ឡើងនៅប្រទេសឡាវនោះទេ។ នៅពេលនោះ ខ្ញុំរពឹងថាប្រទេសទាំងបួន ដែលជាសមាជិកនៃគណៈកម្មាការទន្លេមេគង្គនឹងទទួលស្គាល់ថា ពួកគេនឹងទទួលបានផលប្រយោជន៍រៀងៗខ្លួន នៅពេលដែលពួកគេមិនសាងសង់ទំនប់វារីអគ្គិសនី តាមដងទន្លេមេគង្គដែលហូរចេញពីប្រទេសចិន។ តែការរំពឹងទុករបស់ខ្ញុំនេះគឺខុស។ នៅពេលដែលសរសេរសៀវភៅនេះ ខ្ញុំក៏មិនរំពឹងថា ប្រទេសចិនបន្តសាងសង់ទំនប់វារីអគ្គិសនីក្នុងអត្រាមួយដ៏លឿនដូច្នេះដែរ។ ដូច្នេះ ការសន្និដ្ឋានរបស់ខ្ញុំពីអនាគតដ៏មិនប្រាកដប្រជារបស់ទន្លេមេគង្គនេះ ពិតជាត្រឹមត្រូវ ហើយទន្លេនេះពិតជាគ្មានអនាគតច្បាស់លាស់មែន។
តើលោកយល់យ៉ាងណាចំពោះស្ថានភាពទន្លេមេគង្គនាពេលបច្ចុប្បន្ននេះ?
ទនេ្លមេគង្គដ៏អស្ចារ្យមួយនេះបានផ្លាស់ប្តូរយ៉ាងគំហុក។ ទន្លេនេះមិនអាចវិលត្រឡប់ដូចដើមបានទេ ដោយសារតែទំនប់វារីអគ្គិសនីដែលចិន និងឡាវបានសាងសង់។ សម្រាប់ខ្ញុំ ទន្លេនេះពិតជាសំខាន់ណាស់សម្រាប់អនាគតរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ។ យើងត្រូវទទួលស្គាល់ថា គេមិនអាចសាងសង់ទំនប់វារីអគ្គិសនីដោយមិនមានផលប៉ះពាល់ជាអវិជ្ជមានបានទេ។ ដូច្នេះ ប្រទេសទាំងនេះត្រូវតែទទួលស្គាល់ផលប៉ះពាល់ដែលបង្កឡើងដោយការសាងសង់ទំនប់វារីអគ្គិសនីនេះ៕