ក្រោយមានការហាមឃាត់អ្នកសារព័ត៌មានម្នាក់មិនឲ្យថតផ្ទះបណ្តែតទឹកដែលប្រជាពលរដ្ឋរងការបណ្តេញចេញ អង្គការសង្គមស៊ីវិលដែលធ្វើការលើសិទ្ធិសេរីភាពសារព័ត៌មានបានបង្ហាញក្តីព្រួយបារម្ភបន្ថែមទៀតអំពីការបន្តរឹតត្បិតការងាររបស់អ្នកសារព័ត៌មាន។
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញចំណាត់ការឲ្យប្រជានេសាទដែលរស់នៅលើផ្ទៃទឹកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រុះរើចេញឲ្យអស់ ដែលចាប់ផ្តើមពីថ្ងៃទី៩ ខែមិថុនា។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)និងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១៩ ខែមិថុនា ដោយលើកឡើងថាអ្នកសារព័ត៌មានរបស់VODបានចុះផ្តិតយករូបភាពនិងវីដេអូនៅក្នុងខណ្ឌព្រែកព្នៅ កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានហាមឃាត់និងព្រមានមិនឲ្យផ្សព្វផ្សាយវីដេអូទាំងអស់នោះ។
អង្គការទាំងនេះបានចាត់ទុកការរារាំងនិងការព្រមានរបស់អាជ្ញាធរ «គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន ដែលបានធានាដល់សិទ្ធិសេរីភាព និងវិជ្ជាជីវៈសារព័ត៌មាន»។
លោក ហេង វិចិត្រ ជាអ្នកសារព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យដែលបានប្រឈមផ្ទាល់ក្នុងហេតុការណ៍ខាងលើ បានប្រាប់VOAនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរមូលដ្ឋានបានសួរនាំរូបលោក មុនពេលហាមឃាត់មិនឲ្យលោកថតរូបផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីក្នុងភូមិសាស្រ្តខណ្ឌព្រែកព្នៅ។
បន្ថែមពីនេះ លោកថាអាជ្ញាធរក៏បានគំរាមរូបលោកឲ្យលុបចោលរូបដែលថតបាននិង«ព្រមានចាត់វិធានការផ្លូវច្បាប់» ប្រសិនបើយករូបថត ឬវីដេអូទាំងនោះទៅផ្សព្វផ្សាយជាព័ត៌មាន។
បើតាមអ្នកសារព័ត៌មានរូបនោះ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៨ ខែមិថុនា ហើយនៅពេលនោះ លោកបានចុះទៅផ្តិតរូបថតនិងវីដេអូតែម្នាក់ឯងប៉ុណ្ណោះ។
លោកថ្លែងថា៖ «ចំពោះខ្ញុំវិញ ខ្ញុំគិតថាវារំលោភលើសិទ្ធិអ្នកសារព័ត៌មាន ពីព្រោះពួកខ្ញុំមានស្ថាប័នត្រឹមត្រូវ ហើយពួកគាត់ថាបើសិនជាចេញអញ្ចឹង គាត់នឹងចាត់វិធានការផ្លូវច្បាប់។ ខ្ញុំសួរគាត់វិញថា តើខ្ញុំខុសអី? ហើយខ្ញុំថតនៅទីសាធារណៈ ហើយខ្ញុំមិនបានថតនៅក្នុងស្ថាប័ននៅក្នុងខណ្ឌហ្នឹងអី បានមកហាមឃាត់ខ្ញុំ? សម្រាប់ខ្ញុំ ខ្ញុំគិតថាគាត់រំលោភមកលើសិទ្ធិរបស់ពួកខ្ញុំជាអ្នកសារព័ត៌មានបាទ»។
កាលពីថ្ងៃសៅរ៍ ទី១៩ ខែមិថុនា មន្ទីរព័ត៌មានរាជធានីភ្នំពេញ បានចេញលិខិតបំភ្លឺមួយ ដោយលើកឡើងថាសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា«មិនមានមូលដ្ឋានច្បាស់លាស់»។
មន្ទីរព័ត៌មានឲ្យដឹងទៀតថាមន្ទីរបានទាក់ទងសុំការបំភ្លឺពីអភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ ហើយលោកបាននិយាយថាលោកបានសំណូមពរទៅកាន់អ្នកសារព័ត៌មានប្រមាណ២០នាក់ ដែលចុះយកព័ត៌មានពាក់ព័ន្ធនឹងបែត្រី និងសំណង់មិនរៀបរយក្នុងទន្លេ។ ប៉ុន្តែអ្នកសារព័ត៌មាន មិនបានស្តាប់សំណូមពររបស់លោក និងបានសម្រុកឡើងលើទូកជាមួយអាជ្ញាធរ។ ដោយសារសង្កេតឃើញភាពរញ៉េរញៃ និងព្រួយបារម្ភពីគ្រោះលិចទូក លោកបានបញ្ជាឲ្យផ្អាកការចុះអនុវត្តការងាររបស់អាជ្ញាធរ។
មន្ទីរព័ត៌មានបញ្ជាក់ថាអាជ្ញាធរខណ្ឌព្រែកព្នៅ មិនបានហាមឃាត់ឬគំរាមកំហែងអ្នកសារព័ត៌មាននោះទេ។
VOAមិនអាចសុំការឆ្លើយតបពីលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបាននៅឡើយទេនៅថ្ងៃច័ន្ទនេះ។
យ៉ាងណាក្តី លោក អ៊ិត សូធឿត នាយកផ្នែកផ្សព្វផ្សាយប្រចាំមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) មានប្រសាសន៍ថាសេចក្តីថ្លែងការណ៍របស់អង្គការដែលធ្វើការលើសិទ្ធិសេរីភាពសារព័ត៌មាន ផ្តោតទៅលើករណីរបស់អ្នកសារព័ត៌មានVODតែម្នាក់ប៉ុណ្ណោះ ដែលលោកថាបានប្រឈមនឹងអាជ្ញាធរមូលដ្ឋាននៅខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៨ ខែមិថុនា ហើយមិនមែនសំដៅទៅលើករណីដូចលើកឡើងនៅក្នុងលិខិតបំភ្លឺរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញនោះទេ។
លោក អ៊ិត សូធឿត បានចាត់ទុកសកម្មភាពអាជ្ញាធរមកលើអ្នកសារព័ត៌មានVODថាជា«ការរឹតត្បិត និងការបំពានសិទ្ធិសេរីភាពសារព័ត៌មាន» ដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ និង«ជារូបភាពមួយគំរាមកំហែងទៅកាន់អ្នកសារព័ត៌មានដទៃទៀត» នៅពេលពួកគេចុះយកព័ត៌មាននៅតាមទីសាធារណៈ។
លោកថ្លែងថា៖ «ខ្ញុំគិតថាជំហានបន្ទាប់ ដែលសំខាន់បំផុតហ្នឹងគឺអាជ្ញាធរថ្នាក់លើ ហើយជាពិសេសខ្ញុំគិតថាដូចជាក្រសួងព័ត៌មានដែលថាជា អាចថាជាអាណាព្យាបាល ឬអ្នកមើលការខុសត្រូវអ្នកសារព័ត៌មាននៅក្នុងស្រុកខ្មែរយើងទាំងមូលហ្នឹង គឺគាត់ប្រហែលអាចជួយនាំសារទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ថាអ្នកសារព័ត៌មានមិនមែនជាសត្រូវរបស់នរណាម្នាក់ រួមទាំងអាជ្ញាធរនិងរដ្ឋាភិបាលផង ព្រោះថាអ្នកសារព័ត៌មានគាត់គ្រាន់តែដើរតួនាទីក្នុងការរាយការណ៍នូវហេតុការណ៍ ឬក៏ព្រឹត្តិការណ៍ និយាយទៅជាពិសេសឈរលើគោលការណ៍ការណ៍ពិតហ្នឹង ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងពីបញ្ហាដែលកំពុងកើតឡើង»។
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថាអ្នកសារព័ត៌មានត្រូវគោរពតាមច្បាប់ និងសីលធម៌វិជ្ជាជីវៈ ហើយត្រូវយល់ដឹងពីដែនសមត្ថកិច្ចរបស់មន្រ្តីអនុវត្តច្បាប់។ លោកបន្ថែមថានៅពេលអាជ្ញាធរកំពុងអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អ្នកសារព័ត៌មានមិនមានសិទ្ធិចូលជ្រៀតជ្រែកក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរនោះទេ។ ក្នុងករណីដែលអ្នកសារព័ត៌មានមិនគោរពតាម លោកថាអាជ្ញាធរមានសិទ្ធិផ្អាក និងហាមឃាត់សកម្មភាពរបស់អ្នកសារព័ត៌មាន។
លោកថ្លែងថា៖ «ពាក់ព័ន្ធទៅនឹងបញ្ហានេះ គឺទីមួយ អ្នកសារព័ត៌មានត្រូវអនុវត្តទៅតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ។ ទីពីរអ្នកសារព័ត៌មានត្រូវចូលរួមក្នុងការសហការអនុវត្តតួនាទីភារកិច្ចដោយគោរពទៅតាមសិទ្ធិនិងតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាស្ថាប័នផ្សេងៗដែរ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកសារព័ត៌មាន និងអាជ្ញាធរដែលអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអាចបំពេញការងាររបស់ខ្លួនរៀងៗខ្លួន ទៅតាមជំនាញ ទៅតាមសមត្ថកិច្ចនិងទៅតាមវិជ្ជាជីវៈរបស់ខ្លួនរៀងៗខ្លួន។ វាមិនមែនជាពេលដែលអ្នកសារព័ត៌មានត្រូវតែទៅ យើងនិយាយថាតតាំងជាមួយនឹងអាជ្ញាធរនោះទេ»។
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការគាំពារសិទ្ធិសេរីភាពសារព័ត៌មាន កន្លងមក ក៏មានការហាមឃាត់និងគំរាមដកហូតសម្ភារៈពីសំណាក់អាជ្ញាធរមកលើអ្នកសារព័ត៌មានVOD នៅពេលពួកគេទៅរាយការណ៍ពីការដាក់ញត្តិរបស់ភរិយាអតីតសកម្មជនគណបក្សសង្រ្គោះជាតិទៅកាន់តំណាងសហគមន៍អឺរ៉ុប នាពេលថ្មីៗនេះ និងពីសកម្មភាពពលរដ្ឋនៅខេត្តកំពង់ឆ្នាំងដែលតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៥ ពាក់ព័ន្ធនឹងការទាមទារឲ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។
គួរបញ្ជាក់ថា អង្គការអ្នកកាសែតគ្មានព្រំដែន(Reporters Without Borders)បានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់១៤៤ក្នុងចំណោមប្រទេស១៨០សម្រាប់សេរីភាពសារព័ត៌មាននិងការបញ្ចេញមតិក្នុងឆ្នាំ២០២១នេះ។ ចំណាត់ថ្នាក់នេះមិនខុសពីការកត់ត្រារបស់អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីឆ្នាំ២០២០ ដែលមានន័យថាសេរីភាពសារព័ត៌មានរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពអាក្រក់ដដែល៕