អង្គការសុខភាពពិភពលោក WHO ព្រមានអំពីការផ្ទុះឆ្លងរាលដាលជំងឺកញ្ជ្រិលយ៉ាង
ឆាប់រហ័សនៅជុំវិញពិភពលោក ដោយសារតែមានមនុស្សតិចតួចប៉ុណ្ណោះបានចាក់ថ្នាំវ៉ាក់ស៊ាំងបង្ការជំងឺដែលអាចទប់ស្កាត់បាននេះ។
ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិរាយការណ៍ថា ករណីឆ្លងជំងឺកញ្ជ្រិលក្នុងរយៈពេល៦ខែដំបូងនៅឆ្នាំនេះ មានចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៦មក។ មកទល់នឹងពេលនេះ ទីភ្នាក់ងារនេះរាយការណ៍ថា មានករណីឆ្លងជំងឺកញ្ជ្រិលដល់ទៅ៣៦៥.០០០ករណី គឺច្រើនជាងជិតបីដងបើធៀបនឹងចំនួនករណីឆ្លងកាលពីឆ្នាំមុន។ ទីភ្នាក់ងារនេះបានគត់សម្គាល់ឃើញថា ចំនួនករណីឆ្លងជាក់ស្តែងច្រើនជាងចំនួនដែលបានរាយការណ៍ ដោយសារតែក្នុងចំណោមករណីឆ្លងជាក់ស្តែង ១០នាក់ មានករណីឆ្លងតិចជាងមួយត្រូវបានគេរាយការណ៍។
នៅឆ្នាំនេះ អង្គការ WHO រាយការណ៍ថា ករណីឆ្លងជំងឺកញ្ជ្រិលបានកើនឡើង៩០០ភាគរយនៅតំបន់អាហ្វ្រិក ២៣០ភាគរយនៅតំបន់ប៉ាស៊ីហ្វីកខាងលិច និង១២០ភាគរយនៅតំបន់អឺរ៉ុប។
មានតែតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាមេរិកប៉ុណ្ណោះ ដែលហាក់ដូចជា បង្ហាញសញ្ញាថា អាចគ្រប់គ្រងជំងឺនេះបាន។ តួលេខឆ្លងនៅក្នុងតំបន់ទាំងពីរនេះបានធ្លាក់ចុះ ១៥ភាគរយ។ អង្គការ WHO បានកត់សម្គាល់ឃើញថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រទេសម៉ាដាហ្គាស្កា និងអ៊ុយក្រែនមានករណីឆ្លងជំងឺនេះខ្ពស់បំផុតនៅក្នុងឆ្នាំនេះ។ ប៉ុន្តែអ្នកនាំពាក្យអង្គការ WHO លោក Christian Lindmeier បានថ្លែងថា ប្រទេសម៉ាដាហ្គាស្កាកំពុងវិវត្តទៅរកភាពប្រសើរឡើង។
លោក Lindmeier បានថ្លែងដូច្នេះថា៖ «មូលហេតុដែលបណ្តាលឲ្យមានដំណឹងល្អនេះ គឺដោយសារតែមានយុទ្ធនាការចាក់ថ្នាំវ៉ាក់ស៊ាំងបន្ទាន់នៅទូទាំងប្រទេស។ ករណីឆ្លងនៅក្នុងប្រទេសម៉ាដាហ្គាស្កាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនខែមកនេះ។ ម៉ាដាហ្គាស្កាស្ថិតក្នុងចំណោមប្រទេសដែលមានករណីឆ្លងខ្ពស់បំផុត។ ជាថ្មីម្តងទៀត ការណ៍នេះបានបញ្ជាក់អំពីប្រសិទ្ធភាពរបស់ថ្នាំវ៉ាក់ស៊ាំងនៅក្នុងការបញ្ចប់ការឆ្លងរាលដាលនិងវិធីបង្ការសុខភាព»។
អង្គការ WHO បានឲ្យដឹងថា ជំងឺកញ្ជ្រិលគឺជាជំងឺដែលងាយនឹងទប់ស្កាត់បានស្ទើរតែទាំងស្រុង តាមរយៈការប្រើថ្នាំវ៉ាក់ស៊ាំងដែលមានសុវត្ថិភាពឲ្យបានពីរដូស ដែលជាវ៉ាក់ស៊ាំងមានប្រសិទ្ធភាពខ្ពស់។ អង្គការនេះបានព្រមានថា សម្រាប់អ្នកដែលមិនបានចាក់ថ្នាំវ៉ាក់សុំាំងការពារជំងឺកញ្ជ្រិល ប្រឈមនឹងជំងឺធ្ងន់ធ្ងរ ពិការភាព និងអាចដល់ស្លាប់បាត់បង់ជីវិត។
លោក Lindmeier បាននិយាយបន្ថែមទៀតថា អ្នកដែលមិនបានចាក់ថ្នាំវ៉ាក់ស៊ាំងគឺដោយសារមូលហេតុមួយចំនួន។ លោកបានថ្លែងបន្តថា យើងមិនអាចបន្ទោសតែលើមូលហេតុបង្កតែមួយមុខបានទេ។ ជាឧទាហរណ៍ លោកបានថ្លែងថា ចលនាប្រឆាំងនឹងថ្នាំវ៉ាក់ស៊ាំង និងការផ្តល់ព័ត៌មានមិនត្រឹមត្រូវ បានផ្តល់ផលប៉ះពាល់ធំនៅក្នុងសហគមន៍ និងក្នុងប្រទេសមួយចំនួន ប៉ុន្តែមិនបានប៉ះពាល់ដល់កន្លែងផ្សេងទៀតទេ។
លោក Lindmeier បានថ្លែងដូចនេះថា៖ «អ្វីដែលសំខាន់ជាងនេះ គឺក៏ដោយសារតែកត្តាមួយចំនួន ដូចជាការទទួលបានសេវាថែទាំសុខភាព ការទទួលបានថ្នាំពេទ្យ គុណភាពវិស័យសុខាភិបាល និងការរកបានសេវាទាំងនេះនៅក្នុងសហគមន៍ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ជម្លោះនិងការបាត់បង់ទីជម្រករបស់មនុស្ស ក៏ជាកត្តារួមចំណែកផងដែរ។ ដូច្នេះមានកត្តាគួបផ្សំជាច្រើន ហើយនៅក្នុងសហគមន៍នីមួយៗ មានហេតុផលផ្សេងៗគ្នា ឬគួបផ្សំហេតុផលខុសៗគ្នា»។
អង្គការ WHO រាយការណ៍ថា ជំងឺកញ្ជ្រិលកំពុងឆ្លងរាលដាលនៅតាមបណ្តាប្រទេសជាច្រើនក្នុងចំណោមកុមារ យុវវ័យ និងមនុស្សវ័យកណ្តាលដែលមិនបានចាក់វ៉ាក់ស៊ាំងកាលពីលើកមុន។ ទីភ្នាក់ងារនេះកំពុងជំរុញឲ្យមនុស្សគ្រប់គ្នាធានាឲ្យបានថា ពួកគេបានចាក់ថ្នាំវ៉ាក់ស៊ាំងគ្រប់ចំនួនតាមកាលកំណត់។
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា