លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Mattis បានជួបជាមួយលោក Abdul Fattah el-Sissi ប្រធានាធិបតីនៃប្រទេសអេហ្ស៊ីបនៅក្នុងរដ្ឋធានីគែរ មុនពេលសន្និសីទប្រឆាំងពួកជ្រុលនិយមដែលផ្តោតលើតំបន់អាហ្វ្រិកខាងលិចនៅថ្ងៃអាទិត្យនេះ។
ក្នុងអំឡុងនៃជំនួបនោះ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis បានចូលរួមរំលែកទុក្ខចំពោះការវាយប្រហារកាលពីពេលថ្មីៗនេះទៅលើវិហារឥស្លាមមួយកន្លែងនៅក្នុងទីក្រុង Bir al-Abed ប្រទេសអេហ្ស៊ីបនិងបានទទួលស្គាល់អេហ្ស៊ីបថាជាដៃគូការពារប្រទេសដ៏សំខាន់មួយជាមួយសហរដ្ឋអាមេរិក។
លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Mattis បានកត់សម្គាល់ពីសារៈសំខាន់របស់អេហ្ស៊ីបដល់ស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ានិងការបន្តរបស់អេហ្ស៊ីបក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនិងការខំប្រឹងប្រែងដើម្បីការពារព្រំដែនរបស់អេហ្ស៊ីប។
របាយការណ៍ស្តីពីជំនួបនោះបានប្រាប់ឲ្យដឹងថា មេដឹកនាំទាំង២បានពិភាក្សាបញ្ហាសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា ហើយនិងពិភាក្សាអំពីសេចក្តីប្រាថ្នារួមដើម្បីធ្វើកិច្ចសហប្រតិបត្តិការស្តីពីបញ្ហាភេរវកម្មនិងបញ្ហានៅក្នុងតំបន់។
កាលពីដំបូង នៅលើយន្តហោះទៅកាន់រដ្ឋធានីគែរ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis បានប្រាប់ពួកអ្នកយកព័ត៌មានថា កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មជាមួយអេហ្ស៊ីបកំពុងរីកកាន់តែខ្លាំងឡើង។ លោកនិយាយទៀតថា សហរដ្ឋអាមេរិកនៅតែតាំងចិត្តដល់ចំណងទាក់ទងដ៏ខ្លាំងជាមួយរដ្ឋាភិបាលក្រុងគែរ ថ្វីបើមានការផ្អិបជំនួយខាងយោធាដល់អេហ្ស៊ីបដោយសារតែពាក់ព័ន្ធនឹងសិទ្ធិមនុស្សកាលពីឆ្នាំទៅក៏ដោយ៕