ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ឆ្នាំ ២០១៩ គឺ​ជាឆ្នាំ​ដែល​មាន​ជំងឺ​កញ្ជិ្រល​រីករាលដាល​ខ្លាំង​បំផុត​មួយ


ក្មេង​ម្នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​​នៅ​ឯ​គ្លីនិក​មួយ Apia កោះ​ Samoa កាល​ពី​ខែ​វិច្ឆិកា ២០១៩។
ក្មេង​ម្នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​​នៅ​ឯ​គ្លីនិក​មួយ Apia កោះ​ Samoa កាល​ពី​ខែ​វិច្ឆិកា ២០១៩។

នៅ​ក្នុង​ឆ្នាំ​២០១៩ ជំងឺ​ដែល​អាច​ការពារ​បាន ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​១សែន ៤ម៉ឺន​នាក់ ​ដែល​អ្នក​ស្លាប់​ទាំង​នោះ​ភាគ​ច្រើន​ជា​កុមារ និង​ទារក។ សោកនាដកម្ម​ទាំង​នេះ​កើត​ឡើង​ដោយសារ​តែ​ពួក​គេ​ខក​ខាន​មិន​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រិល​ចំនួន​ពីរ​ដង​តាម​ការកំណត់។

ឳពុក​ម្តាយ​ដែល​រស់នៅ​លើ​កោះ ​Samoa​ មិន​ធ្លាប់​គិត​ថា នឹង​ជួប​ប្រទះ​រឿង​សោក​សង្រេង​បែប​នេះ​ទេ។

អ្នកស្រី Emite Talaalevea ជា​ម្តាយម្នាក់​អ្នក​រស់នៅ​លើ​កោះ Samoa។ អ្នកស្រី​ថ្លែង​ថា៖ «វា​ជា​រឿង​ដ៏រន្ធត់​ណាស់។ វាមាន​ការលំបាក​ខ្លាំងណាស់​ក្នុងការ​ទទួល​យក​អ្វី​ដែល​បាន​កើត​នេះ»។

អ្នកស្រី Elsei Lolesio ជា​ម្តាយ​ដែល​បាន​បាត់បង់​កូន​ម្នាក់​ទៀត ថ្លែង​ថា៖ «វា​ជា​រឿង​ដ៏​សោក​សៅ​ណាស់​ក្នុង​ការ​បាត់បង់​កូន។ ខ្ញុំ​សោក​ស្តាយ​ណាស់។ នាង​ទៅ​បាត់​ហើយ តែ​ខ្ញុំ​គ្មាន​ថ្ងៃ​បំភ្លេច​នាង​ឡើយ ដូចជា ​របៀប​ដែល​ខ្ញុំ​បាន​ព្យាយាម​បង្រៀន​នាង​ឲ្យ​ចេះ និយាយ​ជាដើម»។

ជំងឺ​កញ្ជ្រិល​បាន​ឆក់​យក​ជីវិត​មនុស្ស​រស់នៅ​លើ​កោះ Samoa ជាង​៨០​នាក់ ដែលអ្នក​ស្លាប់​ទាំងនោះ​ភាគច្រើន​ជា​កុមារ​និង​ទារក។ លោក Robert Linkins ជា​ប្រធាន​ផ្នែក​គ្រប់​គ្រង​និង​តាម​ដាន​ជំងឺ​ដែល​អាច​ការពារ​បាន​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​ហៅ​កាត់​ថា​ CDC ​ដែល​ជា​ទីភ្នាក់ងារ​មួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ។ លោក​ថ្លែង​ថា៖ «ការ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រិល​ចំនួន​ពីរដង​តាម​ការ​កំណត់ ​អាច​សង្គ្រោះ​ជីវិត​កុមារ​ទាំង​នោះ»។

អត្រា​ចាក់​វ៉ាក់សាំង​នៅ​លើ​កោះ Samoa បាន​ធ្លាក់​ចុះ​ប្រហែល ៣០% បន្ទាប់ពី​កុមារ ២នាក់​បាន​ស្លាប់​ដោយសារ​ថ្នាំ​វ៉ាក់​សាំង​កញ្ជ្រិល​ដែល​ត្រូវ​បាន​លាយ​ជាមួយ​ថ្នាំ​បន្ធូរ​សាច់ដុំ​ជំនួស​ឱ្យ​ទឹក។ ឪពុក​ម្តាយ​ភ័យស្លន់​ស្លោ​អំពី​រឿង​នេះ ហើយ​សកម្មជន​ប្រឆាំង​នឹង​ការ​ចាក់ថ្នាំ​បង្ការ​នេះ​បាន​បញ្ចុះ​បញ្ចូល​ពួក​គេ​មិន​ឲ្យ​ចាក់​វ៉ាក់សាំង។ បន្ទាប់​មក​ជំងឺ​កញ្ជ្រិល​បាន​រីករាលដាល​នៅ​លើ​កោះ​នោះ។

លោក​ Robert Linkins ថ្លែង​បន្ត​ថា៖ «មន្ទីរពេទ្យ និង​គ្លីនិក​សុខភាព​ពេញ​ទៅ​ដោយ​កុមារ​ដែល​ឈឺ ហើយ​គ្មាន​អ្នកធ្វើការ​ផ្នែក​ថែទាំ​សុខភាព​គ្រប់គ្រាន់​ទេ ចំណែកឯ​គ្រែ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ក៏​មិន​មាន​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ​ដែរ»។

រដ្ឋាភិបាល​កោះ Samoa បាន​ចាប់ផ្តើម​កិច្ចប្រឹងប្រែង​ផ្តល់​វ៉ាក់សាំង​ដ៏​ធំ​មួយ ហើយ​បាន​ទៅ​រក​មជ្ឈមណ្ឌល CDC ឲ្យ​ជួយ។

លោក ​Robert Linkins ថ្លែង​ទៀត​ថា៖ «មជ្ឈមណ្ឌល CDC ក៏​ត្រូវ​បាន​សុំឲ្យ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ផ្នែក​ថែទាំ​សុខភាព​ដល់​អ្នកធ្វើការ​ដើម្បី​ធានា​ថា ការផ្តល់​វ៉ាក់សាំង​គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​សុវត្ថិភាព ព្រមទាំង​តាម​ដាន​មើល​គុណភាព​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​រោគ​ដែល​បាន​ធ្វើ​នា​ពេល​កន្លង​មក»។

មាន​ការរាយការណ៍​ថា នៅ​ឆ្នាំ ២០១៩ មាន​មនុស្ស​កើត​ជំងឺ​កញ្ជ្រិល​ប្រមាណជាង​៤សែន​នាក់ នៅ​ទូទាំង​ពិភពលោក​ដោយ​មាន​២សែន​ ៥ម៉ឺន​ករណី​បន្ថែម​ទៀត​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

នៅ​បីខែ​ដើមឆ្នាំ​២០១៩ ​ចំនួន​មនុស្ស​កើត​កញ្ជ្រិល​មាន​ចំនួន​ច្រើន​ជាង​បី​ដង បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨។

អ្នកស្រី Kate O'Brien នៃ​អង្គការ​សុខភាព​ពិភពលោក​ ថ្លែង​ថា៖ «មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​បរាជ័យ​ក្នុងការ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រិល​នេះ គឺ​ដោយសារ​គ្រួសារ និង​សហគមន៍ គ្មាន​មធ្យោបាយ​ដើម្បី​ទទួល​យក​វ៉ាក់សាំង​នេះ»។

ការទទួល​វ៉ាក់សាំង​ការពារ​ចំនួន​ពីរដង​តាម​ការកំណត់ អាច​ការពារ​កុមារ​ពី​ជំងឺ​កញ្ជ្រិល​នេះ​បាន។ ក៏ប៉ុន្តែ សង្គ្រាម ​និង​ប្រព័ន្ធ​ថែរក្សា​សុខភាព​មាន​គុណភាព​អន់​នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូលទាប បាន​រារាំងក្រុមគ្រួសារ​ជាច្រើន​មិន​ឲ្យ​ពួកគេ​នាំ​កូន​ទៅ​ទទួល​វ៉ាក់សាំង​បាន។

នៅ​ក្នុង​ប្រទេស​អ្នក​មាន ការចាក់ថ្នាំ​វ៉ាក់សាំង​ក៏​ធ្លាក់​ចុះ​ដែរ។ ឳពុក​ម្តាយ​ខ្លះ​សម្រេច មិន​ឲ្យ​កូន​ចាក់វ៉ាក់សាំង។ សហរដ្ឋ​អាមេរិក​មាន ចំណាត់ថ្នាក់​ខ្ពស់​ក្នុងបញ្ជី​មិន​ចាក់​វ៉ាក់សាំង ដោយមាន​កុមារ​២លាន ៥សែននាក់​ខកខាន​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រិល​លើក​ទី១។

នៅ​ក្នុងឆ្នាំ២០១៩ មជ្ឈមណ្ឌល CDC បាន​រាយការណ៍​ថា មាន​មនុស្ស​ជាង ១០០០​នាក់ ​នៅក្នុង ៣១ រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក បាន​កើត​ជំងឺ​កញ្ជ្រិល​នេះ គិត​ត្រឹម​ចុង​ខែ​ធ្នូ​កន្លង​ទៅ​នេះ។ ចំនួន​នេះ ជា​ចំនួន​ច្រើន​បំផុត នៅក្នុង​រយៈពេល​២៥ឆ្នាំ​កន្លង​មក​នេះ។

លោក​វេជ្ជបណ្ឌិត Peter Hotez នៃ​មហា​វិទ្យាល័យ​ឱសថសាស្រ្ត​ Baylor College ថ្លែង​ថា៖ «នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឥឡូវ​នេះ ការរីករាលដាល​នៃ​ជំងឺកញ្ជ្រិល​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ធម្មតា​ថ្មី​មួយ​នៅក្នុង​ប្រទេស​នេះ ក្រោយពី​ពួកយើង​បាន​បំបាត់​ជំងឺ​នេះ កាលពី​ឆ្នាំ២០០០»។

អង្គការ​សុខភាព​ពិភពលោក បាន​ដក​ប្រទេស​នៅ​អឺរ៉ុប​ចំនួន​បួន​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​បាន​លុបបំបាត់​ជំងឺ​កញ្ជ្រិល ដោយសារតែ​ការកើត​ជំងឺ​នេះ និង​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​ទាំងនោះ មាន​កម្រិត​ទាប។

អ្នកស្រី Kate O'Brien បាន​ថ្លែង​បន្ត​ទៀត​ថា៖ «និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ គឺ​មាន​ន័យ​ថា ពួកយើង​ដើរ​ថយក្រោយ ក្នុង​រឿង​ការពារ​ជំងឺ​កញ្ជ្រិល​នេះ»។

កោះ Samoa បាន​ប្រកាស​បញ្ចប់​ស្ថានភាព​មានអាសន្ន​មុន​ដំណាច់​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ។ ក៏ប៉ុន្តែ ការរីករាលដាល​ជាថ្មី​នៃ​ជំងឺ​កញ្ជ្រិល​នេះ វា​មិនមែន​ត្រឹមតែ​ជា​បញ្ហា​សម្រាប់​កោះ Samoa ប៉ុណ្ណោះ​ទេ វា​ជា​បញ្ហា​សុខភាព​សម្រាប់​សាកលលោក​ទាំងមូល។ បើសិនណា កុមារ​មិនបាន​ទទួល​វ៉ាក់សាំង​ទេ​នោះ នឹង​មាន​កុមារ​ស្លាប់​ជា​បន្ត​ទៀត ហើយ​នឹង​មាន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ នៅ​ឆ្នាំ​២០២០ នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG