ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖​ ​គ្រោះ​រាំងស្ងួត​ថ្មីៗ​នេះ​ជា​មេរៀន​សម្រាប់​ត្រៀម​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ


រូបឯកសារ៖ កសិករ​ខ្មែរ​នាំ​គ្នា​ទាញ​ក្រណាត់​តង់​ដែល​ពោរពេញ​ទៅ​ដោយ​កណ្តាប់​ស្រូវ​ចេញ​ពី​វាល​ស្រែ​លិច​ទឹក ដើម្បី​ហាល​ស្រូវ​ឲ្យ​ស្ងួត​ក្នុង​រដូវ​ច្រូត​ស្រូវ​នៅ​ភូមិ​ស្វាយ​ចេកនៃ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៤។ (AP/ហេង ស៊ីនិត)
រូបឯកសារ៖ កសិករ​ខ្មែរ​នាំ​គ្នា​ទាញ​ក្រណាត់​តង់​ដែល​ពោរពេញ​ទៅ​ដោយ​កណ្តាប់​ស្រូវ​ចេញ​ពី​វាល​ស្រែ​លិច​ទឹក ដើម្បី​ហាល​ស្រូវ​ឲ្យ​ស្ងួត​ក្នុង​រដូវ​ច្រូត​ស្រូវ​នៅ​ភូមិ​ស្វាយ​ចេកនៃ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៤។ (AP/ហេង ស៊ីនិត)

ពេល​ដែល​ប្រជាកសិករ​កម្ពុជា​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​បង្ហាញ​ក្តី​រីករាយ​​ចំពោះ​ការ​ធ្លាក់​ភ្លៀង​នា​ដើម​រដូវ​វស្សា​​​ ក្រុម​អ្នក​ជំនាញ​កសិកម្ម​ក្រើន​រំឭក​ឲ្យ​ប្រជា​កសិករ​​កម្ពុជា​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើ​ប្រាស់​ចំពោះ​បម្រែបម្រួល​ធាតុអាកាស។​

មួយ​ថ្ងៃ​ក្រោយ​ពិធី​ច្រត់​ព្រះនង្គ័ល​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុម​អ្នក​ជំនាញ​កសិកម្ម​ក្រើន​រំឭក​ឲ្យ​ប្រជា​កសិករយកចិត្ត​ទុកដាក់​ក្នុង​ការ​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវ​ប្រាំង​ខាង​មុខ​ ចៀស​វាង​ត្រូវ​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹកដូច​ឆ្នាំ​មុន​ទៀត។​ សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ប្រជាកសិករ​កម្ពុជា​បង្ហាញ​ការ​សាទរ​ចំពោះ​ភ្លៀង​ធ្លាក់​នា​ដើម​រដូវ​វស្សា។

ពេល​ដែល​ប្រជាកសិករ​កម្ពុជា​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​បង្ហាញ​ក្តី​រីករាយចំពោះ​ការ​ធ្លាក់​ភ្លៀង​នា​ដើម​រដូវ​វស្សា​ ក្រុម​អ្នក​ជំនាញ​កសិកម្ម​ក្រើន​រំឭក​ឲ្យ​ប្រជា​កសិករកម្ពុជា​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើ​ប្រាស់​ចំពោះ​បម្រែបម្រួល​ធាតុអាកាស។​

សេចក្តី​អំពាវនាវ​នេះ​ ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រារព្ធ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ដែល​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​ដែល​ជា​ពិធី​បែប​ជំនឿ​ប្រពៃណី​ ហើយ​ដែល​បាន​ញ្ជាក់ថា ​ប្រជាកសិករ​កម្ពុជា​នឹង​ចាប់​ផ្តើម​ការ​បង្ក​បង្កើន​ផល​ទូទាំង​ប្រទេស។​

លោក​ ឡោ រស្មី​ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសា​ទ ​ថ្លែង​ប្រាប់ ​VOA នា​ថ្ងៃ​ពុធ​នេះ ថា​ ប្រផ្នូល​ល្អចេញ​ពី​ពិធី​ច្រត់​ព្រះ​នង្គ័ល​កាល​ពី​ម្សិលមិញ​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​សម្រាប់​ប្រជា​កសិករ​កម្ពុជា​ បើ​ទោះ​ជា​កម្ពុជា​ត្រូវ​ប្រឈម​មុខ​នឹង​បាតុភូត​ធម្មជាតិ​រាំង​ស្ងួតខ្លាំង​ដែល​កើត​ឡើង​ដោយសារ​បម្រែបម្រួល​អាកាសធាតុយ៉ាង​ណា​ក្តី។ លោក​ថា​ ប្រជា​កសិករ​កម្ពុជា​ពេល​នេះ​ កំពុង​ចាប់​ផ្តើម​មមាញឹក​ក្នុង​ការ​បង្ក​បង្កើន​ផល​ស្រូវ​រដូវ​វស្សារបស់​ពួកគេ។​

​ទន្ទឹម​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាកសិករកម្ពុជា​ឲ្យ​រួសរាន់​ចាប់​ផ្តើម​ការ​ដាំ​ដុះ​ឲ្យ​ទាន់​ទឹក​ភ្លៀង​ធ្លាក់​នោះ​ ​ លោក​ ឡោ រស្មី ក៏​បាន​ទទូច​ឲ្យ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ រក​មធ្យោបាយ​ដើម្បីរក្សា​ទឹក​ទុក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​រួច​ រាប់ទាំងការ​ជីក​ស្រះ​ និង​ការ​សង់​អាង​ទឹក​ ដើម្បី​ទុក​ទឹកប្រើប្រាស់​ក្នុង​រដូវ​ប្រាំង​នា​ពេល​ខាង​មុខ។

លោក​ ឡោ រស្មី​ បាន​ថ្លែង​ប្រាប់ VOA ថា៖

«អីចឹង​កិច្ចការ​នេះ​ ក៏​យើង​មាន​កិច្ច​ការ​ណែនាំ​អស់​ហើយ​ដែរ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រៅ​ពី​ការងារ​បង្ក​បង្កើន​ផល​ យើង​ត្រូវ​ប្រមូល​ផ្តុំ​ទឹក​ទុក​ ដើម្បី​ចៀសវាង​ការ​ខ្វះ​ខាត​ទឹក​ ជាយថាហេតុ​ដូច​កាល​ពី​ឆ្នាំ​កន្លង។ អីចឹង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ទី​កន្លែង​ទាំង​អស់​ត្រូវ​គិតគូរ​ពិចារណា​ស្តុក​ទឹក​ទុក កុំ​ឲ្យ​មាន​ការ​ខ្វះ​ខាត​ ព្រោះ​ទឹក​សំខាន់​ណាស់។ ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ»។

ប្រជា​កសិករ​កម្ពុជា​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ បាន​បង្ហាញ​ក្តី​រីករាយ​ប្រាប់​ VOA ​ចំពោះ​ការ​ធ្លាក់​ភ្លៀង​នា​ពេលចុង​ក្រោយ​នេះ​ បន្ទាប់​ពីពួក​គេ​រស់​នៅ​ក្រោម​ភាព​រាំង​ស្ងួត​ជា​ច្រើន​ខែ។​

ដី​ប្រេះ​ដោយ​សារ​តែ​កង្វះ​ទឹក​នៅ​ក្នុង​វាល​ស្រែ​មួយ​ ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)
ដី​ប្រេះ​ដោយ​សារ​តែ​កង្វះ​ទឹក​នៅ​ក្នុង​វាល​ស្រែ​មួយ​ ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

លោកស្រី​ ស្រ៊ុន ស្រីពៅ​ វ័យ​៤៤ឆ្នាំ​ ដែល​ជា​កសិករ​មួយ​រូប​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ សាទរ​ចំពោះ​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ខេត្ត​របស់​លោក​ស្រី​ ហើយ​នា​ពេល​នេះ​ប្រជា​កសិករ​ក្នុង​ភូមិ​របស់​អ្នក​ស្រី​ ចាប់ផ្តើម​ធ្វើ​ស្រែ​ចម្ការ​ហើយ។

លោកស្រី​ ស្រ៊ុន ស្រីពៅ​ ថ្លែង​ប្រាប់ VOA ថា៖

«ភ្លៀង! ភ្លៀង​សុទ្ធ​តែ​មេ​ធំៗ​ទៀត​ ទឹក​ប្រើ​ល្ហាចល្ហឹម​ពេញ​មុខ​ផ្ទះ។ សប្បាយ​ចិត្ត​មែនទែន​ ដោយសារ​ទី១​បាន​ដី​ក៏​ត្រជាក់ ហើយ​ប្រជាជន​ក៏​បាន​ភ្ជួរ​ស្រែ​ បាន​សាប​បាន​អី​ល្អ»។​

រី​ឯ​កសិករ​មួយ​រូប​ទៀត​ក្នុង​ខេត្ត​ពោធិ៍សាត់​ គឺ ​លោកស្រី​ ឡៅ​ ចាន់រ៉េត​ វ័យ​៦១​ឆ្នាំ​ ក៏​បានបង្ហាញ​ភាព​ត្រេកអរ​ចំពោះ​ភ្លៀង​ធ្លាក់​ក្នុង​ខេត្ត​លោក​ស្រី​ដែរ​ បើ​ទោះ​ជា​លោកស្រី​បញ្ជាក់​ថា​ ចំនួន​ទឹក​ភ្លៀង​ធ្លាក់​ក្នុង​ខេត្ត​របស់លោក​ស្រី​នៅ​មាន​តិច​តួច​មិន​ទាន់​គ្រប់គ្រាន់​ចំពោះ​ការ​ធ្វើ​ដំណាំ​ស្រូវ​នៅ​ឡើយ​ក៏​ដោយ។

លោកស្រី​ ឡៅ​ ចាន់រ៉េត​ ថ្លែង​ប្រាប់ VOA ថា៖

«ប្រភព​ទឹក​យើង​អត់​មាន​ទឹក រីង​អស់។​ ចឹង​មាន​តែ​រង់ចាំ​ធម្មជាតិ។ ភ្លៀង​ វា​មិន​មក​ច្រើន​ទេ។ ហើយ​មាន​ខ្យល់​ច្រើន​ មាន​រន្ទះ។ តែ​ភ្លៀង​មិន​ចំ​តែ​មួយ​កន្លែង​ទេ នៅ​នេះ​តិច​ នៅ​នោះ​តិច។ ភ្លៀង​នេះ​ដាំ​បាន​តែ​ដំឡូង​ទេ​ រឿង​ស្រូវ​អត់​ទាន់​ធ្វើ​អី​កើត​ទេ​ គ្រាន់​តែ​ភ្ជួរ​ដី​ចោល។ ភ្លៀង​បាន​ត្រឹម​តែ​មួយ​សើម»។

លោក​ សម វិទូ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេដាក​ (CDAC)​ កត់​សម្គាល់​ឃើញ​ថា​ ភ្លៀង​ធ្លាក់​ចំ​ពេល​ដើមរដូវ​វស្សា និង​ធ្លាក់ស្ទើ​គ្រប់​ខេត្ត​ក្រុង​នេះ​ ជា​ការ​ប្រសើរ​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ប្រជាកសិករ​អាច​ចាប់​ផ្តើម​ធ្វើ​ស្រែ​រដូវ​វស្សា​បាន។​ ក៏ប៉ុន្តែ​ លោក​ សម វិទូ​ ក៏​បាន​ទទូច​ឲ្យប្រជាកសិករ​ត្រៀម​ខ្លួន​ ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​នឹង​អាចកើត​ឡើង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ។​ ​

លោក​ពន្យល់​ប្រាប់ ​VOA ​ថា ​មាន​ចំណុចសំខាន់ៗ​មួយ​ចំនួនដែល​កសិករ​គប្បី​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ការពារ​បាតុភូត​ធម្មជាតិ​ទាំង​នោះ​ យ៉ាង​ដូច្នេះ៖

«ទី១​ ពួក​គាត់​គួរ​តែ​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​[ស្រូវ]​ឲ្យ​ល្អ​ដើម្បី​កុំ​ឲ្យ​វា​បាត់​បង់​ជីវជាតិ។​ ទី២​ឲ្យ​គាត់​រៀប​ដី​ឲ្យ​ស្មើ​ រៀបចំ​ដី​ស្រែ​ឲ្យ​ល្អ​ ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ស្ទូង​ ក្នុង​ការ​ដាំ​ដុះ។ ទី៣​ ទាក់ទង​នឹង​ការ​គ្រប់គ្រង​ទឹក​ រៀបចំ​ជីក​ស្រះ ឬ​ក៏​ធ្វើ​ប្រឡាយ​ក្នុង​ស្រែ។ ទី៤​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​ត្រៀម​ជី​ធម្មជាតិ​ឲ្យ​បាន​គ្រប់គ្រាន់»។ ​

បើទោះ​ជា​ លោក សម​ វិទូ​ ទទួល​ស្គាល់​ថា​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប្រជាកសិករ​កម្ពុជា​មាន​ការ​ត្រៀម​ខ្លួន​ប្រសើរ​ជាង​មុន​យ៉ាង​ណា​ក្តី ក៏​លោក​នៅ​មើល​ឃើញ​បញ្ហា​ប្រឈម​ខ្លះ​ដែល​នៅ​តែ​កើត​មាន​ក្នុង​វិស័យ​កសិកម្ម​ដែរ​ ​ជា​អាទិ​មាន​បញ្ហា​គ្រប់គ្រង​ទឹក​ ទុន​សម្រាប់​កសិករ​ក្នុង​ការ​វិនិយោគ​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់ និង​បញ្ហា​ទី​ផ្សារ​ដែល​មិន​ទាន់​មាន​ការ​ធានា​តម្លៃ​សមរម្យ​ជូន​កសិករ៕

XS
SM
MD
LG