ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​ដល់​​៤%​សម្រាប់​ឆ្នាំ​២០២១​បើ​គ្មាន​វិធានការ​បិទ​ខ្ទប់បន្ត​​​​​​​


រូប​ឯកសារ៖ សំណង់អគារខ្ពស់ស្កឹមស្កៃស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០។
រូប​ឯកសារ៖ សំណង់អគារខ្ពស់ស្កឹមស្កៃស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០។

កំណើន​សេដ្ឋកិច្ច​ប្រទេសកម្ពុជា​ត្រូវ​ធនាគារ​ពិភព​លោក​បាន​ព្យាករ​ដោយ​ប្រយ័ត្ន​ប្រយែង​នៅ​ចំពោះ​មុខ​ការ​គំរាមកំហែង​នៃ​ការ​រាត​ត្បាត​ជំងឺឆ្លង​កូវីដ១៩​ដោយ​កំណើន​អាច​កើនខ្ពស់​បំផុត​៤ភាគរយ​ឬ​ទាប​បំផុត​«១.០​ភាគរយ»​សម្រាប់​ឆ្នាំ​២០២១។

នៅ​ក្នុង​ការ​ព្យាករណ៍នេះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​ប្រែប្រួល​ទៅ​តាម​សេណារីយ៉ូ​ចំនួន​ពីរ​គឺ​សេណារីយ៉ូ​ ដែល​មាន​ភាព​វិជ្ជមាន​ពោល​គឺ​កំណើនអាច​កើន​ខ្ពស់​ជាង​៣,១​ភាគរយ​នៅ​ឆ្នាំ​២០២០​និង​សេណារីយ៉ូ​ដែល​អាក្រក់​បំផុត​ពោល​គឺ​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​នឹង​អាច​កាន់​តែ​អាក្រក់​ទៅ​បើ​សិន​ជា​មាន​វិធានការ​បិទខ្ទប់​បន្ថែម​ទៀត។ នេះ​បើ​តាម​របាយការណ៍​ចុងក្រោយមួយ​របស់​ធនាគារ​ពិភពលោក​មាន​ចំណង​ជើង​ថា៖ «មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ការ​ស្តារឡើង​វិញ៖​ បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ខែមិថុនា​ឆ្នាំ២​០២១» ចេញ​ផ្សាយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រោម​សេណារីយ៉ូ​គោល​ឬ​វិជ្ជមាន​នោះសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​៤ភាគរយ​ នៅឆ្នាំ​២០២១​ដែល​គាំទ្រដោយ​ការ​ងើប​ឡើងវិញ​បណ្តើរៗ​នៃ​តម្រូវ​ការ​ក្នុង​ស្រុក​ក្រោយ​ពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​រួច​និង​កំណើន​នៃ​តម្រូវការ​ខាង​ក្រៅ​និង​លំហូរ​មូលធន។

កំណើន​នេះ​អាច​កើត​មាន​ឡើង​បាន​បើសិន​ជា​ទំនុក​ចិត្ត​ទីផ្សារ​បាន​វិល​ត្រឡប់​មក​ឡើងវិញ​នៅ​ខណៈ​ដែល​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​នាពេល​ថ្មីៗ​នេះ​ដែល​បាន​ចាប់​ផ្តើម​នៅខែកុម្ភៈ​ឆ្នាំ​២០២១​នៅតែ​អាច​គ្រប់គ្រង​បាន​ដែល​នាំ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​វិធានការ​បិទខ្ទប់​ជា​ដំណាក់កាលៗ​ដោយ​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ក្នុង​រយៈពេល​មធ្យម​និង​រយៈពេល​វែង​ លើ​វិស័យ​សាជីវកម្ម​ឬ​វិស័យ​ធនាគារ។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​របាយការណ៍។

ក្រោម​សេណារីយ៉ូ​គោល​នេះ​អាជ្ញាធរ​កម្ពុជា​នឹង​ចាត់វិធានការ​ផ្សេងៗ​ក្នុងការ​ទាក់​ទាញ​ការ​វិនិយោគ​បន្ថែម​ដូច​ជាបង្កើន​ភាពប្រកួត​ប្រជែង​តាម​រយៈ​កំណែ​ទម្រង់​បរិយាកាស​វិនិយោគ​ការ​ទាញ​ប្រយោជន៍​ពីបច្ចេកវិទ្យា​ឌីជីថលនិងជំរុញ​ពាណិជ្ជម្ម​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​នាពេល​ថ្មីៗនេះ។

សេដ្ឋវិទូ​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​លោក​លី សូដេត​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​អនឡាញ​ក្រោយ​ការ​ចេញផ្សាយ​របាយការណ៍​ថា​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ១៩នឹង​រួម​ចំណែក​យ៉ាង​សំខាន់​មួយ​ផ្នែកក្នុង​ដំណើរ​ធ្វើ​ឲ្យ​ងើប​ឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​និយាយ​ជារួម​និង​និយាយ​ដោយ​ឡែក​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​ក៏​អាច​មាន​សន្ទុះ​ហើយ​ការ​រៀបចំ​ឥណទាន​ឡើងវិញ​ក៏​អាច​បញ្ចៀស​បានដែរក្នុង​វិស័យ​ធនាគារ។

លោក​បញ្ជាក់​ថា៖ «Vaccine[វ៉ាក់​សាំង​]នេះ​គឺ​ថា​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​market confidence [ទំនុក​ចិត្ត​ទីផ្សារ] និង​restore​[ស្តារ​]​មកវិញ​បាន​ឲ្យ market confidence​[ទំនុក​ចិត្ត​ទីផ្សារ]នេះ​វាចាប់​ផ្តើម​មាន​ឡើងវិញ​ហើយ​មនុស្ស​ចាប់​ផ្តើម​ធ្វើ​ដំណើរ​គាត់​ចាប់​ផ្តើម​ចាយ​វាយ​គាត់​ចាប់​ផ្តើម​ធ្វើ​business [ជំនួញ] អីចឹង​ហើយ​ធ្វើ​ឲ្យ ​business​ហ្នឹង​ដើរ​ឡើង​វិញ»។

រូប​ឯកសារ៖ ប្រជាពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើង បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ ប្រជាពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើង បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោក​បាន​បន្ថែម​ថា​បើសិន​ជា​មាន​ការ​បិទ​ខ្ទប់​បន្តទៀត​នោះ​ហានិភ័យ​ហិរញ្ញវត្ថុសម្រាប់​អ្នក​ធ្វើជំនួញនិងភាគី​ផ្តល់​កម្ចី​អាច​កើន​ឡើង។

​លោក​លី សូដេត​ ថ្លែង​ថា៖ «អីចឹង​ហើយ​បាន​ថា​បើសិន​ជា​យើង​ មាន​lockdown [ការបិទ​ខ្ទប់​]​បន្ត​ទៅទៀត​បើសិន​ជា​យើងមានlockdown​[ការបិទ​ខ្ទប់​]ហ្នឹង​វា​ធំ​ ហើយ​វែង គេធ្វើវា​រយៈពេល​វែង​វាកាន់​តែ​impact (ប៉ះពាល់)​ខ្លាំង​ហើយ​អីចឹង​ហើយ​ demand​តម្រូវការ​ធ្វើ​loan restructuring ​[ការរៀបចំ​ឥណទាន​ឡើងវិញ]​នឹង​កើនឡើង​ទៀត​អីចឹង​គឺ​ថា វា​ជា​បញ្ហា​មួយ​សម្រាប់​ខាង​ធនាគារ​យើង​ដោយសារ​យើងទ្រោល​សភាព​ការណ៍​ហ្នឹង​តាំង​២០២០​មក​រហូតដល់​២០២១​ អីចឹង​គឺថា​វា​វា​មាន​បញ្ហា​ វា ​risk [ហានិភ័យ]​ហ្នឹង​វាកើនឡើង»។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​អ្នកស្រី​អ៊ិនហ្គូណា ដូប្រាចា (Inguna Dobraja)​ត្រូវគេ​ស្រង់​សម្តីក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រោយ​ការ​ចេញ​របាយការណ៍​ខាងលើ​តាមន័យ​ដើម​ថា៖​«ដូចប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់ដែរ​កម្ពុជា​បាន​រងការ​ប៉ះទង្គិច​ខ្លាំង​ពី​ការធ្លាក់​ចុះ​នៃ​តម្រូវការ​លើ​សាកលលោក​ដោយ​សារ​តែ​កូវីដ​១៩។ ប៉ុន្តែ​ដំណឹងល្អ​នៅត្រង់​ថា​កម្ពុជា​បាន​ចាក់​វ៉ាក់សាំងឱ្យមនុស្ស​ក្នុង​ប្រទេស​បាន​ជាង​៣លាន​នាក់​រួច​ហើយ​ ដែល​ជា​អត្រា​ខ្ពស់​មួយ​នៅក្នុង​តំបន់»។

អ្នកស្រី​បាន​បន្ថែម​ទៀតថា៖ «ធនាគារ​ពិភពលោក​នៅ​តែ​បន្ត​ធ្វើ​ការ​ជាមួយ​កម្ពុជា​ដើម្បី​ជួយ​ប្រទេស​នេះ​បន្ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាតត្បាត​នៃវីរុស​កូវីដ១៩​និងជួយ​ស្តារ​សេដ្ឋកិច្ចនិង​សង្គម​ឱ្យ​មាន​ភាពធន់​រឹងមាំ​ឡើងវិញ»។

យ៉ាងណា​ក៏ដោយ​ធនាគារ​ពិភពលោក​ឲ្យដឹង​បន្ថែម​ថា​ចក្ខុវិស័យ​សម្រាប់​កំណើន​របស់​កម្ពុជា​នៅ​តែប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ខ្លាំង​ក្នុង​នោះ​ទ្រង់​ទ្រាយ​និង​ល្បឿន​នៃ​ដំណើរ​រើប​ឡើងវិញ​នេះ​អាស្រ័យ​ស្ទើរតែ​ទាំង​ស្រុង​ទៅ​លើ​សភាពរបស់​វីរុស និងទៅលើ​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ការ​ពារ​។

របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​ដដែល​ពន្យល់ថា​សេណារីយ៉ូ​ទាប​បំផុត​សន្មតថា«ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​នឹង​កាន់​តែ​ដុនដាប​ដោយ​សារ​តែ​ការ​បិទខ្ទប់​ជា​ច្រើន​លើក​ច្រើន​សារ​និង​ការ​រឹតត្បិត​ការធ្វើ​ដំណើរ​នៅ​ពេល​ដែល​កិច្ចខិត​ខំ​ប្រឹងប្រែង​ក្នុងការ​រាំង​ខ្ទប់​ការ​ផ្ទុះ​ជំងឺកូវីដ​១៩ មិន​ទទួល​បាន​ជោគជ័យ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​មិនអាច​ស្តារ​ឡើងវិញ​បានបើ​ទោះ​ជា​ស្ថានភាព​ក្រៅ​ប្រទេស​មាន​ភាព​ប្រសើរ​ក្តី»។

រូបឯកសារ៖ កម្មកររោងតចក្រនៅតំបន់ជ្រាយរាជធានីភ្នំពេញជាប់ខេត្តកំពង់ស្ពឺ កំពុងរង់ចាំធ្វើដំណើរចូលក្រុងវិញ ខណៈភ្នំពេញរងការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ កម្មកររោងតចក្រនៅតំបន់ជ្រាយរាជធានីភ្នំពេញជាប់ខេត្តកំពង់ស្ពឺ កំពុងរង់ចាំធ្វើដំណើរចូលក្រុងវិញ ខណៈភ្នំពេញរងការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១។

​ក្រោម​សេណារីយ៉ូ​ទាប​បំផុត​នោះ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​១.០​ភាគរយ​នៅឆ្នាំ​២០២១។

បើតាម​សេណារីយ៉ូនេះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រាំង​ខ្ទប់​ធ្វើ​ឲ្យ​ខាត​បង់​ធនធាន​សាធារណៈ​នៅ​ខណៈ​ដែល​ការ​អនុវត្តន៍​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ត្រូវ​បាន​សន្មត​ថា​មាន​ល្បឿន​យឺត។ ជា​លទ្ធផល​ទំនុក​ចិត្ត​ទីផ្សារ​ថយចុះ​ដែលនាំ​ឲ្យ​មានការ​ថយ​ចុះ​លំហូរ​ចូល​ការវិនិយោគ​ផ្ទាល់​ពីបរទេស​ជាច្រើន​ខណៈ​ដែល​វិស័យ​កម្មន្ត​សាល​សំខាន់ៗ​សម្រាប់​នាំចេញ​ដូច​ជា​សម្លៀក​បំពាក់​ស្បែក​ជើង​និង​ទំនិញ​ធ្វើ​ដំណើរ​ត្រូវបាន​បង្អាក់​ដោយ​ការ​បិទខ្ទប់​ជាច្រើន​លើក​ច្រើន​សារ។​

លោក​មាស សុខសេនសាន​អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​រដ្ឋាភិបាល​មិនទាន់​មានការ​យល់​ឃើញ​បែបណា​លើការ​វាយតម្លៃ​របស់​ធនាគារ​ពិភពលោក​នោះទេ​ហើយ​ថា​ រដ្ឋាភិបាល​នៅ​រក្សា​ជំហរ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១​អាច​ស្ថិត​ក្នុងកម្រិត៣,៥​ភាគរយ ដែល​ជាការ​ប៉ាន់ស្មាន​តាំង​ពី​ខែ​មករា​មក។

លោក​ទទួល​ស្គាល់​ថា​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០កុម្ភៈ​បាន​បង្ក​ការ​ប៉ះទង្គិច​លើ​សកម្មភាព​សេដ្ឋកិច្ច​ប៉ុន្តែការ​បន្ថយ​ការ​រឹតបន្តឹង​ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​ឆ្លង​ជំងឺកូវីដ​មួយ​ចំនួន​នៅ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​អាច​អំណាច​ផល​ដល់​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «វាមាន​ការ​ប៉ះទង្គិច​ហើយប្រាកដ​ហើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​២០កុម្ភៈ​នេះ​តែយើង​ខ្ញុំ​នៅ​មានការ​ប្រយ័ត្ន​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ព្យាករណ៍​នេះ​ជាពិសេស​ការ​ព្យាករណ៍​សារ​ជាថ្មីនេះ​យើង​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ហើយ​យើង​នឹង​បូក​បញ្ចូល​នូវ​កត្តា​ផ្សេង​ៗ​ជាច្រើន​ទៀត​ជាពិសេស​នូវការ​អភិវឌ្ឍន៍​ថ្មី​ៗ​ចុង​ក្រោយ​នេះ​ឥឡូវ​យើង​ឃើញ​ថា​បើ​យើង​មើល​ទំនោរ​ពិភពលោក​នេះ​ក៏ចាប់ផ្តើម​រាង​គ្រាន់​បើ​ឡើងវិញ​ហើយ​នៅជាពិសេស​នៅ​ប្រទេស​អឺរ៉ុប​នៅ​អាមេរិក​គាត់​ចាប់ផ្តើម​កាត់​បន្ថយ​នូវ​ការ​រឹតបន្តឹង​អីទាំង​អស់អីចឹង​យើង​ឃើញ​ថា​ ខ្ញុំ ខ្ញុំ​មិន​មាន​ការ​វាយតម្លៃ​លើស​ពីហ្នឹង​ទេ​តែ​គ្រាន់​ថា​អ្វីដែល​ជា​ជំហរ គឺ​យើង​នៅរក្សា​គោលជំហរ​ខែ១»។

ធនាគារ​ពិភពលោក​បាន​ព្រមាន​ផងដែរថា​ស្ថានភាព​សកល​មិន​ច្បាស់​លាស់​នៅតែ​ជា​ហានិភ័យ​ដ៏ធំ​ចំពោះ​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា។ នោះ​មានន័យ​ថា​ភាព​យឺតយ៉ាវ​នៃការ​ចែក​ចាយវ៉ាក់សាំង​ទូទាំង​សាកល​លោក​អាច​នាំ​ឲ្យ​ជំងឺកូវីដ១៩​នៅ​បន្ត​កើត​មាន​ដោយ​ការ​ផ្ទុះ​ជំងឺនេះ​នឹង​នាំ​ឲ្យ​មានការ​បិទ​ខ្ទប់​កាន់តែ​ច្រើន។

របាយការណ៍​ធនាគារ​ពិភពលោក​ស្តីពី «មាគ៌ា​ឆ្ពោះ​ទៅ​ការ​ស្តារឡើង​វិញ» ឲ្យ​ដឹង​ថា​ការ​នាំចេញ​ទំនិញរបស់​កម្ពុជា​អាច​រងផល​ប៉ះពាល់​បន្ថែម​ទៀត​ដោយ​ការ​ដក​ដោយ​ផ្នែក​នៃ​ការ​អនុគ្រោះពន្ធ​EBA​របស់​សហគមន៍​អឺរ៉ុប​និង​ការផុត​កំណត់​ជា​បណ្តោះ​អាសន្ន​នៃប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅGSP​របស់​សហរដ្ឋ​អាមេរិក។​

របាយការណ៍​សង្កត់​ធ្ងន់​ថា៖ «លើស​ពី​នេះ​ទៀត​ប្រទេស​កម្ពុជា​កាន់​តែ​ពឹង​ផ្អែក​លើ​ប្រទេសចិន​លើ​ផ្នែក​ពាណិជ្ជកម្ម​ការវិនិយោគ​និង​ជំនួយ​អភិវឌ្ឍ​ជាផ្លូវការ​។ កំណើន​ឥណទាន​ខ្ពស់​ក្នុង​វិស័យ​ធនាគារ​ជាពិសេស​ការ​ផ្តល់​ឥណទាន​ដល់​វិស័យ​សំណង់និង​អចលនទ្រព្យ​នៅតែ​ជា​ហានិភ័យ​ដ៏ធំ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថ​កម្ពុជា។

កាល​ពី​ខែ​សីហា ឆ្នាំ​ ២០២០​សហភាព​អឺរ៉ុប​បាន​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ហៅ​កាត់​ថា​EBA​ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន​២០​%​លើ​ទំនិញ​កម្ពុជា​ជា​ការ​ឆ្លើយ​តប​នឹង​«ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ក្រោយ​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៕​

XS
SM
MD
LG