លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Jim Mattis បានមានប្រសាសន៍ថា គ្មានការកែប្រែគោលនយោបាយស.រ.អា.ស្តីពីការការពារប្រទេសកូរ៉េខាងត្បូងទេ នៅក្នុងការប្រឈមនឹងការគំរាមកំហែងដោយកាំជ្រួចមីស៊ីល និងដោយអាវុធបរមាណូពីប្រទេសកូរ៉េខាងជើង។
ថ្លែងទៅកាន់ពួកទាហានស.រ.អា.និងកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះនៅ»ភូមិយុទ្ធសន្តិភា» Panmunjom ដែលជាប់ព្រំដែនរវាងប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូង លោក Mattis បានមានប្រសាសន៍ថា៖ «យើងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានដើម្បីដោះស្រាយវិបត្តិនេះតាមការទូត គឺជាអ្វីទាំងអស់ដែលយើងអាចធ្វើបាន»ដោយលោកនិយាយយោងដល់កម្មវិធីអាវុធបរមាណូនៃប្រទេសកូរ៉េខាងជើង។
លោក Mattis បានមានប្រសាសន៍ថា៖ ពួកអ្នកការទូតរបស់យើងត្រូវតែទទួលការគាំទ្រពីពួកទាហានជើងគោក, ពួកទាហានជើងទឹក, ពួកទាហានអាកាសនិងក្រុមទាហានមុជទឹក ដ៏ខ្លាំងក្លារបស់យើងដើម្បីឱ្យពួកគេនិយាយពីគោលជំហរមួយនៃកម្លាំង,នៃកម្លាំងរួមបញ្ចូលគ្នា, នៃកម្លាំងរបស់ពួកសម្ព័ន្ធមិត្ត ឈរស្មាទល់នឹងស្មា»។
លោក Mattis បានដកស្រង់ពាក្យសម្តីលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson ដែលបានមានប្រសាសន៍ថា៖ «គោលដៅរបស់យើងមិនមែនសង្គ្រាមទេ» ដោយលោកបានថ្លែងបន្ថែមថា គោលដៅរបស់យើងគឺបង្ខំប្រទេសកូរ៉េខាងជើងឱ្យបំបាត់កម្មវិធីអាវុធបរមាណូទាំងស្រុង និងមិនប្រែក្រឡះបានដែលបានកើនខ្លាំងឡើងៗចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែងមក៕